អត្ថបទខ្លីៗ

តុលាការ​កំពូល​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ការពារ​សិទិ្ធមនុស្ស​ទាំង ២១ នាក់

ចេញផ្សាយ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយ​បដិសេធ​សំណើរ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​របស់​អ្នកការ​ពារ​សិទិ្ធមនុស្ស​ និង​កម្មករ​​ទាំង​ ២១​នាក់ ក្នុង​ចំណោម​អ្នក​ទាំង ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​។ មិន​មាន​អ្នក​ណាម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ២១​នាក់​ ត្រូ​វបាន​បញ្ជូន​ទៅ​ស្តាប់​សវនាការ​នា​ព្រឹក​នេះ​ នោះ​ទេ។

តុលាការ​កំពូល​បាន​លើក​មូល​ហេតុ​ពីរ​យ៉ាងសម្រាប់​ការ​បដិសេធ​របស់​ខ្លួន​ គឺ៖ ទីមួយ ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​បិទ​បញ្ចប់ដោយ​ចៅ​ក្រម​ស៊ើប​សួរ ហើយ​ទីពីរ សវនាការទាំង​នេះ កំពុង​បន្ត​នៅ​សាលា​ដំបូង ហេតុ​ដូច្នេះ​ជន​ជាប់​ចោទទាំងនោះ​ គួរតែ​រក្សា​ទុក​នៅ​ក្នុង​ពន្ធ​នាគារ​ ដើម្បី​ធានា​ឲ្យ​មាន​វត្ត​មាន​នៅ​ពេល​សវនាការ​។

ប៉ុន្តែ​យោងតាម​មាត្រា ៣០៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បាន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​ស្នើ​សុំ​ការអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្នុង​អំឡុង​ពេល​នៃ​នីតិវិធី​សវនាការ​របស់​អ្ន​កទាំង​នោះ បន្ទាប់​ពី​នីតិវិធី​ស៊ើប​សួរ​ត្រូវ​បាន​បញ្ចប់ដោយ​ចៅ​ក្រម​ស៊ើប​សួរ។

ក្រុម​គ្រួសារ​របស់​អ្នក​ទាំង ២១​នាក់ ដែល​បាន​ជាប់​ឃុំ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល​នា​ព្រឹក​នេះ ដើម្បី​បង្ហាញ​ពី​ការ​គាំ​ទ្រ​របស់​អ្នក​ទាំង​នោះ​ឲ្យ​មាន​ការ​ដោះ​លែង។ សវនាការ​លើ​សំណុំ​រឿង​របស់​អ្ន​ក​ទាំង ២៣ នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​មាន​ការ​តវ៉ា​របស់​កម្មករ​កាល​ពី​ដើម​ខែ​មករា នឹង​ត្រូវ​បាន​បន្ត​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា បន្ទាប់​ពី​អាជ្ញាធរ​បាន​ស្នើ​សុំ​ពន្យា​ពេល​នីតិ​វិធី​កាល​ពី​ថ្ងៃទី២៥ ខែ​មេសា និង​ថ្ងៃទី៦ ខែ​ឧសភា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា