សេចក្តីថ្លែងការណ៍

អង្គការលីកាដូ បានសម្រេច​ផ្អាកការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅពន្ធនាគារ​ជា​លើកដំបូង ក្នុង​រយៈពេល​ ២០ឆ្នាំនេះ​ដោយសារ​មានការ​រឹតត្បិត​ជាងមុន

ចេញផ្សាយ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៥
F T M

អង្គការលីកាដូ មិន​អាច​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ទៅតាម​គម្រោង​នៅពន្ធនាគារ​ចំនួន ១៨ កន្លែង នៅថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ បានឡើយ ដោយ​សារ​មាន​លក្ខខណ្ឌ​ហាមឃាត់​មួយចំនួន​ជា​លាយ​លក្ខអក្សរ​ពីអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ។

ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជា នៅតែមិនទាន់​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន ដែលក្នុង​នោះ​រួមមាន​ការធ្វើទុក្ខបុក​ម្នេញ ការរើសអើង ការ​កេង​ប្រវ័ញ្ច និង​អំពើ​បង់​ប្រាក់ក្រៅ​ច្បាប់​ជាដើម ។ សំរាប់ជន​ជាប់ឃុំ​ជាច្រើន ត្រូវតម្រូវ​ឲ្យ​បង់ប្រាក់​កាស​ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ឃុំខ្លួន​ប្រសើរ​ជាងមុន ការព្យាបាល​ជំងឺ ការជួបសួរ​សុខទុក្ខ និង​តម្រូវការ​ចាំបាច់​មួយចំនួន​ទៀត​ដូចជា​អាហារ ទឹកស្អាត ពន្លឺថ្ងៃ និង​ការយក​ខ្យល់​អាកាស​ប្រចាំថ្ងៃ​ជាដើម។ ចំនួន​ជនជាប់​ឃុំបណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​នៅមាន​កម្រិត​ខ្ពស់នៅ​ឡើយ ជាពិសេសក្នុងចំណោមស្រ្តី និងអនីតិជន និង​រួម​មាន​ករណី​ជាច្រើន​ដែល​ឃុំខ្លួន​ខុស​នីតិវិធី និង​ដែល​កំពុង​រង់ចាំ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​យ៉ាង​យូរ។

ក្នុងអំឡុងពេល ២០ឆ្នាំ ចុងក្រោយនេះ ជារៀងរាល់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ អង្គការ​លីកាដូ តែងតែ​មាន​ការ​ចែក​ជូន​កញ្ចប់​អាហារ​ឧបត្តម្ភ​តិចតួច​ដល់​ជន​ជាប់ឃុំ​ទាំងអស់​រួម​ទាំង​កម្មវិធី​កំសាន្ត​សប្បាយ​ផ្សេងៗ ដូចជា​ការលេង​ល្បែង​កំសាន្ត ការរាំ​របាំ​ប្រពៃណី និង​កម្មវិធី​សំដែង​សប្បាយ​ផ្សេងៗ​ទៀត ដោយ​មានការ​ចូលរួម​ពីជន​ជាប់ឃុំ​ទាំង​នោះ អមដោយ​សារ​ស្តីពី​មូលដ្ឋាន​សិទ្ធិ​មនុស្ស​ជាសកល​សំខាន់ៗ​ផងដែរ។

ប៉ុន្តែដោយឡែកសំរាប់ឆ្នាំនេះ ដោយមានការ​ដាក់​លក្ខខណ្ឌ​​​តឹងតែង​ពេក ធ្វើអោយ ការប្រារព្ធ​ពិធី​ក្លាយជា​គ្មាន​អត្តន័យ​គ្រប់គ្រាន់​ឡើយ។ លើសពី​នោះទៀត ជន​ជាប់ឃុំ​ទាំង​នោះ មិន​ត្រូវ​បាន​អនុញាត​អោយ​ចូលរួម​កម្មវិធី​យ៉ាង​សំខាន់​ដ៏មាន​អត្តន័យ​ដូច​ប្រជា​ពលរដ្ឋ​កម្ពុជា​ទៅឡើយ។ ហើយនេះ​ក៏ជាលើក​ទី២ហើយ​ដែរ​សំរាប់ឆ្នាំ ២០១៥​នេះ ដែលអង្គការ​លីកាដូ ត្រូវបាន​បង្ខំចិត្ត​ផ្អាក​សកម្មភាព​ទាំងអស់​នោះ។

កាលពីខែមីនា អង្គការលីកាដូបានផ្អាក​សកម្មភាព​ប្រារព្ធ​ទិវាសិទ្ធិនារី​អន្តរជាតិ ដែលជា​លើក​ដំបូង​ក្នុង​រយៈពេល​ ១៥ឆ្នាំនេះ ដោយសារ​តែមាន​លក្ខខណ្ឌ​រិតត្បិត​តឹងតែង​ទៅលើ​សកម្មភាព​កំសាន្ត សប្បាយ​ផ្សេងៗ និង​ការ​មិន​អនុញាត​អោយ​អង្គការ​លីកាដូ​បាន​នាំ​យក​កញ្ចប់​អាហារ​ឧបត្តម្ភ​ទាំងនោះ ចែក​ដល់​ជន​ជាប់ឃុំ​ដោយ​ផ្ទាល់​នោះ​ទេ។ បន្ទាប់ពី​នោះមក អង្គការ លីកាដូ យល់​ឃើញ​ថា ការរឹត​ត្បិត​លើ​ទិវា​សិទិ្ធ​នារី​អន្តរជាតិ​នោះ គ្រាន់តែ​ជាការ​រឹតត្បិត​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ពីព្រោះ​មិនមាន​ការ​រិតត្បិត និង​បង្ខិតបង្ខំ​ទៅលើ​សកម្មភាព​របស់​អង្គការ​លីកាដូ​សំរាប់​ប្រារព្ធ​ទិវាសិទ្ធិ​កុមារ​អន្តរជាតិ​កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០១៥ នោះឡើយ។

ស្ថិតនៅក្រោមការហាមឃាត់គ្រប់​ទម្រង់​សកម្មភាពនៅ​ក្នុង​ពន្ធនាគារ ហាក់​ដូចជា​គ្មានការ​ធានា​អោយ​ជាក់លាក់​ណាមួយ​ថា ជន​ជាប់ឃុំ​ទាំងអស់​នោះ​អាច​មាន​ពេល​ចេញពី​បន្ទប់​ឃុំឃាំង​ឲ្យបាន​គ្រប់គ្រាន់​នោះទេ ដែល​ទាំងនោះ​គឺជា​សកម្មភាព​ដ៏មាន​តំលៃ​សំរាប់​ពួកគាត់។ លើសពី​នោះ​ទៀត ការមិន​អនុញាត​អោយ​អង្គការ​លីកាដូ​បានចែក​ជូន​សម្ភារៈ​ទាំងនោះ​ដោយ​ផ្ទាល់ គឺជាការ​ធ្វើឲ្យ​អង្គការ លីកាដូ មិន​អាច​ធានា​ថា​ជនជាប់ឃុំ​ទាំងនោះ​អាចបាន​ទទួល​កញ្ចប់​សម្ភារៈ​គ្រប់ៗ​គ្នាឬ​ទេ។

មិនមានហេតុផលណាមួយ ត្រូវបាន​ពន្យល់​អោយ​បាន​ច្បាស់​លាស់​ពីការ​ហាមឃាត់​ទាំងនោះ​នៅឡើយ​ទេ។

អ្នកនាង ណាលី ពីឡូក នាយិការអង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន និង ការពារ​សិទ្ធិ​មនុស្ស លីកាដូ បានមាន​ប្រសាសន៍​ថា៖ “ការរិតត្បិត​ទាំងនោះ​បាន​បង្ហាញឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ស្ថានភាព​អវិជ្ជមាន​របស់រដ្ឋ​ក្នុង​ប្រទេសកម្ពុជា​ក្នុងពេល​បច្ចុប្បន្ន”។ អ្នកនាង បានបន្តទៀតថា៖ “ក្នុងរយៈពេល​២០ឆ្នាំ ដែល​អង្គការ លីកាដូ ធ្លាប់តែ​ផ្តល់​ឱកាស​ដល់​ជន​ជាប់ឃុំ​ឲ្យបាន​ចូលរួម​ក្នុង​ពិធីបុណ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែលក្នុង​ចំណោម​អ្នក​ទាំងនោះ​នៅមាន​ជនជាប់ឃុំ​ជាច្រើន​កំពុង​រង់ចាំ​​សវនាការ បច្ចុប្បន្ន​ត្រូវបាន​រឹតត្បិត ហើយ​តើការ​រឹតត្បិត​នេះធ្វើ​ឡើង​ដើម្បីអ្វី?”

ការរឹតត្បិតដែលមិនចាំបាច់​ចំពោះ​សកម្មភាព​ទាំងនោះ​បាន​កើត​ឡើង​នៅក្នុង​បរិបទនៃ ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទើបតែ​អនុវត្តនា​ពេលថ្មីៗ​នេះ ដែល​នេះ​ធ្វើឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា​រាជរដ្ឋាភិបាល​អាច​នឹង​ធ្វើការ​គាប​សង្កត់ ជាជាង​ជួយដល់​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្រប​សម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ ទូរស័ព្ទលេខ ០១២៣២៧៧៧០
 អ្នកនាង ណាលី ពីឡូក នាយិកា​​អង្គការ លីកាដូ ទូរស័ព្ទលេខ ០១២៨០៣៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា