សេចក្តីថ្លែងការណ៍

ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

ចេញផ្សាយ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

ប្រជាពលរដ្ឋកម្ពុជា​រាប់ពាន់នាក់ យ៉ាងតិច​ណាស់​នៅក្នុង ១៦ ​រាជធានី​និង​ខេត្ត នឹង​ប្រមូល​ផ្តុំគ្នា​​ដើម្បី​ប្រារព្ធ​ខួប​លើកទី ៦៧ នៃ​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ដែល​នៅក្នុង​នោះ​នឹង​មានការ​ប្រមូល​ផ្តុំគ្នា​ជាក្រុម​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ។

ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ក្រុមប្រជាពលរដ្ឋមូលដ្ឋាន សហគមន៍​ដែល​រងផល​ប៉ះពាល់​ពីជម្លោះដីធ្លី បណ្តាញ​យុវជន សហជីព សមាគម ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើការ​ប្រារព្ធទិវា​នេះនៅ​តាមទីកន្លែង​ទាំងនោះ​នៅក្រោម​ប្រធានបទ​រួមគឺ “យុត្តិធម៌”។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមមិត្ត ១០ធ្នូ បានរៀបចំ​ឲ្យមាន​នូវវេទិកា​សាធារណៈជា​ច្រើន​កន្លែង ដើម្បី​ពិភាក្សា​អំពីបញ្ហា​សិទិ្ធ​មនុស្ស​ដែលកំពុង​កើតមាន​និងដាក់ញត្តិ​ជូន​អាជ្ញាធរ​ក្នុងតំបន់ ល្ខោន​ស្តីពី​សិទិ្ធ​មនុស្ស និង​ដើរហែក្បួន​ក្នុងទីរួមស្រុក​និង​ទីរួមខេត្ត។

នៅថ្ងៃទី១០ ខែធ្នូ ប្រជាពលរដ្ឋជាង ៣.០០០ នាក់ មកពីរាជធានី​ភ្នំពេញ និង​តាម​បណ្តាខេត្ត​នានា នឹង​ជួបជុំគ្នា​ក្នុងរាជធានី​ភ្នំពេញ មុនពេល​ធ្វើការដើរ​ហែក្បួន​ទៅដាក់​ញត្តិជូន​ក្រសួង​យុត្តិធម៌ និង​រដ្ឋសភា​ជាតិ។ ញត្តិ​នឹង​លើកឡើង​ពីការអំពាវនាវ​សំខាន់ៗ​ចំនួន ៥ ជូន​ដល់​រាជរដ្ឋាភិបាល៖

 ស្នើសុំឲ្យមានដំណោះស្រាយលើបញ្ហាជម្លោះដីធ្លី
 កំណែទម្រង់ប្រព័ន្ធតុលាការ និងដោះលែង​អ្នកការពារ​និងសកម្មជន​សិទិ្ធ​មនុស្ស
 ដំឡើងប្រាក់ឈ្នួលអប្បបរមានិងគោរពសិទិ្ធការងារ
 បញ្ឈប់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ
 គោរពសេរីភាពក្នុងការបញ្ចេញមតិ ជួបប្រជុំ និង​ជួបជុំគ្នា​ដោយ​អហិង្សា។

កញ្ញា ម៉េង ឡាម៉ី សមាជិកនៃបណ្តាញ​ក្រុម​ការពារ​កុមារ មាន​ប្រសាសន៍​ថា៖ “ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ គឺជា​ពេលវេលា​ដើម្បី​ប្រារព្ធ​ពិធី ប៉ុន្តែក៏​ជា​ពេលវេលា​ដើម្បី​អំពាវនាវ​ឲ្យមាន​ការចាត់​វិធានការ​លើ​បញ្ហា​នានា​ផងដែរ”។ កញ្ញា បានបន្តទៀតថា៖ “យុវជន គឺជា​អនាគត​របស់​ប្រទេស​ជាតិ ហើយយើង​ទាមទារ​យុត្តិធម៌​សម្រាប់​យើង​ទាំងអស់​គ្នា​នៅពេល​បច្ចុប្បន្ន និង​អនាគត។”

ការប្រារព្ធទិវាត្រូវបានប្រព្រឹត្តឡើងនៅចុងឆ្នាំ ស្របពេល​ដែល​មាន​ភាព​តានតឹង​លើ​បញ្ហា​សិទិ្ធ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ អ្នករៀបចំ​កម្មវិធី​និង​អ្នក​ចូលរួម​ជឿជាក់​ថា ការប្រារព្ធ​ទិវាសិទិ្ធ​មនុស្ស​នៅឆ្នាំ​នេះ គឺជា​ការ​ប្រារព្ធដ៏​ល្អបំផុត​មួយ ដោយសារ​ស្ថិតក្នុង​បរិយាកាស​រឹតត្បិត​កាន់តែ​ខ្លាំងឡើង តាមរយៈ​ការអនុម័ត​ច្បាប់​ដែលមាន​ការគាប​សង្កត់ និង​ការបន្ត​ចាប់​ខ្លួន ការចោទ​ប្រកាន់ និង​ការ​ដាក់​ពន្ធនាគារ​ដោយ​មិនមាន​ហេតុផល​ផ្លូវច្បាប់​ត្រឹមត្រូវ។

អ្នកស្រី អ៊ុំ សុភី អ្នកតំណាងសហគមន៍ ឡពាង បានមាន​ប្រសាសន៍​ថា៖ “ប្រជា​ពលរដ្ឋ ដែល​នៅតែ​បន្ត​តស៊ូ​ជារៀង​រាល់ថ្ងៃ ដើម្បី​ការពារ​ដីធ្លី​របស់អ្នក​ទាំងនោះ​នៅទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​សកម្មជន​ដីធ្លី​នៅតែ​ត្រូវបាន​បំភិតបំភ័យ និង​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​ប្រព័ន្ធ​តុលាការ​មានទំនោរ​ទៅរក​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យសម្បត្តិ។” អ្នកស្រី បានបន្ត​ទៀតថា៖ “រាជរដ្ឋាភិបាល​គួរតែ​ជួយ​ពួកយើង​ខ្ញុំឲ្យ​ទទួល​បាន​យុត្តិធម៌ ដោយ​មិនគួរ​ដាក់គោលដៅ​ចោទប្រកាន់​លើ​យើង​នោះទេ”។

លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារ​នៃមជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា៖ “ប្រាក់ឈ្នួល​អប្បបរមា​បច្ចុប្បន្ន គឺទាប​ជាង​ប្រាក់​ឈ្នួល​សមរម្យ​ដែល​អាច​រស់នៅ​បាន”។ លោក បានបន្តថា៖ “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព នឹង​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំងលើ​លទ្ធភាព​របស់​កម្មករ​ក្នុងការ​រៀបចំ និង​ប្រើប្រាស់​ការទាមទារ​ជាសមូហភាព”។

ទោះជាស្ថានភាពលទ្ធិប្រជាធិបតេយ្យ និង​លំហសេរីភាព​សង្គម​ស៊ីវិល កាន់តែ​មាន​ភាព​រួញតូច​ទៅ ការ​បន្តប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សំលេង​និងគំរាម​កំហែង​សកម្មជន និង​កង្វះខាត​ការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គោរពសិទិ្ធ​ការងារ​និង​ដីធ្លីក៏ដោយ ក៏សកម្មជន​នៅទូទាំង​ប្រទេស​កម្ពុជា នៅតែ​បន្តធ្វើការ​តវ៉ា​នឹង​ភាព​អយុត្តិធម៌ ទាមទារ​សិទិ្ធ​របស់​អ្នក​ទាំងនោះ និង​អំពាវនាវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃអង្គការ​សមាគម​ធាងត្នោត បានមាន​ប្រសាសន៍ថា៖ “យើងខ្ញុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល សូម​លោកមេត្តា​លើក​កំពស់​ភាព​យុត្តិធម៌ ហើយ​ការ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​និង​សកម្មជន​សិទិ្ធ​មនុស្ស​ទាំងអស់ នឹង​ជាជំហាន​ដំបូងដ៏​ល្អមួយ”។ លោកបាន​បន្តទៀត​ថា៖ “សកម្មជន​ជាច្រើន​បានជាប់​ពន្ធនាគារ ដែល​នេះមិន​បាន​គោរពរដ្ឋ​ធម្មនុញ្ញប្រទេស​កម្ពុជា គោលការណ៍​ឯករាជ្យ​ភាព​នៃប្រព័ន្​ធតុលាការ និង​ច្បាប់​អន្តរជាតិ។”

ក្រុមមិត្ត១០ធ្នូ សូមអញ្ចើញមិត្តភក្តិ និងអ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ។

*សម្រាប់ព័ត៌មានស្តីពីរបៀបដែលអ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បានគេ​វាយប្រហារ និង​គំរាម​កំហែង​ក្នុងឆ្នាំ ២០១៣ និង ២០១៤ សូម​ចូល​ទៅកាន់​គេហទំព័រ​របស់​អង្គការ​លីកាដូ​ស្តីពី​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោត, លេខទូរស័ព្ទ៖ ០១២ ៨៣៦ ៥៣៣, អ៊ីមែល៖ sarom@teangtnaut.org
 លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេស​ស៊ើប​អង្កេតនៃ​អង្គការ លីកាដូ, លេខទូរស័ព្ទ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា