អត្ថបទខ្លីៗ

បុគ្គលិក​ណាហ្គាវើសដ៍​ រាប់ពាន់នាក់​តវ៉ាប្រឆាំងនឹង​ការធ្វើទុក្ខ​បុកម្នេញ​លើប្រធានសហជីព

ចេញផ្សាយ ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២០
F T M
បុគ្គលិក​ណាហ្គាវើល​ដ៍ដែលកំពុង​ធ្វើកូដកម្ម​ កាន់ផ្លាក​សញ្ញា​ទាមទារ​ឱ្យប្រធាន​សហជីព​របស់ខ្លួន​ កញ្ញា ឈឹម ស៊ីថរ​ បានចូលធ្វើការវិញ។

នាព្រឹកនេះ​ បុគ្គលិក​ណាហ្គាវើលដ៍​ជាង២០០០នាក់​ បានធ្វើកូដកម្ម​ និងជួបជុំគ្នា​ដោយអហិង្សា​ នៅជិត​កាស៊ីណូ​ក្នុង​រាជធានីភ្នំពេញដែលមាន​ម្ចាស់ជាជនជាតិ​ម៉ាឡេស៊ី​ ដើម្បី​តវ៉ាប្រឆាំង​នឹងការ​ព្យួរការងារ​ដោយមិនច្បាស់លាស់​ចំពោះ​ប្រធានសហជីព​របស់ខ្លួន​គឺ កញ្ញា ឈឹម ស៊ីថរ។​ បុគ្គលិកទាំងនេះ​បានធ្វើការ​អំពាវនាវ​ ឱ្យបញ្ចប់​ការបន្ត​ធ្វើទុក្ខបុកម្នេញ​លើសមាជិក​សហជីព​ និងស្នើសុំ​តំឡើងប្រាក់ឈ្នួល​អប្បរមា​សម្រាប់​បុគ្គលិក​ ខណៈដែល​នគរបាល​រាប់សិបនាក់​ និងកងសន្ដិសុខ​ជាច្រើននាក់​ទៀតកំពុង​ឃ្លាំមើល។​

កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវបាន​ព្យួរការងារ​ដោយ​ទទួលបាន​ប្រាក់ឈ្នួល​នៅ​ក្នុងខែ​កញ្ញា ឆ្នាំ២០១៩​ អំឡុងពេល​ធ្វើយុទ្ធនាការ​ស្នើសុំ​តំឡើងប្រាក់ឈ្នួល​អប្បរមាសម្រាប់​បុគ្គលិករាប់ពាន់នាក់​ ដែលកំពុង​បម្រើការ​នៅកាស៊ីណូ​មួយនេះ។​ កាលពី​ខែមិថុនា​ បុគ្គលិកជាង៤០០០នាក់​ បានចុះ​ហត្ថលេខា​គាំទ្រលើញត្តិមួយ​ទាមទារ​តំឡើង​ប្រាក់បៀវត្សរ៍​ ដើម្បី​ជួយសម្រួល​ដល់ការ​ឡើងថ្លៃ​នៃការចំណាយ​ផ្សេងៗ​ក្នុងជីវភាព​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ​បច្ចុប្បន្ននេះ។

ទោះបីជា កញ្ញា ស៊ីថរ​ បានចូលរួម​ការធ្វើកូដកម្ម ​ក៏ដូចជា​បានជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​អាជ្ញាធរ​មូលដ្ឋាន​នៅខណ្ឌ​ចំការមន​ នារសៀលនេះ ​ប៉ុន្តែ​មិនទាន់​មានការ​ព្រមព្រៀងគ្នា​រវាងតំណាង​ក្រុមហ៊ុន​ជាមួយ​បុគ្គលិក​ទាំងនេះ​នៅឡើយទេ​ ហើយអ្នកតវ៉ា​បាននិយាយថា​ កូដកម្មនេះ​នឹងត្រូវធ្វើបន្ត។​

កាលពី​ម្សិលមិញ​ សាលាដំបូង​រាជធានីភ្នំពេញ​ បានចេញ​ដីកាសម្រេច​ចាត់ចែង​បណ្ដោះអាសន្ន​ដោយប្រកាសថា​ ការធ្វើ​កូដកម្មនេះ​ខុសច្បាប់​ និង​បង្គាប់ឱ្យកូដករ​ចូលធ្វើការវិញ​ ទោះបីជា​សិទ្ធិធ្វើកូដកម្ម​របស់​បុគ្គលិក​ទាំងនេះ​ត្រូវបាន​ធានាដោយ​ច្បាប់កម្ពុជា​ និងអនុសញ្ញា​របស់អង្គការ​ពលកម្ម​អន្តរជាតិ​ក៏ដោយ។​

ក្រុមហ៊ុនណាហ្គាខប លីមីធីត បានចំណេញ​ប្រាក់សុទ្ធ​ជាង២៤៥លានដុល្លារ​ (បន្ទាប់ពីគិតពន្ធរួច)​ ក្នុងរយៈពេល​៦ខែដំបូងឆ្នាំ២០១៩​ និងមាន​អាជ្ញាប័ណ្ណ​ក្នុងការ​ដំណើរការ​កាស៊ីណូជាច្រើន​ក្នុងរាជធានីភ្នំពេញ។​ លោកឧកញ៉ា ​ចេន លីបគឹង​ (Chen Lip Keong)​ ដែលជាស្ថាបនិក​ក្រុមហ៊ុន​ ត្រូវបាន​ប៉ាន់ប្រមាណថា​ មានប្រាក់ជាង​៦ពាន់លានដុល្លារ​ ខណៈដែល ​គម្រោងសាងសង់​ណាហ្គាទី៣​នៅទីតាំង​អាគារស​ (អាគារប៊ូឌីងក្រោយពីធ្វើការវាយកម្ទេច) ​ក្នុងរាជធានី​ភ្នំពេញ ដែលជាកន្លែង​ស្នាក់នៅ​របស់​សាធារណជន ត្រូវបាន​ប្រកាស​កាលពីឆ្នាំមុន ​ដោយត្រូវ​ចំណាយទឹកប្រាក់​ជាង៤ពាន់លាន​ដុល្លារ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា