សេចក្តីថ្លែងការណ៍

ពាក្យ​បណ្ដឹង​ដាក់​ទៅ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ស្ដី​ពី​បញ្ហា​សម្បទាន​ដី​ស្ករ​អំពៅ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

រូបភាពខាង​លើ ត្រូវបាន​ថត​ក្នុង​អំឡុង​ពេល​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស្ករ​ស មីតរិ៍ប៉ូល នៅ​ខែ​តុលា ឆ្នាំ​២០០៩

អង្គការសង្គមស៊ីវិលចំនួនពីរ ៖ អង្គការ លីកាដូ និង អង្គការ សមធម៍កម្ពុជា បានដាក់ពាក្យបណ្ដឹងក្នុងនាមឲ្យដើមបណ្ដឹងចំនួន ៦០២​គ្រួសារ ស្ដីពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​ស្ករ​អំពៅ គ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយ ឈ្មោះ សារ​ជីវ​កម្ម​ស្ករ​ស​មីត​រិ៍ប៉ូល (Mitr Phol Corporation)។

អង្គការទាំងពីរបានអះអាងថា ការរំលោភបំពានជាលក្ខណៈប្រព័ន្ធ និង​មាន​សភាព​ធ្ងន់ធ្ងរ បានកើតឡើងចំពោះសម្បទានដីសេដ្ឋកិច្ចទាំងបី របស់​ក្រុម​ហ៊ុន​ថៃ ដើម្បី​ផលិត​កម្ម​ស្ករអំពៅ។ ដីសម្បទានទាំងនេះ មានទីតាំង​នៅ​ស្រុក​សំរោង និង ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ នៅប៉ែកពាយព្យនៃប្រទេសកម្ពុជា។ នៅ​ក្នុង​លិខិត​តែ​មួយ មានចុះកាលបរិច្ឆេទដូចគ្នា សម្បទានដីរយៈពេល ៧០ឆ្នាំ ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ដែល​គេ​បាន​ដឹង​ថា មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​នឹង សារ​ជីវកម្ម​ស្ករ​សមីតរិ៍ប៉ូល (Mitr Phol Corporation) ៖ ១-ក្រុមហ៊ុន អង្គរស៊ូហ្គ័រ ២-ក្រុមហ៊ុន ទន្លេស៊ូហ្គ័រខេន និង ៣-ក្រុមហ៊ុន ខេន និង ស៊ូហ្គ័រវ៉ាលី។ អគ្គនាយកនៃក្រុមហ៊ុនទាំងបីនេះ គឺ​សុទ្ធ​សឹង​តែ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ជាពិសេស ក្រុមហ៊ុន​នេះបានទទួល​ស្គាល់​ថា​ក្រុម​ហ៊ុន​ទាំង​បី គឺ​ស្ថិត​ក្រោម​សហគ្រាស​តែ​មួយ។ ចំណែក​ឯ សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក៏​ត្រូវ​បាន​ជឿ​ជាក់​ថា មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ។

បណ្ដឹងដែលរៀបចំឡើងដោយអង្គការលីកាដូ និង អង្គការសមធម៌កម្ពុជា បានលើក ឡើង​ថា​ការ​ទទួល​បាន​ដី​​សម្បទាន​របស់ សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ស្ថិត​ក្រោម​រូបភាព​ប្រើកម្លាំងក្រុមហ៊ុន កម្លាំង​​មន្រ្ដី​​ប៉ូលីស​​ក្នុង​​ស្រុក កម្លាំងមន្រ្ដីយោធា និងកម្លាំងសន្ដិសុខ ក្នុង​ការ​រឹប​អូស​ដី​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​​ស្រប​ច្បាប់ ដោយ​បំផ្លិច​បំផ្លាញ​របស់​ពួកគាត់ សម្លាប់​សត្វ​ពាហនៈ ដុតបំផ្លាញ ដណ្ដើមយកកសិផល វាយដំ គម្រាម​កំហែង បំភិត​បំភ័យ និង​ចាប់​ខ្លួន​អ្នក​ភូមិ​​ជា​​ច្រើន​នាក់​ដែលសកម្មភាពទាំងនេះបានបង្កឲ្យមាន ភាពអសន្ដិសុខ​ស្បៀង​អាហារ និង​កាន់​តែ​ធ្វើ​ឲ្យ​​មាន​​ភាព​​ក្រីក្រ​ដល់​គ្រួសារ​ដែលទទួលរងផលប៉ះពាល់។ អង្គការក្រៅរដ្ឋាភិបាល បាន​បន្ដថា ការ​​រំលោភ​​បំពាន​​លើ​សិទ្ធិ​ពលកម្ម និង ពលកម្ម​កុមារ ក៏បាន​កើត​មាន​នៅ​ក្នុង​តំបន់​​សម្បទាន​​ដី​សេដ្ឋកិច្ច​​​ទាំង​​នោះ។ បណ្ដឹង​នេះ ក៏​បាន​ពិពណ៌នា​លម្អិត​អំពី​នីតីវិធី​នៃ​ការ​ផ្តល់​​ដី​​សម្បទាន​សេដ្ឋកិច្ច ដែល​បំពាន​លើ​​ច្បាប់​​ភូមិ​បាល​កម្ពុជា និង​​កាតព្វ​កិច្ច​អន្ដរ​ជាតិ​នានា។

លោកស្រី ហូយ ម៉ៃ អាយុ ៥១ឆ្នាំ ដែលជាជនរងគ្រោះ បានមានប្រសាសន៍ថា “គ្រួសារ​របស់​ខ្ញុំ​ត្រូវ​បាន​បង្ខំឲ្យ​ចាក​ចេញពីដីធ្លី និងផ្ទះសម្បែង ដោយមានកាំភ្លើងភ្ជុង។ ចាប់តាំងពីខ្ញុំបាត់បង់ស្រែចំការ និងផ្ទះសម្បែង ខ្ញុំបាន​ជួល​ដី​គេ​ដើម្បី​ធ្វើ​កសិកម្ម និងខ្ចីបំណុលគេដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ហេតុ​នេះ ខ្ញុំបានបង្ខំចិត្តមិនឲ្យកូនៗ​ទៅ​សាលា​រៀន”។

អង្គការក្រៅរដ្ឋាភិបាល ក៏បានលើទទ្ប្ហីករណ៍ថា សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ពុំ​បាន​ចាត់​វិធាន​ការធ្វើការដោះស្រាយចំពោះការរំលោភបំពានសិទ្ធិមនុស្ស ដែល​កើត​មាន​ដោយ​សារ​ការ​ទទួល​​សម្បទាន​​ដី​សេដ្ឋកិច្ច​របស់ខ្លួនទេ ក្រៅ​តែពី​ការបង្ហាញ​នូវ​ភស្ដុតាង​ដែលជា​លិខិតផ្តល់ដីសម្បទានប៉ុណ្ណោះ។ លោក អៀង វុទ្ធី ដែល​ជា​នាយក​ប្រតិបត្តិ​នៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “អ្វីដែលយើងចង់បាននៅពេលនេះ គឺចង់​ឲ្យ​ក្រុមហ៊ុន​គិត​គូរ​ពិចារណា​​ពី​ស្ថាន​ភាព​ជាក់ស្ដែង និងរកដំណោះស្រាយលើបញ្ហានេះ។ គេ​មិន​អាច​យក​លេស​មិន​ចាត់​វិធាន​ការ ឬ ធ្វើ​ការ​ព្រងើយ​កន្តើយបានឡើយ”។

ដើមបណ្ដឹងទាំង ៦០២គ្រួសារ ព្រមទាំងបុគ្គលដែលទទួលរងផលប៉ះពាល់ដទៃទៀត កំពុងតែស្វែង​រក​នូវ​ដំណោះ​ស្រាយ​ដ៏​សមស្របនានា។ អង្គការលីកាដូ និង អង្កការសមធម៌កម្ពុជា បានលើកថ្លែងថា សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ត្រូវតែផ្តល់សំណងសមរម្យ និង​យុត្តិធម៌​ដល់ប្រជាពលរដ្ឋ។ ប្រសិន​បើមិន​អាច​ធ្វើបាន ក្រុមហ៊ុន​គួរ​តែ​ប្រគល់​ដី​ជូនប្រជាពលរដ្ឋវិញ។ ជាងនេះទៀត ក្រុមហ៊ុន​គួរតែ​ផ្តល់​សំណង​ការ​ខូចខាត​ទាំង​ឡាយ​ដល់ជនរងគ្រោះ ដោយសារការ​រំលោភ​បំពានដែលបង្កឡើងដោយសកម្មភាព ឬការ​ធ្វេស​ប្រហែស​របស់​ក្រុមហ៊ុន។ រហូតមកដល់​បច្ចុប្បន្ន ទោះបីមានការផ្តល់សំណង ក៏សំណងទាំងនោះមានលក្ខណៈតិចតួច និងមាន​តម្លៃ​ទាប​ជាង​​ការខូចខាតជាក់ស្ដែង។ ចំណែកឯ ដំណើរការនៃការផ្តល់សំណង គឺធ្វើឡើងដោយការខ្វះការចូលរួមពី​ប្រជា​ពលរដ្ឋរងគ្រោះ ដោយ​មាន​ការ​គម្រាម​កំហែង និង​មាន​អំពើ​ពុក​រលួយ។

បណ្ដឹងនេះ ក៏បានរៀបរាប់លម្អិតពីការដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ២៥០គ្រួសារ និង​ការ​ឈូស​ឆាយ​ពី​សំណាក់​មន្រ្ដីប៉ូលីស មន្រ្ដីយោធា និង ពលករដែលគេជួល។ បន្ថែមលើនេះ វាក៏​ពណ៌នា​ពីការចាប់ខ្លួន ការ​បង្ក​របូស​ស្នាម ការដាក់ឲ្យជាប់ពន្ធនាគារ និង ការប្រើប្រាស់ហិង្សា​នៅ​ក្នុង​អំឡុងពេលនៃការបណ្ដេញចេញដោយបង្ខំ។ តំណាង​សហគមន៍មួយរូប ដែលជាស្រ្ដីមានផ្ទៃពោះ ត្រូវបានគេចាប់ឃុំឃាំង។ លោកស្រីជាប់ឃុំរយៈពេល ៨ខែ ហើយលោក​ស្រីបាន​ផ្តល់​កំណើត​ទារក​នៅក្នុងមន្ទីរឃុំឃាំងនោះ។ ប្រជាពលរដ្ឋជាច្រើនបានបាត់បង់ដីស្រែចំការ ដី​ប្រើប្រាស់នានា ដំណាំ ការចូលទៅព្រៃសហគមន៍ និងទទួលអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ ចំពោះ​ប្រភព​ទឹក​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់ ត្រូវបានហាមឃាត់ បំពុល និងចាក់ដីលុប ដើម្បីយកទៅធ្វើកសិកម្មរបស់ខ្លួន។ ក្រោយ​ពេល​ផ្តល់ដីសម្បាទាន ប្រជាពលរដ្ឋជា​ច្រើន​បាន​រាយការណ៍​ពីការ​ទទួល​រងគ្រោះ​អំពី​អសន្ដិសុខ​ស្បៀង​អាហារ។

លោក អៀង វុទ្ធីបានបន្តលើកឡើងថា “ជនរងគ្រោះត្រូវទទួលរងផលប៉ះពាល់ និង ប្រឈម​នឹង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង។ ពួកយើងមានឯកសារជាច្រើន ដែលបង្ហាញពីការរំលោភបំពានទៅលើច្បាប់ជាតិ និង​ច្បាប់អន្ដរជាតិ។ ប្រជាជន​ទាំងនោះ គួរទទួលបាននូវយុត្តិធម៌”។

បណ្ដឹងនេះ ដូចគ្នាទៅនឹងបណ្ដឹងមុនដែលបានដាក់ដោយសហគមន៍ ដែលទទួល​រងផល​ប៉ះពាល់​ពី​សម្បទាន​ដីស្ករអំពៅនៅខេត្តកោះកុង។ គណៈកម្មាធិការសិទ្ធិមនុស្សប្រទេសថៃ បាន​រកឃើញ​និង​ចេញ​ជា​របាយការណ៍មួយ ដែលបញ្ជាក់ថា ប្រជារដ្ឋនៅខេត្តកោះកុង ពិតជា​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកា​អង្គការ​សម័្ពន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ ទូរស័ព្ទ​លេខ៖ ០១២ ៨០៣ ៦៥០ អ៊ីមែល៖ director@licadho-cambodia.org
 លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សម​ធម៌​កម្ពុជា ទូរស័ព្ទ​លេខ៖ ០១២ ៧៩១ ៧០០ អ៊ីមែល៖ Vuthy@equitablecambodia.or

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា