សេចក្តីថ្លែងការណ៍

“ភរិយាល្អ”៖ អ្នកធ្វើយុទ្ធនាការ​ដីធ្លីជាស្ត្រី និង​ផលប៉ះពាល់​នៃភាព​សកម្មនិយមសិទ្ធិ​មនុស្ស

ចេញផ្សាយ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

ក្នុងអំឡុងទសវត្សចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា រាប់សែននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន និងដីស្រែរបស់ខ្លួន ហើយជាច្រើនអ្នក ផ្សេងទៀត ត្រូវបានគំរាមគំហែងដោយការជម្លៀសចេញពីដីធ្លីរបស់អ្នកទាំងនោះ។ ចាប់តំាងពី ឆ្នាំ២០០០ មក អង្គការលីកាដូបានប្រមូលទិន្នន័យ ដែលបង្ហាញថា ប្រជាពលរដ្ឋជាងកន្លះ លាននាក់ បានទទួលរងនូវផលប៉ះពាល់ពីបញ្ហាជម្លោះដីធ្លី ដែលអាជ្ញាធររដ្ឋមានការជាប់ពាក់ ព័ន្ធ។ ជាការឆ្លើយតប សហគមន៍ ដែលទទួលរងគ្រោះ បានរៀបចំក្រុមរបស់អ្នកទាំងនោះ ដើម្បីតវ៉ាទប់ទល់នឹងការបណ្តេញចេញពីដីធ្លី ឬផ្ទះសម្បែង ឬ ដើម្បីទាមទារសំណងសមរម្យ សម្រាប់អ្វីដែលពួកគាត់បាត់បង់។ ស្ត្រីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំ យុទ្ធនាការតវ៉ា ហើយពួកគាត់ជាច្រើន បានក្លាយជាអ្នកដឹកនាំសហគមន៍ និងតស៊ូមតិផ្នែកសិទ្ធិ មនុស្សដ៏ឆ្នើម។

ជាការប្រារព្ធនៃការ​ចាប់ផ្តើមយុទ្ធនាកា​រអន្តរជាតិ (យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំង​នឹងអំពើ ហិង្សាផ្នែក​យែនឌ័រ) អង្គការ​លីកាដូ បានផ្សព្វផ្សាយ​របាយការណ៍ ដែល​បានសិក្សាអំពី​ថាតើ ជីវិតរបស់​ស្ត្រីទាំងនោះបាន​ផ្លាស់ប្តូរបែបណា ដោយសារ​តែសកម្មភាព​តវ៉ារបស់អ្នកទាំងនោះ។ ការស្រាវជ្រាវនេះបាន​បង្ហាញថា ទុក្ខលំបាកដែល​អ្នកទាំងនោះ​ជូបប្រទះ មិនត្រឹមតែ​មាន ចំពោះបញ្ហា​ជីវភាព និងផ្លូវចិត្ត​របស់ពួកគាត់​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាល​ឲ្យមាន​អំពើហិង្សា​ ក្នុងគ្រួសារ ឬការបែក​បាក់ ក្នុងក្រុមគ្រួសា​រផងដែរ។
របាយការណ៍ស្រាវជ្រាវនេះយោងទៅលើការសម្ភាសន៍ជាមួយស្ត្រីអ្នកតវ៉ារឿងដីធ្លីចំនួន ២៤នាក់។ ពាក់កណ្តាលនៃស្ត្រីដែលត្រូវបានសម្ភាសទាំងនោះមកពីសហគមន៍នៅទីជនបទ និងពាក់កណ្តាលមកពី សហគមន៍នៅរាជធានីភ្នំពេញ។ ស្ត្រីទាំងអស់ដែលត្រូវបានសម្ភាសន៍ បានចូលរួមតវ៉ារឿងដីធ្លីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយ ៧នាក់ ក្នុងចំណោមពួក គាត់មានសកម្មភាពសកម្មយ៉ាងខ្លំាង ហើយឥឡូវអ្នកទាំងនោះស្ទើតែចំណាយពេលពេញម៉ោង ធ្វើជាអ្នកតវ៉ា។ ស្ត្រីមួយចំនួន ក្នុងចំណោមស្ត្រីទាំងអស់ បានទទួលរងការជាប់ពន្ធនាគារ។ បទពិសោធន៍របស់អ្នកទាំងនោះមានលក្ខណៈស្រដៀងគ្នា ដោយស្ត្រីទាំងអស់ បានមាន ប្រសាសន៍ អំពីការការប្រែប្រួលនៃទំនាក់ទំនងស្វាមី-ភរិយារបស់អ្នកទាំងនោះ ដែលឈាន ដល់ភាពតានតឹងនៅក្នុងគ្រួសារ ហើយក្នុងករណីខ្លះ រហូតដល់មានអំពើហិង្សាក្នុងក្រុមគ្រួសារ ទៀតផង។ ស្រ្តី ៥នាក់ ក្នុងចំណោម ២៤នាក់ ដែលត្រូវបានសម្ភាសន៍ ធ្លាប់ជូបប្រទះអំពើ ហិង្សានៅក្នុងគ្រួសារ បន្ទាប់ពីក្លាយជាអ្នកធ្វើយុទ្ធនាការរឿងដីធ្លីមក ដែលទង្វើបែបនេះ ពួក គាត់មិនធ្លាប់ជូបប្រទះពីមុនមកទេ ហើយស្ត្រី ៦នាក់ ផ្សេងទៀត ដែលធ្លាប់ជូបប្រទះអំពើ ហិង្សាក្នុងគ្រួសារមុនពេលមានជម្លោះដីធ្លី និយាយថា អំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងរ ជាងមុន បន្ទាប់ពីមានជម្លោះដីធ្លីកើតឡើងមក។

យោងតាមស្ត្រីដែលត្រូវបានសម្ភាសន៍ ទំនាក់ទំនងរវាងជម្លោះដីធ្លី និងភាពតានតឹង និង អំពើហិង្សាក្នុងគ្រួសារដែលអ្នកទាំងនោះបានជូបប្រទះ កើតឡើង ដោយសារការចេញតវ៉ា របស់អ្នកទាំងនោះ ដែលធ្វើឲ្យស្ត្រីទាំងនោះបាត់បង់ពេលវេលា សម្រាប់បំពេញតួនាទីនៅផ្ទះ និងគោរពស្វាមី ដែលនេះ ជាការរំពឹងទុកសម្រាប់ស្ត្រីកម្ពុជា និជាប្រពៃណីក្នុងសង្គមកម្ពុជា។ ស្វាមីរបស់អ្នកទាំងនោះបានលើកឡើងថា ភរិយាមិនបានរៀបចំអាហារសម្រាប់ពួកគាត់ និង កូនចៅរបស់ពួកគាត់ ហើយមានការសង្ស័យមកលើភរិយា ដោយសារពេលវេលាដែលភរិយា ទាំងនោះចំណាយនៅក្រៅផ្ទះ ហើយស្វាមីរបស់ពួកគាត់មិនសប្បាយ ចិត្តនឹងការកើនឡើងនៃ ឯករាជ្យភាពក្នុងការសម្រេចចិត្តរបស់ភរិយាទាំងនោះនោះទេ។

ណាលី ពីឡូក នាយិកាអង្គការលីកាដូ មានប្រសាសន៍ថា៖ “យើងដឹងថា ការធ្វើជា សកម្មជននៅកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់។ យើងបានឃើញហើយរយៈពេលពីរសប្តាហ៍ ចុងក្រោយនេះ អ្នកតវ៉ាមិនត្រឹមតែប្រឈមនឹងអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងនោះក៏ ប្រឈមនឹងការចាប់ដាក់ពន្ធនាគារផងទៀត។ ហើយឥឡូវនេះ របាយការណ៍នេះក៏បង្ហាញថា ការតវ៉ាក៏ធ្វើឲ្យមានផលប៉ះពាល់ដល់ជីវិតគ្រួសារអ្នកទាំងនោះផងដែរ។ ការពិតដែលថា បុរស មួយចំនួនមិនអាចទទួលស្គាល់នូវតួនាទីថ្មីរបស់ភរិយាខ្លួន ហើយអាងតែប្រើហិង្សា ពិតជា បញ្ហាមែន។”

ស្ត្រីតែម្នាក់គត់ ក្នុងចំណោមស្ត្រីដែលផ្តល់ការសម្ភាសន៍ បានសុំឲ្យមន្ត្រីនគរបាលជួយ។ ស្ត្រីផ្សេងទៀតមិនបានចាត់វិធានការណ៍អ្វីនោះទេ ហើយដូច្នេះត្រូវបន្តរស់ក្នុងចំណង អាពាហ៍ពាហ៍បែបហិង្សាតទៅទៀត ឬក៏សម្រេចព្រមព្រៀងរស់នៅផ្សេងគ្នា។ ស្ត្រីទាំងនោះ បានលើកឡើងនូវមូលហេតុមួយចំនួន ដែលទាក់ទងនឹងការមិនចាត់វិធានការណ៍អ្វីសោះ ដោយរួមមានសម្ពាធទៅលើបញ្ហាជីវភាពគ្រួសារ និងសម្ពាធរបស់សង្គម ដោយបង្ខំឲ្យបន្តរស់ នៅជាមួយគ្នាទៀត ហើយនៅទីជនបទវិញ ដោយសារនៅឆ្ងាយពីប៉ុស្តិ៍នគរបាល។ ស្ត្រីជា សកម្មជន ជាពិសេសអ្នកដែលមានកេរ្តិ៍ឈ្មោះ បានមានប្រសាសន៍ថា អ្នកទាំងនោះព្រួយ បារម្មណ៍ថា ប្រសិនបើអាជ្ញាធរដឹងបញ្ហាបែបរបស់អ្នកទាំងនោះ អាជ្ញាធរនឹងមិនត្រឹមតែមិន ជួយពួកគាត់ប៉ុណ្ណោះទេ ហើយថែមទាំងប្រើព័ត៌មានទាំងអស់នេះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ អ្នកទាំងនោះទៀតផង។ ស្ត្រីម្នាក់ក្នុងចំណោមអ្នកទាំងនោះ មានប្រសាសន៍ថាមន្ត្រីនគរបាល ក្នុងមូលដ្ឋាន បានតាមនាងជាញឹកញាប់ ហើយឃ្លាំមើលសកម្មភាពរបស់នាង ហេតុដូច្នេះនាង មិនផ្តល់ព័ត៌មានរឿងក្នុងគ្រួសាររបស់នាងឲ្យអាជ្ញាធរដឹងឡើយ ហើយនាងគ្មានជំនឿថា ពួក គេនឹងជួយនាងនោះទេ។ ស្ត្រីម្នាក់ផ្សេងទៀត ដែលជូបប្រទះអំពើហិង្សាធ្ងន់ធ្ងរ មានប្រសាសន៍ ថា នាងពិតជាបានសុំមន្ត្រីនគរបាលឲ្យជួយ ប៉ុន្តែមន្ត្រីនគរបាលនោះបែរជាប្រាប់នាងថា នេះជារឿងផ្ទៃក្នុងរបស់គ្រួសារនាង ហើយមិនបានចាត់វិធានការណ៍អ្វីឡើយដើម្បីជួយនាង។

កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់នៃការិយាល័យឃ្លាំមើលការរំលោភសិទ្ធិស្ត្រី នៃអង្គការលីកាដូ បាននិយាយថា៖ “ការរកឃើញនៅក្នុងរបាយការណ៍នេះធ្វើឲ្យការអានពិតជា មានៈភាពក្រៀមក្រំ។ ការពិត ដែលថាអ្នកតវ៉ាទាំងនោះមានអារម្មណ៍ថា មិនអាចទៅរកមន្ត្រី នគរបាលឲ្យជួយ ពេលអ្នកទាំងនោះជូបប្រទះអំពើហិង្សាក្នុងគ្រួសារ ដោយសារអ្នកទាំងនោះ ព្រួយបារម្មណ៍ថា ព័ត៌មានទាក់ទងនឹងរឿងរ៉ាវក្នុងគ្រួសារពួកគាត់នឹងត្រូវបានប្រើប្រាស់ដើម្បី ទប់ទល់លើអ្នកទាំងនោះ បង្ហាញថា អាជ្ញាធរកំពុងព្យាយាមធ្វើឲ្យសកម្មភាពយុទ្ធនាការពួក គាត់បរាជ័យយ៉ាងពិតប្រាកដ។ មន្ត្រីនគរបាលគួរតែជួយស្រ្តីទាំងអស់ ដែលជូបប្រទះអំពើ ហិង្សាក្នុងគ្រួសារ ដោយមិនត្រូវគិតថាគាត់ជាអ្នកណានោះទេ។”

អំពើហិង្សាក្នុងគ្រួសារលើស្ត្រី និងការរំលោភដីធ្លីជាបញ្ហារំលោភសិទ្ធិមនុស្សពីរដ៏ធ្ងន់ធ្ងរ និងមានការ រីករាលដាលបំផុតនៅកម្ពុជា។ សម្រាប់ស្រ្តីភាគច្រើននៅក្នុងរបាយការណ៍នេះ បញ្ហាទាំងពីរនេះ មានភាពជាប់ទាក់ទងគ្នា ហើយជីវិតរបស់អ្នកទាំងនោះត្រូវបានញុំញ៉ីដោយ សារបញ្ហាទាំងក្រៅ និងក្នុងគ្រួសាររបស់ពួកគាត់។ របាយការណ៍នេះទាញការចាប់អារម្មណ៍ ទៅលើបញ្ហាទាំងពីរនេះ ហើយអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការផ្លាស់ប្តូរសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាទាំងពីរនេះ។ របាយការណ៍នេះផ្តល់អនុសាសន៍ដូចខាងក្រោម៖
- ធានាថា មន្ត្រីនគរបាលធ្វើការស៊ើបអង្កេតរាល់ករណីអំពើហិង្សាក្នុងគ្រួសារ ឲ្យបានពេញលេញ និងត្រឹមត្រូវ ដោយមិនគិតពីអត្តសញ្ញាណរបស់ជនរងគ្រោះ ហើយធានាថា អាជ្ញាធរមូលដ្ឋាន មន្ត្រីនគរបាល និងមន្ត្រីតុលាការ ចាត់វិធានការដោយឯករាជ្យ ហើយ ដើម្បីជាប្រយោជន៍ដល់ ភាពយុត្តិធម៌ ការពារជនរងគ្រោះអំពើហិង្សាក្នុងគ្រួសារទំាងអស់។
- ផ្តល់ថវិកាបន្ថែមដល់នគរបាល ជាពិសេសនៅទីជនបទ ដើម្បីការស៊ើបអង្កេត និងផ្តន្ទាទោស ករណីអំពើហិង្សាក្នុងគ្រួសារ។
- ធានាថា អាជ្ញាធរមូលដ្ឋាន មន្ត្រីនគបាល និងមន្ត្រីតុលាការ ទទួលស្គាល់ថា អំពើហិង្សា ក្នុង គ្រួសារមិនមែនជារឿងឯកជន ឬបទល្មើសតូចតាចនោះទេ ហើយទទួលស្គាល់ថា ពួកគាត់ យល់អំពីសារៈសំខាន់នៃការឲ្យអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
- បង្កើនចំនួនជម្រកសុវត្ថិភាព និងសេវាសង្គម សម្រាប់ជនរងគ្រោះដោយសារអំពើហិង្សា ក្នុង គ្រួសារ និងអភិវឌ្ឍន៍នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
- បញ្ឈប់អំពើហិង្សាលើអ្នកតវ៉ារឿងដីធ្លី និងអ្នកតវ៉ាអហិង្សាទាំងអស់។
- បញ្ឈប់ឲ្យបាននូវការបណ្តេញចេញពីដីធ្លី និងផ្តល់សំណងគ្រប់គ្រាន់ និងសមរម្យ ចំពោះអ្នក ដែលត្រូវបានជម្លៀសចេញពីដីធ្លី ឬ អ្នកដែលមានដីធ្លីត្រូវបានគេរឹបអូសដោយខុសច្បាប់។
- អនុវត្តដំណើរការនៃការបែងចែក និងកំណត់ព្រំដីដែលមានតម្លាភាព និងបង្ហាញជា សាធារណៈ ឲ្យបានឆាប់ ហើយធានាថា កម្មវិធីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីនាពេលខាងមុខ អនុវត្តទៅ ក្រោមស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។

ទន្ទឹមនឹងការផ្សព្វផ្សាយរបាយការណ៍ នាថ្ងៃទី២៥ និង២៦ វេលាម៉ោង ២ និង ១០ នាទី ល្ងាច អង្គការលីកាដូនឹងធ្វើការផ្សព្វផ្សាយកម្មវិធីផ្សាយបន្តផ្ទាល់ តាមវិទ្យុ ១០២ អេហ្វអឹម អំពីកិច្ចពិភាក្សារបស់សកម្មជនដីធ្លីទាំង ៤ រូប ដែលត្រូវបានសម្ភាសន៍នៅក្នុងរបាយការណ៍ នេះ។ កម្មវិធីនេះនឹងចាក់ផ្សាយឡើងវិញ ក្នុងអំឡុងពេលនៃយុទ្ធធានាការ ១៦ ថ្ងៃនេះ។ នា វេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃទី២៥ ខែវិច្ឆិកា វិទ្យុអាស៊ីសេរីនឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពីបញ្ហាដែលបានលើកឡើងនៅ ក្នុងរបាយការណ៍នេះ ដែលមានការចូលរួមពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងសកម្មជនដីធ្លីពីររូប ទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ, ទូរស័ព្ទ ០១២ ៨០៣ ៦៥០
 កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលសិទ្ធិស្រ្តី និងកុមារ នៃអង្គការលីកាដូ ទូរស័ព្ទ ០១២ ២៥១ ១១៨

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា