សេចក្តីថ្លែងការណ៍

តុលាការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ពីរ​រូប​ ក្នុង​នាម​ជា​​ជន​សង្ស័យ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​វាយ​ដំ​

ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស ​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (អង្គការលីកាដូ) ​លោក អំ​ សំអាត​ បាន​ទៅ​ឃ្លាំមើល​ការ​ដង្ហែ​ក្បួន​ដោយ​អហិង្សា ​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោក​ នៅថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៦​។ លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ តំណាង ​សហគមន៍​បឹងកក់​ បាន​ទៅថត​សកម្មភាព​នៃ​ព្រឹត្តិការណ៍​នោះ​ដែរ។​ លោក​ អំ សំអាត​ និង​លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ​ ត្រូវ​បាន​ទទួលរង​របូស​យ៉ាង​ធ្ងន់ធ្ងរ​ដោយការ​ប្រព្រឹត្ត​អំពើហិង្សា​ ពី​សំណាក់​ក្រុម​សន្ដិសុខ​ខណ្ឌ​ដូនពេញ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ​ដែល​បាន​កើត​ឡើង​នោះទៅវិញ។​

នៅ​ថ្ងៃទី​១០​ ខែតុលា ឆ្នាំ​២០១៦ អំឡុង​​ពេល​ក្បួនដង្ហែ​អហិង្សា​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវនានា​ក្នុង​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​សន្តិសុខ (ដឹកនាំ​ដោយ​ លោក គឹម វុត្ថា ប្រធាន​សន្ដិសុខ​ខណ្ឌ​ដូនពេញ) បាន​បិទ​ផ្លូវ​រារាំង​ក្បួន​ដង្ហែ​ និង​បាន​ឆក់​យក​ស្គរ​ឆ៉ៃយ៉ាំ ​និងបដា​ពីអ្នក​ដើរ​ហែ​ក្បួន។ នៅ​ពេល​នោះ​ ក្រុម​សន្ដិសុខ​បាន​ចាប់​ផ្ដើម​ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​ទៅ​លើ​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក្ដ​ ខណៈ​ដែល​លោក​កំពុង​ថត​សកម្មភាពក្បួនដង្ហែ​​របស់សហគមន៍​​​។​ លោក ​អំ ​សំអាត​ ​បាន​ខំប្រឹងព្យាយាមដោយ​សន្ដិវិធី ​ដើម្បីបញ្ឈប់​ស្ថានការណ៍​តាន​តឹងនិង អំពើ​ហិង្សា​ ​ ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​។ ប៉ុន្តែ​ភ្លាមៗនោះ ​ក្រុម​សន្ដិសុខ​បាន​ចាប់​ផ្ដើម​វាយ​ដំ​​ទៅ​លើរូបលោក​ ដោយ​បាន​ហ៊ុមព័ទ្ធ​ ​ដាល់​មុខ និងកញ្ចឹងក​របស់​លោក​ជាច្រើន​ដៃ ដោយ​គ្មាន​ហេតុផល​ទាល់​តែ​សោះ។ ​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​រងរបួស ​និង​ត្រូវ​ការ​សម្រាក​ព្យាបាល។

លោក​ ​អំ ​សំអាត​​ និង​​លោក​ ​ច័ន្ទ​ ​ពុទ្ធិស័ក្ដ​ ​គឺជា​ជន​រង​គ្រោះ​នៃ​ការ​វាយ​ដំ​ដោយ​គ្មាន​ហេតុ​ផល​នោះ។ ករណី​​នេះ​គួរ​ឲ្យ​ហួស​ចិត្ត​ ដោយ​ហេតុ​ថា ​បណ្ដឹង​លើ​អ្នក​ទាំងពីរ​មិន​គួរ​ត្រូវ​បាន​យក​មក​ពិចារណា ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ​ទេ។

អ្នក​នាង​ ណាលី​ ពីឡូក​ នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “លោក ​អំ ​សំអាត​ និង​លោក ​ច័ន្ទ​ ពុទ្ធិស័ក្ដ ​គឺជា​ជន​រង​គ្រោះ​នៃ​ការ​វាយ​ដំ​ដោយ​គ្មាន​ហេតុ​ផល​នោះ”។ អ្នក​នាង​បន្ត​ថា៖ “ករណី​​នេះ​គួរ​ឲ្យ​ហួស​ចិត្ត​ ដោយ​ហេតុ​ថា ​បណ្ដឹង​លើ​អ្នក​ទាំងពីរ​មិន​គួរ​ត្រូវ​បាន​យក​មក​ពិចារណា ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ​ទេ”។

​លោក​ អំ ​សំអាត​ និង​លោក​ ច័ន្ទ ​ពុទ្ធិ​ស័ក្ដ​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​ព្រះរាជ​អាជ្ញា​ លោក ​ងិន ​ពេជ វេលា​ម៉ោង ​២រសៀល ​និង​ម៉ោង ​៣រសៀល ​នៅ​ថ្ងៃទី​០៨ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ ​ ដើម​បណ្ដឹង​​ក្នុង​សំណុំរឿង​នេះ​មាន​ឈ្មោះ ​សំ ​សុធារ៉ា​ និង​ តែត​ ចន្ធូ ​ជា​សន្ដិសុខ​ខណ្ឌ។
តំណាង​សហគមន៍​បឹងកក់​ កញ្ញា ​សុង​ ស្រីលាភ​ បាន​មាន​ប្រសាសន៍​ថា៖ “​ករណី​នេះ​ច្បាស់​ណាស់​ថា ​មាន​តែ​ក្រុម​សន្ដិសុខ​ប៉ុណ្ណោះ​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​នៅ​ថ្ងៃ​នោះ ​ដោយ​បាន​វាយ​ដំ​លើ​សកម្មជនដីធ្លី​ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស”។ កញ្ញា​បន្ត​​ថា៖​ “អាជ្ញាធរ​គួរតែ​ជួយយើង​ស្វែង​រក​យុត្តិធម៌​ ដោយ​ត្រូវ​ស៊ើប​អង្កេត​លើ​អ្នក​ដែល​បាន​វាយដំ​យើង​នៅ​តាមដង​ផ្លូវ​”។


មើល​វីដេអូ​នេះ
ការវាយប្រហា​រទៅលើ​អ្នកគ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អ៊ំ សំអាត ដែលចាប់បាន​ដោយ​ម៉ាស៊ីនថត​របស់ វីអូឌី

នៅ​ព្រឹកថ្ងៃ​ដដែល ​លោក ​អំ សំអាត​ និង​លោក​ ច័ន្ទ ពុទ្ធិស័ក្ដ​ បាន​ដាក់​ពាក្យ​បណ្ដឹង​​នៅ​ប៉ុស្ដិ៏​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ​បន្ទាប់​ពីអ្នក​ទាំង​ពីរ​​ទទួលរង​អំពើ​ហិង្សា។ អង្គការ​លីកាដូ និងសារ​ព័ត៌មាន​ជាតិ​ជាច្រើន​ទៀត​​ មាន​ទាំងរូបថត ​វីដេអូ​ និង​សាក្សី​ ដែល​បញ្ជាក់​ពីការ​វាយដំ​យ៉ាង​អាក្រក់​នោះ ​ប៉ុន្តែ​បណ្ដឹង​របស់​អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​យក​មក​ចាត់ការ​ទេ។

លោក​ ថាវ​ គឹម​សាន​ នាយក​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​៖ "ការ​កោះ​ហៅ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ លោក ​អំ សំអាត​ និង​លោក​ ច័ន្ទ ​ពុទ្ធិស័ក្ដ ក្នុង​នាម​ជា​ជន​សង្ស័យ គឺ​បង្ហាញ​ពី​ភាព​លំអៀង​របស់​អាជ្ញាធរ​ប្រឆាំង​ទៅ​នឹង​ការ​ជួបជុំ​ដោយ​សន្ដិវិធី ​ដោយសារ​​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​ក្រុម​សន្ដិសុខ​វាយ​ដំ ក្នុង​ខណៈពេល​ដែល​អ្នក​ទាំងពីរ​ព្យាយាម​បញ្ចៀស​កុំឲ្យ​​អំពើហិង្សា​នេះ​បន្ត​ទៀត​និង​កំពុង​ថត​សកម្មភាព​”។ លោក​​បន្ដ​ទៀត​​ថា៖ “​នេះ​គឺ​ជា​និទ្ទណ្ឌភាព​របស់ក្រុម​សន្ដិសុខ​ដែលបាន​ប្រព្រឹត្ត​អំពើ​ហិង្សា”។

​តាមរយៈ​ភ័ស្ដុតាង​យ៉ាង​ច្បាស់​លាស់​ទាំងនេះ ​អ្នក​ទាំង​ពីរ​គឺ​ជា​ជនរងគ្រោះនិង​មិនមែន​ជា​ជនដែល​បាន​​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ។ អង្គការលីកាដូនិងសហគមន៍​បឹងកក់សង្ឃឹមថា​ លោក​ព្រះរាជ​អាជ្ញា​អាច​បញ្ចប់​ការ​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ លោក អំ សំអាត និង លោក ច័ន្ទពុទ្ធិស័ក្ដ ហើយ​ពិចារណា​​ដំណើរការ​បណ្ដឹង​ប្រឆាំង​នឹង​ជនដៃ​ដល់​ពិតប្រាកដ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ថ្ងៃ​នោះ​។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ​ថាវ គឹមសាន​ នាយក​អង្គការ​លីកាដូ, ​០១២ ៨០៧ ៧៦៣ (ភាសាខ្មែរ)
 អ្នកនាង​ ណាលី ពីឡូក​ នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ,​ ០១២ ៨០៣ ៦៥០ (ភាសាអង់គ្លេសនិងបារាំង)
 កញ្ញា ​សុង ស្រីលាភ​ តំណាង​សហគមន៍​បឹងកក់, ​០១២ ៨១១ ០៩៣ (ភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា