សេចក្តីថ្លែងការណ៍

សេចក្ដី​សម្រេច​សំខាន់​មួយ​​នៃ​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ​បាន​ប្រកាស​ថា​ ការ​ឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់​គឺ​មិន​ត្រឹម​ត្រូវ

ចេញផ្សាយ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

​ទី​ក្រុង​ហ្សឺ​ណេវ ក្រុង​ប៉ារីស រាជធានី​ភ្នំពេញ៖ អង្គការ​ FIDH​ អង្គការ OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ សូម​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​អនុសាសន៍​ថ្មីៗ​នេះ ដែល​ត្រូវ​បាន​អនុម័ត​ដោយ ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការឃុំឃាំងដោយ​ឥតច្បាប់ (WGAD) ដោយ​ទទួល​ស្គាល់​ភាព​មិន​ត្រឹម​ត្រូវ​នៃ​ការឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស លោក នី​ ចរិយា លោក នី​ សុខា លោក យី ​សុខ​សាន្ត លោក ណៃ ​វ៉ង់ដា​ និង​លោក​ស្រី លឹម​ មុនី។ អង្គការ​យើង​ខ្ញុំ សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជាអនុវត្ត​តាម​អនុសាសន៍​របស់ ​WGAD ដោយ​ធ្វើ​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាបន្ទាន់ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ទាំង​នោះ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ​WGAD ​បាន​លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ​នី ​ចរិយា ​អគ្គលេខា​ធិការ​រង​នៃ​គណៈកម្មារ​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ និងលោ​ក នី​ សុខា លោក យី ​សុខ​សាន្ត លោក ណៃ ​វ៉ង់ដា​ និង​លោក​ស្រី លឹម​ មុនី ជាមន្រ្តី​បួន​រូប​របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អាដហុក)​ គឺ​​ “មិន​​ត្រឹម​ត្រូវ​​”។

បន្ទាប់​ពី​មាន​សំណើ​ពីអង្គការ ​Observatory​ for ​the​ Protection ​of ​Human ​Rights ​Defenders ​(OMCT-​FIDH) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ ​WGAD បានអនុម័ត​នូវ​អនុសាសន៍​​លេខ៤៥/២០១៦ ថា អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥ (HRDs) “ត្រូវ​បាន​រើស​អើង​​ដោយ​សារ​អ្នក​ទាំង​នោះ​ធ្វើ​ការ​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​ហើយសិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​និង​សិទ្ធិ​​ការ​ពារ​ពី​​ច្បាប់​ស្មើ​គ្នា​​របស់​អ្នក​ទាំង​នោះ​ក៏ត្រូវ​បាន​រំលោភ​បំពាន​​ ​ យោង​តាម​មាត្រា​២៦​នៃ​​កតិកា​សញ្ញាអន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​​សិទ្ធិ​នយោបាយ (ICCPR)។ នេះ​ជា​លើក​ទី​១ហើយដែល​ WGAD (ឬយន្តការ​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត​ទទួល​បាន​បណ្ដឹង​ជា​លក្ខណៈ​បុគ្គល​) ​បាន​បង្ហាញ​ថា អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥នាក់​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​​ទទួល​បាន​ការ​ការពារ​ ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​ការ​ពារ​ផ្នែក​ច្បាប់​ដោយ​ស្មើ​ភាព​ យោង​តាម​មាត្រា២៦​នៃ​​​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ (ICCPR)។ ការ​អនុម័តនេះ​ក៏បាន​ទទួល​ស្គាល់នូវ​ការ​រំលោភ​បំពានលើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥នាក់ “សិទ្ធិ​ក្នុង​ការ​ស្នើ​និង​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ផ្អែក​តាម​វិជ្ជាជីវៈ និង​ការ​ផ្ដល់ការ​ប្រឹក្សា​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ រួមទាំង​ការ​ជួយ​ក្នុង​ក្រប​ខ័ណ្ឌ​ការ​ពារ​សិទ្ធិ​មនុស្ស​”។

លើស​ពី​នេះ​ទៅ​ទៀត ​WGAD បាន​រក​ឃើញ​ថា ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​មន្រ្តី​សមាគម​ អាដហុក​ដោយ​គ្រាន់តែ​​​ផ្ដល់​ “​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​ត្រឹម​ត្រូវ​និង​ជំនួយ​ផ្សេង​ទៀត​” គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ​។ WGAD បាន​អនុម័តថា​ ការ​រំលោភ​បំពាន​នូវ​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព (រួម​បញ្ចូល​ទាំង​ ករណី​​ដែល​អ្នក​ទាំង៥នាក់​ត្រូវ​បាន​បដិសេធ​សិទ្ធិ​​ទទួល​បាន​មេធាវី​ការ​ពារ​ផ្នែក​ច្បាប់ តាំង​ពី​ពេលដំបូង​​ដែល​អ្នក​ទាំង​នោះ​កំពុង​ត្រូវ​បាន​សួរ​ចម្លើយ​) ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​ដោយ​មិន​សម​ហេតុ​ផល​ និង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​អាជ្ញាធរ​កម្ពុជា​​ដែល​បាន​បដិសេធ​នូវ​សិទ្ធិ​ក្នុង​ការ​សន្មត់​ថា​គ្មាន​កំហុសរបស់​អ្នក​ទាំង​៥នាក់​ (ករណី​​ទាំង​នេះគឺ​ផ្ទុយ​ពី​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​ស្មើភាព​) គឺមាន​សភាព​ធ្ងន់​ធ្ងរ​គ្រប់គ្រាន់​ក្នុង​ការ​ពិចារណា​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លើ​អ្នក​ទាំង​៥នាក់​គឺ​មិន​ត្រឹម​ត្រូវ។

WGAD ​បាន​សន្និដ្ឋានថា “ការ​ដក​ហូត​សេរី​ភាព​របស់​ លោក នី​ សុខា​ លោក​ ណៃ វ៉​ង់ដា លោក ​យី ​សុខសាន្ត ​លោក​ស្រី ​លឹម​ មុនី​ និង​លោក នី​ ចរិយា គឺ​មិន​ត្រឹម​ត្រូវ​ និងផ្ទុយ​ពីបញ្ញត្តិ​ច្បាប់​ដែលមាន​​ចែង​ក្នុង​មាត្រា៧ មាត្រា៩ ​មាត្រា១០​ មាត្រា១១​ និង​មាត្រា២០​នៃ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស ហើយ​ផ្ទុយ​ពី​​មាត្រា៩ ​មាត្រា១០ ​មាត្រា១៤ ​មាត្រា២២ ​និង​មាត្រា​២៦​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និងសិទ្ធិ​នយោបាយ​”។

យើង​ខ្ញុំ សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​ និង​ដោះ​លែង​ លោក នី​ ចរិយា លោក នី​ សុខា លោក ​យី សុខ​សាន្ត ​លោក ​ណៃ ​វ៉ង់ដា ​និង​លោក​ស្រី ​លឹម ​មុនី ជា​បន្ទាន់

អង្គការ​យើងខ្ញុំ សូម​​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​៖ ​“យើង​ខ្ញុំសូម​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ អនុសាសន៍ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ WGAD​ ហើយ​ពេល​នេះ ​សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​ និង​ដោះ​លែង​ លោក នី​ ចរិយា លោក នី​ សុខា លោក ​យី សុខ​សាន្ត ​លោក ​ណៃ ​វ៉ង់ដា ​និង​លោក​ស្រី ​លឹម ​មុនី ជា​បន្ទាន់ ​ហើយ​សូម​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់​លើ​អ្នក​ទាំង​នោះ”។

បច្ចុប្បន្ននេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​​ក្នុង​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​សូក​ប៉ាន់​សាក្សី ដែលមក​ទល់​ពេល​នេះ​មាន​រយៈពេល​២៣៤​ថ្ងៃ​ហើយ ចាប់​តាំង​ពី​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦។ ការ​ដក​ហូត​សិទ្ធិ​សេរីភាពរបស់​អ្នក​ទាំង​៥​នាក់ គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​មាត្រា​២០៥​នៃក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ​ដែល​បានបដិសេធ​​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥នាក់​​ឲ្យ​​នៅ​ក្រៅ​ឃុំ​​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ នៅ​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្ដល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​បន្ថែម​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ចំនួន​៦​ខែ​ទៀតលើ​អ្នក​ទាំង​៥​នាក់​ ហើយ​បាន​បដិសេធ​បិទ​ការ​ស៊ើប​អង្កេត​។ អ្នក​ជាប់​ឃុំ​ទាំង​៥នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​មួយ​អ្នក​ទោស​ព្រហ្មទណ្ឌ​​ដែល​បាន​ផ្ដន្ទាទោស​រួច​ហើយ ដែល​នេះ​​ផ្ទុយ​ពី​មាត្រា​ ១០(២)​(ក) នៃ​​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ និង​ផ្ទុយ​ពី​មាត្រា​២៦នៃ​ច្បាប់​ស្ដី​ពី​ពន្ធនាគារនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

កាល​ពីថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក នី​ ចរិយា​ ពីបទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​ ​ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តា​ធិការ​ ហើយ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​​៦ខែ។ បទ​ចោទ​ទាំង​នេះ​គឺ​កើត​ចេញ​មក​ពី​សំណុំ​រឿង​ព្រហ្ម​ទណ្ឌមួយ​ តាំង​ពី​ពេល​លោក​មាន​មុខងារ​ជា​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ឃ្លាំមើល​​នៃ​សមាគម​អាដហុក។ ការ​ ផ្ដន្ទាទោស​លោក​ នី​ ចរិយា​ ត្រូវ​បាន​សម្រេច​តម្កល់​ដោយ​សាលា​ឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

អង្គការ​យើង​ខ្ញុំ​សន្និដ្ឋាន​ថា​៖ “យើង​ខ្ញុំ សូម​សំណូម​ពរដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​នៅ​កម្ពុជា។ យើង​ខ្ញុំ​សង្ឃឹម​ថា​អា​ជ្ញាធរ​កម្ពុជា​នឹង​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​បាន​ឆាប់​រហ័ស​ និង​​ផ្ដល់​សំណង​​សមរម្យ​ដល់​អ្នក​ទាំង​នោះ​”។

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា