អត្ថបទខ្លីៗ

សាលាដំបូង​ខេត្ត​កោះកុង​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​

ចេញផ្សាយ ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨
F T M
អ្នក​ស្រី​ ដួង ស័ក្ដធារី (ខាង​ឆ្វេង) ម្ដាយរបស់លោក ឌឹម គុណឌី និងអ្នកស្រី ទី ម៉ារី (ខាងស្ដាំ) ម្ដាយរបស់លោក ហ៊ុន វណ្ណះ នៅខាង​ក្រៅសាលា​ដំបូងខេត្ត​កោះកុង ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨។

នាព្រឹក​នេះ សាលាដំបូង​ខេត្ត​កោះកុង​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ពីរនាក់​នៃអតីត​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពីខែ​កញ្ញា ឆ្នាំ​២០១៧ ខណៈពេល​កំពុងថត​សកម្មភាព​កប៉ាល់នាំខ្សាច់ចេញ​ទៅ​ក្រៅ​ប្រទេស​ ដែល​អ្នកទាំង​ពីរ​សង្ស័យ​ថាខុសច្បាប់។​

លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​គិរីសាគរ​ កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ចោទ​ប្រកាន់​ថាជាប់​សង្ស័យ​ពីបទ​ប៉ះពាល់​​សិទ្ធិខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​​ អ្នក​ទាំង​ពីរ​​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​តាំងពីពេលនោះមក។ ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ធ្វើ​ឡើង​ត្រឹម​តែពីរ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីអតីត​អង្គការ​មាតាធម្មជាតិ​បាន​បង្ហោះ​វីដេអូ​​​នៅលើ​ប្រព័ន្ធ​អ៊ីនធើណេត ​ដែល​ពណ៌នា​ពី​ការ​​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅកាន់​តៃវ៉ាន់ដោយ​មិនត្រឹមត្រូវ។

ប្រសិន​បើត្រូវ​បាន​ផ្ដន្ទាទោស​លើ​បទចោទ​ទាំង​ពីរ សកម្មជន​ទាំង​ពីរនាក់​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ជា​អតិបរមា​ចំនួ​ន​ ៦លាន​រៀល​ យោង​តាម​មាត្រា​៤៩៥​ស្ដីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​និង​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែងពី​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​​។​

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥ ​សកម្មជន​មាតា​ធម្មជាតិ​៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​ដោយ​ខុសច្បាប់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១ឆ្នាំកន្លះ​។ ចំណែក​ឯស្ថាបនិក​នៃ​មាតា​ធម្មជាតិ​ លោក​ Alejandro Gonzalez-Davidson (អាឡិច) ​ដែល​មាន​សញ្ជាតិ​អេស៉្បាញ​ ត្រូវ​បាន​ឃាត់​ខ្លួន​និង​បណ្ដេញ​ចេញ​ពីប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទទួលស្គាល់ថាជាអ្នកទោសមនសិការ។

តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​ករណី​នេះ​នៅថ្ងៃ​ស្អែក​ទី២៦​ ខែមករា​ ឆ្នាំ​២០១៨។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា