សេចក្តីថ្លែងការណ៍

សូម​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកជាប់ឃុំ​មួយចំនួន អំឡុងពេលមានវិបត្តិកូវីដ១៩​

ចេញផ្សាយ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

ការកើនឡើង​នៃភាពចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​កម្ពុជា​ អាចបណ្ដាល​ឱ្យមានការ​ឆ្លងរីករាលដាល​វីរុសកូវីដ១៩ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ អាច​អនុវត្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​​បញ្ហា​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​ ដោយការ​ដោះលែង​អ្នកជាប់ឃុំ​ដែលត្រូវបាន​ចោទប្រកាន់​ពីបទល្មើស​បែបអហិង្សា​ ក្នុងនោះ​មានអ្នកជាប់ឃុំ​ដែលប្រឈម​នឹងហានិភ័យ​ខ្ពស់​​នៃ​ការឆ្លង​រីរុសកូវីដ១៩​ និង​អ្នកជាប់ឃុំ​ដទៃទៀត​ដែលបាន​ប្រព្រឹត្ត​បទល្មើសស្រាល​ ក៏ដូចជា​ស្ត្រីជាប់ឃុំ​ដែលមាន​កូនតូច​នៅជាមួយ​ ព្រមទាំង​អ្នកជាប់ឃុំ​ជាអនីតិជន​ផងដែរ ។​

កាលពី​ខែឧសភា​ រដ្ឋមន្ត្រីថ្មី​នៃក្រសួង​យុត្តិធម៌​ ឯកឧត្ដម​ កើត រិទ្ធ​ បាន​ប្រកាសអំពី​ ការកែទម្រង់​ជាច្រើន​នៃប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ ។​​ កំណែទម្រង់​ដែលបាន​សន្យាទាំងនេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន​ ដែលមិនទាន់​បានជំនុំជម្រះ​នៅតាម​តុលាការ​នានា​ និង​ដោះស្រាយ​បញ្ហាចង្អៀត​ណែនខ្លាំង​នៅក្នុង​ពន្ធនាគារ​ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត​ក្រៅពី​ការឃុំឃាំង​ដូចជា ​ការដោះលែង​ឱ្យនៅ​ក្រៅឃុំ​ និង​ការព្យួរ​ទោស​ជាដើម​ បន្ថែមពី​លើការ​ដោះលែង​មុនពេល​កំណត់​ និង​ដោយ​មានលក្ខខណ្ឌ​ សម្រាប់​អ្នកជាប់ឃុំ​ បច្ចុប្បន្ននេះ ​។

នៅក្នុង​ការ​ប្រកាស​ដាច់ដោយឡែក​មួយ​កាលពីខែឧសភា​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​សម្ដេច​ ស ខេង​ បានមានប្រសាសន៍ថា អ្នកជាប់ឃុំ​អាចនឹង​ត្រូវដោះលែង​ ដោយសារ​ភាពចង្អៀតណែន​ និង​បញ្ហា​​សិទ្ធិមនុស្ស​​នៅក្នុង​​ពន្ធនាគារ​​ប្រទេសកម្ពុជា ។​​ សម្ដេច​បាន​ផ្ដល់​​ឧទាហរណ៍​ថា មានអ្នកជាប់ឃុំ​រហូតដល់ជិត​មួយម៉ឺននាក់​ អាចនឹង​ត្រូវ​ដោះលែង​នៅទូទាំង​ប្រទេស ។

ប៉ុន្តែទោះបីជា​មានការ​ប្រកាស​ក្នុងខែកក្កដានេះថា​ សំណុំរឿង​ជាង៣៥០០ករណី​ (តិចជាង១០ភាគរយ​នៃសំណុំរឿង​មិនទាន់ជំនុំជម្រះ​ទាំងអស់​ដែល​អាជ្ញាធរ​បានគ្រោង​នឹងអនុវត្ត​ឱ្យបាន​ក្នុងយុទ្ធនាការ​៦ខែ)​ ត្រូវបាន​ជំនុំជម្រះ​រួចរាល់ក្ដី​ ក៏រាជរដ្ឋាភិបាល​កម្ពុជា​​ មិនបាន​បង្ហាញថា​តើមាន​អ្នកជាប់ឃុំ​ប៉ុន្មាននាក់​ត្រូវបាន​ដោះលែង​ពីពន្ធនាគារ​ដែលមានភាព​ចង្អៀតណែន​ខ្លាំងនេះទេ ។​

អង្គការ​លើកលែងទោស​អន្តរជាតិ​ និង​អង្គការ​លីកាដូ​ សង្ឃឹមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹងអាច​ផ្សព្វផ្សាយ​ជាសាធារណៈ​នូវចំនួន​អ្នកជាប់ឃុំ​ដែលត្រូវបាន​ដោះលែង​ក្នុងយុទ្ធនាការនេះ​ ក៏ដូចជា​យន្តការ​ផ្លូវច្បាប់​ដែលត្រូវបាន​ប្រើប្រាស់​ក្នុងការ​ដោះលែង​អ្នកជាប់ឃុំ​ទាំងនោះ ​។ យើងខ្ញុំ​ ក៏សង្ឃឹមដែរថា​ អាជ្ញាធរ​នឹងអាច​ចាត់វិធានការ​ជាបន្ទាន់​ ដូចដែល​បានសន្យា​ ក្នុងការ​អនុវត្ត​កំណែទម្រង់​ទ្រង់ទ្រាយធំ​ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុងប្រព័ន្ធយុត្តិធម៌​ និង​ពន្ធនាគារ ។​​

លោក Ming Yu Hah​ នាយករង​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិច​នៃអង្គការ​លើកលែង​ទោស​អន្តរជាតិ​បានមាន​ប្រសាសន៍ថា​ “លក្ខខណ្ឌ​លំបាកខ្លាំង​ដែលអ្នក​ជាប់ឃុំ​ត្រូវបាន​បង្ខំឱ្យស៊ូទ្រាំអត់ធ្មត់​នៅក្នុង​ប្រទេសកម្ពុជា​ គឺមិនអាច​ប្រកែកបានទេ ។​ អាជ្ញាធរ​គួរតែ​អនុវត្ត​តាមការប្ដេជ្ញាចិត្ត​របស់ពួកគាត់​​ ដើម្បី​ដោះស្រាយវិបត្តិនេះ​ដោយគ្មាន​ការពន្យារពេល” ។​

កាលពីខែមិថុនា​ អង្គការ​លើកលែងទោស​អន្តរជាតិ​ និង​អង្គការលីកាដូ​ បានផ្ញើរបាយការណ៍រួមគ្នាមួយ​ ទៅក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការឃុំឃាំង​ដោយឥតច្បាប់​ (WGAD)​ ដោយ​បានលើកឡើង​ពីការឃុំខ្លួន​មិនត្រឹមត្រូវ​ជាច្រើន​ ចំពោះ​អ្នកជាប់ឃុំ​នៅក្នុងពន្ធនាគារ​ និងនៅ​មជ្ឈមណ្ឌល​បន្សាបគ្រឿងញៀន​ក្នុងប្រទេស​កម្ពុជា ​។​ សំណើនេះ​ធ្វើឡើង​ដើម្បី​បន្ថែមពី​លើភស្តុតាង​នៃអំពើទារុណកម្ម ​និងអំពើ​មិនគប្បី​ផ្សេងទៀត​ ក៏ដូចជា​ការរំលោភ​សិទ្ធិ​ក្នុងការ​ទទួលបានការ​ជំនុំជម្រះ​ស្មើភាពគ្នា​របស់អ្នកជាប់ឃុំ​ដែលសមត្ថភាព​របស់ពួកគាត់​ត្រូវបាន​ដកហូត​ ក្នុងបរិបទ​យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដ៏ចម្រូងចម្រាសនេះ ។

ប្រសិន​បើ​រាជរដ្ឋាភិបាល​កម្ពុជា​ មានការ​ប្ដេជ្ញាចិត្ត​ក្នុងការដោះស្រាយ​បញ្ហា​ចង្អៀតណែន​ និងកាត់បន្ថយ​ហានិភ័យ​នៃការឆ្លង​រីករាលដាល​ជំងឺកូវីដ១៩​ តាមរយៈ​ការដោះលែង​អ្នកជាប់ឃុំឱ្យនៅក្រៅឃុំ​ និងមធ្យោបាយ​ផ្សេងទៀត​ នេះគឺជា​ពេលវេលា​សមស្របហើយ​ក្នុងការ​ចាត់វិធានការ ។

ណាលី ពីឡូ នាយិកាអង្គការលីកាដូ


យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែលត្រូវបាន​ប្រកាស​កាលពីខែមករា​ ឆ្នាំ២០១៧​ បាននាំឱ្យមាន​បន្ទុកធ្ងន់ធ្ងរ​បន្ថែមទៀត​ទៅលើ​ប្រព័ន្ធពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​ ដែលមាន​មនុស្សប្រមាណ​ជាង​​ ៥៥៧៧០នាក់​ ត្រូវបានចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​​ និងត្រូវបាន​ឃុំខ្លួន​នៅក្នុងពន្ធនាគារ ​និងនៅមជ្ឈមណ្ឌល​បន្សាបគ្រឿងញៀន​​ ដែលមានសភាព​ចង្អៀត​ណែនខ្លាំង​ និងគ្មាន​អនាម័យ​ស្រាប់ទៅហើយ ។​​ របាយការណ៍​ស៊ើបអង្កេតរបាយការណ៍​ស៊ើបអង្កេតថ្មីមួយ​របស់អង្គការ​លើកលែងទោស​អន្តរជាតិ​បានបង្ហាញពី​ ការរំលោភ​សិទ្ធិមនុស្ស​ជាលក្ខណៈប្រព័ន្ធ​ទាក់ទិន​នឹងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ក្នុងនោះមាន​ សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព​ និងសិទ្ធិ​មានសេរីភាព​ពីការ​ធ្វើទារុណកម្ម​ ក៏ដូចជា​អំពើមិនគប្បី​ផ្សេងៗទៀត ។

ចាប់តាំងពី​មានយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មក ចំនួន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅទូទាំង​ប្រទេស​បានកើនឡើង​យ៉ាងគំហុក​ចំនួន ៧៨% ​នៅចន្លោះ​ខែមករា​ ឆ្នាំ២០១៧​ និងខែមីនា ​ឆ្នាំ២០២០ ។​ ការកើនឡើង​នៃចំនួន​អ្នកជាប់ឃុំ​គួរឱ្យកត់សម្គាល់នេះ​ បានបង្ក​ឱ្យមាន​ភាពចង្អៀតណែន​យ៉ាងខ្លាំង​ និងធ្វើឱ្យ​ស្ថានភាព​លំបាក​នៅក្នុងពន្ធនាគារ​ កាន់តែ​មានភាព​ធ្ងន់ធ្ងរ​បន្ថែមទៀត​សម្រាប់​អ្នកជាប់ឃុំ​ រាប់ម៉ឺននាក់​ ក្នុងនោះ​មានស្រ្តីជាប់ឃុំ​ដែ​លមានកូនតូច​នៅជាមួយ​ ព្រមទាំង​ស្រ្ដីមានផ្ទៃពោះ ​និងអនីតិជនផងដែរ ។​

អ្នកនាង​ ណាលី ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍ថា ​“ប្រទេសជាច្រើន​នៅលើពិភពលោក​បានឆ្លើយតប​ចំពោះ​កា​ររីករាលដាល​នៃវីរុសកូវីដ១៩​ដោយការ​ដោះលែង​មនុស្ស​ជាច្រើន​ពីពន្ធនាគារ​ ជាពិសេស​អ្នកដែល​ត្រូវបានចោទប្រកាន់​ពីបទល្មើស​បែបអហិង្សា ​ឬអ្នកជាប់ឃុំ​ដែលត្រូវការ​សេវាថែទាំ​សុខភាព​ជាចាំបាច់” ។​ អ្នកនាងបន្តថា​ “ប្រសិន​បើ​រាជរដ្ឋាភិបាល​កម្ពុជា​ មានការ​ប្ដេជ្ញាចិត្ត​ក្នុងការដោះស្រាយ​បញ្ហា​ចង្អៀតណែន​ និងកាត់បន្ថយ​ហានិភ័យ​នៃការឆ្លង​រីករាលដាល​ជំងឺកូវីដ១៩​ តាមរយៈ​ការដោះលែង​អ្នកជាប់ឃុំឱ្យនៅក្រៅឃុំ​ និងមធ្យោបាយ​ផ្សេងទៀត​ នេះគឺជា​ពេលវេលា​សមស្របហើយ​ក្នុងការ​ចាត់វិធានការ​” ។​

គ្រប់ពន្ធនាគារ​ដែលអង្គការ​លីកាដូបា​នឃ្លាំមើល ​កំពុងប្រឈម​នឹងបញ្ហា​ចង្អៀតណែន​យ៉ាងខ្លាំង​ ។ អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅកម្ពុជា​ បានកើនឡើង​ពីចំនួន​ ២១៩០០នាក់​ នៅចុងឆ្នាំ២០១៦​ ដល់ចំនួន​ ៣៨៩៩០នាក់​ គិតត្រឹមខែមីនា​ ឆ្នាំ២០២០​ ទោះបីជា​ពន្ធនាគារ​នៅកម្ពុជា​ត្រូវបាន​ប៉ាន់​ប្រមាណថា​ អាចផ្ទុក​មនុស្សបា​នត្រឹមតែ​ ២៦៥៩៣នាក់​ ក៏ដោយ ។​ ការកើនឡើង​ច្រើនហួសហេតុ​នៃការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ ដែលគួរតែ​អនុវត្ត​ជាជម្រើស​ចុងក្រោយ​ផ្អែកតាមច្បាប់អន្តរជាតិ​ បានបង្កើត​ឱ្យមាន​ប្រព័ន្ធ​នៃការឃុំខ្លួន​ធំសម្បើម ​ដែលជិត​ ៧៥%​នៃអ្នកជាប់ឃុំ​ទាំងនេះ​ មិនទាន់​ទទួលបាន​ការជំនុំជម្រះ​នៅឡើយទេ ។​

ក្មេងៗ ​និងស្ត្រីមានផ្ទៃពោះ ​ប្រឈម​នឹងហានិភ័យ​ និងបញ្ហាយ៉ាងខ្លាំង​ ដោយសារ​កើនឡើង​នៃការឃុំឃាំងនេះ ។​ ចំនួន​ក្មេងតាមម្ដាយ​ដែលកំពុង​ជាប់ឃុំ​ក្នុងពន្ធនាគារ​បានកើនឡើង​យ៉ាងខ្លាំង​ ចាប់តាំងពី​រាជរដ្ឋាភិបាល​ចាប់ផ្ដើម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែលកើនពីចំនួន​ ៣០នាក់​ នៅចុងឆ្នាំ២០១៥​ ដល់ ចំនួន១០១នាក់​ គិតត្រឹមខែមិថុនា ​ឆ្នាំ២០២០​ សម្រាប់​ពន្ធនាគារ​ទាំងអស់​ដែលអង្គការលីកាដូ​បានធ្វើការ​ឃ្លាំមើល ។ ​ក្មេងជាច្រើនទៀត​ដែលច្បាប់ហាមឃាត់​មិនឱ្យនៅ​ក្នុងពន្ធនាគារ​ នៅតែត្រូវបាន​ជាប់ឃុំ​ជាមួយមនុស្ស​ពេញវ័យ​ ដែលនេះជា​ការរំលោភ​កាតព្វកិច្ច​សិទ្ធិមនុស្ស​នៅកម្ពុជា ។​

ការឆ្លងរីករាលដាល​នៃជំងឺកូវីដ១៩​នៅក្នុងប្រព័ន្ធពន្ធនាគារ​ដែលមានសភាព​មិនល្អ​ និងចង្អៀត​ណែន​ខ្លាំងនៅកម្ពុជា​ អាចនឹងនាំ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ។​ កន្លែងដែល​មានអ្នកជាប់ឃុំ​រហូតដល់ ៥៣០នាក់​ នៅក្នុងបន្ទប់​ឃុំឃាំងតែមួយ​ និងកន្លែង​ដែលខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ​មិនអាចអនុវត្ត​វិធានការ​សុវត្ថិភាព​នៃជំងឺកូវីដ១៩ដូចជា​ ការរក្សា​គម្លាតពីគ្នា​ និងការលាងដៃ​ឱ្យបានញឹកញាប់​ បានទេ ។ ​

អង្គការ​លើកលែង​ទោសអន្តរជាតិ​ និងអង្គការ​លីកាដូ ​សូមសម្ដែងកា​រសោកស្ដាយ​ចំពោះការ​នៅបន្តឱ្យមានភាព​ខ្វះខាត​របស់អាជ្ញាធរកម្ពុជា​ ក្នុងការ​ដោះស្រាយ​វិបត្តិសិទ្ធិមនុស្ស​ដែលកើតមានឡើង​នៅក្នុងពន្ធនាគារ​ឱ្យមានប្រសិទ្ធភាព ។​ យើងខ្ញុំ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹងអាច​ចាត់វិធានការ​ជាបន្ទាន់​ដូចជា៖​
  អនុវត្តកំណែ​ទម្រង់ប្រព័ន្ធ​យុត្តិធម៌​ដែលបានសន្យា​ដោយគ្មានការ​ពន្យារពេលទៀត ​។
  ដោះលែង​អ្នកជាប់ឃុំ​ជាច្រើន​ដែលត្រូវបាន​ចោទប្រកាន់​ពីបទមជ្ឈិម ​ឬបទល្មើស​បែបអហិង្សា ។
  ផ្សព្វផ្សាយ​ដោយតម្លាភាព​អំពីដំណើរការ​នៃការអនុវត្ត​កំណែទម្រង់​ដែលបានសន្យា ។​
  ផ្ដល់អាទិភាព​ក្នុងការ​ដោះលែង​អ្នកជាប់ឃុំ​ដែលប្រឈម​នឹងហានិភ័យ​ដូចជា​ មនុស្សចាស់ ​អ្នកជំងឺដែល​ត្រូវការ​សេ​វាថែទាំ​សុខភាព​ជាចាំបាច់ ​ស្ត្រីមានផ្ទៃពោះ ​ស្រ្តីដែលមានកូនតូច​នៅជាមួយ និង​អ្នកជាប់ឃុំ​ជាអនីតិជន​ជាដើម ។​
  ដោះលែងឱ្យបាន​ឆាប់​នូវអ្នកជាប់ឃុំ​ទាំងអស់​ដែលត្រូវបាន​ឃុំខ្លួន​ដោយគ្មានមូលដ្ឋាន​ច្បាប់គ្រប់គ្រាន់​ ក្នុងនោះ​មានអ្នកជាប់ឃុំ​ទាំងអស់​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយមិនត្រឹមត្រូវ​នៅមជ្ឈមណ្ឌល​បន្សាបគ្រឿងញៀន​ ផងដែរ ​។
  ដោះលែងឱ្យបានឆាប់​ ចំពោះ​អ្នកជាប់ឃុំ ​ដែលប្រជាពលរដ្ឋ​យល់ថា ​ពួកគាត់​ត្រូវបាន​ឃុំខ្លួន​ក្រោមហេតុផល​នយោបាយ ។​
  ពិនិត្យមើលឡើងវិញ​ និង​ធ្វើវិសោធនកម្ម​ ច្បាប់ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ​ដើម្បីអនុលោម​តាមច្បាប់អន្តរជាតិ ​៕

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា