សេចក្តីថ្លែងការណ៍

ក្រុម​សង្គមស៊ីវិល​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ

ចេញផ្សាយ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

អនុក្រឹត្យ​ថ្មីស្ដីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ នឹង​ផ្ដល់​អំណាច​ច្រើន​លើសលប់​ឱ្យអាជ្ញាធរ​តាមដាន​ព័ត៌មាន​នៅលើ​អ៊ីនធឺណិត ។

យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ដូចមាន​រាយ​ឈ្មោះ​នៅ​ខាងក្រោម​ មានការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះអនុក្រឹត្យ​ស្តីពីការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ កាលពី​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ​នេះ និងស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​និរាកណ៍​អនុក្រឹត្យនេះ​ឱ្យបានឆាប់រហ័ស ។​ នៅពេល​ដែល​ត្រូវបាន​អាជ្ញាធរដ្ឋ​អនុវត្ត​ អនុក្រឹត្យនេះ នឹង​​រឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​សិទិ្ធសេរីភាព​ក្នុងការ​បញ្ចេញមតិ​ សិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ សិទិ្ធ​លើឯកជនភាព​ ភាពប្រកួតប្រជែង​នៃក្រុមហ៊ុន​ ផ្តល់​សេវាអ៊ីនធឺណិត​នៅកម្ពុជា​ ដែលនេះ​អាចនឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​ខាងលើ ​ជាពិសេស​មាត្រា៦ ​មាត្រា១២​ មាត្រា១៣​ និងមាត្រា១៤​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

ជាក់ស្តែងមាត្រា​៦ និងមាត្រា ១២ ​នៃអនុក្រឹត្យ​នេះ​បាន​ដាក់​កំហិត​តួនាទីដល់​ប្រតិបត្តិករ​នៃ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ឱ្យ​សហការជាមួយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយ័តករ​ទូរគមនាគមន៍កម្ពុជា និង​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់ និងកាត់​ផ្តាច់ចោលរាល់ការ​តភ្ជាប់បណ្តាញ​ទាំងឡាយ​ដែល​ប៉ះពាល់ដល់​ចំណូលជាតិ សុវត្ថិភាព​ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម សីលធម៌​ វប្បធម៌​ ប្រពៃណី ​និង​ទំនៀម​ទម្លាប់សង្គម។ អត្ថន័យ​នៃមាត្រានេះ ​មានលក្ខណៈ​ទូលាយ​ និងស្រពិចស្រពិល​ ដែលអាច​ត្រូវបាន​អាជ្ញាធររដ្ឋ​បកស្រាយ​ និងអនុវត្ត​ទៅលើ​ សកម្មជន​សិទិ្ធមនុស្ស ​ពលរដ្ឋសហគមន៍​មូលដ្ឋាន ​ឬ ពលរដ្ឋ ​ឬក្រុមមនុស្ស​ទាំងឡាយណា​ដែល​បញ្ចេញមតិ​រិះគន់​រាជរដ្ឋាភិបាល​តាមបណ្តាញ​អ៊ីនធឺណិត​ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ដោយចាត់ទុកថា​សកម្មភាព​រិះគន់​ទាំងនោះ​ “ប៉ះពាល់​ដល់របៀបរៀប​រយសណ្តាប់ធ្នាប់​សង្គម​ សីលធម៌​ វប្បធម៌​ ប្រពៃណី ​និងទំនៀមទំលាប់​សង្គម” ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​នេះ​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

ក្រៅពីនេះ​ ខ្លឹមសារ​​ដ៏ទូលំទូលាយ​​នៅក្នុង​មាត្រា​នេះ ក៏​នឹង​​ផ្តល់អំណាចឱ្យ​​អាជ្ញាធរ​មានសមត្ថកិច្ច​ងាយស្រួល​ក្នុងការ​ចាត់វិធានការ​រឹតត្បិត​លើការ​ទទួលបាន​ព័ត៌មាន​នៅលើ​បណ្តាញអ៊ីនធឺណិត​ ឬបិទគេហទំព័រ​ ឬបណ្តាញ​សង្គមណា ​ដែលអាជ្ញាធររដ្ឋ​យល់ថា​មានគំនិតផ្ទុយ​ ឬរិះគន់​រាជរដ្ឋាភិបាល​ ទោះជាគេហទំព័រ​ ឬបណ្តាញ​សង្គម​ទាំងនោះ ​បានផ្តល់​ព័ត៌មាន​ដែល​សាធារណៈមតិ​យល់ថា​ជាព័ត៌មាន​ឯករាជ្យក៏ដោយ ។​ វិធានការ​តាមរយៈ​អនុក្រឹត្យនេះ​ អាចនឹង​រំលោភទៅលើសិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ ដែល​រាជរដ្ឋាភិបាល​ធ្លាប់បាន​បង្ហាញឆន្ទៈថា​ នឹងគោរព​តាមរយៈ​សេចក្តីព្រោងច្បាប់​ស្តីពី​ការទទួលបាន​ព័ត៌មាន​ និង​វេទិកា​ពិគ្រោះយោបល់​ជាច្រើន​លើកច្រើនសារ​ទៅលើ​សេចក្តីព្រាងច្បាប់​នោះកន្លង​មកហើយ ។​

លើសពីនេះ ​មាត្រា១៤​ បានតម្រូវ​ឱ្យ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​រក្សាទុក​កំណត់ត្រា​បច្ចេកទេស ​និង​តារាង​បែងចែក​ការផ្ដល់​អាសយដ្ឋាន​អាយភី​ និង​ការកំណត់​ផ្លូ​វ​នៃត្រាហ្វ៊ិក​ឆ្លងកាត់​នៅ ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​សម្រាប់រយៈពេល​១២ខែ ។  នេះមានន័យថា ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិតជាតិ​អាចដឹង​អំពី​សកម្មភាព​របស់​មនុស្សគ្រប់គ្នា ​ដែលប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា  រួមទាំង​ប្រវត្តិព័ត៌មាន​ដែល​ពួកគេ​ស្វែងរក ហើយ​និង​គេហទំព័រ​ដែលមិនមាន​កូដនីយកម្ម ​(unencrypted​ search history) ​ដែល​ពួក​គេ​ចូលមើល​ រហូត​ដល់​មួយឆ្នាំពេញ ។​ ការរក្សាទុក​រយៈពេល​យូរហួសហេតុនេះ ​នឹងរំលោភ​ទៅលើ​សិទិ្ធលើ​ឯកជនភាព​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​អ៊ីនធឺណិត ​និងបណ្តាញ​សង្គមនៅកម្ពុជា ។​

ជាមួយគ្នានេះ​ដែរ យើង​បាន​ពិនិត្យ​ឃើញ​ថាការបង្កើត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិនឹងជះឥទ្ធិពល​អាក្រក់​ដល់សេដ្ឋកិច្ច​ ជាពិសេស​លើភាព​ប្រកួតប្រជែង​តាមប្រព័ន្ធ​អេឡិច​ត្រូនិក​ដែលកំពុង​រីកចម្រើន​នៅកម្ពុជា ។​ ការឆ្លងកាត់​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិតែមួយ​ពីគ្រប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ទាំងអស់ ​អាចនឹង​ធ្វើឱ្យ​ប៉ះពាល់ដល់​ការប្រកួត​ប្រជែង​ក្នុងការ​ផ្តល់សេវា​អ៊ីនធឺណិត​ល្បឿនលឿន​ពីគ្រប់ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

លើសពីនេះ​ទៅទៀត ​ការបង្កើត​ច្រកទ្វារ​តែមួយ​បែបនេះ​ ក៏អាច​បង្កើត​ឱ្យមាន​ការប្រកួតប្រជែង​មិនស្មោះត្រង់​រវាង​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ផងដែរ ។​ ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិនេះ ​ត្រូវបានគេ​ជឿជាក់ថា​ អាចផ្តល់​សិទិ្ធអំណាច​ដល់អាជ្ញាធររដ្ឋ​ក្នុងការ​អន្តរាគមន៍​ទៅលើ​ប្រតិបត្តិការ​នៃការផ្តល់សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​អ៊ីនធឺណិតឯកជន​ ដោយ​អាចបង្កភាព​ងាយស្រួល ​ឬអនុញ្ញាត​ឱ្យក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ណាមួយ​ដែលមាន​ទំនាក់ទំនងល្អ​ជាមួយ​អាជ្ញាធររដ្ឋ ​និងអ្នកមាន​អំណាច​ ផ្តល់​នូវសេវាអ៊ីនធឺណិត​ល្បឿនលឿន​ជាង​ក្រុមហ៊ុន​សេវាអ៊ីនធឺណិត​ដទៃទៀត ។​

​យើង​បារម្ភថា​អនុក្រឹត្យនេះ​នឹង​ក្លាយជា​ឧបសគ្គ​ដល់ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​បង្កើតភាព​មិនប្រាកដ​ប្រជា​ដែលអាច​បណ្តាល​ឱ្យអ្នក​វិនិយោគ​ទុនចាកចេញ​ពីទីផ្សារ​បច្ចេកវិទ្យា​នៅកម្ពុជា ។​ បន្ថែមលើនេះ​ ប្រសិន​បើក្រុមហ៊ុន​ឯកជន​ត្រូវបាន​បង្ខំឱ្យ​ចាកចេញ​មែន នោះ​បន្ទុក​នៃការ​បង់​ថ្លៃលើសេវា​នៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នឹងកើនឡើង​ នឹង​ធ្លាក់មក​លើ​ប្រជាពលរដ្ឋដែលជាអ្នក​ប្រើ​ប្រាស់ ហើយ​គុណភាព​នៃសេវា​អ៊ីនធឺណិតនឹង​ធ្លាក់ចុះ ។​ យើង​ខ្ញុំទទូច​ឱ្យ​រាជរដ្ឋា​ភិបាល​និរាកណ៍អនុក្រឹត្យ​នេះឱ្យបានឆាប់រហ័ស ​ដើម្បី​ធានាថា ​សេរីភាពមូលដ្ឋាន​ និង​ធានា​ប្រសិទ្ធភាព​នៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​បានជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ នឹងត្រូវបាន​គោរព​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា ​​៕​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៣. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. សហគមន៍បឹងប្រាំ (បាត់ដំបង)​
៦. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
៧. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១០. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១១. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
១២. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
១៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៤. វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា (CID)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
១៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៨. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
១៩. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២០. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២១. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគីរី)
២២. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
២៣. អង្គការសមធម៌កម្ពុជា (EC)
២៤. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៦. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៧. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
២៨. សហគមន៍ជនជាតិភាគតិចគួយ (ព្រះ​វិហារ)
២៩. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣០. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៣១. សហគមន៍មានជ័យ (ស្វាយរៀង)
៣២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៣៣. អង្គការស្ពានសន្តិភាព (PBO)
៣៤. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយ​មានជ័យ)
៣៥. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយ​មានជ័យ)
៣៦. អង្គការពន្លកខ្មែរ​ (PKH)
៣៧. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)​
៣៨. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO) 
៣៩. សមាគមធាងត្នោត (STT)
៤០. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៤១. សហគមន៍ដីធ្លីតានូន (កោះកុង)
៤២. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៤៣. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៤៤. អង្គការ​តម្លាភាព​កម្ពុជា(TIC)
៤៥. អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia)
៤៦. សមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC)
៤៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)
៤៨. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៤៩. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៥០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៥១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
៥២. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៥៣. សហពន្ធ័សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៥៤. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
៥៥. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU)
៥៦. គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC)
៥៧. ក្លាហាន (Klahaan)
៥៨. វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API)
៥៩. មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព (PDP Center)
៦០. សហព័ន្ធអ្នកសារព័ត៌អន្តរជាតិ (IFJ)
៦១. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
៦២. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា