មួយថ្ងៃមុនសវនាកាឧទ្ធរណ៍៖ ក្រុមមនុស្សជាច្រើន ជួបជុំគ្នានៅតាមផ្លូវ
ចេញផ្សាយ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នៅថ្ងៃនេះ ក្រុមសង្គមស៊ីវិល សហគមន៍ និងព្រះសង្ឃជាច្រើន ធ្វើការបង្ហោះប៉ោងប៉ោងនៅ ៥៧ កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីគាំទ្រឲ្យមានការដោះលែងកម្មករ និងអ្នកការពារសិទិ្ធមនុស្សទាំង ២៣ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន។ បន្ទាប់ពីកម្មករចំនួនពីរនាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី៨ ខែកុម្ភៈ អ្នកដែលនៅសល់ទាំង ២១នាក់ ត្រូវបានកំនត់ឡើងសវនាកាឧទ្ធរណ៍អំពីការនៅក្រៅឃុំរបស់អ្នកទាំងនោះ នៅសាលាឧទ្ធរណ៍នាថ្ងៃស្អែក។ សកម្មភាពទាំងនេះ កំពុងកើតឡើងតំនាលគ្នានឹងសកម្មភាព "ទិវាសកម្មភាពពិភពលោក" នាថ្ងៃនេះ សម្រាប់ទាមទារឲ្យមានការដោះលែងអ្នកការពារសិទិ្ធមនុស្ស និងកម្មករ ដែលសហជីពអន្តរជាតិជាច្រើនដូចជា IndustriALL សហជីព Global Union និង ITUC ដោយបានប្រមូលផ្តុំកម្មករជាច្រើនទូទាំងពិភពលោក ដើម្បីតវ៉ានៅមុខស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក គូឡាឡុំពួរ ខេនប៊ើរ៉ា ប៊ែឡាំង ព្រុសសែល ហ្សឺណែវ ហុងកុង ម៉ានីល ចាកាតា ឡុងដុង និងសេអ៊ូល។
នៅព្រឹកនេះ សហគមន៍ដីធ្លី ចំនួន ១០០ នឹងដាក់ញត្តិរួម ដែលមានចុះហត្ថលេខាដោយសង្គមស៊ីវិលចំនួន ១៩៧ ទៅកាន់ស្ថានទូតវៀតណាម ប៉ុន្តែញត្តិរបស់អ្នកទាំងនោះ មិនត្រូវបានទទួលនោះឡើយ។ នៅម៉ោង ១០ ព្រឹក សហគមន៍ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើការបង្ហោះប៉ោងប៉ោង នៅមុខមជ្ឈមណ្ឌលសហគមន៍របស់អ្នកទាំងនោះ។
នៅម៉ោង ១១ កន្លះព្រឹក ក្រុមសង្គមស៊ីវិល នឹងជួបជុំគ្នា ដើម្បីបង្ហោះប៉ោងប៉ោងទាមទារឲ្យមានការដោះលែងអ្នកទាំង ២៣ នាក់ នៅជាង ៤០កន្លែងទូទាំងរាជធានីភ្នំពេញ។ ក្រុមធំ នឹងធ្វើការបង្ហោះប៉ោងប៉ោង នៅមុខព្រះបរមរាជវាំង។ ក្រុមដទៃទៀត នឹងបង្ហោះប៉ោងប៉ោងតំណាលគ្នា នៅខេត្តសៀមរាប ប៉ោយប៉ែត ព្រះសីហនុ និងកំពត។
លើសពីនេះ អ្នកចូលរួមមកពីសហជីព និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨ គ្រោងនឹងដើរហែក្បួនទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេស ដើម្បីដាក់ញត្តិអំពាវនាវសុំឲ្យមានការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនកាលពីដើមខែមករា អំឡុងពេលមានការបង្ក្រាបយ៉ាងហិង្សា និងទាមទារតំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ ដុល្លារ សម្រាប់កម្មកររោងចក្រកាត់ដេរ។ ការដើរហែរក្បួនរបស់អ្នកទាំងនោះ នឹងប្រមូលផ្តុំគ្នាធំនៅមុខព្រះបរមរាជវាំង នៅម៉ោង ១១ កន្លះ ជាកន្លែងដែលអ្នកទាំងនោះនឹងចូលរួមជាមួយក្រុមធំ ក្នុងការបង្ហោះប៉ោងប៉ោង។
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម ដោះលែង ២៣ នាក់