សេចក្តីថ្លែងការណ៍

ច្បាប់ថ្មីស្តីពី​ទូរគមនាគមន៍​ប៉ះពាល់​ដល់​សិទិ្ធ និង​សេរីភាព​បុគ្គល

ចេញផ្សាយ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦
F T M

ច្បាប់ស្តីពីទូរគមនាគមន៍ គឺជាការ​គម្រាម​កំហែង​មួយ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​លើប្រព័ន្ធ​អ៊ិនធើណេត​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ទៅ​លើ​ទំនាក់ទំនង​ឯកជន​ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​នានា។

នៅក្នុងរបាយការណ៍​សង្ខេប​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​នាថ្ងៃនេះ អង្គការ លីកាដូ បានវិភាគ​ទៅលើ​មាត្រា​ជាច្រើន​នៃច្បាប់​នេះ​មាន​ការ​រិតត្បិត​យ៉ាងខ្លាំង (ផ្តល់សិទិ្ធ​ឲ្យ​អាជ្ញាធរ​រដ្ឋជ្រៀត​ជ្រែក​ចូល ទៅក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ម្នាក់ៗ អាច​បំផ្លាញ​ភស្តុតាង​នៅមុន​ពេលមាន​សវនាការ​លើរឿង​ក្តី​ព្រហ្មទណ្ឌ ឬ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​ទូរគមនាគមន៍​ទាំងស្រុង​ប្រសិន​បើមាន​ការសម្រេច​ចិត្ត​ថាត្រូវ​តែធ្វើ)។ វិធាន​ការ​ដ៏​លើសលុប​របស់​ច្បាប់​នេះ ជាពិសេស​មាត្រា​ដែល​ចែងពី​បទល្មើស​ព្រហ្មទណ្ឌ​ថ្មីៗ បង្ហាញ​នូវ​គោល​បំណង​ពិត​របស់​ច្បាប់​នេះ៖ ដើម្បី​បំភិត​បំភ័យ​បុគ្គល​ម្នាក់ៗ ដាក់​ទណ្ឌកម្ម​ដល់​ការអនុវត្ត​សិទិ្ធ​និង​សេរីភាព​ជា​មូលដ្ឋាន និង​កាត់បន្ថយ​បុគ្គល ឬក្រុម​ជំទាស់។

ពីពេលនេះរហូតដល់ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០១៧ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០១៨ នេះ​ហាក់​ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មធ្យោបាយ​ថ្មីមួយ​ដែល​នឹង​ជា​ការ​ទប់ស្កាត់ និង​រារាំង​សង្គមស៊ីវិល។

ដូចដែលបានរៀបរាប់នៅក្នុង​របាយ​ការណ៍​សង្ខេប ច្បាប់​ស្តីពី​ទូរគមនាគមន៍ បាន​ផ្តល់​សិទិ្ធ​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​ដោយ​សម្ងាត់​ក្នុងការ​ចូលស្តាប់​គ្រប់​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​អេឡិច​ត្រូ​និច​រវាង​បុគ្គល​និង​បុគ្គល ដែល​ផ្តល់​ផល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​សេរីភាព​នៃការ​បញ្ចេញមតិ។ រាល់​ការ​សន្ទនា​តាមរយៈ​ទូរស័ព្ទ ការផ្ញើរ​សារ​ជាអក្សរ អ៊ីមែល ឬ​សកម្មភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម នឹង​ត្រូវឋិត​ក្រោមការ​ត្រួតពិនិត្យ (និងជា​កម្មវត្ថុ​នៃការ​ដាក់​ទណ្ឌកម្ម) គ្រប់​ពេល​វេលា ហើយ​បុគ្គល​ដែល​ពាក់ព័ន្ធ​និង​រឿងនោះ​មិនបាន​ដឹងខ្លួន​ទាល់តែ​សោះ។ បុគ្គលនានា អាចនឹង​ប្រឈម​មុខ​នឹង​ទោស​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ ដោយ​គ្រាន់តែ​បញ្ចេញ​មតិ​តាមប្រព័ន្ធ ហ្វេសប៊ុក ប្រសិន​បើគេ​ចាត់​ទុកថា​បុគ្គល​នោះ​ប៉ះពាល់​ដល់“សន្តិសុខ​ជាតិ” ដែល​ត្រូវ​បាន​ចែង​មិន​ច្បាស់លាស់​នៅក្នុង​ច្បាប់​នេះ។ មិន​ត្រឹមតែ​ឃ្លា​ដែល​មិន​ច្បាស់​លាស់​ទាំងនេះ​តែ​ប៉ុណ្ណោះទេ​ដែល​ងាយស្រួល​យ៉ាងខ្លាំង​ក្នុងការ​យកទៅ​ប្រើប្រាស់​ដើម្បី​គោលបំណង​នយោបាយ សូម្បីតែ​ការ​អនុវត្ត​អំណាច​ទាំងនេះ​ក៏អាច​ជា​ការរំលោភ​លើ​សិទិ្ធ និង​សេរីភាព​របស់​បុគ្គល​ផងដែរ។

ការផ្តន្ទាទោស និង​ការដាក់​ទោស​ពន្ធនាគារ​មិន​ត្រឹមត្រូវ​ទៅលើ​និស្សិត​ឈ្មោះ គង់ រ៉ៃយ៉ា ដោយសារ​ការបង្ហោះសារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​នោះ បាន​បង្ហាញ​ថា​អាជ្ញាធរ​រដ្ឋ​មាន​ឆន្ទៈ​រួចជា​ស្រេច និង​មាន​លទ្ធភាព​ក្នុងការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ិនធើណេត និង​ការ​គាប​សង្កត់​ទៅលើ​អត្ថបទ​ដែល​រិះគន់ ដោយការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​លើ​ច្បាប់​ជាច្រើន​ដែល​មាន​ស្រាប់

​កង្វះ​ខាត​ភាព​ច្បាស់លាស់​នៅក្នុង​ច្បាប់​នេះ ក៏ជា​អាច​មាន​ន័យថា​គ្រប់ការ​បញ្ចេញ​មតិ ក្រោយ​មកក៏​នឹង​អាច​ត្រូវ​បាន​អាជ្ញាធរ​បកប្រែ​ថាជា​បទល្មើស​ព្រហ្មទណ្ឌ​ផង​ដែរ ដោយ​ផ្អែកលើ​គំនិត​របស់​អាជ្ញាធរ​ទាំងនោះ​ចំពោះ​ផលវិបាក​របស់​សកម្មភាពនោះ។ នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ការរីក​ចម្រើន​នៃប្រព័ន្ធ​អ៊ិនធើណេត​នៅក្នុង​ប្រទេសកម្ពុជា បានធ្វើ​ឲ្យមាន​ការកើន​ឡើង​យ៉ាង​លឿន​នូវមនុស្ស​ដែល​បាន​បញ្ចេញមតិ​យោបល់​របស់​អ្នកទាំងនោះ​នៅតាម​ប្រព័ន្ធ​អ៊ិនធើណេត (ប៉ុន្តែ​ដោយការ​ខ្វះខាត​ភាព​ច្បាស់​លាស់ និង​ភាព​ងាយ​នឹងត្រូវ​បានគេ​យកទៅ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​នៃ​ច្បាប់នេះ គឺហាក់​ដូចជា​នឹងធ្វើឲ្យ​កើតមាន​ការ​ធ្លាក់ចុះ​នៃឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ទំនាក់ទំនង និង​បញ្ចេញ​មតិ​យោបល់​របស់​អ្នកទាំង​នោះ)។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ការផ្តន្ទា​ទោស និង​ការ​ដាក់​ទោស​ពន្ធនាគារ​មិន​ត្រឹម​ត្រូវ​ទៅ​លើ​និស្សិត​ឈ្មោះ គង់ រ៉ៃយ៉ា ដោយ​សារ​ការ​បង្ហោះសារ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​នោះ បាន​បង្ហាញថា​អាជ្ញាធរ​រដ្ឋ​មាន​ឆន្ទៈរួច​ជា​ស្រេច និង​មាន​លទ្ធភាព​ក្នុងការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ិនធើណេត និង​ការ​គាបសង្កត់​ទៅលើ​អត្ថបទ​ដែល​រិះគន់ ដោយការ​ប្រើប្រាស់​មិនត្រឹមត្រូវ​លើ​ច្បាប់​ជាច្រើន​ដែល​មាន​ស្រាប់”។ អ្នកនាង បានបន្ត​ទៀត​ថា៖ “ដោយការ​ផ្អែក​លើ​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​អនុញ្ញាត​ឲ្យមាន​ការ​ស្តាប់​ដោយ​សម្ងាត់ និង​ដាក់​ទណ្ឌកម្ម​ទៅលើ​ការបញ្ចេញ​មតិ​នានា​នៅលើ​ប្រព័ន្ធ​អ៊ិនធើណេត ទោះ​ជា​លក្ខណៈ​ឯកជន​ក្តី ជា​លក្ខណៈ​សាធារណៈ​ក្តី រាជ​រដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​រឹតតែ​ច្បាស់​នូវបំណង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​រំលោភ​បំពាន​លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ិនធើណេត”។

ជាមួយការបង្កើតនូវ “មន្ត្រីអធិការ​កិច្ច​ទូរគមនាគមន៍” ដែល​មាន​អំណាច​ពេញលេញ​ជាមន្ត្រី​នគរបាល​យុត្តិធម៌ និង​មាន​សមត្ថភាព​ស្នើទៅ​កង​យុទ្ធពល​ខេមរភូមិន្ទ​ក្នុងការ​ពង្រឹង​ការ​អនុវត្ត​មាត្រា​នានា ច្បាប់នេះ​ក៏បាន​បង្កើត​នូវអង្គភាព​ទីបី (អាចជា​កងកម្លាំង​ប្រដាប់​អាវុធ) បន្ថែម​លើ​ភ្នាក់ងារ​ត្រួតពិនិត្យ​អត្ថបទ​នៅលើ​អ៊ិនធើណេត​របស់​ក្រសួង​មហាផ្ទៃ “អង្គភាព​ប្រឆាំង​បទល្មើស​ព័ត៌មាន​វិទ្យា” និង “ក្រុម​អ្នកជំនាញ​លើប្រព័ន្ធ​អ៊ិនធើណេត (Cyber War Team)” នៃ​ទីស្តីការ​គណរដ្ឋមន្ត្រី។ ការប្រមូល​ផ្តុំ​កង​កម្លាំង​ពិសេស​ដែលមាន​ការគាំទ្រ​ពីកង​យោធា​ទប់ទល់​នឹង​អត្ថបទ និង​ទំនាក់ទំនង​រវាងបុគ្គល​លើ​ប្រព័ន្ធ​អ៊ិនធើណេត គឺ​មិន​សម​ហេតុផល មិនមាន​ភាព​សមាមាត្រ និង​មិន​ចាំបាច់​នោះ​ទេ។

ច្បាប់នេះ អនុញ្ញាតឲ្យព្រះរាជអាជ្ញា​អាច​បញ្ជា​ឲ្យ​បំផ្លាញ​ភស្តុតាង​ដែល “ហាម​ឃាត់ ឬមាន​គ្រោះ​ថ្នាក់” មុន​ពេល​មាន​ការ​ជំនុំជម្រះ​ក្តី។ នេះអាច​អនុញ្ញាត​ឲ្យមាន​ការបំផ្លាញ​ដោយ​មិនត្រឹមត្រូវ​នូវ​ភស្តុតាង​ដែល​បង្ហាញ​ពីភាព​គ្មាន​កំហុស​របស់​បុគ្គល​ដែល​ប្រឈម​មុខ​នឹងការ​ចោទប្រកាន់ (ជា​បទល្មើស​នៅក្នុង​ក្រម​ព្រហ្មទណ្ឌកម្ពុជា)។ មាត្រា​ទាំងនេះ អាច​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញាធររដ្ឋ ដែល​នឹង​បង្កឲ្យ​មានការ​រំលោភ​បំពាន​កាន់តែ​ខ្លាំងលើ​សិទិ្ធ​ទទួលបាន​ការ​ជំនុំជម្រះ​ក្តីប្រកប​ដោយ​យុត្តិធម៌ គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស និង​គោលការណ៍​នីតិរដ្ឋ​របស់​កម្ពុជា​ដែល​កំពុងមាន​កំណត់ត្រា​មិនល្អ​ស្រាប់។

អាជ្ញាធររដ្ឋ នៅតែ​ក្តោបក្តាប់​យ៉ាង​ណែន​នូវប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន (ដូច​ដែល​ត្រូវបាន​លើក​ឡើង​នៅក្នុងរបាយការណ៍​របស់​អង្គការ លីកាដូ “ដំណើរ​ឃ្លាត​ចេញ​ពី​អ៊ីនធឺណិត? ការ​គម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ទើបរក​ឃើញ​ថ្មី​នៅ​កម្ពុជា”)ច្បាប់​​ស្តីពី​​ទូរគមនាគមន៍ ក៏បាន​ការពារ​អំណាច​របស់​អាជ្ញាធរ​រដ្ឋក្នុង​ការ​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អ៊ិនធើណេត ក៏ដូចជា​ប្រតិបត្តិករ​ទូរគមនាគមន៍។ ឧទារហណ៍ ច្បាប់នេះ​អនុញ្ញាត​ឲ្យក្រសួង​ជាច្រើន​របស់រដ្ឋ​ធ្វើ​ជាតូបនីយកម្ម​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​នានា ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​ករណី “ប្រធាន​សក្តិ” ដែល​មិនត្រូវ​បានគេ​ឲ្យ​និយមន័យ​ច្បាស់​លាស់។ អាជ្ញាធរ​រដ្ឋ ក៏អាច​បញ្ឈប់ ឬ​ជំនួស​បុគ្គលិក​គ្រប់គ្រង​ជាន់ខ្ពស់ ប្រសិន​បើក្រុមហ៊ុន​ណាមួយ​ត្រូវបាន​រកឃើញ​ថា​បាន​រំលោភ​លើ​ច្បាប់​នេះ។ គ្រប់​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំង​អស់ ក៏នឹង​តម្រូវ​ឲ្យស្នើ​សុំ​អាជ្ញា​ប័ណ្ណថ្មី​នៅក្នុង​រយៈពេល​មួយឆ្នាំ ដែល​នេះ​មាន​ន័យថា​អាជ្ញាធរ​រដ្ឋ នឹង​សម្រេច​ថាតើ​គួរបន្​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍ វិទ្យុ និង​អ្នក​ផ្តល់​សេវា​អ៊ិនធើណេត​ប្រតិបត្តិការ​ដែរ​ឬទេ នៅមុន​ពេល​មាន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១៧។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមាន​ប្រសាសន៍​ថា៖ “ដោយសារ​ការ​បោះឆ្នោត​នឹង​ខិតជិត​មក​ដល់​នៅក្នុង​ឆ្នាំ ២០១៧ និង​២០១៨ ដូចនេះ​យើង​អាច​និយាយថា​ឃ្លាទាំង​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រដ្ឋ​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ិនធើណេត​នៅក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ នឹង​អាច​ត្រូវបាន​គេ​ប្រើប្រាស់​មិនត្រឹមត្រូវ​ដើម្បី​បិទប្រព័ន្ធ​ទំនាក់ទំនង​សង្គម ដើម្បី​ការពារ​បុគ្គល​នានា​និង​គណបក្ស​ជំទាស់​ពីការ​ប្រមូល​ផ្តុំគ្នា”។ អ្នកនាង​បាន​បន្ត​ទៀតថា៖ “ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ ២០១៣ បាន​បង្ហាញពី​អំណាច​នៃប្រព័ន្ធ​ទំនាក់ទំនង​សង្គម គឺជា​ប្រព័ន្ធ​មួយ​យ៉ាង​សំខាន់។ ដូចនេះ គឺមិនមាន​ការ​ភ្ញាក់ផ្អើល​នោះទេ ដែល​គណបក្ស​កាន់អំណាច​អាច​ចង់​បិទ និង​គ្រប់គ្រង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ិនធើណេត​នៅ​កម្ពុជា”។

ច្បាប់ស្តីពីទូរគមនាគមន៍ គ្រប់តំណាក់កាល​តាំងពី​ការធ្វើ​សេចក្តី​ព្រាង​រហូត​ដល់ការ​អនុម័ត គឺពោរពេញ​ដោយ​កង្វះ​ខាត​តម្លាភាព និង​ការពិភាក្សា​ដ៏មាន​អត្ថន័យ។ ច្បាប់នេះ គឺជា​ផ្នែកមួយ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ជាមូលដ្ឋាន​នានា។ ដោយការ​អនុម័ត​ច្បាប់នេះ​នៅខែ​ធ្នូ នោះ​ច្បាប់​នេះ​ឥឡូវ​ក្លាយ​ជា​ឧបករណ៍​ផ្នែកច្បាប់​របស់​អាជ្ញាធរ​រដ្ឋ​ជាមួយ​នឹង​ច្បាប់ស្តី​ពី​សមាគមន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO)។ ហើយ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ចូលរួម​ជាមួយ​នឹង​ច្បាប់​ដទៃ​ទៀត​នាពេល​ឆាប់ៗនេះ នៅ​ពេល​ដែល​អាជ្ញាធរ​រដ្ឋ​ព្យាយាម​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នៅមុន​ពេល​ដែល​មាន​ការ​បោះឆ្នោត​លើក​ក្រោយ។

អង្គការ លីកាដូ មានការសោកស្តាយជាខ្លាំង នៅពេល​ដែល​ច្បាប់​ស្តីពី​ទូរគមនាគមន៍​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ឯកជនភាព​របស់​បុគ្គល​គ្រប់​រូបនៅ​ក្នុង​ប្រទេស​កម្ពុជា។ ការប៉ះពាល់​របស់​ច្បាប់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​​មិន​សមាមាត្រនេះ ក៏ជា​ការ​រំលោភ​ផងដែរ​លើ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ក្រោម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ហើយ​ច្បាប់​នេះ​គួរតែ​មិនអាច​អនុវត្ត​បាននោះ​ទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ, ទូរស័ព្ទ​លេខ៖ ០១២ ៣២៧ ៧៧០
 ណាលី ពីឡូក នាយិកា​អង្គការ លីកាដូ, ទូរស័ព្ទ​លេខ៖ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា