សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ កត់សម្គាល់ទិវាកុមារអន្តរជាតិដោយការ ធ្វើទស្សនកិច្ចទៅកាន់ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១១
F T M

Toddler living in prison with her mother enjoying International Children's Day.

អង្គការ លីកាដូ និងមិត្តភ័ក្តិទាំងអស់នឹងកត់សម្គាល់ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ ដោយការចែកចាយម្ហូបអាហារ និងសម្ភារៈ ដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅតាមពន្ធនាគារចំនួន ១៤ របស់ប្រទេសកម្ពុជា។

ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ អង្គការ លីកាដូ នឹងប្រារព្ធពិធីជាពិសេសសម្រាប់ទិវានេះ នៅឯមណ្ឌលអប់រំកែប្រែ ទី២ (CC2) និងនៅពន្ធនាគារក្រុងតាខ្មៅ។ ពិធីដែលនឹងប្រារព្ធធ្វើនៅមណ្ឌលអប់រំកែប្រែទី២ និងនៅពន្ធនាគារក្រុងតាខ្មៅ រួមមានល្បែងកំសាន្ត ការផ្តល់រង្វាន់ និងមានការថ្លែងសុន្ទរកថារបស់ភ្ញៀវចូលរួមលើបញ្ហានានារបស់កុមារផងដែរ។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលគិតមកត្រឹមខែមេសា ឆ្នាំ២០១១ មានអ្នកទោសជាអនិតិជនប្រមាណជា ៧៣០នាក់ដែលបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ចំនួន២៥របស់ប្រទេសកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារកំណត់អ្នកទោសជាអនិតិជនថា ជាអ្នកដែលមានអាយុរវាង ១៤ឆ្នាំ និង ១៧ឆ្នាំ នៅពេលដែលពួកគេបាន ប្រព្រឹត្តបទល្មើស ហើយពួកគេអាចនៅតែចាត់ទុកជាអ្នកទោស ជាអនីតិជន នៅពេលពួកគេមានអាយុគំរប់១៨ឆ្នាំនៅក្នុងពន្ធនាគារ។ អាយុ១៤ឆ្នាំ ជាអាយុទទួលខុសត្រូវខាងព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា។

ពន្ធនាគាររបស់ប្រទេសកម្ពុជាក៍ជាទីកន្លែង ដែលមានស្ត្រីមានផ្ទៃពោះប្រហែលជា១៤នាក់ កំពុងតែជាប់ឃុំឃាំង និងមានកុមារជិត ៤០នាក់ រស់នៅជាមួយម្តាយរបស់ពួកគេក្នុងពន្ធនាគារ។ កុមារត្រូវបានអនុញ្ញាតអោយរស់នៅជាមួយម្តាយរបស់ពួកគេ ក្នុងពន្ធនាគាររហូតដល់ត្រឹមអាយុ ៦ឆ្នាំ។

ជាមួយនឹងវិបត្តិនៃចំនួនអ្នកទោសហួសចំណុះនៃពន្ធនាគាររបស់ប្រទេសកម្ពុជាដែលធ្វើអោយថវិកាពន្ធនាគារមានភាព​ស្តួច​ស្តើង​រួច​ស្រាប់​ទៅ​ហើយ​នោះ​កុមារ​តែង​តែ​ទទួល​​រង​ការ​លំបាក​យ៉ាង​ខ្លាំង​ពី​ភាព​មិន​ដំណើរ​របស់​ប្រព័ន្ធ​នេះ។ ឧទាហរណ៍ នៅពន្ធនាគារតាមខេត្តភាគច្រើន អ្នកទោសជាអនីតិជន​បាន​សំរប​ខ្លួន​យ៉ាង​ពេញ​លេញ​ទៅ​ក្នុង​ចំណោមអ្នកទោសជាមនុស្សពេញវ័យ។ របបម្ហូបអាហារមិនមានគ្រប់គ្រាន់ទេ ហើយការថែទាំវេជ្ជសាស្ត្រតែងតែមិនមានផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា “ជាទូទៅពន្ធនាគារមិនមែនជាទីកន្លែងសម្រាប់កុមារ និងអនីតិជន”។ “ប្រព័ន្ធនេះ មិនមានសមត្ថភាពផ្តល់នូវតម្រូវការជាមូលដ្ឋានរបស់កុមារទាល់តែសោះ ដូចជា ការអប់រំអាហារចិញ្ចឹមរាងកាយសមស្រប ការថែទាំវេជ្ជសាស្ត្រ ។ល។ ជាក់ស្តែងហាក់ដូចជាធ្វើអោយមានការលំបាកដល់ក្មេងៗជាងការស្តារនីតិសម្បទារបស់ពួកគេឡើងវិញ។”

កញ្ចប់ដែលត្រូវចែកចាយមាន ម្ហូបអាហារ ច្រាសដុសធ្មេញ សាប៊ូកំចាត់មេរោគរបស់របរក្មេងលេង ក្រាសសិតសក់ និងរបស់របរសំខាន់ចាំបាច់ដទៃទៀត។ អង្គការ លីកាដូ និងមិត្តភ័ក្តិមានគំរោងចែកចាយដល់អ្នកទោសជាអនីតិជន កុមាររស់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់ពួកគេ ស្រ្តីមានផ្ទៃពោះ និងកូនៗរបស់មន្ត្រីអនុរក្សពន្ធនាគារនូវកញ្ចប់ចំនួន ១,០០០។

ការចែកចាយនឹងប្រព្រឹត្តទៅនៅពន្ធនាគារដូចខាងក្រោម៖ ពន្ធនាគារក្រុងតាខ្មៅ មណ្ឌលកែប្រែទី២ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពង់ចាម ក្រុងព្រះសីហនុ កំពង់ស្ពឺ កោះកុង និងកំពត។

ដើម្បីស្វែងយល់ថែមទៀតអំពីស្ថានរបស់កុមារក្នុងពន្ធនាគារ សូមអានរបាយការណ៍របស់អង្គការ លីកាដូ ដែលមានចំណងជើងថា “ការពិនិត្យមើលឡើងវិញនូវស្ថានភាពរស់នៅរបស់ម្តាយ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ រស់នៅក្នុងពន្ធនាគារចំនួនដប់ នៅកម្ពុជា” (ខែមិថុនា ឆ្នាំ២០១០) អាចរកមើលបាននៅគេហទំព័រ
http://www.licadho-cambodia.org/reports.php?perm=141

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ ទូរស័ព្ទ៖ ០១២ ៩៤០ ៦៤៥
 លោក ហ៊ម ស៊ុនរិទ្ធ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស
 ទូរស័ព្ទ៖ ០១២ ៩៨៨ ៩៥៩

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា