ក្រុមពលរដ្ឋ និងសហជីព អំពាវនាវឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ
ចេញផ្សាយ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋ និងសហជីពប្រហែល ៥០ នាក់បានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី ២ (ម២) ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។
ការជួបជុំនេះមានអ្នកចូលរួមមកពី សហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។ អ្នកចូលរួមភាគច្រើននាំគ្នាកាន់បដា ប៉េងប៉ោង និងឧបករណ៍ឃោសនាស័ព្ទ ។ នៅខណៈនោះដែរ អាជ្ញាធរដែលស្លៀកពាក់ស៊ីវិល ប្រហែលជាង ១០ នាក់ បានឃ្លាំមើល និងថតរូប ថតវីដេអូ នូវសកម្មភាពរបស់អ្នកចូលរួមទាំងនោះផងដែរ ។
កញ្ញា ឈឹម ស៊ីថរ រួមទាំងមនុស្ស ៨ នាក់ ដែលមួយចំនួនធ្លាប់ជាអតីតសកម្មជនសហជីព និងមួយចំនួនទៀតនៅបន្តជាសកម្មជនសហជីព ត្រូវបានកាត់ទោសពីបទ "ញុះញង់" ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីខែឧសភា ឆ្នាំ២០២៣ ដោយសារតែសកម្មភាពអហិង្សារបស់សហជីព ហើយអ្នកទាំងនោះត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារច្រើនបំផុត ២ ឆ្នាំ ។ យ៉ាងណា តុលាការសាលាឧទ្ធររាជធានីភ្នំពេញ បានតម្កល់សាលក្រមនេះ កាលពីខែតុលា ឆ្នាំ២០២៣ ដដែល ។
ខណៈដែល កញ្ញា ឈឹម ស៊ីថរ កំពុងជាប់ក្នុងពន្ធនាគារ សមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ របស់កញ្ញា នៅតែបន្តធ្វើកូដកម្មនៅខាងក្រៅ កាស៊ីណូ ណាហ្គាវើលដ៍ ស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពី ខែ ធ្នូ ឆ្នាំ ២០២១ មក ដែលការធ្វើកូដកម្មនេះបានក្លាយជា កូដកម្ម ដែលយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ចំពោះសកម្មភាពនេះ ក៍ព្រោះតែ ការកាត់បន្ថយបុគ្គលិកដ៍ច្រើនលើសលប់ របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលគួរឲ្យកត់សម្គាល់ដោយភាគច្រើនសុទ្ធតែជាថ្នាក់ដឹកនាំ និងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ៕
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិការងារ