សេចក្តីថ្លែងការណ៍

សូម​ផ្តល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារ​ព័ត៌មាន៖ សម្រាប់​ការ​មិន​កម្រិត​ការ​ចូល​ក្នុង​គេហ​ទំព័រ​បណ្តាញ​សង្គម​

ចេញផ្សាយ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័តម៉េតហ្វូន (Metfone) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ិនធើណែត (ISP) បាន​​ចុះ​​បញ្ជី និងប្រតិបត្តិការ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា សូម​ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​លំអិត អំពី​ការ​បិទ​គេហទំព័រ​ទំនាក់​ទំនង​សង្គម ហ្វេស​ប៊ុក (Facebook) នាថ្ងៃនេះ ក៏ដូចជា​ការ​បិទ​គេហទំព័រ Ki-Media ដែល​នៅ​តែ​បន្ត​មិន​អាច​បើក​បាន​រហូត​មក។

កាលពីព្រឹកមិញនេះ នៅវេលា​ម៉ោង​ប្រហែល ៩ ព្រឹក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណេត​របស់​ក្រុម​ហ៊ុន ម៉េតហ្វូន (Metfone) ជា​ច្រើន បាន​រាយ​ការណ៍​ថា អ្នក​ទាំង​នោះ​មិនអាច​ចូល​ទៅ​ក្នុង​គេហទំព័រ ហ្វេសប៊ុក (Facebook) បាន​ទេ។ ការ​​កាត់​ផ្តាច់​​នេះ មាន​​រយៈ​​ពេល​​ច្រើន​​ជាង ៣ ម៉ោង។

ទោះបីជាមានការហៅទូរស័ព្ទ ជាច្រើនលើកច្រើនសារ និងអ៊ីមែល​ជាច្រើន​ត្រូវបានផ្ញើ​ពី​បុគ្គលិក​អង្គការ​​មិន​​មែន​​រដ្ឋា​ភិបាល​​​ទៅ​​ការិយាល័យ​ទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុនក៏ដោយ ក៏ក្រុមហ៊ុន​​បាន​ត្រឹម​តែ​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​មាត់​ទៅ​កាន់​អតិថិជន​របស់​ខ្លួនថា ពួកគេ “កំពុងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរបស់អ្នកទាំង​នោះ ហើយ​មិន​ដឹង​​ថា​​តើ​ថ្ងៃ​ណា​គេហ​ទំព័រ Facebook អាចនឹងប្រើប្រាស់បាននោះទេ”។ ដោយមិនមានការបក​ស្រាយ​​បន្ថែម​​ទៀត អតិថិជន​​របស់​​ក្រុម​ហ៊ុន​ម៉េត​ហ្វូន នៅ​តែ​មាន​មន្ទិល​សង្ស័យថាតើការកាត់ផ្តាច់នេះជាចេតនាផ្តោតទៅលើគេហទំព័រ ហ្វេស​ប៊ុក (Facebook) និង​មធ្យោ​បាយ​នៃ​ការ​បញ្ចេញ​មតិ​ផ្សេងទៀត ដែលកំពុងកាន់​តែ​មានសារ​សំខាន់​ដល់​មជ្ឈ​ដ្ឋាន​​សាធារណៈ​​​របស់​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា។ អ្នកនាង ណាលី ពីឡូក នាយិកា​​អង្គការ​​សម្ព័ន្ធ​​ខ្មែរ​​ជំរឿន និង​​ការ​ពារ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ក្រុមហ៊ុន ម៉េតហ្វូន (Metfone) គឺកំពុងតែ​បន្ត​រឹត​ត្បិត​ការ​ប្រើ​​ប្រាស់​​អ៊ិន​ធើ​ណេត ទោះ​បី​ជា​ក្រុម​ហ៊ុន​នេះ​បាន​គិត​ប្រាក់​ពីអតិថិជនពេញថ្លៃ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​មុន ឬ​ការ​​បក​​ស្រាយ​​​​អំពី​​មូល​ហេតុដែល​ពួក​គេ​ធ្វើ​បែប​នេះ”។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនទូរស័ព្ទចល័ត ម៉េតហ្វូន (Metfone) បានបិទ ឬកម្រិតការ​ចូល​ទៅ​ក្នុង​គេហ​ទំព័រ ឬអត្ថបទក្នុងគេហទំព័រជាក់លាក់ណាមួយ។ នៅខែមករា ឆ្នាំ២០១១ គេហទំព័រដ៏ចម្រូងចម្រាស Ki-Media (ហើយ​និង​ប្លុក (blog) ទាំងអស់ដែលជាកម្មសិទិ្ធរបស់ Blogspot) ត្រូវ​បាន​បិទដោយ​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​អ៊ិន​ធើ​ណេត (ISPs) ជា​ច្រើន រួម​​ទាំង​​ក្រុម​ហ៊ុន ម៉េត​ហ្វូន (Metfone)។ នៅពេលនោះ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌​​មាន ឯក​ឧត្តម ខៀវ កញ្ញា​រិទិ្ធ បាន​បដិសេធ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​រាជរដ្ឋាភិបាលទៅនឹងការបិទនេះ។ ពី​បី​ថ្ងៃ​ក្រោយ​​មក ក្រោយពី​មាន​ការ​ហៅ​ទូរស័ព្ទ និងការតវ៉ាជាលាយល័ក្ខអក្សរ គេហទំព័រទាំងនោះ​ត្រូវ​បាន​បើក​ឡើង​វិញ​ដោយ​​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​អ៊ិន​ធើណេត​ជា​​ច្រើន លើក​លែង​តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ ម៉េតហ្វូន (Metfone)។ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ២០១១ ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​មួយ​ទៀត​បាន​កើត​ឡើង ទៅលើគេហទំព័រ Ki-Media និង​គេហ​ទំព័រ​ផ្សេង​ទៀត ដោយគេហទំព័រ​ទាំង​នោះ​ត្រូវ​បាន​គេ​សង្កេត​ថា​មាន​លក្ខណៈ​រិះ​គន់​ទៅ​លើ​រាជរដ្ឋាភិបាល។ ក្រុមហ៊ុន​ផ្គត់​ផ្គង់​អ៊ិន​ធើ​ណេត​មួយចំនួនដែល​អនុវត្ត​ការ​បិទ​គឺ​ក្រុម​ហ៊ុន Online Wicam Metfone និង Ezecom។ ទោះ​បី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​នីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សូ ឃុន បាន​បដិសេធ​ការ​និយាយ​ថា​រាជរដ្ឋាភិបាលបាន “បញ្ជា” ឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេតទាំងនោះ ធ្វើ​ការ​បិទ​គេហ​ទំព័រ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង សកម្មភាព​របស់​រាជ​រដ្ឋា​ភិបាល​នៅអំឡុងពេលខែមុនៗ គឺ​បង្ហាញ​ថា​ការ​កាត់​ផ្តាច់​នេះ​គឺ​កំពុង​ត្រូវ​បាន​គេ​ពិ​ចារ​ណា។

កាលពីខែធ្នូ ឆ្នាំ២០១០ ប្រធានគណកម្មាការព្រំដែនរួមកម្ពុជា-វៀតណាម បានប្រាប់វិទ្យុអាស៊ីសេរីថា រាជ​រដ្ឋា​ភិបាល​នឹង​ធ្វើ​ការ​បិទគេហទំព័រ Ki-Media ហើយនៅខែកុម្ភៈ ឆ្នាំ២០១១ កាសែតភ្នំពេញប៉ុស្តិ៍ បាន​រាយការណ៍​ថា​ឯក​ឧត្តម សូ ឃុន បានស្នើឲ្យក្រុមហ៊ុនទូរស័ព្ទចល័តឲ្យ “សហការ” ក្នុងការបិទនូវគេហទំព័រជាក់លាក់មួយចំនួន “ដែល​ប៉ះ​ពាល់​ដល់​សីល​ធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល”។

ការព្យាយាមដទៃទៀតដើម្បីបិទប្រភពព័ត៌មានឯករាជ្យនានា និងប្រព័ន្ធទំនាក់ទំនងសង្គម នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សង្កេត​ឃើញ​មាន​ដូច​ជាបទបញ្ជាកាលពីខែវិច្ឆិកា ឆ្នាំ២០១២ របស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដែល​បាន​បញ្ជា​ឲ្យ​បិទ​ហាង​អ៊ិន​ធើណេត​កាហ្វេទាំងអស់ដែលមានទីតាំងក្នុងចំងាយ ៥០០ ម៉ែត្រ ពី​ទី​តាំង​សាលា​រៀន និង​ស្ថាប័ន​អប់រំ។ ប្រសិនបើបទបញ្ជានោះត្រូវបានគេអនុវត្ត នោះវិធានការណ៍នេះស្ទើរ​តែ​បិទ​អាជីវកម្ម​បែប​នេះ​ទាំង​ស្រុង នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ។

ដោយសារប្រព័ន្ធផ្សព្វផ្សាយប្រពៃណីភាគច្រើន ជាពិសេសទូរទស្សន៍ទាំងអស់ ត្រូវបានគ្រប់គ្រងដោយ​រាជ​រដ្ឋា​ភិបាល ប្រជា​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗបានពឹងផ្អែកទៅលើគេហទំព័រនានាដូចជា ហ្វេសប៊ុក (Facebook) ដើម្បី​ទទួលបានព័ត៌មានឯករាជ្យ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា​៖ “ហ្វេសប៊ុក (Facebook) និង ធ្វីតធើរ (Twitter) ដែលជាប្រព័ន្ធ​បណ្តាញ​សង្គម​ពីរ​ក្នុង​ចំណោម​បណ្តាញ​សង្គម​ដទៃ​ទៀត គឺជាប្រភពព័ត៌មានថ្មី ក៏ដូចជាកំពុងក្លាយជាឧបករណ៍វាស់ស្ទង់នយោបាយ”។ លោក បាន​បន្ថែម​ទៀត​ថា៖ “ដោយមានការត្រួតពិនិត្យចាប់ពិរុទ្ធយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធផ្សព្វផ្សាយបែប​ប្រពៃ​ណី គេហ​ទំព័រ​ហ្វេស​ប៊ុក (Facebook) បានក្លាយ​ជា​ប្រភពព័ត៌មាន​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ភាគធំ”។

គេហទំព័របណ្តាញសង្គមមួយចំនួន កាន់តែក្លាយជាឧបករណ៍សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុង​ការ​រៀប​ចំ​​ប្រមូល​ផ្តុំ​ចំណង់​ចំណូលចិត្ត គំនិត និងជំនឿដូចគ្នា។ នេះគឺជាការពិតនៅពេលមុនការបោះឆ្នោត ដែល​ជា​ពេល​ដែល​យុទ្ធ​នា​ការ​​ឃោសនាបោះឆ្នោតក៏ត្រូវបានធ្វើឡើងនៅក្នុងប្រព័ន្ធអ៊ិនធើណេត។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​មាន​ប្រសាសន៍​ថា៖“យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នាពេលថ្មីៗនេះ ហើយនិងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បាន​បង្ហាញ​អំពី​ការ​កើន​ឡើង​នូវ​សារ​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានសង្គមនៅក្នុងប្រទេស។ យើងខ្ញុំបានកត់​សំគាល់​ឃើញ​ពី​ចំនួន​យ៉ាង​ច្រើន​លើស​លប់​នៃព័ត៌មានស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវបានចែករំលែកនៅ​លើ​គេហទំព័រ​ដែល​ជា​បណ្តាញ​សង្គម ដូចជាហ្វេសប៊ុក (Facebook)”។

ក្រុមហ៊ុនម៉េតហ្វូន ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ប្រព័ន្ធ​អ៊ិន​ធើ​ណេត​សំខាន់​មួយ​ក្នុង​ចំនោមក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ិនធើណេតសំខាន់ដទៃទៀតនៅក្នុង​ប្រទេស​កម្ពុជា និ​ងជា​ក្រុម​ហ៊ុន​របស់ក្រុមហ៊ុនមេ វីតតេលគ្រុប (Viettel) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ​ចល័ត​ធំ​បំផុត​របស់​ប្រទេស​វៀត​ណាម។ ក្រុមហ៊ុន វីតតេល (Viettel) គឺជាក្រុមហ៊ុនរដ្ឋ ដែលត្រូវបានគ្រប់គ្រង​ដោយ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​វៀតណាម។

ក្រុមហ៊ុន នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ ឬការឆ្លើយតបលំអិតតាមអ៊ីមែល​ណា​មួយ​មក​កាន់​ក្រុម​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ដែលបានសួរនាំអំពីការបិទគេហទំព័រហ្វេសប៊ុកនាព្រឹកនេះ នៅឡើយទេ។

យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមធ្វើការអំពាវនាវដល់ក្រុមហ៊ុន ម៉េតហ្វូន សូម​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​លំអិតអំពីបញ្ហាបច្ចេកទេស ដែលបានបណ្តាលឲ្យគេហទំព័រហ្វេសប៊ុក ត្រូវ​បាន​បិទ និង​ធ្វើ​ការ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​សមរម្យដើម្បីធានាថាការកាត់ផ្តាច់នេះនឹងមិនមាននៅពេលអនាគតនោះទេ ហើយ​និងបញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​មូល​ហេតុ​ដែលក្រុមហ៊ុនបន្តធ្វើការបិទគេហទំព័រ​ផ្សេង​ទៀត​ដូចជា Ki-Media ជា​ដើម។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodian Domestic Worker Network (CWCD)
៣. Cambodian Food and Service Worker Federation (CFSWF)
៤. Cambodia's Independent Civil-Servants Association (CICA)
៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៦. Cambodian Worker Center for Development (CWCD)
៧. Cambodian Youth Network (CYN)
៨. Coalition of Cambodian Farmer Community (CCFC)
៩. Community Legal Education Centre (CLEC)
១០. Community Peace-Building Network (CPN)
១១. Equitable Cambodia (EC)
១២. Farmer Development Association (FDA)
១៣. Independent Democracy of Informal Economy Association (IDEA)
១៤. Sahmakum Teang Tnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ​មជ្ឈម​ណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មា​ន​ឯក​រាជ្យ, ទូរស័ព្ទលេខ៖ ០១២ ៥៩៨ ០៦៦
 លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ទូរស័ព្ទលេខ៖ ០១២ ៨០១ ២៣៥
 លោក វ៉ន ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ, ទូរស័ព្ទលេខ៖ ០១២ ៥៣៤ ៧៩៦
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើប​អង្កេត​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា