អត្ថបទខ្លីៗ

មេដឹកនាំសមាគម​ម្នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​នៃ​ការ​ជួប​ជុំគ្នា​ដើម្បី​អំពាវ​នាវ​ឲ្យមាន​ការ​ដោះ​លែង​មេដឹកនាំ​សមាគម និង​កម្មករ​រោងចក្រ​ទាំង ២៣ នាក់

ចេញផ្សាយ ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៤
F T M

ការជួបជុំនាល្ងាចនេះ ដើម្បីអំពាវ​នាវ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​កម្មករ និង​សកម្មជន​សិទិ្ធ​មនុស្ស​ទាំង ២៣នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ដើម​ខែ​នេះ ហើយ​និង​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់ខែ​គោល ត្រូវបាន​បញ្ឈប់​ដោយ​មាន​ការ​ចាប់ខ្លួន​លោក សុខ ឈុនអឿង អនុ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)។ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​កម្មករ និង​សកម្មជន​សិទិ្ធ​មនុស្ស ២២ នាក់​ផ្សេង​ទៀត​កាលពី​ដើមខែ​នេះ។

នៅម៉ោង ៤ ល្ងាច មុនពេល​ការ​ជួប​ជុំ​ចាប់​ផ្តើម អ្នក​កាសែត និង​អ្នក​សង្កេត​ការណ៍​ផ្នែក​សិទិ្ធ​មនុស្ស​ដែល​កំពុង​រង់ចាំ​ការ​មក​ដល់​នៃ​ក្រុម​ស្នូល​នៅ​មុខ​វត្ត​ឧណ្ណា​លោម ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពីទី​នោះ ដោយ​កង​សន្តិ​សុខ និង​អាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល​ចំនួន​ប្រហែល ៥០ នាក់ ដោយ​មាន​ពាក់​មួក​សុវត្ថិភាព​ពណ៌​ខ្មៅ​ជា​ច្រើន។ ក្រុម​ដែល​ធ្វើការ​ជួបជុំ បាន​ដើរ​ទៅ​មុខ​ទីសក្ការៈ​ព្រះអង្គ​ដង​កើ ដែល​នៅ​មុខ​ព្រះ​បរម​រាជវាំង​វិញ ដោយ​មាន​ការ​តាម​យ៉ាង​កៀក​ពី​ក្រុម​សន្តិសុខ និង​អាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល​ទាំង​នោះ។ នៅ​ប្រហែល​ម៉ោង ៥ ល្ងាច ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​ឡើង ដែល​រួម​មាន​ទាំង​ក្រុម​សន្តិសុខ​ធ្វើ​ការ​គម្រាម​កំហែង និង​រុញ​អ្នក​ចូលរួម​ការ​ជួបជុំ​ចេញ​ពីទី​នោះ​អស់​ជាង​មួយ​ម៉ោង។ អ្នក​រៀប​ចំ​កម្មវិធី​ជួបជុំ និង​អ្នក​សង្កេត​ការណ៍​ផ្នែក​សិទិ្ធ​មនុស្ស​មួយ​ចំនួន បាន​ធ្វើ​ការ​ឆ្លើយតប​នឹង​សកម្មភាព​ទាំង​នោះ​វិញ ដោយ​ការ​កាន់​ដៃ​គ្នា ហើយ​ច្រៀង​ចម្រៀង​ជាតិ (បទ​នគរ​រាជ) និង​ចម្រៀង​នៃ​ការ​តស៊ូ​អហិង្សា។ នៅក្នុង​អំឡុង​ពេល​នោះ រថយន្ត​នគរបាល​អន្តរាគមន៍​យ៉ាង​តិច​ណាស់ ចំនួន ២ គ្រឿង បាន​មក​ដល់។ នៅម៉ោង ៥ និង ៣០ នាទី អ្នក​ទាំង​នោះ​បាន​ចាប់​លោក សុខ​ឈុន អឿង ដែល​កំពុង​ឈរ​នៅ​ខាង​ក្រោយ​ការ​ជួបជុំ​គ្នា​នោះ។ លោក ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។ ក្រុម​មេធាវី នា​ពេល​នេះ កំពុង​ព្យាយាម​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​រូប​លោក។ យោង​តាម​ច្បាប់​កម្ពុជា លោក​អាច​ត្រូវ​បាន​ឃុំខ្លួន​រហូត​ត្រឹម​តែ ២៤ ម៉ោង​ប៉ុណ្ណោះ ដោយ​មិន​បាន​ជួប​មេធាវី និង​រហូត​ដល់ ៤៨ ម៉ោង ប៉ុណ្ណោះ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា