អត្ថបទ

អាជ្ញាធរ​ហាមឃាត់​សហគមន៍​មិនឱ្យ​រើស​សម្រាម និងពិភាក្សា​គ្នាពី​សិទ្ធិ​ដីធ្លី

ចេញផ្សាយ ថ្ងៃទី​១ ខែតុលា ឆ្នាំ២០១៨
F T M
នគរបាល​បញ្ឈប់​សកម្មភាព​ប្រារព្ធទិវា​សិទ្ធិលំនៅដ្ឋាន​ពិភពលោក​នៅសហគមន៍​ព្រែកតាគង់​៦០ម៉ែត្រ​ក្នុងរាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨ (រូបថតដោយតំណាងសហគមន៍)។​

សហគមន៍​យ៉ាងតិច​ចំនួន២​ ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​ពីការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​សហគមន៍​ដទៃទៀត​លុបចោល​គម្រោង​ប្រារព្ធទិវា​នេះវិញ​ ដោយសារ​ភ័យខ្លាច​ការបង្ក្រាប​ផ្សេងៗ។ ​

ប្រជាពលរដ្ឋ​ប្រមាណ​ជាង២០០០ នាក់​ នៃសហគមន៍​យ៉ាងតិច៣០​ នៅទូទាំងប្រទេស​ បានគ្រោង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ដើម្បីបង្កើន​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​នៅឆ្នាំនេះ​ ក្រោមប្រធានបទ​ “ការគ្រប់គ្រង​កាកសំណល់​ក្នុងទីក្រុង​” ក៏ដូចជា​ ប្រធានបទ​ប្រចាំឆ្នាំស្ដីពី​ “សិទ្ធិទទួល​បានលំនៅដ្ឋាន​សមរម្យ”។​ សកម្មភាព​ទាំងនេះកំពុង​ត្រូវបាន​រៀបចំ​ឡើងរយៈពេល១សប្ដាហ៍​ គឺចាប់ពីថ្ងៃ​ទី២៨​ ខែកញ្ញា ​រហូតដល់​ថ្ងៃទី៥ ​ខែតុលា ​ឆ្នាំ២០១៨​ ដែលអ្នក​ទាំងនោះ​ភាគច្រើន​ជាជនរងគ្រោះ​នៃការ​រំលោភ​យកដីធ្លី​និងការ​បណ្ដេញចេញ​ដោយបង្ខំ។​

យោងតាម​អង្គការ​សហប្រជាជាតិ​ ទិវាសិទ្ធិលំនៅដ្ឋាន​ពិភពលោក​ គឺជា​ឱកាសមួយ​សម្រាប់​ “ឆ្លុះបញ្ចាំង​ពីរដ្ឋ​ស្ដីពី​ទីក្រុងរបស់យើង ​និង​សិទ្ធិជា​មូលដ្ឋាន​របស់យើង​ទាំងអស់គ្នា​ក្នុងការ​ទទួលបាន​លំនៅដ្ឋាន​សមរម្យ”។​

សហគមន៍​នៅក្នុងរាជធានី​ភ្នំពេញ ​រួមទាំង​សហគមន៍​បុរីកីឡា ​និង​សហគមន៍​បឹងកក់​ បានប្រារព្ធ​ទិវាសិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​ ដោយការ​ប្រមូលសម្រាម​ សកម្មភាព​កុមារ​និងការ​ពិភាក្សាគ្នា​លើសិទ្ធិ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ត្រូវបាន​ឃ្លាំមើល​យ៉ាងតឹងរឹង​ពីសំណាក់​កងសន្តិសុខ​ ដែលដូចគ្នា​នឹងការ​ប្រារព្ធ​ទិវានេះ​កាលពីឆ្នាំ​មុនៗដែរ។​

ទោះបីជា​យ៉ាងណា​ សហគមន៍​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ គំរាមកំហែង​ និង​បំភិតបំភ័យ​ ដែលនាំ​ឱ្យសហគមន៍​ខ្លះត្រូវ​បង្ខំចិត្ត​ប្រារព្ធទិវានេះនៅ​ក្នុងបន្ទប់បិទជិត​ ឬក៏លុបចោល​គម្រោងវិញ​តែម្ដង។​

កាលពីថ្ងៃសុក្រ​ អាជ្ញាធរ​បានបញ្ឈប់​ការប្រារព្ធទិវា​សិទ្ធិលំនៅដ្ឋាន​នៅសហគមន៍​ព្រែកតាគង់៦០ម៉ែត្រ​ ក្នុងរាជធានីភ្នំពេញ​ នៅពេល​អ្នកទាំងនោះ​ចាប់ផ្ដើម​ប្រមូលសម្រាម​ ដោយអាជ្ញាធរ​បានចោទ​ប្រកាន់​ការជួបជុំគ្នា​នោះថាខុសច្បាប់។​ តំណាង​សហគមន៍​ម្នាក់ត្រូវបាន​ឃាត់ខ្លួន​ និងបង្ខំ​ឱ្យផ្ដិត​មេដៃលើ​លិខិតមួយ​ ដោយសន្យាថា​ នឹងមិនរៀបចំ​ព្រឹត្តិការណ៍​បែបនេះ​ នៅថ្ងៃខាងមុខទេ​ បើគ្មាន​ការអនុញ្ញាត​ពីអាជ្ញាធរ។​

នៅឯ​ខេត្តសៀមរាបវិញ​ ការជួបជុំ​របស់សហគមន៍​មួយត្រូវបាន​អាជ្ញាធរ​ក្នុងតំបន់​ហាមឃាត់​ ដោយ​បាន​ចោទ​​ប្រកាន់​ការជួបជុំគ្នានេះ​ថាខុសច្បាប់​ ទោះបីជា​អ្នកទាំងនោះ​បានជួនដំណឹង​ទៅអាជ្ញាធរ​ទាំងនោះ​ជាមុនរួចហើយ។​ ថ្ងៃនេះ ​សហគមន៍ភ្នំក្រោម​បានគ្រោង​ថានឹងធ្វើការ​ដើរជាក្បួន​ជុំវិញទីតាំង​ដែល​អ្នកទាំងនោះ​រស់នៅ ដើម្បី​ដើររើសសម្រាម​ ក៏ដូចជាពិភាក្សា​គ្នាអំពី​សិទ្ធិដីធ្លី​និង​លំនៅដ្ឋាន។​ ទោះបីជា​យ៉ាងណា ​សហគមន៍នេះ​ ត្រូវបាន​បង្ខំឱ្យ​លុបចោល​ព្រឹត្តិការណ៍នេះ​វិញ ដោយសារ​តែការ​គំរាមកំហែង​ពីការបង្ក្រាបផ្សេងៗ​ បើសហគមន៍​នៅតែចង់​ប្រារព្ធទិវានេះ។​

ព្រឹត្តិការណ៍ជាច្រើន​ទៀត ត្រូវបាន​គ្រោងថានឹងរៀបចំ​ឡើងនៅថ្ងៃ​បន្តបន្ទាប់ខាងមុខនេះ។​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា