សេចក្តីថ្លែងការណ៍

សង្គម​ស៊ីវិល​អំពាវ​នាវ​សូម​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បឹង​កក់​ជា​បន្ទាន់​

ចេញផ្សាយ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន​បឹង​កក់ ​(អ្នកស្រី​ ទេព​ វន្នី ​និង​អ្នក​ស្រី ​បូវ ​សោភា​) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌលអប់រំ​កែ​ប្រែ​ទី​២នៃ​ពន្ធនា​គារ​ព្រៃ​ស​ កាល​ពី​ថ្ងៃទី​១៧ ខែសី​ហា ឆ្នាំ​២០១៦ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចូល​រួម​របស់​អ្នក​ទាំង​ពីរ​ក្នុង​យុទ្ធនា​ការ​អហិង្សា​ “ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​”។ យើង​ខ្ញុំ សូម​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធររដ្ឋ​ទម្លាក់​ចោលនូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ​លើ​អ្នក​ទាំង​ពីរ ​ហើយ​សូម​ឲ្យ​ធា​នា​នូវ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា ​ដូ​ចជា​អ្នក​ដែល​គាំទ្រ​យុទ្ធនា​ការអ​ហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ផង​ដែរ។ ​

អ្នក​ស្រី​ ទេព​ វន្នី ​និង​អ្នក​ស្រី ​បូវ ​សោ​ភា​ ដែល​អ្នក​ទាំង​ពីរ​ជា​សកម្មជន​បឹង​កក់​យូរ​មក​ហើយ​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ វេលា​ម៉ោង​ប្រហែល​ ៦​និង​៣០​នាទី​ល្ងាច​ បន្ទាប់​ពី​កង​សន្តិ​សុខ​បាន​ចូល​ទៅ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ អំឡុង​ពេល​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា​ក្នុង​សហគមន៍​ដែល​បាន​ធ្វើ​ឡើង ​ដើម្បី​​ប្រារព្ធ​ធ្វើ​យុទ្ធ​នា​ការ ​“ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ” ​សប្ដាហ៍​ទី​១៥។​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ចំនួន​ពីរ​យប់​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ ជា​កន្លែង​​ដែល​អ្នក​ពីរ​ត្រូវ​បាន​សមត្ថ​កិច្ច​សាក​សួរ​ ខណៈ​ពេល​ដែល​មាន​អ្នក​គាំ​ទ្រជា​ច្រើន​បាន​ប្រ​មូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​។ ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​ទាំង​អស់​នោះ​ មាន​ស្រ្តី​ជន​ជាតិ​អេ​ស្ប៉ាញ​ម្នាក់​ដែល​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​សហគមន៍​បឹង​កក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ប៉ូលីស​អន្តោ​ប្រវេសន៍​នៅ​ខាង​ក្រៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ ​មួយ​ថ្ងៃ​ក្រោយ​មក​ ស្រ្តី​ជន​ជាតិ​អេស្ប៉ាញ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​។

នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៧ ​ខែ​សីហា ​អ្នក​ស្រី ​ទេព​ វន្នី ​និង​អ្នក​ស្រី​ បូវ​ សោ​ភា​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​ហើយ​ត្រូវ​បាន​សាក​សួរ​ដោយ​លោក​ កែវ ​សុ​ជាតិ ​ព្រះ​រាជ​អាជ្ញា​រង ​នៃ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​។ ​លុះ​ដល់​ម៉ោង​ប្រ​ហែល​ជា​៤រសៀល​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​)។

អ្នក​ស្រី ​ស​ ស៊ន​​ សកម្ម​ជន​ដី​ធ្លី​មក​ពី​សហគមន៍​បុរី​កីឡា​ បាន​មាន​ប្រ​សាសន៍​ថា​៖​ “​​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​ ជា​យុទ្ធ​នា​ការ​មួយ​សម្រាប់​ទាម​ទារ​យុត្តិធម៌​ តែ​ផ្ទុយ​ទៅ​វិញ​យុទ្ធ​នា​ការ​នេះ​ ត្រូវ​បាន​ជួប​តែ​រឿង​អយុត្តិធម៌​កាន់​តែ​ច្រើន​ឡើង​ៗ”។ ​អ្នកស្រី​បន្ត​ថា៖​ “អ្នកស្រី​ ទេព​ វន្នី ​និង​អ្នក​ស្រី ​បូវ​ សោភា​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សហគមន៍​ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​។ ហើយ​ទោះ​ជា​មាន​ការ​គំរាម​កំ​ហែង ​យើង​នឹង​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​ពីរ​មក​វិញ​ រួម​ទាំង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​ដែល​​កំពុង​​ជាប់​​ពន្ធនា​គារ​ផង​ដែរ។”​

ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រមូល​ផ្ដុំ​ដោយអ​ហិង្សា​ ដែល​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​សេរីភាព ​ដ៏ធ្ងន់​ធ្ងរ​មួយ​ក្នុង​ការ​បញ្ចេញ​មតិ ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ និង​ជាវិ​ធាន​ការ​មួយ​ទៀត​សម្រាប់​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ប្រ​ជា​ពលរដ្ឋ​ដែល​ចង់​បញ្ចេញ​មតិ។​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​យល់​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​លើក​​ច្រើន​សារ​ថា ​ការ​ប្រមូល​ផ្ដុំតូ​ចៗ​ដោយ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​សញ្ញា​មួយ​នៃ​ “ចលនា​ប៉ះ​បោរ​នៅ​ក្នុង​ទីក្រុង”​ ហើយ​ចោទ​ថា​ការ​ស្លៀក​ពាក់​ខ្មៅ​នោះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី ​“ធ្វើ​បដិ​វត្តន៍​ពណ៌”។​

ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ទាំង​នេះ​ គឺ​ជា​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ ទៅ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​ការ​គំរាម​កំហែង​ហើយ ​ប៉ុន្តែ​​នៅ​តែ​មិន​ទាន់​ព្រម​បញ្ឃប់​សកម្ម​ភាព​ធ្វើ​យុទ្ធ​នា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​

អ្នក​នាង​ ណា​លី ​ពី​ឡូក​ នា​យក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គ​ការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​ បាន​មាន​ប្រសាសន៍​ថា៖​ “សំណុំ​រឿង​នេះ ​បង្ហាញ​សារ​ជា​ថ្មី​ថា​ រដ្ឋា​ភិបាល​មិន​មាន​ចេត​នា​ក្នុង​ការ​លើក​ស្ទួយ​ការ​បញ្ចេញ​មតិ​ដោយ​អហិង្សារ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ”។ ​អ្នក​នាង​បន្ត​ថា​៖ “ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ទាំង​នេះ ​គឺ​ជា​ការ​បង្រ្កាប​​ជា​បន្ត​បន្ទាប់​ ទៅ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​ការ​គំរាម​កំហែង​ហើយ​ ប៉ុន្តែ​​នៅ​តែ​មិន​ទាន់​ព្រម​បញ្ឃប់​សកម្ម​ភាព​ធ្វើ​យុទ្ធ​នា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ”។

រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ ស្រ្តី​ទាំង​ពីរ​រូប​ត្រូវ​បាន​បញ្ជូន​ចូល​សវនាការ​ ដោយ​មិន​បាន​ធ្វើ​តាម​នីតិ​វិធី​ក្នុង​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​តុលាការ​។ តុលាការ​ដែល​បង្គាប់​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ភ្លាមៗ​ គឺ​ជា​ការ​រំលោភ​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​គ្នា​ យោង​តាម​ច្បាប់​ជា​តិ ​និង​អន្តរ​ជាតិ​ ដែល​រារាំង​ក្រុម​មេធាវី​ការ​ពារ​មិន​ឲ្យ​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​កូន​ក្ដី​។

សវនាការ​ដែល​ធ្វើ​ឡើង​រយៈពេល​ប្រហែល​ជា​៣០នាទី​ ក្រោម​ការ​ជំនុំ​ជម្រះ​របស់​លោក​ចៅ​ក្រម​ ពេជ្រ​ វិជ្ជាធម៌​ ត្រូវ​បាន​ផ្អាក​ ហើយ​នឹង​ត្រូវ​បន្ត​ជំនុំ​ជម្រះ​​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២២​ ខែសីហា​។ ក្រោយ​មក​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ ​នៃ​ពន្ធ​នា​​គារ​ព្រៃស​។ យោង​តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បទ​បញ្ញត្តិ​នៃ​ការ​ឃុំ​ខ្លួន​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ករណី​ “លើក​លែង” ដែល​ករណី​អ្នក​ទាំង​ពីរ​នេះ​មិន​ស្ថិត​ក្នុង​ការ​លើក​លែង​នោះ​ទេ។​

លោក​ អៀង ​វុទ្ធី​ នា​យក​អង្គការ​សម​ធម៌​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖ ​“បទ​បញ្ញត្តិ​នៃ​ការ​ឃុំ​ខ្លួន​នេះ ​គឺ​មិន​មាន​ភាព​ចាំ​បាច់​នោះ​ទេ​ និង​មិន​ទាន់​បាន​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​បាន​ត្រឹម​ត្រូ​វ​នោះ​ទេ​។​ ​នេះ​​អាច​​ជា​​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូល​រួម​ផ្នែក​នយោបាយ​”។ លោក​បាន​បន្ត​ថា​៖ “វា​ជា​រឿង​ចំឡែក​មួយ​ ដែល​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អាច​ត្រូវ​បាន​ចាប់​ខ្លួន ព្រោះ​តែ​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ​នៃ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត”។​

ប្រសិន​បើ​ត្រូវ​បាន​ផ្ដទ្ធា​ទោស​ អ្នកស្រី ​បូវ​ សោភា​ និង​អ្នក​ស្រី ​ទេព​ វន្នី ​អាច​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​ការ​រហូត​ដល់​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ​ (៤ ​០០០ ​០០០​ រៀល)។ ​នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​អ្នក​ស្រី ទេព​ វន្នី ​ត្រូវ​បាន​ជាប់​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទីពីរ​ ដោយ​សារ​ការ​ចូលរួម​សកម្មភាព​អហិង្សា​ ហើយ​ជា​លើក​ទីពីរ​សម្រាប់​អ្នកស្រី​ បូវ ​សោភា​ដែរ​ ដែល​បាន​ជាប់​ពន្ធ​នាគារ​ ចាប់​តាំង​ពី​ឆ្នាំ​២០១២មក។​ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២​នៃ​ពន្ធ​នា​គារ​ព្រៃ​ស​ជា​មួយ​ លោកស្រី​ លឹម ​មុនី ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​ជា​មន្រ្តី​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឃន៍​នៅ​កម្ពុជា ​អាដហុក​ (ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រាំ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​។​ ការ​ចាប់​ខ្លួន​អ្នក​ទាំង​ប្រាំ​នេះ​ហើយ ​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ)។​

សហគមន៍​បឹង​កក់​តែង​មាន​អ្នក​ចូល​រួម​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​បាន​ធ្វើការ​ប្រមូល​ផ្ដុំ​រៀង​រាល់​សប្ដាហ៍​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​អ្នក​ទាំង​នោះ​ក៏​បាន​រួម​បញ្ចូល​ការ​ទាម​ទារ​រក​យុត្តិ​ធម៌​ពី​ករណី​ឃាត​កម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​ឯករាជ្យ ​និង​ជា​អ្នក​គាំ​ទ្រ​ក្នុង​យុទ្ធ​នា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ផង​ដែរ។ ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី១៥ ​ក្រោយ​ពី​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​បួន​រូប​នៃ​សមាគម​អាដ​ហុក​ (ADHOC)​ និង​មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់ ​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​យល់​ថា​ជា​រឿង​នយោបាយ។​

សរុប​មក​ ការ​តវ៉ា​ក្នុង​យុទ្ធនា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បាន​បង្ហាញ​ថា ​យ៉ាង​តិច​ណាស់​ មាន​ការ​ឃាត់​ខ្លួន​ចំនួន​៣៦​លើក​ក្នុង​ចំណោម​មនុស្ស​យ៉ាង​តិច​២០​នាក់​ ចាប់​តាំង​ពី​អ្នក​ទាំង​នោះ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ក្នុង​ខែ​ឧសភា​។ ថ្ងៃ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​រៀបចំ​យុទ្ធ​នា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​ចោទ​ប្រកាន់។​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣. សហគមន៍បឹងប្រាំ
៤. សហគមន៍បឹងកក់
៥. សហគមន៍បឹងត្របែក
៦. សហគមន៍បុរីកីឡា
៧. សហគមន៍បុរីសន្តិភាព
៨. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៩. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១០. អនាគតយុវជនកម្ពុជាអាស៊ាន
១១. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
១២. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៤. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
១៥. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
១៦. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៨. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
១៩. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២០. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)
២១. សហភាពការងារកម្ពុជា (CLC)
២២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៣. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្រ្តីភេទ (NGO-CEDAW)
២៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
២៥. បណ្តាញយុវជនកម្ពុជា (CYN)
២៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៧. សហគមន៍ឆេកូ
២៨. សហគមន៍ជ័យជំនះ
២៩. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣១. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៣២. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
៣៣. បណ្តាញកសាងសន្តិភាព (CPN)
៣៤. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
៣៥. សមធម៌កម្ពុជា (EC)
៣៦. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
៣៧. សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់
៣៨. សហគមន៍ខ្មែរលើ (HA)
៣៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤០. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៤១. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤២. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
៤៣. លីកាដូកាណាដា
៤៤. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
៤៥. អង្គការមាតាធម្មជាតិ (MN)
៤៦. អង្គការស្ពានសន្តិភាព (PBO)
៤៧. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព (PDP-Center)
៤៨. សហគមន៍ភ្នំបាត
៤៩. សហគមន៍ភូមិ២៣
៥០. អង្គការពន្លកខ្មែរ
៥១. សហគមន៍ព្រែកតាគង់
៥២. សមាគមធាងត្នោត (STT)
៥៣. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៥៤. សហគមន៍ថ្មគោល (TK)
៥៥. សហគមន៍ទួលសង្កែB
៥៦. សហគមន៍ត្រពាំងអញ្ចាញថ្មី
៥៧. សហគមន៍ទំនប់ពីរ
៥៨. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រទីក្រុង (UPWD)
៥៩. បណ្តាញព្រះសង្ឃវត្តថាន់
៦០. គណៈកម្មាធិការស្ដ្រីកម្ពុជា (CAMBOW)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា