សេចក្តីថ្លែងការណ៍

អាជ្ញាធរ ត្រូវ​តែ​បង្ហាញ​ពីទីកន្លែង​ដែល​ឃុំខ្លួន​អ្នកត្រូវ​បានឃាត់​ខ្លួនទាំង​នោះ ឲ្យបានឆាប់​បំផុត

ចេញផ្សាយ ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

សមាជិកគ្រួសារ មេធាវី និង​ក្រុម​គ្រូពេទ្យឯករាជ្យ​ជំនាញ​មួយចំនួន ត្រូវ​បាន​គេបដិសេធផ្តល់​ព័ត៌មាន​អំពី​ទីកន្លែង​ដែល​បាន​ឃុំខ្លួនអ្នក​ដែលត្រូវបាន​ចាប់ខ្លួន​ទាំង ២៣ នាក់ នៅ​ក្នុង​អំឡុងពេលនៃ​ការបង្ក្រាបយ៉ាង​ខ្លាំងក្លា​នៅរាជធានី​ភ្នំពេញ។ អ្នក​ដែល​ត្រូវបាន​ចាប់​ខ្លួនទាំងនោះ រួម​មាន​យ៉ាងតិចអ្នក​ការពារ​សិទិ្ធមនុស្ស​ចំនួន ៣​នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ សូម​ផ្តល់​ព័ត៌​មាន​នូវ​ទី​កន្លែង​ដែល​ឃុំខ្លួន​អ្នក​ទាំង​នោះ ហើយ​និង​ផ្តល់​នូវ​ការ​អនុញ្ញាត​ចូល​ជួប​អ្នក​ទាំង​នោះ​ភ្លាមៗ​ផង​ដែរ។

ចាប់តាំងពីអ្នកទាំង ២៣ នាក់បានចូលក្នុងតុលាការ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ និងសៅរ៍ មិន​មាន​ព័ត៌​មាន​ថ្មី​ណា​មួយ​អំពី​ទីកន្លែង​ឃុំខ្លួនអ្នកទាំង​នោះ ឬ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​ទាំង​នោះ ត្រូវ​បាន​ដឹង​នោះ​ឡើយ។ មនុស្ស​មួយ​ចំនួន​នៃ​អ្នក​ដែលត្រូវបានចាប់ខ្លួន​ទាំង​នោះ ត្រូវ​បាន​វាយ​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ហើយអ្នក​ទាំង​នោះ​កំពុង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់។ មាន​អនីតិជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ។ ភាគច្រើននៃ​អ្នក​ទាំង​នោះ គឺជា​កម្មករ​រោង​ចក្រ​កាត់​ដេរ ដែល​ភាគ​ច្រើន​មាន​អាយុ​ក្រោម ៣០​ឆ្នាំ។

ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភជាខ្លាំងអំពីស្ថានភាព​សុខ​ភាព និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​នោះ”។ អ្នក​នាង​បាន​បន្តទៀតថា៖ “ការ​ចូល​ជួប​របស់​ក្រុម​គ្រួសារ​របស់​អ្នក​​ទាំង​​នោះ មេធាវី និង​ក្រុម​គ្រូ​ពេទ្យ​ជា​ទៀង​ទាត់ និង​ភ្លាមៗ គឺ​ជា​ការ​ការ​ពារ​ពី​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ធ្វើ​បាប​លើ​អ្នក​ទាំង​នោះ។ ឥឡូវនេះ អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ពិភព​ខាង​ក្រៅ និងនៅក្នុងស្ថាន​ភាព​បច្ចុប្បន្ន​នេះ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ​ដល់​អ្នក​ទាំង​នោះ។ អាជ្ញាធរ​គួរតែ​បញ្ចប់​ភាព​សម្ងាត់​នេះ​ឲ្យ​បាន​ឆាប់​បំផុត”។

របាយ​ការណ៍​ដែលមិនទាន់ត្រូវបាន​បញ្ចាក់​មួយ​ចំនួន បង្ហាញ​ថា​អ្នក​ទាំង ២៣ នាក់ អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ​កែ​ប្រែទី​១ (ម១) នៅ​ពន្ធ​នាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ ឬមណ្ឌល​អប់រំ​កែ​ប្រែ​ទី៣ (ម៣) នៅ​ត្រពាំង​ថ្លុង ក្នុង​ខេត្ត​កំពង់​ចាម ដែល​ជា​ពន្ធ​នាគារ​មួយ​ក្នុង​ចំណោម​ពន្ធនាគារ​ដែល​មាន​ស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ (ម៣) គឺជា​ពន្ធនាគារ​ដាច់​ស្រយាល​មួយ ហើយ​ពិបាក​ទៅ​ដល់។ រហូត​ដល់​បច្ចុប្បន្ន​នេះ មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ (ម៣) បាន​ឃុំខ្លួន​ទៅ​លើ​តែ​អ្នក​ទោស​ពេញវ័យ​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​រួច​ប៉ុណ្ណោះ។ គ្មាន​អនីតិជន​ណា​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១ (ម១) ឡើយ។

អ្នកនាង បានបន្តទៀតថា៖ “ប្រសិនបើជា​ការ​ពិត ការ​បញ្ជូន​អ្នក​ទោស​ទាំង​នោះ​ទៅ​កាន់​ទី​កន្លែង​យ៉ាង​ឆ្ងាយ​ដូចជា ម៣ គឺ​ជា​ការ​វិវឌ្ឍន៍មួយ​ដែលបាន​គិតទុក​ជា​មុន និង​ជាវិធី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​កាន់​តែ​ដុន​ដាប”។ “បុរស​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​ផ្តន្ទាទោស​អំពី​បទល្មើស​ណាមួយ​នោះ​ទេ ដូច​នេះ​អ្នក​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​រួច​ទាំង​នោះ។ ការបិទ​បាំង​ព័ត៌​មាន គឺ​មិន​មាន​សារ​សំខាន់​នោះ​ទេ ហើយ​អាច​ជា​ការ​ធ្វើ​ឡើង​ដើម្បី​លាក់​អ្នក​របួស ឬ​អាច​សម្រួល​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម និង​​អាច​បង្កើត​បរិយាកាស​នៃ​ភាព​ភ័យ​ខ្លាច”។

អង្គការ លីកាដូ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​របស់ យន់ ជា ដែល​មាន​អាយុ ១៧ ឆ្នាំ។ អនីតិជន ត្រូវ​តែ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​នីតិជន និង​ថែទាំ​ទៅ​តាម​អាយុ​របស់​អ្នក​ទាំង​នោះ។ វា​ជា​ការ​បន្ទាន់​មួយ ដែល យន់ ជា ត្រូវតែ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជា​មួយ​គ្រួសារ​របស់​ខ្លួន។

ពន្ធនាគារភាគច្រើន នៅ​ប្រទេស​កម្ពុជា ខ្វះ​ខាត​នូវ​ថ្នាំ​ពេទ្យ និង​បរិក្ខារ​ពេទ្យ​ជា​មូលដ្ឋាន​មួយ​ចំនួន។ បុគ្គលិក ខ្វះ​ខាត​ការ​បណ្តុះ​បណ្តាល មិន​មាន​វិជ្ជាជីវៈ​គ្រប់​គ្រាន់ និង​មិន​ចេះ​ព្យាបាល​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នោះ​ទេ។ ដោយ​ផ្អែក​លើ​ការ​វាយ​ដំ ដែល​ត្រូវ​បាន​ឃើញ​ដោយ​បុគ្គលិក​អង្គការ លីកាដូ មនុស្ស​មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ ស្ថិត​នៅ​ក្នុង​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ និង​ស្មុគ​ស្មាញ ប្រសិន​បើ​អ្នក​ទាំង​នោះ មិន​​អាច​ជួប​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​ភ្លាមៗ​ទេ​នោះ។

នៅពេលដែលអង្គការ លីកាដូ និង​អ្នក​ដទៃ​ទៀត បន្ត​ស្វែង​រក​ព័ត៌មាន​អំពី​ទីកន្លែង​ឃុំ​ខ្លួន​អ្នក​ទាំង ២៣ នោះ មាន​ការ​កើន​ឡើង​នៃ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នា​ពេល​អនាគត​របស់​សកម្មជន​សហគមន៍​បឹងកក់​ទាំង ៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​មិញនេះ នៅពេល​ដែល​អ្នក​ទាំង​នោះ​បាន​រៀបចំ​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដទៃ​ទៀត។ សកម្មជន​បឹងកក់​ទាំងនោះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅឯ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥។ អ្នក​ទាំង​នោះ​មាន អ្នក​ស្រី ទេព វន្នី អ្នក​ស្រី​ យ៉ោម បុប្ផា អ្នក​ស្រី ផាន់ ឈុនរ៉េត អ្នក​ស្រី ប៉ុប ឆវី និង​កញ្ញា សុង ស្រី​លាភ។ អ្នក​ទាំង​នោះ ធ្លាប់​ត្រូវ​បាន​ផ្តន្ទា​ទោស ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ ទាក់​ទង​នឹង​ការ​ចូល​រួម​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ។

លោក មឿន តុលា ប្រធាន​​កម្មវិធី​​សិទិ្ធ​​ការងារ​​នៃ​​មជ្ឈ​មណ្ឌល​​អប់រំ​​ច្បាប់​​សម្រាប់​​សហគមន៍ បាន​​មាន​​ប្រសាសន៍​ថា៖ “អាជ្ញាធរ​កម្ពុជា ហាក់​ដូចជា​បោះ​បង់​ចោល​នូវ​ការ​ប្រកាន់​យក​លទិ្ធ​ប្រជាធិបតេយ្យ នីតិ​រដ្ឋ និង​យុត្តិធម៌”។ លោក បានបន្តទៀតថា៖ “ស្ត្រីទាំងនេះ ច្បាស់ណាស់គឺមិនបានធ្វើអ្វីខុសនោះទេ។ សំនួរចំបងមួយចំនួន ត្រូវ​បាន​សួរ​ថា​តើ​អ្វី​នឹង​កើត​ឡើង​បន្ទាប់ ហើយ​អ្នក​ណា​ជា​អ្នក​រង​គ្រោះ​បន្ទាប់? ទង្វើ​អាក្រក់​ទាំង​នេះ ត្រូវ​តែ​បញ្ចប់​ឥឡូវ​នេះ”។

ប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ អាជ្ញាធរ បាន​ចេញ​នូវ​ដីកា​តុលាការ​មួយ​ចំនួន ទៅ​លើ​មេដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ហើយ​និង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន។ ហើយ​មាន​ដីកា​ចំនួន​ប្រាំ​បន្ថែម​ទៀត ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់ថា នឹង​ត្រូវ​បាន​ចេញ។​

------
បុរសចំនួន ដប់នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​អំឡុង​ពេល​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​សន្តិសុខ និង​ក្រុម​បាតុករ​ដែល​ជា​កម្មករ នៅ​មុខ​រោងចក្រ យ៉ាក់ ជីង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ គឺ​មាន​លោក វន់ ពៅ, ថេង សាវឿន, ច័ន្ធ ពុទ្ធិស័ក, ឈឺម ធឿន, យ៉ុង សំអាត, រិទិ្ធ រដ្ឋា, ណាគ្រី វ៉ាន់ដា ,លន សាន, តេង ចន្នី និងសុគន្ធ សម្បត្តិពិសិដ្ឋ។ អ្នក​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣ ខែ​មករា និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​មាត្រា ២១៨ និង​៤១៤ នៃ​ក្រម​ព្រហ្មទណ្ឌ (ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទង្ងន់​ទោស និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទង្ងន់​ទោស)។

បុរសចំនួន ១៣ នាក់ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មករា ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន ដែល​បណ្តាល​ឲ្យ​បុរស​ចំនួន ៤ នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​សន្តិសុខ ហើយ​យ៉ាង​តិច​ណាស់​មាន​មនុស្ស​ចំនួន ៣៨ នាក់បានរងរបួស នៅក្បែរសួនឧស្សាហកម្ម កាណាឌីយ៉ា លើផ្លូវវេង ស្រេង។ អ្នកទាំងនោះគឺ លោក ម៉ម ពិសិដ្ឋ, នឹប សុឃួន, ផាង ត្រេន, ទី ស៊ីនួន, ហេង រដ្ឋា, ប៉ាង វណ្ណី, ភឿន ដា, ឆឿន យ៉ុង, រស់ សុភ័ណ្ឌ, ព្រង់ ​សារ៉ាត់, ជា សារ៉ាត់, យ៉ន់ ជា និងបួ សាវិត។ អ្នក​ទាំង​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី​៤ ខែ​មករា ពី​បទល្មើស​មាត្រា ២១៨ និង ៤១៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

អ្នកទាំង ២៣ នាក់ ប្រឈម​មុខ​នឹង​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ចំនួន ៦ ខែ និង​ជាប់​ពន្ធ​នាគារ​រហូត​ដល់ ៥ ឆ្នាំ ហើយ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១០០០ ដុល្លារ ទៅ ២៥០០ ដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​​មនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា