ឯកសារ

លិខិត​ចំហ​៖ ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​

ចេញផ្សាយ ខែតុលា ឆ្នាំ២០១៦
F T M

សូម​គោរព​ជូន​ ឯក​ឧត្តម​​ ស៊ុយ ​សែម​ រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​​ថាម​ពល​​

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​ ក្នុង​អំឡុង​ឆ្នាំ​២០០៧ ​ដល់ ​ឆ្នាំ​២០១៥​។​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​លេ​ខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​ និង​ថាមពល​ ត្រូវ​បាន​ស្រង់​សម្តី ​ ដែល​បាន​មាន​ប្រសាសន៍​ថា​ បរិមាណ​ខ្សាច់​ដែល​កម្ពុជា​នាំ​ចេញ​ជាសកល​មាន​ចំនួន​ ១០.៦៦៩.២១២​ ម៉ែត្រ​គូប​ ឬ​ស្មើ​នឹង​ (ជាង​១៧​លាន​តោន)​ ចាប់​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥។​ ប៉ុន្តែ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​នាំខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ផ្លូវការ​ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​ទល់​ពេល​នេះ​មាន​ប្រភព​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ត្រឹម​តែ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​គឺ​មាន​ប្រមាណ​តែ​ ២,៨​ លាន​តោន​។​ ប៉ុន្តែ​រដ្ឋាភិបាល​ពុំទាន់​បាន​ពន្យល់​ថា​តើ​ប្រទេស​ណា​ខ្លះ​ទៀត​ដែល​កម្ពុជា​បាន​នាំ​ខ្សាច់​ទៅ​ ឬ ​ថាតើ​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​នោះ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ​

អាស្រ័យ​ហេតុនេះ យើង​ខ្ញុំ​សូម​ស្នើ​ឯកឧត្តម​មេត្តា​ស្រាយ​បំភ្លឺ​នូវ​សំណួរ​ដូច​តទៅនេះ ៖ តើ​ក្រសួង​រ៉ែ និងថាម​ពល​ ក្រសួង​ពាណិជ្ជកម្ម​ ឬអគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​នឹង​អាចបង្ហាញ​ទិន្នន័យអំពីប្រទេស​​ណា​ខ្លះ​ដែល​កម្ពុជា​បាន​នាំ​ខ្សាច់ចេញទៅ​​ចំនួន​ប្រមាណ​​១៧ លាន​តោន ក្នុង​នោះរួមទាំងតម្លៃ​នៃ​ការ​នាំ​ខ្សាច់ចេញទៅប្រទេស​នីមួយៗ និងក្នុង​មួយ​ឆ្នាំៗ? ទីពីរ តើក្រសួងណាមួយអាចបង្ហាញ​តួលេខ​នៃការ​​នាំខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​សរុប​ តើមាន​​ប៉ុន្មាន​ភាគ​រយនៃ​ខ្សាច់យក​​មក​ពីប្រភព​ទឹកសាប (ដូចជា ​ប្រឡាយ​​​ ទន្លេ​ បឹង​ ជាដើម​) ហើយ​ប៉ុន្មាន​ភាគ​រយ​យក​មកពី​សមុទ្រ​(ឧទាហរណ៍​ ពី​ដៃសមុទ្រ ជាដើម)?

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា​បាន​នាំ​ខ្សាច់ចេញ​ក្នុង​បរិមាណ​សរុប​ចំនួនប្រមាណ​ ២,៨ លានតោន​ ក្នុង​តម្លៃ​ ៥,៥​ លានដុល្លាសហរដ្ឋ​អាមេរិក​ ទៅកាន់ប្រទេសសិង្ហបុរី​នៅ​ចន្លោះ​​ឆ្នាំ២០០៧ និង​​ឆ្នាំ​២០១៥។ ប៉ុន្តែ​យោង​តាមប្រព័ន្ធ​​ទិន្នន័យស្ថិតិ​ពាណិជ្ជកម្មលើ​ទំនិញ​​របស់​អង្គការ​សហប្រជាជាតិ​ ដែល​​បង្ហាញ​ទិន្នន័យរបស់នាយកដ្ឋានស្ថិតិ​ពាណិជ្ជកម្មរបស់​រដ្ឋាភិបាល​​សិង្ហ​បុរីបង្ហាញ​​​​តួលេខ​​ ៧២,៨ លានតោននៃការ​នាំ​ខ្សាច់​ពីប្រទេស​កម្ពុជាចូល​​មកសិង្ហបុរី​។​ ដូច្នេះ​ហើយ ​តើ​​​ក្រសួង​រ៉ែនិង​ថាមពល​ ក្រសួង​ពាណិជ្ជ​កម្ម ឬអគ្គ​នាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុ អាចធ្វើ​ការ​ពន្យល់​អំពី​មូល​ហេតុដែលនាំ​ឱ្យ​​​មាន​គម្លាតគ្នា​​ដល់ទៅ​បរិមាណ​​ខ្សាច់ចំនួន​ ជាង ៦៩,៩ លាន​តោន​ ក្នុង​តម្លៃ ​៧៤៦,៥ លានដុល្លាសហរដ្ឋ​អាមេរិក​ ​រវាង​បរិមាណ​ខ្សាច់​​ដែល​​រដ្ឋាភិបាល​រាយការណ៍ថា​បាន​នាំ​ចេញទៅ​កាន់​ប្រទេស​សិង្ហបុរី ​និង​បរិមាណ​​ខ្សាច់ដែល​រដ្ឋាភិបាល​សិង្ហបុរី​​រាយការណ៍​ថាបាន​នាំ​មក​ពី​ប្រទេស​កម្ពុជា​​?

យើងខ្ញុំ​​មាន​​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ថា របរចិញ្ចឹម​ជីវិត​ និង​សិទ្ធិ​មនុស្ស​របស់​សហគមន៍​ដែល​រង​ការ​ប៉ះពាល់​​បន្ត​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​បូម​ខ្សាច់នៅ​ក្នុង​ប្រទេស​កម្ពុជា

យោង​តាម​លិខិត​ចុះ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ឯក​ឧត្តម​បាន​ថ្លែង​ស្វាគមន៍​​ចំពោះ​សំណើ​នានា​របស់​សាធារណជន​ដែល​មាន​បំណង​ចង់បាន​ឯក​សារ​ពាក់ព័ន្ធ​នឹង​ការ​បូម​ខ្សាច់ក្នុង​ខេត្ត​កោះ​កុង​ ដូច​ជា​របាយ​ការណ៍អំពីការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​របាយការណ៍​អំពី​ទំនប់វារីអគ្គិសនីជាដើម។ យើង​​ខ្ញុំ​សូម​​កោត​​សរសើរ​ដល់​ការប្តេជ្ញាចិត្ត​របស់​ឯក​ឧត្តមចំពោះ​ការ​បង្ហាញ​នូវ​​​តម្លាភាពនេះ​​ ហើយ​សូម​ឯក​ឧត្តម​មេត្តា​ផ្តល់ព័ត៌មានតាម​ការ​ប្តេជ្ញានេះ​​តាម​រយៈ​​ការ​ផ្តល់ព័ត៌មាន​ឱ្យបាន​ពេញ​លេញ​​តាម​ការ​ស្នើសុំ​​របស់​យើង​ខ្ញុំ​ក្នុង​លិខិត​នេះ​​។ ម្យ៉ាង​ទៀត​ និយាយ​ជាទូទៅ យើង​ខ្ញុំ​សូម​ស្នើ​ឯក​ឧត្តម​ ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ និង​ទំនប់វារីអគ្គិសនី​ទាក់​ទិន​​ទៅនឹង​ការ​បូម​ខ្សាច់ជា​សាធារណៈ​​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន ​ដើម្បី​សាធារណជន​ សហគមន៍​ដែល​រងផលប៉ះពាល់និងសង្គម​ស៊ីវិល​អាច​​ស្វែង​រក​បាន។ ជា​ពិសេស​ យើង​ខ្ញុំសូម​​ស្នើ​ក្រសួង​រ៉ែ និង​ថាម​ពល មេត្តាដាក់​ឯក​សារ​ទាំង​នេះ​​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​​ផ្ទាល់​តែ​ម្តង​ ឬ​បើពុំ​ដូច្នេះ​ទេ សូម​ក្រសួង​បំលែងរបាយការណ៍ទាំងនេះ​ឱ្យទៅ​ជា​ទិន្នន័យតាម​បែប​អេឡិច​ត្រូនិច​ ហើយផ្ញើទៅ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​​ដោយ​អនុគ្រោះ។ យើង​ខ្ញុំ​ជឿ​ជាក់ថា​ ការ​ធ្វើ​បែបនេះ​នឹង​​បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​ដោយ​ចី​រភាព និង​មានការចូល​រួម​គ្រប់​ជ្រុងជ្រោយ ដូច​មាន​គូស​បញ្ជាក់​នៅ​ក្នុង​របៀប​វារៈនៃការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពឆ្នាំ​២០៣០​។

ការ​បូម​ខ្សាច់ បើទោះ​ជា​​ធ្វើ​​ឡើង​ក្នុង​ចេតនា​​ល្អក្តី ក៏​​​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅលើ​សហគមន៍​មូលដ្ឋាន ​និង​បរិស្ថាន​ធម្មជាតិដែរ​​។ យើងខ្ញុំ​​មាន​​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ថា របរចិញ្ចឹម​ជីវិត​ និង​សិទ្ធិ​មនុស្ស​របស់​សហគមន៍​ដែល​រង​ការ​ប៉ះពាល់​​បន្ត​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​បូម​ខ្សាច់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ងនេះ​ទៀត​ យើង​ខ្ញុំ​បារម្ភ​អំពី​ផល​ប៉ះពាល់​រយៈពេល​វែង​​នៃការ​បូម​ខ្សាច់​ទៅលើ​បរិស្ថាន​ធម្ម​ជាតិ​របស់​ប្រទេសកម្ពុជា​។ យើង​ខ្ញុំ​កត់​សម្គាល់​ថា ​​ការ​សម្រេច​របស់​រដ្ឋាភិបាលប្រទេស​​វៀត​ណាម​ ​​ឥណ្ឌូនេស៊ី​ និង​ម៉ា​ឡេស៊ី​ក្នុងការ​ហាមប្រាម​ ឬ រឹតបន្តឹង​​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហ​បុរី​ គឺដោយ​សារតែការ​បារម្ភ​ពី​បរិស្ថាន​ ដូច្នេះហើយ ​យើង​ខ្ញុំ​សូមស្នើ​​ឯក​ឧត្តម​ពិចារណាដាក់ចេញ​បម្រាម​​ ឬការ​រឹត​បន្តឹង​ស្រដៀង​គ្នានេះ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ដើម្បី​ផល​ប្រយោជន៍នៃការ​អភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់​រយៈពេល​វែង​​របស់ប្រទេសកម្ពុជា​។

យើង​ខ្ញុំ ​នៅ​តែប្រកាន់​​ជំហ ​និងមាន​​ឆន្ទៈសហការ​​ជាមួយ​រដ្ឋាភិបាល​ក្នុង​ដំណើរ​ការ​អភិរក្ស​ធនធាន​ធម្ម​ជាតិ​របស់​ប្រទេសកម្ពុជាឱ្យ​រីកចម្រើន​បន្ត​ទៀត​​ និងក្នុងការ​បន្ត​ដំណើរ​ឆ្ពោះទៅ​កា​រ​អភិវឌ្ឍ​ប្រក​ប​ដោយនិរន្តរភាពសម្រាប់​ប្រទេស​កម្ពុជា​​។ យើង​ខ្ញុំសូមថ្លែង​អំណរ​គុណ ​ឯក​ឧត្តម ​ជាអនេកប្បការ​ចំពោះ​ការ​​ពិចារណាលើ​សំណើរបស់​យើង​ខ្ញុំ​។

សូម ​ឯក​ឧត្តម ទទួល​នូវការ​គោរពរាប់អានដោយ​ស្មោះ​ស្ម័គ្រ​​​អំពី​យើង​ខ្ញុំ។

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦

អង្គការ​​សង្គម​ស៊ីវិល​ដែល​គាំទ្រ​លិខិត​ចំហ​នេះ​ រួមមាន​៖ ​

1. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)
2. សហគមន៍បឹងឈូក (ភ្នំពេញ)
3. សហគមន៍ដីធ្លីបឹងកក់ (ភ្នំពេញ)
4. សហគមន៍បឹងត្របែក (ភ្នំពេញ)
5. សហគមន៍បុរីកីឡា (ភ្នំពេញ)
6. អនាគតយុវជនកម្ពុជាអាស៊ាន (CamAsean)
7. សមាគមអភិវឌ្ឈន៍ជីវភាពពលរដ្ឋកម្ពុជា
8. អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)
9. សមាគមយុវជនជនជាតិដើមភាគតិច កម្ពុជា (CIYA)
10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
11. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ~សមាគមការពារ សិទ្ធិមនុស្សកម្ពុជា (CHRAC)
12. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
13. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICAHDO)
14. បណ្ដាញយុវជនកម្ពុជា (CYN)
15. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA)
16. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
17. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
18. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
19. សហគមន៍ដក់ពរ (តាកែវ)
20. អង្គការសមធម៌កម្ពុជា (EC)
21. សហគមន៍អតីតបណ្តាញស្រ្តីបឹងកក់ (ភ្នំពេញ)
22. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
23. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSI)
24. យុវជនជនជាតិដើមភាគតិច (ព្រះវិហារ)
25. សមាគមឥន្ទ្រទេវី (IDA)
26. សមាគមយុវជនខ្មែរ (KYA)
27. សហគមន៍ព្រែកស្រឡៅ (កោះកុង)
28. សហគមន៍ជនជាតិដើមភាគតិចគួយ ភូមិព្រះមេរុ (ព្រះវិហារ)
29. សហគមន៍ដីធ្លីភូមិ ១ (ក្រុងព្រះសីហនុ)
30. សហគមន៍ដីធ្លី ភូមិព្រែកជីក (កោះកុង)
31. សហគមន៍ដីធ្លីឃុំត្រែងត្រយឹង (កំពង់ស្ពឺ)
32. សហគមន៍ដីធ្លីភូមិក្រិញ (ប៉ៃលិន)
33. សហគមន៍ដីធ្លី ភូមិគ្រួស (បាត់ដំបង)
34. សហគមន៍ដីធ្លី ភូមិស្គន (សៀមរាប)
35. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
36. អង្គការមាតាធម្មជាតិ (MN)
37. អិន វន័ អឹម (N1M)
38. អង្គការលើកស្ទួយប្រជាពលរដ្ឋ (P.I.O)
39. សហគមន៍ភ្នំបាត(កណ្តាល)
40. អង្គការពន្លកខ្មែរ
41. សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A (ភ្នំពេញ)
42. សមាគមធាងធ្នោត (STT)
43. សីលការ (SILAKA)
44. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
45. អង្គការតម្លាភាពកម្ពុជា (TIC)
46. យុវជនសន្តិភាព (YFP)
47. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា