ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ចេញផ្សាយ ខែសីហា ឆ្នាំ២០១៩ ទាញយករបាយការណ៍នេះជាភាសាខ្មែរ (PDF, 7.87 MBs) | |
ទាញយករបាយការណ៍នេះជាភាសាអង់គ្លេស (PDF, 8.38 MBs) |
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដោយយោងតាមរបាយការណ៍រួមរបស់អង្គការ លីកាដូ និងសមាគមធាងត្នោត បានរកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់ព័ត៌មានលម្អិតអំពីទំហំនិងវិសាលភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្សដែលអ្នកស្រាវជ្រាវបានរកឃើញ។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញ ហើយការសិក្សាស្រាវជ្រាវនេះរួមបញ្ចូលទាំង ករណីសិក្សាលម្អិតចំនួន៧ នៃការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីអ្នកស្រាវជ្រាវបានសម្ភាសន៍ជាមួយនឹងអតិថិជនចំនួន២៨នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើប្រតិបត្តិការកម្ចីដោយអត្រាការប្រាក់ខ្ពស់ ដែលតម្រូវឱ្យដាក់បញ្ចាំប្លង់ដីជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះដាក់គោលដៅលើអតិថិជនក្រីក្រដែលងាយរងគ្រោះក្នុងការបាត់បង់ដីធ្លី។ ទម្រង់នៃប្រាក់កម្ចីដែលមានសភាពធ្ងន់ធ្ងរនេះ បានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែវាបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាពនៃសិទិ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។ ការកំណត់ពិដានអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹម១៨% សម្រាប់កម្ចីថ្មី ដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកាលពីខែមីនា ឆ្នាំ២០១៧ មិនបានកាត់បន្ថយការកើនឡើងនៃទំហំការប្រាក់ ឬជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានឡើយ។ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារក្នុងឆ្នាំ២០១៧។
កសិករក្រីក្រ គួរតែមិនត្រូវបានក្លាយជាកម្មវត្ថុនៃសកម្មភាពហិរញ្ញវត្ថុអសីលធម៌នោះទេ ប៉ុន្តែគួរតែទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុតាមបែបសហគមន៍ និងប្រកបដោយនិន្តរភាព។ អង្គការ លីកាដូ និងសមាគមធាងត្នោត សូមអំពាវនាវដល់រាជរដ្ឋាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកវិនិយោគឯកជន សូមមេត្តាធ្វើកំណែទម្រង់ការអនុវត្តអវិជ្ជមានទាំងនេះ និងធានាថាពលរដ្ឋកម្ពុជា នឹងមិនត្រូវបានគេបង្ខំឱ្យលក់ដីធ្លី និងទទួលរងគ្រោះពីការរំលោភបំពានសិទិ្ធមនុស្សរបស់អ្នកទាំងនោះ ដើម្បីដោះបំណុលដែលពួកគេជំពាក់នោះទេ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ តុលាការ និងនីតិរដ្ឋ សិទ្ធិដីធ្លី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបញ្ហាបំណុល សិទ្ធិស្ត្រី