សេចក្តីថ្លែងការណ៍

របាយការណ៍​អង្គការ លីកាដូ៖ សក្ខីកម្ម នៃអំពើ​ទារុណកម្ម និង​ការធ្វើបាប

ចេញផ្សាយ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៤
F T M

“ខ្ញុំត្រូវ​បានគេ​ធ្វើទារុណកម្ម ដោយមិនមាន​មូលហេតុ។ នៅពេល​ដែលខ្ញុំត្រូវ​បានគេចោទ​ប្រកាន់ ខ្ញុំត្រូវ បាន​គេវាយដំ​យ៉ាងហិង្សា​រហូតដល់​សន្លប់។ ខ្ញុំបាន​ដឹងខ្លួន​ឡើងវិញ​មួយរយៈ នៅពេល​ដែល​ខ្ញុំត្រូវបាន​គេបញ្ចូល ខ្យល់​អុកស៊ីសែន។ ហើយ​បន្ទាប់មក​ខ្ញុំបានព្យាយាម​ពន្យល់ទៅ​កាន់អ្នកទាំង​នោះថា ខ្ញុំមិនបាន​ធ្វើអ្វីខុសទេ។
ខ្ញុំ ត្រូវ​បានគេសួរ​ចម្លើយ និងវាយដំ​រហូតដល់​សន្លប់ម្តងទៀត។”

នៅថ្ងៃទី២៦ ខែមិថុនា ដែលជា​ទិវាអន្តរជាតិ​ការពារ​ជនរងគ្រោះ​នៃអំពើ​ទារុណកម្ម អង្គការ លីកាដូ បាន​ចេញ​នូវរបាយការណ៍ ដែលជា​ការផ្តល់​សក្ខីកម្ម​ថ្មីមួយ និងការវិភាគ​លើការប្រើប្រាស់​អំពើទារុណកម្ម និងការធ្វើ​បាប​ក្នុងពន្ធនាគារ និងប៉ុស្តិ៍​នគរបាលនៅក្នុង​ប្រទេសកម្ពុជា រួមទាំង​ការរំលោភ​បំពាន​ទៅលើអ្នក​ជាប់​ពន្ធនាគារ​ជាស្ត្រី និង​អនីតិជន ហើយនឹងអ្នក​ដែលជួបប្រទះ​បញ្ហាសុខភាព​ផ្លូវចិត្ត។

តាមការ​សិក្សា​ស្រាវជ្រាវ​របស់អង្គការ លីកាដូ បញ្ជាក់ថា មិនមាន​ការផ្លាស់ប្តូរ​ជាក់ស្តែង​នូវប្រភេទ​ភាព​ញឹកញាប់ និង​ភាពធ្ងន់ធ្ងរ​នៃការ​រំលោភបំពាន ដែលត្រូ​វបាន​រាយការណ៍​កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗ​មកនេះ​ទេ។ អ្នក ទោស​ទាំងនោះ​បន្តរៀបរាប់​ពីសកម្មភាព​ដែលខ្លួន​ត្រូវបាន​វាយដំ ទាត់ ទះ ឬដាល់​ជារឿយៗ​រហូត​ដល់អ្នក​ទាំង នោះ​ហូរ​ឈាម និងសន្លប់។ ឧបករណ៍​ដែលត្រូវ​បានប្រើប្រាស់​ក្នុងការ​វាយ​ដំនោះ​មានៈ កាំភ្លើង ដំបង​ឈើ ដំបង ដែក និង​ដំបងឆក់។ មួយក្នុង​ចំណោម​គោលបំណង​សំខាន់​នៃការរំលោភ​បំពាន គឺនៅតែជា​ការបង្ខំឲ្យអ្នក​ទាំង នោះផ្តល់​ចម្លើយ​សារភាព ឬថវិកា។

អង្គការ លីកាដូ ក៏បាន​ទទួល​របាយការណ៍​ផងដែរ​ស្តីពីអ្នកជាប់​ពន្ធនាគារ ដែល​ត្រូវបាន​គេវាយដួល​លើដី រួចចាប់​សក់អូស​លើដី អ្នក​ដែលត្រូវ​បាន​បង្ខំឲ្យ​ឈរជើង​មួយរយៈពេលយូរ អ្នក​ដែល​ត្រូវបាន​ឆ្មាំពន្ធនាគារឈរ និង​ជាន់លើ​ដងខ្លួន និងមុខ អ្នកដែល​ត្រូវបាន​គេបង្ខំដាក់​វត្ថុចូល​ក្នុងមាត់ ការធ្វើ​ឲ្យរលាក​ដោយបារី អ្នក​ដែលត្រូវ​បានគេ​បង្ខំឲ្យ​លុតជង្គង់​យូរក្រោម​កំដៅថ្ងៃ អ្នកជាប់​ពន្ធនាគារដែល​ត្រូវបានគេ​បង្អត់ខ្យល់​ដកដង្ហើម និងប្រើប្រាស់​ដំបង​ឆក់ ជាឧ​បករណ៍សម្រាប់​ធ្វើទារុណកម្ម។

ណាលី ពីឡូក នាយិកា​សម្ព័ន្ធខ្មែរជំរឿន និងការពារ​សិទិ្ធមនុស្ស លីកាដូ បាន​មាន​ប្រសាសន៍ថា៖ “ការផ្តល់​សក្ខីកម្ម​ដែលគួរ​ឲ្យភ្ញាក់ផ្អើល​ទាំងអស់​ខាងលើនេះ បានបញ្ជាក់​ប្រាប់យើង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បំពេញ​ការងារ និង​ការទទួល​ខុសត្រូវ​ចំពោះការ​ការពារ និងដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​នៃការធ្វើ​ទារុណកម្ម និង​ការធ្វើ​បាបនោះ​ទេ” ។ អ្នកនាង​បានបន្ត​ថា៖ “អាជ្ញាធរ​ហាក់ដូចជា​មិនមាន​សមត្ថភាព​ក្នុងការ បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ចំពោះការ​បញ្ចប់​អំពើទារុណកម្ម​ក្នុងប្រទេស​កម្ពុជានោះ​ទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះទេ អាជ្ញាធរ​ហាក់​ដូចជា​មិន​មាន​ឆន្ទៈក្នុងការចាត់​វិធានការណ៍​ដោះស្រាយ​រាល់ការរំលោភ​បំពាននេះ​ថែមទៀតផង”។

ប្រទេសកម្ពុជា​បាន​ផ្តល់សច្ចានុម័ត​លើពិធីសារ​បនែ្ថម នៃអនុសញ្ញា​របស់អង្គការ​សហប្រជាជាតិទប់ស្កាត់ អំពើ​ទារុណកម្ម និងការ​អំពើឃោឃៅ​ផ្សេងទៀត អំពើ​អមនុស្សធម៌ ឬការ​បន្ថោកបន្ទាប ឬការ​ដាក់​ទណ្ឌកម្ម ក្នុង​ឆ្នាំ២០០៧។ ក្នុងចំណោម​ចំនុចជាច្រើន​ផ្សេងទៀត ពិធីសារ​បនែ្ថមនេះ តម្រូវឲ្យ​រដ្ឋភាគី​បង្កើតយន្តការ​បង្ការ​ថ្នាក់​ជាតិ​ឯករាជ្យ​មួយ (NPM) រយៈពេលមួយ​ឆ្នាំបន្ទាប់​នៃការផ្តល់​សច្ចានុម័តនោះ។ ប្រទេសកម្ពុជា​នៅមិន​បាន​បង្កើត​យន្តការ​បង្ការថ្នាក់​ជាតិឯករាជ្យនោះ​ទេ ដែល​គោលបំណង​សំខាន់នៃការ​បង្កើត​យន្តការ​នេះ​គឺដើម្បី​ឃ្លាំ​មើល និងការពារ​អំពើទារុណកម្ម និង​ការធ្វើបាប​នៅមន្ទីរឃុំឃាំង។ ផ្ទុយទៅវិញ នៅឆ្នាំ២០០៩ គណៈកម្មាធិការ​អន្តរក្រសួង​ដែលមាន​សមាសភាព​មកពីមន្រ្តី​រាជរដ្ឋាភិបាល​ជាច្រើននាក់ បែរជា​ត្រូវបាន​បង្កើតឡើង​ទៅវិញ។ គណៈកម្មា​ធិការនេះ មិនមែន​ត្រឹមតែ​មិនមាន​ឯករាជ្យភាព​ទេ ហើយ​ថែមទាំង​គ្មានប្រសិទ្ធិភាព​ទៀត។

បន្ថែម​លើការ​រំលោភ​បំពានពី​សំណាក់មន្រ្តី​ក្នុងពន្ធនាគារ និងប៉ុស្តិ៍​នគរបាល អង្គការ លីកាដូ ចងក្រង​ជា​ប្រចាំ​នូវការ​រំលោភបំពាន​ពីសំណាក់​នគរបាល និងកង​សន្តិសុខ​ផ្សេងទៀត​នៅពេល​ចាប់ខ្លួន និងអំឡុង​ពេល​បញ្ជូន​ទៅប៉ុស្តិ៍ន​គរបាល។ នៅក្នុង​ពន្ធនាគារ ក៏មាន​ករណីរំលោភ​បំពាន​ពីសំណាក់​អ្នកជាប់​ពន្ធនាគារ​ដូចគ្នា ដែល​ជារឿយៗមាន​ការបញ្ជា​ដោយផ្ទាល់ ឬការ​យល់ព្រម​ពីអាជ្ញាធរ​ពន្ធនាគារ។

លើសពីនេះ​ទៀត អង្គការ លីកាដូ ជឿ​ជាក់ថា ល័ក្ខខ័ណ្ឌ​នៃការឃុំខ្លួន​នៅតាម​កន្លែង​ឃុំខ្លួនមួយ​ចំនួន រួម​ទាំង​ការបដិសេធ​ក្នុងការ​ផ្តល់​សេវាពេទ្យ អាចចាត់​ចូលជា​សកម្មភាព​មួយ ដែល​អាក្រក់ អមនុស្សធម៌ ឬការ​បន្ថោក​បន្ទាប។ ក្នុង​ចំណោម​ការព្រួយ​បារម្ភជា​ពិសេសជាច្រើន ត្រូវបាន​រាយការណ៍ថា អ្នកដែល​មានបញ្ហា​សុខភាព​ផ្លូវ​ចិត្ត​គឺប្រឈម​នឹងហានិភ័យ​ចំពោះការ​រំលោភបំពាន​ក្នុង​ពន្ធនាគារ និងមន្ទីរ​ឃុំឃាំងរបស់​នគរបាល។

អង្គការដៃគូ​របស់អង្គការ លីកាដូ គឺអង្គការ​ចិត្តសង្គម និងអន្តរវប្បធម៌ (TPO) នៅប្រទេស​កម្ពុជា ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានមុខ​គេនៅកម្ពុជា​ក្នុងវិស័យ​សុខភាព​ផ្លូវចិត្ត និងអន្តរាគមន៍​ផ្នែកចិត្តសង្គម បាន​ចង​ក្រង​ឯកសារ​រំលោភបំពាន​ស្របជាមួយនឹ​ងប្រភេទ​នៃការចោទ​ប្រកាន់ ដែលទទួល​បានដោយ​អង្គការ លីកាដូ និង​បានកំណត់​ផលប៉ះពាល់​រយៈពេលយូរ​នៃការ​រំលោភបំពាន​នៅលើផ្លូវចិត្ត សុខុមាលភាព​របស់​អតិថិជន​របស់​ខ្លួន។

អតិថិជន​របស់អង្គការ TPO នៅក្នុងពន្ធនាគារ​ដែលបាន​ទទួលរងគ្រោះ ឬបន្តទទួល​រងគ្រោះ​ពីការធ្វើ​ទារុណ​កម្ម ឬការធ្វើបាប បានរាយការណ៍​ថា មានរោគសញ្ញា​ដូចជា៖ ឈឺក្បាល ថប់អារម្មណ៍ បាក់​ទឹកចិត្ត ទទួល​ទាន​ដំណេក​មិនបាន​លក់ស្រួល ចេះតែ​ចងចាំ​រឿងអតីតកាល មានការ​ភ័យខ្លាច ឆាប់ខឹង និងងាយ​មាន​ប្រតិកម្ម។ អតិថិជន​មួយចំនួន​របស់អង្គការ TPO ដែល​ជួបប្រទះនឹង​ការរំលោភ​បំពាន បានប៉ុនប៉ង​ធ្វើអត្តឃាត។

កញ្ញា ង៉ែត សុគន្ធ អ្នកគ្រប់គ្រង​គម្រោងពន្ធនាគារ​របស់អង្គការ លីកាដូ បានមាន​ប្រសាសន៍ថា៖ “អាជ្ញាធរ​កម្ពុជាគួរ​តែមាន​ការអៀនខ្មាស ដែល​ប្រភេទ​នៃការរំលោភបំពាន​ទាំងនេះ នៅតែបន្ត​កើនឡើង និងវិធាន​ការណ៍​ក្នុងការ​ការពារ គឺមានភាព​ទន់ខ្សោយ ហើយ​លទ្ធភាព​ក្នុងការទទួល​បានយុត្តិធម៌​នៅមាន​កម្រិត”។

កញ្ញា​បាន​បន្តទៀតថា៖ “គួរឲ្យ​ស្តាយណាស់ អង្គការ លីកាដូ ជឿថា​អត្រាពិតនៃ​អំពើទារុណកម្ម និង​ការធ្វើបាប គឺមាន​កម្រិត​ខ្ពស់ជាង​អ្វីដែលបាន​ចងក្រងទុកជា​ឯកសារ ពីព្រោះ​ការរំលោភបំពាន​ជាច្រើននៅ​តែមានការ​លាក់ បាំង”។
វាជាការ​លំបាក​ណាស់ក្នុង​ការ ដែលអាចឲ្យ​យើងដឹងពី​ទំហំពិត​នៃអំពើ​ទារុណកម្ម និងការធ្វើ​បាប​ទៅលើ​អ្នក​ជាប់ឃុំ​ក្នុងប្រទេសក​ម្ពុជា។ ទោះជា​យ៉ាងណា​អ្នកជាប់​ឃុំមួយចំនួន​នៅតែបន្ត​ទទួលរងការ​ធ្វើបាបលើ​រូបរាង​កាយ និងផ្លូវចិត្តក្នុង​មន្ទីឃុំឃាំង​របស់នគរបាល អ្នកទាំងនោះ មានលទ្ធភាព​តិចតួចណាស់​ក្នុងការទទួល​បាននូវ​យន្តការ​ដាក់ពាក្យ​បណ្តឹង និងសំណង​ការខូចខាតប្រកប​ដោយប្រសិទ្ធិភាព ហើយអ្នក​ដែលត្រូវ​ទទួល​ខុសត្រូវ​កម្រ​ត្រូវ​បានផ្តន្ទាទោស​ណាស់។

ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ដរាបណាតុលា​ការ​កម្ពុជា​បន្ត​ទទួល​យកចម្លើយ​សារភាព ដែល​ទទួលបាន​ពីការបង្ខិតបង្ខំ ដរាបនោះ​បុរស ស្រី្ត និងកុមារនៅ​តែបន្ត​រងការ​វាយដំ គំរាមកំហែង និងរងរបួស​នៅក្នុងការឃុំឃាំង​របស់អាជ្ញាធរ​រដ្ឋ ហើយនៅខណៈ​ដែលអ្នកបញ្ជា ផ្តល់ជំនួយ ឬ​ប្រព្រឹត្តអំពើ​ទារុណកម្ម​នៅតែរួចខ្លួន​ពីការផ្តន្ទាទោស​តាមច្បាប់ នោះការបេ្តជ្ញា​ពិតប្រាកដរបស់​កម្ពុជាក្នុងការ​ហាម​ឃាត់​ដាច់ខាត​ចំពោះអំពើ​ទារុណកម្ម និងការធ្វើបាប​នៅតែជាបញ្ហា​ធ្ងន់ធ្ងរ”។

របាយការណ៍​របស់អង្គការ លីកាដូ ក៏មាននូវយោបល់​ចំនួន ១២ ចំនុច ជូនអាជ្ញាធរកម្ពុជា​រួមបញ្ចូល​ទាំង​ការ​រៀបចំច្បាប់​ជាតិជាក់លាក់​ស្តីអំពីការទប់ស្កាត់​អំពើទារុណកម្ម ការបង្កើត​យន្តការបង្ការ​ថ្នាក់ជាតិ​ឯករាជ្យ​ពិត​ប្រាកដ​មួយ និងស្ថាប័ន​ការពារស៊ីវិលមួយដែលអាចដោះ​ស្រាយបណ្តឹងទៅលើ​នឹងនគរបាល ប្រកដោយ​ប្រសិទ្ធិ​ភាព និងភ្នាក់ងារអនុវត្តច្បាប់​មួយចំនួនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ ០១២ ៨០២ ៥០៦
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ​ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា