នៅពេលដែលសេរីភាពត្រូវបានគាបសង្កត់៖ កម្រងពេលវេលានៃព្រឹត្តិការណ៍ថ្មីៗ
ចេញផ្សាយ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤អង្គការ លីកាដូ បានចងក្រងនូវកម្រងពេលវេលាសង្ខេបអំពីលំដាប់នៃព្រឹត្តិការណ៍មួយចំនួន ដែលបណ្តាលឲ្យមាន និងក្រោយពីមានព្រឹត្តិការណ៍ថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ដោយមានការប្រើប្រាស់កម្លាំងបង្ក្រាបយ៉ាងហិង្សាលើសលុប មកលើបាតុករនយោបាយ និងសហជីពនៅក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេមួយ បានចាប់ផ្តើមធ្វើមហាបាតុកម្មលើកទី ៣ ក្រោយពេលបោះឆ្នោត នៅទីលានប្រជាធិបតេយ្យជាអចិន្ត្រៃយ៍ ក្នុងគោលបំណងបន្តធ្វើរយះពេល ៣ ខែ។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣
បន្ទាប់ពីការជួបជុំគ្នារាល់ល្ងាចអស់រយះពេល ១ សប្តាហ៍ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិបានរៀបចំការដើរក្បួនយ៉ាងធំបំផុតមួយ នៅកម្ពុជា ដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៨ មក ដើម្បីតវ៉ាជំទាស់នឹងស្ថានភាពនយោបាយបច្នុប្បន្ន។
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
ក្រុមទីប្រឹក្សាការងារបានប្រកាសនូវសេចក្តីសម្រេចចិត្តរបស់ខ្លួន ដើម្បីតម្លើងប្រាក់ឈ្នួលសំរាប់រស់នៅពី ៨០ ដុល្លា ដល់ ៩៥ ដុល្លា តែប៉ុណ្ណោះ ចាប់ពីខែ មេសា ឆ្នាំ ២០១៤ តទៅ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់នូវផែនការតម្តើងប្រាក់ឈ្នួល អប្បបរមាអោយដល់ ១៦០ ដុល្លា នៅឆ្នាំ២០១៨។
តំណាងមកពីសហព័ន្ធ និងសម្ព័ន្ធសហជីពការងារធំៗចំនួន ៦ បានបដិសេធនូវផែនការនេះ ព្រមទាំងបានអំពាវនាវអោយមានការធ្វើបាតុកម្មជាទូទៅមួយ ដើម្បីទាមទារអោយមានការតម្លើងប្រាក់ឈ្នួលដល់ ១៦០ ដុល្លា ដែលស្របទៅនឹងការសិក្សាវាយតម្លៃរបស់ក្រសួងការងារ អំពីការចំណាយសំរាប់រស់នៅជាអប្បរមានៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ក្នុងមួយនាក់។
ថ្ងៃទី២៥, ២៦ ខែធ្នូ ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិបានគាំទ្រដល់ការទាមទារតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។ មេដឹកនាំធំៗរបស់គណបក្សសង្គ្រោះជាតិ បានចុះទៅត្រួតពិនិត្យមើលក្រុមកម្មការដែលធ្វើបាតុកម្មនៅតាមទីកន្លែងផ្សេងៗ រួមទាំងការចុះសួរសុខទុក្ខរបស់ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដល់កម្មករដែលកំពុងតវ៉ានៅ ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ ដែលនៅទីនោះ កាលពីជាង ១ ឆ្នាំមុន លោកអភិបាលក្រុងបាវិតបានបាញ់កម្មករ ៣ នាក់ អោយរងរបួសយ៉ាងធ្វន់ធ្ងរ ក្នុងចំណោមក្រុមបាតុករកំពុងតវាយ៉ាងច្រើនកុះករ ដើម្បីទាមទារប្រាក់ឈ្នួលអោយបានប្រសើរជាងមុន។
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣
សម្ព័ន្ធ និងសហព័ន្ធសហជីពកម្មករ បានបិទផ្លូវនៅខាងមុខក្រសួងការងារអស់រយះពេល ១ ថ្ងៃ ដើម្បីតវ៉ា អោយមានការដោះស្រាយនូវប្រាក់ឈ្នួលសំរាប់ការរស់នៅថ្មី ១៦០ដុល្លា ។ នៅពេលរសៀល មេដឹកនាំសម្ព័ន្ធ និងសហព័ន្ធសហជីពបានជួបជាមួយរដ្ឋមន្ត្រី ក្រសួងការងារ ឯកឧត្តម អិត សំហេង ហើយឯកឧត្តមបានមានប្រសាសន៍ថា នឹងពិចារណានូវសំណើររបស់កម្មករនៅចុងសប្តាហ៍។
ចំពេលជាមួយគ្នានេះដែរ ក៏មានការទាមទារនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស ឯកំបូល នៅតាមផ្លូវជាតិលេខ ៤ ហើយជាលទ្ធផលត្រូវបានកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថបង្ក្រាបយ៉ាងហិង្សា។
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣
កម្មករតវាបានបិទមហាវិថីខាងមុខក្រសួងការងារជាថ្មីម្តងទៀត ព្រមទាំងបានបិទផ្លូវជាតិលេខ ៤ អស់រយះពេល ៨ ម៉ោងទៀតផង នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល។
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ បានធ្វើការដើរក្បួនតាមដងវិថីយ៉ាងធំ ដែលមានអ្នកចូលរួមកាន់តែច្រើនជាងមុនថែមទៀត ដែលមានកម្មករចូលរួមយ៉ាងច្រើនកុះករ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញនូវលិខិតជាសាធារណះមួយច្បាប់ នៅតាមគេហទំព័ររបស់ខ្លួន ដោយបានកំណត់នូវឈ្មោះមេដឹកនាំសហជីព និងសម្ព័ន្ធសហជីព ចំនួន ៦ នាក់ ព្រមទាំងបានបញ្ជាក់ថា មេដឹកនាំទាំងនេះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់នូវប្រាក់ឈ្នួល ការបាត់បង់នូវការងារ និងការបាត់បង់នូវការវិនិយោគនៅកម្ពុជា៕
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយច្បាប់ទៅក្រសួងការងារ ជាមួយនឹងអនុសាសន៍ថា ក្រសួងការងារត្រូវកំណត់នូវឳសាន្តវាទ ត្រឹមថ្ងៃទី០២ មករា ឆ្នាំ ២០១៤ សំរាប់កម្មករដើម្បី បញ្ចប់ការធ្វើបាតុកម្មតវ៉ា ហើយវិលត្រឡប់ទៅធ្វើការងារនៅតាមរោងចក្រវិញ ។ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រាប់ដល់ក្រសួងការងារថា ប្រសិនបើការតវ៉ាមិនឈប់ជាបន្ទាន់ទេ នោះ នឹងត្រូវនរាករណ៍អាជ្ញាប័ណ្ណ របស់សហជីព និងសម្ព័ន្ធសហជីពកម្មករចោលទាំងអស់ ព្រមទាំងនាំខ្លួនទៅតុលាការផងដែរ។
បន្ទាប់ពីទទួលបានអនុសាសន៍របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីរួចមក ក្រសួងការងារ ក៏បានចេញលិខិតុមួយច្បាប់ព្រមានដល់មេដឹកនាំសហជីព និងសហព័ន្ធសហជីពអោយឈប់ការតវាជាបន្ទាន់។
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
ក្រសួងការងារ បានចេញនូវសេចក្តីប្រកាសមួយ ដែលតម្លើងប្រាក់ឈ្នួលអប្បបរមាដល់ត្រឹម ១០០ ដុល្លា (៩៥ ៥ សំរាប់ការឧបត្ថមលើម្ហូបអាហារ)។
ការទាមទាររបស់កម្មករនៅតែបន្តធ្វើតទៅទៀត ដើម្បីទាមទារអោយបាន ១៦០ ដុល្លា ហើយក៏បាននាំគ្នាដើរឆ្ពោះទៅទីស្តីការគណៈរដ្ឋមន្ត្រី និងវិមានសន្តិភាព ហើយនៅតាមផ្លូវពួកគេត្រូវបានរារាំងដោយរបងបន្លាលួស ព្រមទាំងក្រុមកម្លាំងអាជ្ញាធរឈររាំងផ្លូវ ហើយក៏បានបញ្ចប់ដោយគ្មានហិង្សាកើតឡើង ។
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមរៀបចំដើម្បីដើរតវាជាលើកទី៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យបន្ទាប់ គឺទី ៥ មករា ២០១៤ អំពាវនាវអោយមានការចូលរួមពីសំណាក់កម្មករដែលមិនសប្បាយចិត្ត ព្រមទាំងមន្ត្រីរាជការស៊ីវិល និងគ្រូបង្រៀន។
ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤
មេដឹកនាំសហជីព និងសហព័ន្ធសហជីពកម្មករ បានរៀបចំធ្វើសន្និសិទិ្ធសារពត៌មានមួយ នៅពេលព្រឹកប្រកាសអំពីការធ្វើកូដកម្មទូទាំងប្រទេស ដែលគិតថានឹងមានការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងអំពាវនាវអោយមានការចរចារថែមទៀត។
យោធាកងពលពិសេសលេខ៩១១ បានបង្ក្រាបការតវារបស់កម្មករ នៅខាងមុខរោងចក្រ យ៉ាកជីន ដែលជារោងចក្ររបស់កូរ៉េ និងអាមេរិករួមគ្នា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាផ្នែកមួយនៃការបង្ក្រាបដោយកម្លាំងយោធា អ្នកទាំងនោះ បានចាប់ឃុំខ្លួនបាតុករចំនួន ១០ នាក់៕ ពួកយោធាក៏បានវាយកម្មករយ៉ាងអោយរបួសយ៉ាងធ្ងន់ធ្ងរជាច្រើននាក់ផងដែរ ព្រមទាំងបានឃុំឃាំងពួកទាំងនោះពេញមួយយប់ នៅឯមូលដ្ឋានយោធាកងពលលេខ ៩១១ ដោយពុំបានអនុញ្ញាតអោយក្រុមគ្រូពេទ្យឯករាជ្យចូលទៅជួយព្យាបាលរបួសឡើយ មុននឹងបញ្ជូនពួកគេទៅកាន់តុលាការរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់។
ការវាយបំបែកកម្មករដែលធ្វើបាតុកម្មដោយអំពើហិង្សាក៏បានកើតឡើងផងដែរនៅតាមដងវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ ។ នៅវេលាប្រហែលម៉ោង ៤ រសៀល កម្លាំងកងរាជអាវុធហត្ថ និងនគរបាល បានចូលមកឡោមព័ទ្ធសួនកាណឌីយ៉ា បន្ទាប់មកបានចាប់ផ្តើមវាយបំបែកក្រុមបាតុករទាំងនោះ ដែលកំពុងរាំ ដោយមានប្រើឧឃោសនសព្ទ នៅខាងមុខរោងចក្រ ដោយប្រើអំពើហិង្សា។ កងកម្លាំងបានរុញច្រានកម្មករទៅលើផ្លូវវេងស្រេងដោយប្រើអំពីហិង្សា ហើយនៅពេលនោះ ពួកគេក៏បានរាំងផ្លូវ និងដុតកង់ឡាន ។ ប្រហែលកណ្តាលអាធ្រាត រហូតដល់ម៉ោង ៣ ជិតភ្លឺ កងកម្លាំងចម្រុះ បានព្យាយាមជាលើកដំបូង ដើម្បីបោសសំអាតកូដករចេញពីផ្លូវដោយការបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែក។ ម៉ោងប្រហែល ៥ ល្ងាច គណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនមិនត្រឡប់ទៅតុចរចារវិញ (ដែលបានកំណត់ថានឹងជួបគ្នានៅថ្ងែបន្ទាប់) ដោយសារមានការប្រើប្រាស់អំពើហិង្សាមកលើកម្មករ និង ចាប់ខ្លួនមនុស្សចំនួន ១០នាក់។
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
កងកម្លាំងចម្រុះបានបាញ់រះ និងបណ្តាលអោយមនុស្សយ៉ាងតិច ៤ នាក់បានស្លាប់ និង ៣៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងការបង្ក្រាបថ្មីមួយទៀតដោយប្រើប្រាស់គ្រាប់កាំភ្លើងពិត នៅខាងមុខសួនឧស្សាហកម្មកាណាឌីយា តាមវិថីវេងស្រេង។ កងកម្លាំងចម្រុះបានចាប់ខ្លួនអ្នកតវ៉ាចំនួន ១៣ នាក់ ថែមទៀតក្នុងពេលប្រើអំពើហិង្សានោះ ហើយឃុំអ្នកទាំងនោះទុកពេញ ១ យប់ នៅឯទីបញ្ជាការកងរាជអាវុធហត្ថ ដោយពុំមានការអនុញ្ញាតអោយគ្រូពេទ្យឯករាជចូលព្យាបាលទាល់តែសោះ មុននឹងបញ្ជូនអ្នកទាំងនោះទៅកាន់សាលាដំបូងនៅព្រឹកបន្ទាប់។
មនុស្សទាំង ១០ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០២ មករា ត្រូវបានបញ្ជូនទៅតុលាការ ហើយត្រូវបានចោទពីបទប្រើហិង្សា និងបង្កអោយមានការខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោសលើបទល្មើសទាំងពីរថែមទៀតផង ។ ទោះបីជា តុលាការបានប្រាប់មេធាវីរបស់បុរសទាំង ១០នាក់ នោះថា ពួកត្រូវចាប់ខ្លួនទាំងនោះត្រូវបានបញ្ជូនទៅឃុំឃាំងនៅមជ្ឈមណ្ឌលកែប្រែទី១ ក៏ពួកគេត្រូវបានលាក់ទុកអស់រយៈពេល ៥ ថ្ងែ ទំរាំរកឃើញរហូតដល់ថ្ងែមួយទើបមន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ពួកគេត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ទៅវិញ ជាពន្ធនាគារដែលស្ថិតនៅជនបទយ៉ាងឆ្ងាយក្នុងខេត្តកំពង់ចាម ដោយមិនមែនឃុំខ្លួននៅមន្ទីរអប់រំកែប្រែទី១ ទេ៕
ចំពោះការប្រើអំពើហិង្សានោះ ក្រសួងការពារជាតិ បានចេញនូវលិខិតសាធារណៈមួយច្បាប់ប្រកាសថា ខ្លួនការពារនូវលទ្ធផលបោះឆ្នោតដែលត្រូវបានបដិសេធ និងគាំទ្ររាជរដ្ឋាភិបាលអាណ្ណតិ្តទី៥ ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
រហូតមកដល់ថ្ងៃទី៣១ មករា ២០១៤ យ៉ាងតិចក៏មានមនុស្សម្នាក់នៅបាត់ខ្លួននៅឡើយ បន្ទាប់ពីមានអំពើហិង្សាកើតឡើង ទោះបីជាអង្គការ លីកាដូ សហជីព សារព័ត៌មាន និងអង្គការផ្សេងៗ បានខិតខំស្វែងរកគ្រប់ទិសទីក៏ដោយ ក៏នៅតែមិនដឹងថាអ្នកបាត់ខ្លួនទាំងនោះនៅទីណានោះដែរ។ មនុស្សដែលបាត់ខ្លួននោះពុំមានឈ្មោះ នៅក្នុងបញ្ជីអ្នកស្លាប់ ឬ អ្នករបួសទេ ហើយមិត្តភក្តិម្នាក់បាននិយាយថា អ្នកដែលបាត់ខ្លួននោះត្រូវគ្រាប់ចំដើមទ្រូង ហើយត្រូវបានកងសនិ្តសុខសែងយកទៅបាត់។
ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤
កងកម្លាំងនគរបាលចម្រុះ មានកងរាជអាវុធហត្ថ និងកងស៊ីវិល ដែលមានចងក្រណាត់ក្រហមនៅលើដៃ បានបង្ក្រាប បោសសំអាតក្រុមបាតុករខាងនយោបាយតវ៉ាដោយសនិ្តវិធីនៅឯទីលានប្រជាធិបតេយ្យ ដែលពួកនោះបានកាន់កាប់ដោយគ្មានហិង្សា ចាប់តាំងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ មក។ នៅពេលដែលទីលានអស់មានមនុស្ស រួចកងកម្លាំងចម្រុះបានរុះរើឆាក និងរោងជ្រកបណ្តោះអាសន្នរបស់ពួកបាតុករ ថែមទាំងបំផ្លាញអាសនះទីតម្កល់ព្រះពុទ្ធ បដិមាករទៀតផង ហើយបំផ្លាញចោលនូវសំភារៈដែលរឹបអូសបានជាច្រើនទៀតជារបស់ក្រុមអ្នករៀបចំបាតុកម្មនៃគណបក្សសង្គ្រោះជាតិ រួមមានឧបករណ៍បំពងសម្លេង កាមេរា ថតរូប កាមេរា វីដេអូ និងកុំព្យូទ័រមួយចំនួន ។
កងវរៈសេនាតូចលេខ ៧០ និងអង្គភាពផ្សេងទៀត ត្រូវបានបញ្ជូនមកយាមល្បាតតាមដងវិថីវេងស្រេងដោយធ្វើដំណើរតារថយន្ត និងបំពាក់ដោយកាំភ្លើងយន្តគ្រប់ដៃ ។
ក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ប្រកាសថា ហាមបា្រមមិនអោយមានការជួបជុំគ្នាជាសាធារណៈ និងការដើរក្បួននានា រហូតដល់សនិ្តសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងត្រឡប់ទៅរកភាពធម្មតាវិញ។
ដីកាកោះ ចុះថ្ងៃទី០៣ មករា ២០១៤ ត្រូវបានចេញកោះហៅមកលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី និងលោក កឹម សុខា អោយចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានី ភ្នំពេញ និងត្រូវឆ្លើយសំណួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់អោយមានការប្រព្រឹត្តិបទឧក្រិដ្ឋ ។ ប្រធានសហជីព លោក រ៉ុង ឈុន ក៏ត្រូវបានកោះបែបនោះដែរ ។
មនុស្ស ១៣ នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ មករា ២០១៤ ត្រូវបាននាំខ្លួនឡើងតុលាការ ហើយត្រូវបានចោទពីបទប្រើអំពើហិង្សាដោយ និងបង្កអោយមានការខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោសលើបទចោទទាំងពីរនោះផង ព្រមទាំងចោទពីបទជេរប្រមាថមន្ត្រីសាធារណៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន និង ពីបទបិទផ្លូវចរាចរ ។ ដូចគ្នានឹងអ្នកទាំង ១០ នាក់ ដែលចាប់កាលពីថ្ងៃទី០២ មករា ដែរ អ្នកទាំង ១៣ នាក់ក៏ត្រូវបានគេលាក់បន្ទាប់ពីចេញពីតុលាការ ដោយមិនអោយគ្រួសារបងប្អូន មេធាវី និងគ្រូពេទ្យដឹង រហូតដល់ថ្ងែទី៨ មករា ក្រោយពីមានការប្រកាសថា អ្នកទាំងនេះក៏ត្រូវ ឃុំនៅមន្ទីរអប់រំកែប្រែទី៣ផងដែរ។
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤
នគរបាលបានចាប់ខ្លួនសកម្មជនបឹងកក់ចំនួន ៥ នាក់ នៅវេលាព្រឹក ខណៈដែលពួកគេកំពុងរៀបចំនូវការតវាដោយសនិ្តវិធីមួយ ទាមទារអោយមានការដោះលែងអ្នកការពារសិទិ្ធមនុស្សផ្សេងៗ។ នៅពេលរសៀល នគរបាលបានដោះលែង មនុស្សទាំង ៥ នាក់មកវិញ បន្ទាប់ពីអ្នកទាំងនោះ បានចុះហត្ថលេខាលើទម្រង់មួយ សន្យាថា ពួកគេនឹងមិនតវាទៀតទេនៅថ្ងៃមុខ រហូតដល់គណបក្សកាន់អំណាចប្រកាសថា សណ្តាប់ធ្នាប់សាធារណៈត្រូវបានត្រឡប់មកជាធម្មតាវិញ ព្រមទាំងលុបចោលបំរាមការជួបប្រជុំគ្នាជាសាធារណៈ។
កន្លែងដែលអ្នក ២៣ នាក់ ស្ថិតនៅក្នុងការឃុំឃាំងនៅតែមានលក្ខណៈសម្ងាត់ ។ មន្ត្រីតុលាការ និងមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់សាច់ញាតិ និងមេធាវី ថា អ្នកទាំងនោះមិនដឹងថា ត្រូវឃុំនៅទីណាទេ៕
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤
គណបក្សប្រជាជនកម្ពុជា បានរៀបចំធ្វើការជួបប្រជុំមួយយ៉ាងធំ ដោយបំភ្លេចចោលនូវការប្រកាសកាលពីថ្ងៃទី០៤ មករា ២០១៤ ស្តីពីការហាមឃាត់មិនអោយមានការជួបប្រជុំគ្នាជាសាធារណៈ ដោយធ្វើការប្រារព្ធ ទិវាដែលក្រុមខ្មែរក្រហមត្រូវបានដួលរលំពីអំណាច ៕
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤
ទីបំផុតកន្លែងឃុំខ្លួនមនុស្សទាំង ២៣ នាក់ដែលត្រូវចាប់ខ្លួន ត្រូវបានបញ្ជាក់ដោយចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ ហើយនាយកពន្ធនាគារ ម៣ (មណ្ឌលអប់រំកែប្រែទី៣) បានអនុញ្ញាតឲ្យគ្រូពេទ្យឯករាជ្យដើម្បីធ្វើការព្យាបាល។ ម៣ គឺជាពន្ធនាគារដែលគេប្រើប្រាស់ដើម្បីឃុំ ឃាំងទណ្ឌិតដែលជាប់ទោសធ្ងន់ៗ ។
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
យុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ៩នាក់ ត្រូវបានរារាំងមិនអោយជួបជុំគ្នាដើម្បីច្រៀងនៅឯទីលានប្រជាធិបតេយ្យ ឬ នៅផ្នែកម្ខាងទៀតនៃផ្លូវជិតនោះ ដោយអាជ្ញាធរនៅតែបន្តអនុវត្តបំរាមមិនអោយជួបគ្នាជាសាធារណៈដដែល ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤
មេដឹកនាំសហជីព លោក រុង ឈុន ព្រមទាំងមេដឹកនាំគណៈបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានចូលខ្លួននៅសាលាដំបូងរាជធានី ភ្នំពេញ ជាការឆ្លើយតបទៅនឹងការកោះហៅ ដើម្បីសាកសួរ ដោយមានអ្នកគាំទ្រយ៉ាងច្រើនមកជួបជុំគ្នាដ៏ធំបំផុត ចាប់តាំងពីមានការបង្ក្រាបយ៉ាងហិង្សាក្នុងខែនោះ (អ្នកគាំទ្រប្រមាណជាង ៥០០០នាក់) ដើម្បីគាំទ្រដល់មេដឹកនាំទាំង ៣នាក់ នៅខាងមុខតុលាការ ។
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤
នគរបាលបានចាប់ និងឃុំខ្លូនលោក សុខ ឈុនអឿង ដែលជាអនុប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មួយយប់ ចំពោះរៀបចំការជួបជុំតូចមួយនៅក្បែរព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីអំពាវនាវអោយមានការដោះលែង កម្មករ និងអ្នកការពារសិទិ្ធមនុស្សទាំង ២៣ នាក់ រួមទាំង លោក វន់ ពៅ ដែលជាប្រធានរបស់គាត់ផងដែរ ព្រមទាំងទាមទារអោយមានការតម្លើងប្រាក់ឈ្នួលដើម្បីរស់នៅសមរម្យ។ មុននឹងចាប់ខ្លួន កងសន្តិសុខប្រដាប់ដោយដំបងឆក់ និងពាក់មួកសុវតិ្ថភាពពណ៌ក្រម៉ៅ ចូលមកយ៉ាងហិង្សាក្នុងគោលបំណងវាយបំបែកក្រុមមនុស្ស ដោយការុញច្រានអ្នកទាំងនោះ អោយចេញឆ្ងាយពីព្រះអង្គដងកើទៅក្បែរផ្លូវ ៕
ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤
១៧ ម៉ោងក្រោយមក នគរបាលបានដោះលែង សុខ ឈុនអឿង បន្ទាប់ពីគាត់បានចុះហត្ថលេខាលើទម្រង់កិច្ចព្រមព្រៀងមួយគឺ៖ ១) ឈប់ចូលរួមក្នុងសកម្មភាពណាដែលអាជ្ញាធរ យល់ថាជាសកម្មភាពខុសច្បាប់ ២)ឈប់ញុះញង់អ្នកដទៃអោយប្រព្រឹតិ្តអំពើដែលរដ្ឋាភិបាលយល់ថា ខុសច្បាប់ ៣) ត្រូវរាយការណ៍អោយអាជ្ញាធរនូវបាតុកម្មណាដែលអាជ្ញាធរយល់ថាខុសច្បាប់។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤
នគរបាលចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សចំនួន ១១ នាក់ នៅពេលព្រឹក ដោយមនុស្សទាំងនោះបានប៉ុនប៉ងដាក់ញតិ្តដែលត្រូវបានចុះហត្ថលេខាដោយមនុស្ស ១៨២ ក្រុម ជូនទៅស្ថានទូតបរទេស អំពាវនាវអោយមានការដោះលែងមនុស្ស ២៣ នាក់ ដែលត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ ក្នុងពេលមានការបង្ក្រាបដោយអំពើហិង្សានៅដើមខែ ។ អ្នកដែលត្រូវចាប់នោះគឺ លោក រុង ឈុន ប្រធានសមាគមគ្រូបបង្រៀនឯករាជ្យ (CITA) សកម្មជនបឹងកក់ អ្នកស្រីទេព វាន្នី យ៉ោម បុប្ផា សុង ស្រីលាភ ផាន់ ឈុនរ៉េត បូវ សោភា អែម ស្រីទូច និងងួន គីមឡាង ព្រមទាំង អ្នកស្រីជួង សុភាព សកម្មជនមកពីតំបន់ថ្មគោល នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កញ្ញាឡុង គឹមហ៊ាង បុគ្គលិក អង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) និង អ្នកស្រីឈាង ធីតា សកម្មជនសហជីពសម្ព័ន្ធកម្ពុជា (CATU)។
នគរបាល បានដោះលែងអ្នកទាំង ១១នាក់ នៅថ្ងៃរសៀល បន្ទាប់ពីអ្នកទាំងនោះបានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលសន្យាថានឹង ១) ធ្វើជាពលរដ្ឋល្អ, ២) មិនធ្វើសកម្មភាពណាមួយដែលហាមឃាត់ដោយច្បាប់នោះឡើយ, ៣) មិនចូលរួម ដឹកនាំ ឬក៏ញុះញង់អ្នកដទៃឲ្យធ្វើបាតុកម្មដោយខុសច្បាប់នោះទេ និង៤) រាយការណ៍អំពីសកម្មភាពខុសច្បាប់ទាំងឡាយដែលអ្នកទាំងនោះបានសង្កេតឃើញជូនដល់អាជ្ញាធរ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាស្លៀកពាក់ស៊ីវិល ប្រដាប់ដោយដំបង បានប្រមូលផ្តុំគ្នានៅក្បែរវេទិកសាធារណៈរបស់គណបក្សសង្គ្រោះជាតិដែលមិនទាន់បានផ្សព្វផ្សាយនៅស្រុកស្អាង ខេត្តកណ្តាល ក្រោមការការពារដោយកងកម្លាំងចម្រុះ ដែលបង្ខំឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិរំសាយការថ្លែងសុន្ទរកថាជាសាធារណៈជាលើកដំបូង។
ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៤
ក្រុមសង្គមស៊ីវិលមួយក្រុមតូច បានដើរហែក្បួនដោយមិនមានការរារាំង ដើម្បីទៅដាក់ញត្តិទៅកាន់ស្ថានទូតបរទេសមួយចំនួន ដើម្បីអំពាវនាវរកការគាំទ្រក្នុងការធានាឲ្យមានការដោះលែង អ្នកទាំង ២៣ នាក់ ដែលត្រូវ បានចាប់ខ្លួនកាលពីដើមខែនេះ។
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤
នគរបាលបានបង្ក្រាបយ៉ាងហិង្សា មកលើបាតុករ អ្នកសង្កេតការណ៍សិទិ្ធមនុស្ស និងអ្នកកាសែត នៅពេលមានការប្រមូលផ្តុំធំមួយ ដែលត្រូវបានគ្រោងនឹងធ្វើនៅរាជធានីភ្នំពេញ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។ ការប្រមូលផ្តុំនេះ ត្រូវបានរៀបចំដោយមេដឹកនាំសហជីព និងសមាគមចំនួន ៩ ដើម្បីអំពាវនាវឲ្យមានការដោះលែងកម្មករ និងអ្នកការពារសិទិ្ធមនុស្សទាំង ២៣ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករា ទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ ដុល្លារ ក្នុងមួយខែ បញ្ឈប់អំពើហិង្សា និងការរំលោភបំពានមកលើអ្នកការពារសិទិ្ធមនុស្ស និងទាមទាររកយុត្តិធម៌សម្រាប់អ្នកស្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃទី២ និង៣ ខែមករា ឆ្នាំ២០១៤។
មនុស្សស៊ីវិលរាប់រយនាក់មានពាក់ស្លាក និងកាន់ទង់ជាតិគណបក្សប្រជាជនកម្ពុជាដោយចងជាមួយដំបងធំៗ បានព័ទ្ធជុំវិញសណ្ឋាគារដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងស្នាក់នៅ ដើម្បីកុំឲ្យលោកចាកចេញពីទីនោះបាន។ នៅក្នុងពេលនោះដែរ ក្រុមមនុស្សស៊ីវិលមួយក្រុមទៀត ដែលស្លៀកពាក់ដូចគ្នា បានទៅឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅខេត្តកំពុងចាម ជាកន្លែងដែលលោក កឹម សុខា នឹងធ្វើការថ្លែងសុន្ទរកថានៅទីនោះ។ នៅវេលាម៉ោងប្រហែល ៨ កន្លះព្រឹក ក្រុមដែលនៅក្រៅសណ្ឋាគារ បានចូលរួមជាមួយក្រុមដែលនៅក្រៅទីស្នាក់ការ ធ្វើឲ្យចំនួនមនុស្សស៊ីវិលទាំងនោះកើនដល់ជាង ២០០០ នាក់ ដោយគ្រវីទង់ជាតិដែលចងជាមួយដំបងធំៗ ហើយស្រែកនិយាយពាក្យស្លោកប្រឆាំងគណបក្សសង្គ្រោះជាតិ និងប្រឆាំងលោក កឹម សុខា ដោយប្រើឧឃោសនស័ព្ទជាច្រើន (មេក្រូ)។
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤
កងសន្តិសុខរបស់សាលារាជធានីភ្នំពេញ និងមនុស្សស្លៀកពាក់ស៊ីវិលមួយចំនួន ប្រដាប់ដោយដំបងឆក់ បានរារាំងលោកម៉ម សូណង់ដូ ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ សំបុកឃ្មុំ និងអ្នកគាំទ្ររបស់លោកប្រហែល ១,០០០ នាក់ មិនឲ្យចូលក្នុងទីលានប្រជាធិបតេយ្យ។ បន្ទាប់មក កងសន្តិសុខ និងមនុស្សស្លៀកពាក់ស៊ីវិលដែលត្រូវបានពង្រាយដោយរាជរដ្ឋាភិបាល ព្យាយាមបិទផ្លូវរបស់អ្នកគាំទ្ររបស់លោក សូណង់ដូ ពីសួនទីលានប្រជាធិបតេយ្យទៅកាន់ក្រសួងព័ត៌មាន ជាកន្លែងដែលបាតុករទាមទារឲ្យវិទ្យុសំបុកឃ្មុំ ដែលជាស្ថានីយ៍ផ្សព្វផ្សាយឯករាជ្យមួយក្នុងចំណោមស្ថានីយ៍ឯករាជ្យមួយចំនួនតូចនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណទូរទស្សន៍ផ្ទាល់ខ្លួន និងការផ្សព្វផ្សាយទូទាំងប្រទេស។
អ្នកគាំទ្រ បានមកដល់ក្រសួងព័ត៌មាននៅវេលាម៉ោងប្រហែល ១០ ព្រឹក ជាកន្លែងដែលអ្នកទាំងនោះឃើញមានការបិទច្រកចេញចូលមុខក្រសួង និងកងរាជអាវុធហត្ថ និងនគរបាលបង្ក្រាបបាតុកម្មប្រហែល ៨០០ នាក់។ ភ្លាមៗបន្ទាប់មក កងសន្តិសុខជាច្រើននាក់បន្ថែមទៀត បានចេញមកពីសាលារាជធានីភ្នំពេញដែលនៅក្បែរនោះ ហើយអាជ្ញាធរបានព្រមានដល់អ្នកគាំទ្រ និងអ្នកកាសែតឲ្យចាកចេញពីទីនោះ។ នៅក្នុងរយៈពេលប៉ុន្មាននាទី កងសន្តិសុខជាង ១,០០០ នាក់ បានដើរឆ្ពោះទៅក្រុមបាតុករ ដោយមានការបាញ់គ្រាប់បែកផ្សែង និងប្រើប្រាស់ដំបងឆក់ទៅលើអ្នកគាំទ្រ និងអ្នកឈរមើលនៅក្បែរនោះជាច្រើននាក់។
បន្ទាប់មក ក្រុមបាតុករ បានព្យាយាមប្រមូលផ្តុំចំនួនពីរដង ដែលរួមមានម្តងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក ហើយទាំងពីរដងនោះត្រូវបានបំបែកដោយនគរបាលបង្ក្រាបបាតុកម្ម។ ការបង្ក្រាបដោយហិង្សា បណ្តាលឲ្យមនុស្សយ៉ាងតិច ១០ នាក់រងរបួស រួមមាន ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អំឡុងពេលនៃការបង្ក្រាប កងសន្តិសុខ បានរឹបអូសកាមេរ៉ាពីព្រះសង្ឃ និងអ្នកកាសែតមួយចំនួន។
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤
បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា បាតុករមួយក្រុមតូចដែលមានចំនួនប្រហែល ១០០ នាក់ ត្រូវបានអនុញ្ញាតឲ្យដាក់ញត្តិទៅកាន់ស្ថានទូតបរទេសមួយចំនួន និងការិយាល័យមួយចំនួនរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឲ្យមានការដោះលែងអ្នកទាំង ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីដើមខែមករា និងស្នើឲ្យមានការស៊ើបអង្កេតទៅលើការបាញ់របស់នគរបាល ដែលបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៤នាក់ បានស្លាប់ កាលពីថ្ងៃទី៣ ខែមករា។ បាតុករ ត្រូវបានរឹតត្បិតក្នុងការដាក់ញត្តិ ដោយអនុញ្ញាតឲ្យអ្នកទាំងនោះត្រូវតែធ្វើដំណើរដោយយានយន្ត ដោយមិនអនុញ្ញាតឲ្យដើរដោយថ្មើជើងនោះទេ។
- ចំណងជើង & មូលបទ
- ការបោះឆ្នោត សិទិ្ធបញ្ចេញមតិ និងចូលរួម ដោះលែង ២៣ នាក់ សិទ្ធិការងារ រ៉ុង ឈុន អំពើហិង្សាវ៉េង ស្រេង សិទ្ធិស្ត្រី
- ឯកសារទាក់ទង