ការប្រមូលផ្តុំគ្នារបស់សហជីព និងសមាគម កើតមានអំពើហិង្សា
ចេញផ្សាយ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ការប្រមូលផ្តុំរបស់សហជីព និងសមាគមមួយចំនួន នៅក្នុងទីលានប្រជាធិបតេយ្យកាលពីព្រឹកមិញនេះ ត្រូវបានរារាំងដោយមានប្រើប្រាស់អំពើហិង្សា នៅពេលដែលកងរាជអាវុធហត្ថ និងនគរបាលប្រដាប់ដោយអាវុធ និងដំបងឆក់ រាប់រយនាក់ ហើយមានការចូលរួមពីកងសន្តិសុខ និងជនចម្លែកដែលកាន់ជំពាម ដុំថ្ម និងដំបងជាច្រើន របស់សាលារាជធានីភ្នំពេញ។ ក្រុមទាំងនោះ កំណត់គោលដៅវាយប្រហារដោយមិនរើសមុខទៅលើអ្នកគាំទ្រសហជីព អ្នកកាសែត និងអ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សជាច្រើន។ រហូតដល់ពេលនេះ ប្រជាពលរដ្ឋយ៉ាងតិច ៨ នាក់ ត្រូវបានគេដឹងថា បានរងរបួស។
ការជួបជុំគ្នាដោយអហិង្សា ដែលត្រូវបានរៀបចំឡើងដោយសហជីព និងសមាគមចំនួន ៩ រួមមាន IDEA, CATU, CITA, CICA, CFSWF, NTUC, BWTUC, FTUWC និង CYN បានអំពាវនាវឲ្យមានការដោះលែងក្រុមកម្មករ និងអ្នកការពារសិទិ្ធមនុស្សទាំង ២៣ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែ ទាមទារដំឡើងប្រាក់ខែអតិប្បរមាចំនួន ១៦០ ដុល្លារ ក្នុងមួយខែ និងទាមទារឲ្យបញ្ឈប់អំពើហិង្សាមកលើអ្នកការពារសិទិ្ធមនុស្ស ហើយនិងទាមទារនូវយុត្តិធម៌ដល់អ្នកស្លាប់ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២ និងទី៣ ខែមករា។ ការប្រមូលផ្តុំនេះ ត្រូវបានរារាំងដោយនគរបាលបង្ក្រាបបាតុកម្មចំនួនយ៉ាងតិច ៤០០ នាក់ និងកងសន្តិសុខរបស់សាលារាជធានីភ្នំពេញ នៅក្នុងទីលានប្រជាធិបតេយ្យ ហើយអ្នកទាំងនោះ បានបង្ខំឲ្យអ្នករៀបចំកម្មវិធី និងអ្នកចូលរួមជួបជុំជាច្រើនរយនាក់ ចេញពីទីលានប្រជាធិបតេយ្យ និងផ្លូវជុំវិញនោះរហូតដល់ស្ពាននាគ វត្តភ្នំ និងមន្ទីរពេទ្យព្រះអង្គឌួង។ អំឡុងពេលប៉ះទង្គិចដោយហិង្សាមួយរយៈខ្លីជាច្រើន នៅម៉ោង ៩ និង ៣០ នាទី កងសន្តិសុខជាច្រើន បានគប់ដុំថ្មទៅលើក្រុមប្រជាពលរដ្ឋប្រមូលផ្តុំ គម្រាមកំហែង និងវាយឲ្យរបួសទៅលើអ្នកចូលរួមប្រមូលផ្តុំដោយដំបងឆក់។ ប្រជាពលរដ្ឋចំនួន ២នាក់ ត្រូវបានជឿជាក់ថា ជាអាជ្ញាធរស្លៀកពាក់ស៊ីវិល ត្រូវបានវាយឲ្យរបួស ដោយក្រុមប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋចំនួន ២ នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានចាប់ខ្លួន អំឡុងពេលមានការប៉ះទង្គិចគ្នានោះ។