អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​១​០​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​

ចេញផ្សាយ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣
F T M
អ្នកស្រី ​អិន ធូ ​សមាជិក​សហគមន៍​ដីធ្លី១៩៧​ កំពុង​ត្រូវបាន​លួងដោយ​កូនប្រុស​ ក្រោយ​ការប្រកាស​សាលក្រម​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្តកោះកុង​១០នាក់ ​នៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០២៣ ។

​សាលាដំបូង​ខេត្ត​កោះ​កុង​ ​នា​រសៀល​នេះ​ ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ចំនួន​១​០​នាក់​ ​ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ក្នុង​នោះ​មាន​សកម្មជន​៣​នាក់​ ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​តាំងពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​មក​ ​នៅ​ក្នុង​សំណុំរឿង​មួយទៀត​ ​។​ ​សមាជិក​សហគមន៍​ប្រមាណ​ជា​ ​៦​០​នាក់​ ​មកពី​សហ​គម​ន​ដីធ្លី​១​៩​៧​ ​និង​សហគមន៍​ដីធ្លី​៩​៥​៥​ ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​តុលាការ​ ​ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​សកម្មជន​ទាំងនេះ​ ​អំឡុង​ពេល​ប្រកាស​សាលក្រម​ ​។​

​សកម្មជន​ទាំង​១​០​រូប​រួម​មាន​ ​លោក​ ​ឆាន់​ ​ឈឿន​ ​អ្នកស្រី​ ដេ​ត​ហ៊ួ ​អ្នកស្រី​ ​អើ​ប​ ​វី​ ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​លោក​ ​ហេង​ ជៃ ​អ្នកស្រី​ អិ​ន​ ​ធូ​ ​អ្នកស្រី​ ​កើត​ ​នៅ​ ​លោក​ ​គង់​ ​ម៉ែន​ ​លោក​ ពួ ​ហួន​ ​និង​លោក​ ​សុខ​ ជៃ ​។​ ​អ្នក​ទាំង​១​០​រូប​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​១​ឆ្នាំ​ ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​រួមគ្នា​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​៩​.​៦​០​០​ដុល្លារ​) ​ទៅកាន់​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​។​ ​ការ​ផ្ដន្ទាទោស​របស់​អ្នកស្រី​ ​អើ​ប​ ​វី​ ​ត្រូវ​បាន​ព្យួរ​ទាំងស្រុង​ ​ខណៈ​ដែល​សកម្មជន​៩​នាក់​ទៀត​ ​គ្រោង​ប្ដឹង​ជំទាស់​នឹង​សាលក្រម​នេះ​ ​។​

​អ្នកស្រី​ ដេ​ត​ ហ៊ួ ​លោក​ ​ហេង​ ជៃ ​និង​លោក​ ​សុខ​ ជៃ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ស្រាប់​ទៅ​ហើយ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ព្រមទាំង​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​តុលាការ​ដោយ​រថយន្ត​នគរបាល​ដែល​បិទ​របាំង​ជិត​ខាងក្នុង​ ​។​ ​ពួកគេ​ ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ចំពោះ​បទ​ចោទ​ដាច់ដោយឡែក​ទាំងនោះ​ ​ខណៈ​ដែល​ពុំ​មានការ​ចេញ​ដីកាចាប់ខ្លួន​ ​សម្រាប់​សកម្មជន​៦​នាក់​ទៀត​ ​ដែល​មិនបាន​ទទួលការ​ព្យួរទោស​នោះ​ទេ​ ​។​ ​នេះ​បង្ហាញ​ថា​ ​ពួកគេ​នឹង​បន្ត​នៅ​ក្រៅ​ឃុំ​រង់ចាំ​ការ​ប្ដឹង​ជំទាស់​ ​។​

​ការ​ផ្ដន្ទាទោស​ទាំងនេះ​ ​ធ្វើឡើង​ក្រោយ​ពី​មានការ​ផ្ដន្ទាទោស​ផ្សេងទៀត​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​នៅ​ប៉ុន្មាន​ស​ប្ដាហ៍​ថ្មីៗ​នេះ​ ​។​ ​កាលពី​ថ្ងៃ​ទី​០​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​ផ្សេង​មួយទៀត​ ​ចំពោះ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះញង់​ ​។​ ​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន​២​នាក់​ ​គឺ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​។​ ​អ្នក​ទាំង​២​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ឆ្នាំ​ ​និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្ត​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​៩​,​៦​០​០​ដុល្លារ​) ​។​ ​បន្ថែម​ពីលើ​ដីកាឃុំខ្លួន​ដែល​ចេញថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ដីកា​មួយទៀត​ ​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​បញ្ជូន​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា