អត្ថបទខ្លីៗ

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន

ចេញផ្សាយ ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២៤
F T M
លោក​ កេីត​ សារ៉ាយ​ ថត​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០២៤​ អំឡុង​ពេល​នៃ​ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​នៃ​ព្រៃ​ឈេី​។ ​

នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។

កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។

ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៍នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។

នៅឆ្នាំ ២០២៣ តុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក សារ៉ាយ និងសកម្មជន ៩ រូបផ្សេងទៀត ពាក់ព័ន្ធនឹងប្រមូលផ្តុំគ្នាដោយអហិង្សា ស្នេីសុំឱ្យដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ ២០២១ បានផ្តន្ទាទោសលោក សារ៉ាយ ដោយដាក់ពន្ធនាគារកំណត់ចំនួន ២០ ខែ ដោយអនុវត្តទោសចំនួន ១៤ ខែ ទោសសល់ត្រូវបានព្យួរសាកល្បងរយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រហែល ៥០០ ដុល្លារអាមេរិក) ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា