អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​បដិសេធសំណើរ​សុំនៅក្រៅឃុំ​របស់អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ជាលើកទីពីរ

ចេញផ្សាយ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៨
F T M
លោក យាង សុធារិន និង​លោក អ៊ួន ឈិន នៅតុលាការ​កំពូល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

នាថ្ងៃនេះ​ សាលាឧទ្ធរណ៍​បានសម្រេចបដិសេធ​​សំណើរសុំនៅក្រៅឃុំ​របស់អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរីពីររូប​គឺ លោក យាង សុធារិន​ និងលោក អ៊ួន ឈិន​ ដោយលើកហេតុផលថា ​ខ្លាចក្រែងអ្នកទាំងពីរ​រត់គេចខ្លួនទៅក្រៅប្រទេស​ ឬមិនចូលរួមដំណើរការ​ជំនុំជម្រះរឿងក្ដីនេះ​នៅតុលាការ។​ នេះគឺជាសំណើរសុំនៅក្រៅឃុំ​លើកទីពីរ​របស់អ្នកទាំងពីរ​ ដែលកំពុងត្រូវបាន​ឃុំខ្លួនក្នុងពន្ធនាគារ​បណ្តោះអាសន្នរង់ចាំសវនាការ​ តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

អាជ្ញាធរបានចាប់ខ្លួន​ លោក សុធារិន ​និង លោក ឈិន ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ និងបានចោទ​ប្រកាន់អ្នកទាំងពីរ​ពីបទចារកម្ម តាមមាត្រា​ ៤៤៥ នៃក្រមព្រហ្មទណ្ឌ ​ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មាន​ដល់រដ្ឋ ឬភ្នាក់ងារបរទេស​ ដែលអាច “អន្តរាយ​ដល់ការការពារជាតិ”។​ មិនមានភ័ស្ដុតាង​គាំទ្រលើបទចោទនេះ​ ត្រូវបានបង្ហាញឡើង​ជាសាធារណៈនោះទេ។​

អ្នកទាំងពីរ ​ធ្លាប់បានបម្រើការងារ​ឲ្យវិទ្យុអាស៊ីសេរីជា​ភាសាខ្មែរ ​រហូតដល់ស្ថាប័ន​ព័ត៌មានដែលមានទីស្នាក់ការ​កណ្តាលនៅ​សហរដ្ឋអាមេរិក​មួយនេះ សម្រេចចិត្តបិទ​ការិយាល័យនៅទីក្រុងភ្នំពេញ​​ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៧ ​ដោយ​អះអាងថាមានការគាបសង្កត់​ពីអាជ្ញាធររដ្ឋ ​ហើយត្រូវបង្ខំចិត្ត​បិទការផ្សាយព័ត៌មាន​តាមស្ថានីយវិទ្យុនានា​ តាំងពីពេលនោះមក។

ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះនៃតុលាការ​កំពូល លោកចៅក្រម ​ឃឹម ប៉ុន ​បានសម្រេចបដិសេធ​សំណើរសុំនៅក្រៅឃុំ​របស់អ្នកទាំងពីរ​ម្ដងរួចមកហើយ ​កាលពីខែមីនា ​ដោយលើកហេតុផលថា ​រឿងក្ដីនេះស្ថិតក្នុងដំណាក់កាល​ស៊ើបអង្កេតនៅឡើយ​ ហើយការដោះលែង​អ្នកទាំងពីរ​ អាចនឹងបណ្តាលឲ្យមានការ​ “ខូចខាតធ្ងន់ធ្ងរ”។​ លើសពីនេះ ​អ្នកទាំងពីរ​ក៏ត្រូវបានចោទប្រកាន់ពីបទ​ចោទផ្សេងទៀត ​តាមច្បាប់ស្ដីពីការបង្ក្រាប​អំពើជួញដូរមនុស្ស​ និងអំពើធ្វើអាជីវកម្ម​ផ្លូវភេទ។

ប្រសិនបើត្រូវបាន​ផ្ដន្ទាទោស អ្នកទាំងពីរ​អាចប្រឈមនឹង​ការជាប់ពន្ធនាគារពី ​៧ ឆ្នាំ ដល់ ១៥ ឆ្នាំ។​ កាលបរិច្ឆេទនៃ​សវនាការលើអង្គសេចក្តី​ នៅមិនទាន់ត្រូវបាន​ប្រកាសនៅឡើយទេ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា