សេចក្តីថ្លែងការណ៍

អាជ្ញាធរឃាត់ខ្លួនសកម្មជនព្រៃឈើជាច្រើននាក់ក្នុងទីក្រុងភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង លីកាដូ សូមថ្កោលទោសចំពោះការឃាត់ខ្លួនសកម្មជនអហិង្សាជាច្រើននាក់ក្នុងថ្ងៃនេះ នាទីក្រុងភ្នំពេញដែលក្នុងនោះនគរបាលបានឃាត់ខ្លួនអ្នកភូមិជាង១០០នាក់ ដោយសារពួកគេ ចែកចាយខិត្តប័ណ្ណស្តីពីបរិស្ថាន។

សកម្មជន ដែលភាគច្រើនមកពីតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាមកពីខេត្តចំនួន១៤ និងនៅភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយគេដឹង អំពីការបំផ្លិចបំផ្លាញព្រៃឈើនិងសម្បទានដីសេដ្ឋកិច្ចដែលត្រូវបានផ្តល់ក្នុងតំបន់ដីព្រៃ។ បណ្តាញព្រៃឡង់ និយាយអះអាងថា ការអភិវឌ្ឍព្រៃឡង់គឺរឿងសំខាន់បំផុតសម្រាប់ការការពារជម្រកសត្វព្រៃ និងពពួករុក្ខជាតិកម្រ ដែលមាននៅសេសសល់តិចតួចបំផុតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ពួកគេក៍បានអះអាងផងដែរថា ការបំផ្លាញព្រៃឈើនឹងរួមចំណែកដល់បំរែបំរួលអាកាសធាតុ និងទីបំផុតប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។

មានសមាជិកព្រៃឡង់ប្រហែលជា៣០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខព្រះបរមរាជវាំង បា្ររព្ធពិធីសាសនានៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍។ បន្ទាប់មកសមាជិកបណ្តាញបានបំបែកគ្នាជាក្រុមតូចៗ រាយគ្នានៅពាសពេញទីក្រុង ដើម្បីចែកចាយខិតប័ណ្ណផ្សព្វផ្សាយរកការគាំទ្រអោយមានការការពារព្រៃឈើ។ នគរបាល និងមន្ត្រីមូលដ្ឋាន ភ្លាមៗនោះបានចូលទៅកាន់ទីតាំងនីមួយៗ រឹបអូសយកខិត្តប័ណ្ណ និងឃាត់ខ្លួនអ្នកភូមិទាំងអស់នោះនៅតាមការិយាល័យសង្កាត់នានាក្នុងមូលដ្ឋាន ដើម្បីសាកសួរ និង “អប់រំរៀនសូត្រ”។

នគរបាលបាននិយាយថា ការបញ្ឍប់អ្នកតវ៉ា ត្រូវបានធ្វើឡើងដោយសារតែ ពួកគេបានផ្តល់ដំណឹងដល់អាជ្ញាធរ មុនការចែកចាយខិត្តប័ណ្ណ ហើយថា ការចែកចាយបែបនេះអាច “ប៉ះពាល់រំខានដល់សណ្តាប់ធ្នាប់សង្គម”។ ជាងនេះទៅទៀតនគរបាលបានអះអាងថា សកម្មភាពនៃការចែកខិត្តប័ណ្ណ វាធ្វើអោយប៉ះពាល់រំខានដល់សណ្តាប់ធ្នាប់សង្គមច្រើនជាងអត្ថន័យដែលសរសេរក្នុងខិត្តប័ណ្ណនោះ។ នេះជាហេតុផលមិនយុត្តិធម៌ទេ ក្នុងខណៈពេលដែលនៅពាសពេញទីក្រុងភ្នំពេញ សកម្មភាពផ្សព្វផ្សាយរបស់ក្រុមហ៊ុនឯកជនឬសាលា រៀនឯកជន បាននិងកំពុងធ្វើការចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយ ជាប្រចាំថ្ងៃដោយរលូន និងមិនចាំបាច់មានការជូនដំណឹងដូចការលើកឡើងខាងលើឡើយ។

លោក អ៊ូ វីរៈ ប្រធាន CCHR បានមានប្រសាសន៍ថា “ ជាថ្មីម្តងទៀត យើងមើលឃើញឃ្លា ដែលថា ប៉ះពាល់រំខានដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានប្រើបា្រស់ជាហេតុផលដើម្បីបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ”។ “ការគំរាមគំហែងពិតប្រាកដនៅទីនេះ គឺជាលទ្ធភាពនៃការកេងប្រវ័ញ្ចប្រភពធនធានធម្មជាតិនៃប្រទេសកម្ពុជារបស់ក្រុមអ្នកមានអំណាចទៅវិញទេ។ ចំណែកឯការគំរាមគំហែងពិតប្រាកដ ចំពោះសណ្តាប់ធ្នាប់សង្គម គឺជាការមិនគោរពដល់ទឹកដីកំណើត និងមើលរំលងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសាមញ្ញ រាប់រយ នាក់”។

មានអ្នកភូមិយ៉ាងតិចណាស់ ១០៦នាក់ ត្រូវបានគេឃាត់ និងឃុំខ្លួន ក្នុងនោះមាន ៤នាក់ ឃុំនៅការិយាល័យសង្កាត់ស្រះចក ២២នាក់នៅការិយាល័យសង្កាត់បឹងសាឡាង២៤នាក់ នៅការិយាល័យសង្កាត់ផ្សារដើមគរ និង២៧នាក់នៅការិយាល័យសង្កាត់ទន្លេបាសាក់។

ព្រៃឡង់ មានទីតាំងស្ថិតនៅលើផ្នែកខ្លះនៃទឹកដី ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ។ អាជ្ញាធរប្រទេសកម្ពុជា បានកំណត់តំបន់នេះថាមានភាពសំខាន់សម្រាប់ការអភិរក្ស។ ប៉ុន្តែតំបន់នេះនៅតែមិនទទួលបាននូវការការពារជាផ្លូវការទេ។ នាប៉ុន្នានឆ្នាំថ្មីៗនេះ សម្បទានដីសេដ្ឋកិច្ចត្រូវបានផ្តល់ទៅអោយក្រុមហ៊ុនឯកជន ហើយបានរលោភចូលក្នុងតំបន់នេះ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា “បណ្តាញព្រៃឡង់ និងសមាជិករបស់ខ្លួន មានសិទ្ធិក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី និងចែករំលែកនូវកង្វល់របស់ពួកគេ”។ “សិទ្ធិនៃការជួបប្រជុំគឺជាចំណែកមួយនៃមូលដ្ឋានគ្រឹៈនៃគោលការណ៍ប្រជាធិបតេយ្យ។ ការឃាត់និង ឃុំខ្លួន អ្នកស្រុកជាច្រើននាក់គឺជាវិធានការដែលមិនមានភាពសមាមាត្រទាំងស្រុង និងតក់ស្លុតបំផុត នៅពេលដែលសកម្មភាពប្រមូលផ្តុំដែលមានលក្ខណៈតូចតាច ហើយទទួលនូវការបង្ក្រាបយ៉ាងនេះ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរ បានបង្ក្រាបទៅលើសហគមន៍ព្រៃឡង់។ កាលពីក្នុង ខែកុម្ភៈ ឆ្នាំ២០១១ សហគមន៍នានាអះអាងថា ក្រុមហ៊ុន២ បានធ្វើការកាប់ឈើនៅលើទឹកដីរបស់ខ្លួនដើម្បីយកដីដាំដើមកៅស៊ូ។ សមាជិកសហគមន៍បាននាំគ្នាទៅកាន់ទីកន្លែង ដែលក្រុមហ៊ុនធ្វើការកាប់ឈើ ហើយដែលនៅទីនោះពួកគេបានជួបក្រុមនគរបាល ប្រដាប់អាវុធ កងរាជអាវុធហត្ថ យោធា និងមន្ត្រីរដ្ឋបាលព្រៃឈើ។ ក្រុមកម្លាំងប្រដាប់អាវុធនេះបានឡោមព័ទ្ធពួកគេ និងរារាំងពួកគេពីការធ្វើដំណើរទៅមុខទៀត និងសូម្បីតែការចុះទៅដងទឹកពីក្នុងអូរដើម្បីទទួលទាន ក៍ត្រូវបានរារាំងដែរ។ ក្រុមកម្លាំងប្រដាប់អាវុធទាំងនេះ បានបាញ់គំរាមអ្នកភូមិ។ អ្នកបានជាប់ខ្លួនក្នុងការហ៊ុមព័ទ្ធនេះ ដោយអត់បាយនិងទឹកអស់រយៈពេល៣ថ្ងៃ។ ទីបំផុតអ្នកភូមិ បានវិលត្រលប់មកកាន់ផ្ទះសម្បែងពួកគេវិញ ប៉ុន្តែ ត្រូវបានតាមដានដោយកម្លាំងប្រដាប់អាវុធ និងធ្វើការកត់ឈ្មោះអ្នកភូមិណា ដែលបានចូលរួមក្នុងការតវ៉ានោះ។

បណ្តាញព្រៃឡង់ បន្ទាប់មក បានមកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ដើម្បីធ្វើបាតុកម្មនៅសួនសេរីភាព។ ការតវ៉ានោះបានប្រព្រឹត្តទៅ ដោយសន្តិភាព។

លោក យេង វីរៈ នាយកប្រតិបត្តិអង្គការ CLEC បានមានប្រសាសន៍ថា “ក្រុមដដែលនេះបានធ្វើបាតុកម្មកាលពីលើកមុនលើបញ្ហាដដែលនេះក្នុងទីក្រុងភ្នំពេញ”។ “ការអះអាងដោយអាជ្ញាធរក្នុងថ្ងៃនេះថា សកម្មភាពរបស់អ្នកភូមិប៉ះពាល់រំខានដល់សណ្តាប់ធ្នាប់សង្គម គឺជា ការដោះសារដើម្បីគេចវេស ពីការដោះស្រាយចំពោះបញ្ហាព្រៃឡង់ ដែលជាបញ្ហាជាតិ”។
នាប៉ុន្នានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរយ៉ាងតិចណាស់ ក៍បានជ្រៀតជ្រែកដល់ក្រុមប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត ចំពោះការចែកចាយខិត្តប័ណ្ណអំពីបញ្ហាដែលជាកង្វល់សម្រាប់ទាំងអស់គ្នា។ នៅថ្ងៃទី២៣ ខែកក្កដា កម្មកររោងចក្រមួយក្រុម បានចែកចាយខិត្តប័ណ្ណ ដែលលើកឡើងពីកម្រិតអតិផរណាដែលចេះតែកើនឡើង និងទាមទារអោយមានការបញ្ចុះតម្លៃម្ហូបអាហារ និងប្រភេទអាហារចាំបាច់ៗដទៃទៀត។ កម្មករ៤នាក់ ត្រូវបានចាប់ខ្លួន ចំពោះការចូលរួមក្នុងការចែកចាយខិត្តប័ណ្ណ។

អង្គការ CCHR , CLEC និងលីកាដូ សូមអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញសូមមេត្តាបញ្ឍប់នូវការចាប់ ឃាត់ និងឃុំខ្លួន ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានចែករំលែកនូវព័ត៌មាន ដែលជាបញ្ហាស្របច្បាប់ និងជាកង្វល់រួម។ រដ្ឋាភិបាលសូមមេត្តាស្តាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រឈមមុខជាមួយបញ្ហាផ្ទាល់ ដូចជាបញ្ហានៃការបំផ្លាញព្រៃឈើនេះជាដើម ជាជាងការបំបិទមាត់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អ៊ូ វីរៈ ប្រធាន CCHR ទូរស័ព្ទលេខ ០១២ ៤០៤០៥១
 លោក យេង វីរៈ នាយកប្រតិបត្តិ CLEC ទូរស័ព្ទលេខ ០១២ ៨០១២៣៥
 លោក ឆេង សុភ័ស្ត អ្នកឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់ អង្គការលីកាដូ
 ទូរស័ព្ទលេខ ០១២ ៨៧៩ ៧៩៥

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា