អត្ថបទ

សង្គមស៊ីវិល​ប្រារព្ធពិធី​រំលឹក​ខួប​៥ឆ្នាំ​នៃការ​បាញ់​ប្រហារ​នៅផ្លូវ​វេងស្រេង

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩
F T M
ជនរងគ្រោះនៃការបង្រ្កាបដោយហិង្សានៅផ្លូវវេងស្រេងបង្ហាញ​ខ្លួនដល់អ្នកចូលរួមនិងប្រព័ន្ធផ្សព្វផ្សាយនៅទីតាំងរំលឹកខួបក្នុងរាជធានីភ្នំពេញ។

នារសៀលនេះ​ សហជីព​ កម្មករ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ប្រមាណជា ១០០នាក់​ បានជួប​ជុំគ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប៥ឆ្នាំ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បើកការ​បាញ់ប្រហារ​ទៅលើ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅលើ​ផ្លូវវេងស្រេង​ក្នុងរាជធានី​ភ្នំពេញ​ ដែល​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ចំនួន៤នាក់​ ម្នាក់​បាត់ខ្លួន​ និង​រងរបួស​រាប់សិប​នាក់ផ្សេងទៀត​។

ការរំលឹក​ខួប​នៅថ្ងៃនេះ​ ត្រូវបាន​រៀបចំ​ឡើងនៅ​សម្ព័ន្ធ​សមាគម​និង​សហជីព​ “ផ្ទះសាមគ្គី” ​ដែល​ចូលរួម​ដោយ​កម្មករ​រោងចក្រ​កាត់ដេរ​ សហជីព​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ។​ អ្នកទាំងនោះ​បាន​ចូលរួម​ក្នុង​ពិធី​សូត្រមន្ត​តាមបែប​សាសនា​ និង​ការពិភាក្សា​ពីការតវ៉ា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ​ក៏ដូចជា​ហេតុនៃអំពើហិង្សា​។​

ជនរងគ្រោះ​នៃ​អំពើហិង្សាបាន​ស្នើ​សុំឱ្យ​មានការ​ចាត់​វិធានការ​និងទំនួលខុសត្រូវ​ចំពោះ​អ្នកបាត់បង់​ជីវីត និង​ទម្លាក់ចោល​បទចោទ​ប្រឆាំងនឹង​កម្មករនិងមេដឹកនាំសហជីព​ពាក់ព័ន្ធនឹង​ការតវ៉ានេះ។

ការបង្រ្កាប​យ៉ាងហិង្សានេះ​ បានកើត​ឡើង​បន្ទាប់ពី​មានការ​តវ៉ា​ជាបន្ត​បន្ទាប់​ពីសំណាក់​កម្មករ​ ដើម្បី​ស្នើសុំ​តំឡើងប្រាក់​ឈ្នួល​អប្បរមា​ក្នុងឆ្នាំ​២០១៣ ​ខណៈពេល​ដែល​គណបក្ស​ជំទាស់​ធ្វើ​ពហិកា​មិនចូល​ប្រជុំ​សភា​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣។​

នៅថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៤​ កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បានបាញ់​ប្រហារ​ទៅលើ​កម្មករ​ បណ្ដាល​ឱ្យមាន​មនុស្ស​បាត់បង់​ជីវីត​ចំនួន៤នាក់​ និង​បាត់ខ្លួន​ម្នាក់មក​ទល់សព្វថ្ងៃ​ (ត្រូវបានគេឃើញ​លើក​ចុងក្រោយ ​ត្រូវគ្រាប់​កាំភ្លើង​ចំពោះ)​។ យ៉ាង​តិចណាស់​ មនុស្ស​៣៨នាក់​ផ្សេងទៀត​ ត្រូវបាន​រងរបួស​ និង​ត្រូវ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ដែល​ភាគច្រើន​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង។​

កម្មករ​ទាំង៤នាក់​ មានឈ្មោះ ​លោក គឹម ផាលាភ​ លោក សាម រ៉ាវី​ លោក យាន រិទ្ធី ​និងលោក ផេង កុសល​។ កម្មករម្នាក់​ទៀតឈ្មោះ​ លោក ខឹម សុផាត​ ត្រូវបានគេ​ឃើញលើក​ចុងក្រោយ​ ដែលកំពុង​ត្រូវបាន​លើកចេញ​ដោយកង​កម្លាំង​ប្រដាប់​អាវុធ​ដោយមាន​ត្រូវគ្រាប់​កាំភ្លើង​ចំពោះ។ ​ ខណៈពេល​ដែល​អាជ្ញាធរ​ធ្លាប់បាន​អះអាងថា ​បានស៊ើបអង្កេត​ទៅលើការ​បាត់ខ្លួននេះ ​និងបើទោះជា​មានការ​ស្នើសុំដោយ​ទទួច​ ដើម្បីឱ្យ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវមួយ​ ក៏សុផាត​នៅតែបាត់ខ្លួន​អស់រយៈពេល​៥ឆ្នាំមកហើយ។​

នៅពេលនោះ​ មេដឹកនាំ​សហជីព​និងសកម្មជន​២៣​នាក់ត្រូវបាន​ចាប់ខ្លួន​ ចោទប្រកាន់​និង​ឃុំខ្លួន​ក្នុងពន្ធនាគារ​អស់​រយៈពេល​៥ខែ។ ​កាលពីខែមុន​ មេដឹកនាំ​សហជីព​ចំនួន៦នាក់​គឺលោក អាត ធន់ លោក ជា មុនី អ្នកស្រី​ យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី​ ម៉ម ញឹម ត្រូវបាន​ផ្ដន្ទាទោស​និង​ព្យួរទោស​ ពាក់ព័ន្ធ​នឹងការ​តវ៉ានេះ។ នេះគឺរួមបញ្ចូល​ទាំងការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២ឆ្នាំ​កន្លះ និង​ប្រាក់សំណង​ជារួមចំនួន​ ៨៦០០ ដុល្លារ​ ទៅដើម​បណ្ដឹង​រដ្ឋប្បវេណី។​

កន្លងមក​ គ្មាន​ទាហាន​ឬកងកម្លាំង​ប្រដាប់​អាវុធ​ណាម្នាក់​ ត្រូវបាន​យកមក​ផ្ដន្ទាទោស ​ចំពោះ​ការស្លាប់​របស់​កម្មករ​ទាំងនោះទេ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា