អត្ថបទខ្លីៗ

សកម្មជនដែលរងរបួស​អំឡុង​ពេល​តវ៉ា​រឿងដីធ្លី ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគាររយៈពេល ២ឆ្នាំ

ចេញផ្សាយ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៥
F T M

នាព្រឹកនេះ លោក អ៊ុក ពេជ្រសំណាង ត្រូវបាន​ផ្តន្ទាទោស​ពីបទហិង្សា​ដោយ​ចេតនា និងរារាំង​មន្ត្រី​រាជការ​សាធារណៈ ហើយ​ដាក់ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ បន្ថែម​លើ​ការជាប់​ពន្ធនាគារ​ពីមុន ពាក់ព័ន្ធ​នឹងការ​តវ៉ាកាល​ពីថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៤ ទោះបីជា​មាន​សក្ខីកម្ម​ផ្ទុយ និង​កង្វះខាត​ភស្តុតាង​ក៏ដោយ។

លោក ត្រូវបានចាប់ខ្លួន ក្រោយ​ពេល​មាន​ការតវ៉ា​នៅក្បែរ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្ត្រី នៅពេល​ដែល​សហគមន៍​មកពី​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដីធ្លី​របស់​អ្នកទាំង​នោះ។ នគរបាល បានចាប់​ខ្លួន​លោក នៅពេល​លោក​កំពុង​រងរបួស​ដោយ​ការវាយ​ដំ​របស់​កងសន្តិសុខ​ក្នុងអំឡុង​ពេល​តវ៉ា ដែល​នៅពេល​នោះ ក៏មាន​អ្នកតវ៉ា​មួយចំនួន​ផ្សេងទៀត បាន​រងរបួស​ផងដែរ ដោយ​ក្នុងនោះ​មានម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ចំពោះការ​ប្រើប្រាស់​កម្លាំងហួសហេតុ​ក្នុងការ​បំបែក​អ្នកតវ៉ា​ទាំងនោះ មិនមាន​នរណា​ម្នាក់ បាន​ប្រឈម​មុខនឹង​នីតិវិធី​ច្បាប់នោះ​ទេ។

អំឡុងពេលសវនាការរបស់​លោក​សំណាងថ្មីនេះ មិនមាន​ដើម​បណ្តឹង ឬសាក្សី​ណាម្នាក់ រួមទាំង​ប្រធាន​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ផ្តល់​សក្ខីកម្ម​បង្ហាញ​ថា លោក អ៊ុក ពេជ្រ​សំណាង ប្រើប្រាស់​អំពើ​ហិង្សា​នោះទេ។ ម៉្យាងទៀត ដើមបណ្តឹង​បីនាក់​ផ្សេងទៀត បាន​និយាយ​ថា លោកសំណាង​មិនមែន​ជាអ្នកបង្ក​ឲ្យអ្នក​ទាំងបី​រងរបួស​នោះទេ។ ក៏ប៉ុន្តែ​លោក ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា ២១៨ និង៥០៣ នៃក្រម​ព្រហ្មទណ្ឌ និង​ពិន័យ​ជាប្រាក់ ៤លាន រៀល និង​សំណងការ​ខូចខាត​ជូនដើម​បណ្តឹង​ចំនួន ១០ លានរៀល។

លោក អ៊ុក ពេជ្រសំណាង ស្ថិតក្នុង​ចំណោម​​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១នាក់ ដែលត្រូវ​បាន​ផ្តន្ទាទោស​ពីបទល្មើស​ពាក់ព័ន្ធ​នឹងការ​ធ្វើកុបកម្ម បន្ទាប់ពី​មានការ​តវ៉ាមួយ​ផ្សេងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក បាន​ជាប់​ពន្ធនាគារ​នៅ ម១ ចាប់តាំង​ពី​មានការ​ផ្តន្ទាទោស​អ្នកទាំងនោះ​កាលពីថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមាន​សវនាការ​ដែលមិន​ប្រក្រតី​រួចមក។ ប្រសិន​បើបូក​ជាមួយ​នឹងការ​សម្រេច​សេចក្តីនា​ថ្ងៃនេះ លោក​សំណាង​ត្រូវបាន​កំណត់ឲ្យ​ជាប់ពន្ធ​នាគារសរុប​ទាំងអស់​ចំនួន ៩ឆ្នាំ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា