អត្ថបទខ្លីៗ

លោក​ ​នី​ ​ណាក់​ ​អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម​ ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ជុំវិញ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​

ចេញផ្សាយ ថ្ងៃទី​៦ ខែមករា ឆ្នាំ២០២៤
F T M
លោក​ នី ណាក់​ (ឆ្វេង)​ កាន់បដា​ អំឡុងពេល​ដំណើរ​ធម្មយាត្រា​ជាមួយ​សកម្មជន​សង្គម​ និង​នយោបាយ ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពីខែកុម្ភៈ​ ឆ្នាំ២០២៣ ។​

​នា​ព្រឹកនេះ​ ​លោក​ ​នី​ ​ណាក់​ ​អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម​ដោយ​ឥត​សំចៃ​មាត់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធ​នាគា​រ​ ​ក្រោយ​ពី​ត្រូវ​បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​និង​បទ​បរិហារ​កេរ្តិ៍​ ​កាលពី​ថ្ងៃសុក្រ​នេះ​ ​។​

​លោក​ ​នី​ ​ណាក់​ ​បាន​អះអាង​ថា​ ​បទ​ចោទ​ទាំងនេះ​ ​ត្រូវ​បាន​ប្ដឹង​ឡើង​ ​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​មួយ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​លោក​បាន​ចោទសួរ​អំពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ផ្ដល់​ដី​ទំហំ​៩​១​ហិច​តា​ ​នៅ​ក្នុង​ខេត្ត​កំពត​ ​ទៅកាន់​មនុស្សម្នាក់​ឈ្មោះ​ ​ហេង​ ​សួរ​ ​។​ ​សារ​ព័ត៌មាន​ក្នុងស្រុក​ ​បាន​បញ្ជាក់​ថា​ ​អ្នកទទួល​បាន​ដី​នេះ​ ​គឺជា​លោក​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​បច្ចុប្បន្ននេះ​ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​វិញ​ ​។​ ​ពេលនេះ​ ​លោក​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (​ព្រៃ​ស​) ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​លោក​ ​នី​ ​ណាក់​ ​បាន​លើកឡើង​ថា​ ​ការ​ចាប់ខ្លួន​លោក​ធ្វើឡើង​ ​តាមរយៈ​ពាក្យបណ្ដឹង​របស់​លោក​ ​ហេង​ ​សួរ​ ​ជុំវិញ​ការ​បង្ហោះ​សារ​របស់​លោក​មួយ​ ​ក្នុងចំណោម​សារ​ផ្សេងទៀត​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​បាន​ចែករំលែក​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​បាន​ចោទ​ជា​សំណួរ​ថា​ “​តើ​លោក​ ​ហេង​ ​សួរ​ ​បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិខ្មែរ​ ​បានជា​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​ផ្ដល់​ឱ្យ​ធ្វើជា​កម្មសិទ្ធិ​? ​RIP​ ​ព្រៃឈើ​ខ្មែរ​” ​។​

​កន្លងមក​ ​លោក​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​និង​បទ​ប្រមាថ​ជា​សាធារណៈ​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​ ​ដែល​លោក​បាន​កែ​ពាក្យពេចន៍​នៃ​ប្រសាសន៍​របស់​អតីត​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​បាន​លើកឡើង​ថា​ ​លោក​នឹង​ដាក់​ទ្រង់​មាន់​របស់​លោក​ក្នុង​ស្ថានភាព​អាសន្ន​ ​ហើយ​ថា​ ​មាន់​របស់​លោក​នឹង​ត្រូវ​ពាក់​ម៉ាស់​ ​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-​១​៩​ ​។​ ​ពេល​នោះ​ ​លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​កំណត់​ ​១​៨​ខែ​ ​ចំពោះ​បទ​ចោទ​ទាំងនោះ​ ​។​

​លោក​ ​នី​ ​ណាក់​ ​បាន​បន្ត​ការ​អធិប្បាយ​ឥត​សំចៃ​មាត់​ ​ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ​។​ ​លោក​ ​និង​ភរិយា​ ​ត្រូវ​បាន​វាយដំ​ដោយ​ដំបង​ដែក​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ ​បន្ទាប់ពី​ការវាយប្រហារ​នោះ​ ​ដែល​បង្ហាញ​ពី​ការវាយប្រហារ​ទាំង​កណ្ដាលថ្ងៃ​រាប់​សិប​ករណី​ ​ទៅលើ​សមាជិក​គណ​បក្សជំទាស់​ ​និង​អ្នករិះគន់​រាជរដ្ឋាភិបាល​ ​ដែល​គ្មាន​អ្នកទទួលខុសត្រូវ​ ​នៅ​រយៈពេល​ជាង​ ​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា