សកម្មជនសហគមន៍ដីធ្លី រងអំពើហិង្សាដោយទាហានកងពលតូចលេខ ៧០ ក្នុងខេត្តកំពង់ស្ពឺ
ចេញផ្សាយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កាលពីព្រឹកថ្ងៃម្សិលមិញ ទាហានកងពលតូចលេខ៧០ និងកម្មករ ដែលត្រូវបានជួលដើម្បីឈូសឆាយដីព្រៃ បានប្រើប្រាស់អំពើហិង្សា វាយដំលើអ្នកភូមិ និងបាញ់កាំភ្លើងទៅដី នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយនៅជុំវិញដីព្រៃ ដែលត្រូវបានផ្ដល់ឱ្យអង្គភាពយោធាមួយ ។ អ្នកភូមិចំនួន៣នាក់ ត្រូវបានរងរបួស ក្នុងនោះមាន បុរសអាយុ ២៣ឆ្នាំម្នាក់ បុរសអាយុ ៤១ឆ្នាំម្នាក់ និងស្ត្រីអាយុ ៥៩ឆ្នាំម្នាក់ ។
អ្នកភូមិបានជួបជុំគ្នានៅក្នុងឃុំត្រពាំងជោ ដើម្បីព្យាយាមការពារដីព្រៃសហគមន៍ពីការឈូសឆាយ ។ នៅថ្ងៃនេះ សមាជិកសហគមន៍ចំនួន៦នាក់ ក៏បានបង្ហាញខ្លួន ដើម្បីចូលរួមការសាកសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ បន្ទាប់ពីត្រូវបានកោះហៅដោយព្រះរាជអាជ្ញាម្នាក់ ។
ទំនាស់ដីធ្លីនេះ បានចាប់ផ្ដើម ក្រោយពីរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីទំហំ ២៦២ហិចតា នៃតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឱ្យទៅយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ ជម្លោះនេះ ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២៥៣គ្រួសារ ដោយពួកគេជាច្រើនបានប្រមូលផ្ដុំគ្នាអស់ជាច្រើនខែ ដើម្បីតវ៉ាការពារដីព្រៃរបស់ពួកគេ ។ កាលពីខែមេសា ឆ្នាំ២០០៣ ក្រសួងបរិស្ថាន បានប្រកាសផ្នែកខ្លះនៃដីនេះថាជា តំបន់ការពារសហគមន៍ ។ ចាប់តាំងពីការផ្ដល់នោះមក ទាហានជាច្រើន បានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីឈូសឆាយដីព្រៃនោះ ៕
- ចំណងជើង & មូលបទ
- បញ្ហាបរិស្ថាន សិទ្ធិដីធ្លី