សេចក្តីថ្លែងការណ៍

បញ្ឍប់ការបំភិតបំភ័យ និង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលា​ការ មក​លើ​កម្មករ​សហជីព និង​មេ​ដឹក​នាំ​សហជីព

ចេញផ្សាយ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១០; ក្រុមសង្គមស៊ីវិល
F T M

យើងទាំងអស់គ្នាជាតំណាងអង្គការ ដែលចុះហត្ថាលេខាខាងក្រោមនេះ មានការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបំភិតបំភ័យ និងគំរាមកំហែងលើកម្មករ និងសមាជិកសហជិព ដែលបានចូលរួមធ្វើកូដកម្ម ។

យើងទាំងអស់គ្នាជាតំណាងអង្គការ ដែលចុះហត្ថាលេខាខាងក្រោមនេះ មានការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបំភិតបំភ័យ និងមានការគំរាមកំហែងលើកម្មករ និងសមាជិកសហជីព ដែលបានចូលរួមធ្វើកូដកម្មក្នុងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០កន្លងទៅនេះ។

ការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះទៅនឹងការធ្វើកូដកម្មស្របច្បាប់ ជាពិសេសកូដកម្មដែលបានប្រកាសជូនដំណឹងតាំងពីយូរមកហើយ តាមរយៈវិធានការនានា ដូចជា ការវាយប្រហារដោយកម្លាំងលើបាតុករ ការគំរាមកំហែងតាមផ្លូវតុលាការលើអ្នករៀបចំកូដកម្ម និងការប្រើប្រាស់ប្រព័ន្ធតុលាការវាយបកមកលើសមាជិកសហជីព។ រាជរដ្ឋាភិបាល ត្រូវតែបញ្ឍប់អំពើទាំងអស់នេះជាបន្ទាន់ ប្រសិនបើភាគីទាំងសងខាងមានឆន្ទះសម្រេចនូវកិច្ចព្រមព្រៀងមួយក្នុងការចរចារនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១០ខាងមុខនេះ។

កម្មករមកពីសម្ព័ន្ធសហជីពកាត់ដេរប្រជាធិបតេយ្យ សម្ព័ន្ធសហជីពតម្បាញឯករាជ្យជាតិកម្ពុជា និងមកពីសហជីព១៣ផ្សេងទៀត បានចូលរួមធ្វើកូដកម្មដោយសន្តិវិធីមួយ ដើម្បីទាមទារអោយមានការបង្កើតប្រាក់ឈ្នួលអប្បបរិមា បច្ចុប្បន្នអោយស្របទៅតាមកំរិតជីវភាពរស់នៅប្រចាំថ្ងៃ។

យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបានកើតឡើងពេលកូដកម្មដែលមានដូចជា៖
- ការវាយដំមកលើស្ត្រីម្នាក់អាយុ២៨ឆ្នាំ ដែលបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរប្រព្រឹត្តិដោយកងកម្លាំងចំរុះ យោធានិងនគរបាលនៅពេលវាយបំបែកកូដករនៅរោងចក្រ ថប់វើល និងរោងចក្រក្បាលកោះ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។

- ការបង្ករបួសស្នាមលើរាងកាយ ការចាប់ខ្លួន និងការឃុំខ្លួនកម្មករឈ្មោះ សុខ សោភា ភេទ ប្រុស អាយុ២៩ឆ្នាំ ដែលជាលេខាធិការសហជីពនៅរោងចក្រក្បាលកោះ ដោយ នគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នៅថ្ងៃទី៤ នៃកូដកម្មដែលត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង
សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យមានកិច្ចប្រជុំមួយរវាងរាជរដ្ឋាភិបាល និងតំណាងសហជីពដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ។ មេដឹកនាំសហជីពទាំងឡាយ ទទួលយកនូវសំណើរនេះ ហើយក៍បានអំពាវនាវឲ្យកម្មករទាំងអស់ផ្អាកកូដកម្ម និងចូលធ្វើការវិញតាមធម្មតា ។

ទោះបីជាកូដកម្ម បានផ្អាកទៅហើយក្តី ក៍ការបំភិតបំភ័យ និងការគំរាម កំហែងពីសំណាក់រាជរដ្ឋាភិបាលនៅតែកើតមាននៅឡើយ ។

ខណៈដែលឯកឧត្តម អ៊ិត សំហេង អំពាវនាវឲ្យមានការចរចារ ឯកឧម្តម និង ឯកឧត្តម វង សូត រដ្ឋ មន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានទាមទារឲ្យមានការស៊ើបអង្កេតចំពោះអ្នកដឹកនាំកូដកម្ម និងអំពាវនាវឲ្យអាជ្ញាធរធ្វើការវាយបំបែកកូដកម្មដែលកំពុងតែបន្ត។ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានចេញបញ្ជាឲ្យកម្មករទាំងអស់ចូលធ្វើការវិញក្នុងរយៈពេល ២៤ម៉ោង ។

លើសពីនេះទៅទៀត យើងក៍បានទទួលឯកសារចម្លងតុលាការមួយចំនួន អំពាវនាវឲ្យមានការផ្អាកការងារកម្មករទាំងឡាយដែលបានដឹកនាំធ្វើកូដកម្ម ដើម្បីរង់ចាំការអង្កេត៖

- លោកចៅក្រម ខ្លូត ពេជ្រ បានបញ្ជាឲ្យផ្អាកការងារកម្មករ២២នាក់ នៅរោងចក្រ សៀងវូ ខេត្តកំពង់ស្ពឺ
- លោកចៅក្រមប្រធានតុលាការ អិន វ៉ានវិបុល បានបញ្ជាឲ្យផ្អាកការងារកម្មករសហជីពចំនួន១៦នាក់ នៅរោងចក្រ សម្លៀកបំពាក់ ម៉េង តុង និងរោងចក្រសម្លៀកបំពាក់ ម៉េងយ៉ាង នៅខេត្តកណ្តាល ។
- លោកចៅក្រមប្រធានតុលាការ អិន វ៉ានវិបុល បានបញ្ជាឲ្យផ្អាកការងារកម្មករសហជីពចំនួន១០នាក់ នៅរោងចក្រតម្បាញ វីនន័រ ខេត្តកណ្តាល ។
- លោកចៅក្រម ស៊ិន វិរៈ បានបញ្ជាឲ្យផ្អាកការងារកម្មករសហជីពចំនួន២៥នាក់ នៅរោងចក្រ វីវីរិច នៅខេត្តកណ្តាល។
- លោកចៅក្រម ស៊ិន វិរៈ បានបញ្ជាឲ្យផ្អាកការងារកម្មករសហជីពចំនួន២០នាក់ នៅរោងចក្រ ហ្គោល ហ្វេម អ៊ីធ័រប្រាយ នៅខេត្តកណ្តាល។

សហជីពដែលបានចូលរួមធ្វើកូដកម្ម ក៍បានរាយការណ៍អំពីការផ្អាកការងារសមាជិកសកម្មរបស់ខ្លួននៅក្នុងរោងចក្រយ៉ាងហោចណាស់១៥កន្លែងផ្សេងទៀតផងដែរ ។

វិធានការទាំងនេះទាំងនេះ គឺជាការសងសឹកយ៉ាងចំហរមួយ នឹងបានរំលោភលើមាត្រា១២ នៃច្បាប់ស្តីពីការងារកម្ពុជា ដែលហាមឃាត់មិនឲ្យមានការរើសអើងចំពោះសមាជិកសហជីពឡើយ។

លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍មានប្រសាសន៍ “ សិទ្ធិក្នុងការរៀបចំសិទ្ធិក្នុងការតវ៉ាជាសមូហភាព និងសិទ្ធិក្នុងការធ្វើកូដកម្មត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការងារ និងអនុសញ្ញាលេខ ៨៧ របស់អង្គការពលកម្មអន្តរជាតិ ។ រាជរដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យកម្មករ និងសហជីពអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរី " ។
កញ្ញាណាលី ពីឡូក នាយិកាអង្គការលីកាដូ ក៍បានមានប្រសាសន៍ផងដែរថា “ ការប្រើប្រាស់តុលាការដើម្បីផ្តន្ទាទោសសកម្មជនសហជីពដោយមិនត្រឹមត្រូវបែបនេះ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតលើច្បាប់ស្តីពីការងារ ដូច្នោះពួកគាត់ត្រូវតែជាបញ្ឍប់ជាបន្ទាន់នូវការផ្អាកការងារដែលកើតចេញពីការរើសអើងចំពោះសមាជិកសហជីព " ។

លោក ដេវីដ វែល នាយកអង្គការ ACILS ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “រដ្ឋាភិបាលហាក់ដូចជាកំពុងប្រើនូវការបំភិតបំភ័យដើម្បីបង្កើននូវអំណាចចរចាររបស់ខ្លួននាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ”។ ការបំភិតបំភ័យហាក់បីជាយុទ្ធសាស្ត្រចម្បងរបស់ពួកគាត់។ ប៉ុន្តែការគំរាមកំហែងសហជីពពុំអាចជួយដល់ការដោះស្រាយបញ្ហាដែលកើតមានឡើងនេះឡើយ។ ការទាមទាររបស់កម្មករឲ្យមានការតម្លើងប្រាក់ឈ្នួល នេះគ្រាន់តែជាការទាមទារ ដ៍តូចមួយដើម្បីទទួលបាននូវកំរិតជីវភាពរស់នៅអប្បបរមាតែប៉ុណ្ណោះ។ ពួកគេពុំមែនទាមទារចង់បានរថយន្តឡិចស៊ីស ឬវីឡាស្កឹមស្កៃនោះឡើយ ។

ហេតុដូច្នេះ យើងខ្ញុំសូមអំពាវនាវដូចខាងក្រោម :

- សូមអោយតុលាការមានការគោរពសិទ្ធិកម្មករក្នុងការអនុវត្តសកម្មភាពសហជីព កុំចោទប្រកាន់លើសមាជិកដែលចូលរួម និងរៀបចំកូដកម្មដោយអយុត្តិធម៌ ហើយតុលាការត្រូវតែបញ្ឍប់ការស៊ើបអង្កេតដែលគ្មានមូលដ្ឋានច្បាស់លាស់លើកូដកម្ម។
- អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ឈប់ការជ្រែតជ្រែកជាបន្ទាន់ក្នុងសកម្មភាពសហជីព រួមទាំងការធ្វើកូដកម្មផងដែរ។
- រដ្ឋាភិបាលត្រូវត្រៀមខ្លួនដើម្បីធ្វើការចរចារប្រកបដោយភាពស្មោះត្រង់ និងតម្លាភាព ជាមួយតំណាងសហជីពនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ។ ប្រសិនបើរដ្ឋាភិបាលមិនបានបញ្ឍប់នូវការគំរាមកំហែង និងការចាប់ខ្លួនមេដឹកនាំ សហជីពទេនោះ ការចរចារ ថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះនឹងមិនអាចទទួលបានផ្លែផ្កាឡើយ ។ មេដឹកនាំនៃភាគីចរចារនឹងពុំអាចបំពេញភារកិច្ចរបស់ខ្លួនបានពេញលេញឡើយ ខណៈដែលពួកគាត់ កំពុងមានការភ័យខ្លាចពីការចាប់ខ្លួនបែបនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ACILS Country Director, David Welsh, 077 222 020
 CCHR Executive Director, Ou Virak, 012 404 051
 CCIM Director, Pa Nguon Teang, 012 598 066
 CHRAC Chief of Secretariat, Suon Sareth, 092 344 357
 CLEC Executive Director, Yeng Virak, 012 801 235
 LICADHO Director, Naly Pilorge, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា