ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ
ចេញផ្សាយ ខែសីហា ឆ្នាំ២០២៣ ទាញយករបាយការណ៍នេះជាភាសាខ្មែរ (PDF, 11.02 MBs) | |
ទាញយករបាយការណ៍នេះជាភាសាអង់គ្លេស (PDF, 7.74 MBs) | |
ស្តាប់សំឡេងជាភាសាខ្មែរ |
នាថ្ងៃនេះ អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយស្ដីពី ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ ។ របាយការណ៍នេះ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ ។
ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ ។ អ្នកខ្ចីប្រាក់ កំពុងធ្វើការលះបង់ដោយមិនសមស្របជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានានូវប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពីប្រាក់ចំណូល និងសមត្ថភាពរបស់អ្នកខ្ចី ក្នុងការបង់សង ។
អ្នកនាង ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់ បានមានប្រសាសន៍ថា “ការស្រាវជ្រាវនេះ ផ្ដល់នូវភស្តុតាងបន្ថែមទៀតថា ការរំលោភសិទ្ធិមនុស្សគឺ កំពុងកើតឡើងជាញឹកញាប់ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យឥណទានខ្នាតតូច នៅកម្ពុជា” ។ អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ ពុំមានពេលវេលាសម្រាប់ការពន្យារពេលទៀតនោះទេ ។ ពួកគេ ត្រូវការការអនុគ្រោះបំណុលបន្ទាន់ សម្រាប់អ្នកជាប់ជំពាក់បំណុលច្រើនលើសលប់ជាងគេ ដើម្បីទប់ស្កាត់វិបត្តិសិទ្ធិមនុស្សនេះ កុំឱ្យធ្ងន់ធ្ងរបន្ថែមទៀត” ។
ការរកឃើញសំខាន់ៗ នៃរបាយការណ៍ ហានិភ័យនៃបំណុល រួមមាន៖
▪ អ្នកខ្ចីប្រាក់ភាគច្រើនគឺជាប់ជំពាក់បំណុលច្រើនលើសលប់ ដោយអ្នកខ្ចីប្រាក់ជាង២/៣ “យល់ស្របទាំងស្រុង” ឬ “យល់ស្រប” ថា គ្រួសាររបស់ពួកគេជំពាក់បំណុលច្រើនពេក ហើយអ្នកខ្ចីជាង ២៧% កំពុងចំណាយប្រាក់ចំណូលរបស់ពួកគេជាង ៧០% លើការបង់សងបំណុល ជារៀងរាល់ខែ ។
▪ ប្រជាពលរដ្ឋតាមខ្នងផ្ទះជាង ៩២% ត្រូវបានតម្រូវឱ្យដាក់ប័ណ្ណកម្មសិទ្ធិដីធ្លីយ៉ាងតិចមួយ ដើម្បីវាយតម្លៃពីកម្ចីឥណទានខ្នាតតូចមួយ ។
▪ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ៦,១% បានលក់ដីដើម្បីសងបំណុល ។ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលកាន់កាប់កម្ចីច្រើនជាង ១% នៅក្នុងការស្ទង់មតិនេះ គឺមានជាប់ពាក់ព័ន្ធនឹងការលក់ដីដោយសារបំណុល យ៉ាងតិចមួយករណី ។
▪ ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង ។ ប្រមាណជា ៣%នៃប្រជាពលរដ្ឋតាមខ្នងផ្ទះ បានឱ្យកូនបោះបង់ការសិក្សា ដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ ដើម្បីបង់សងកម្ចីទាំងនោះវិញ ។
▪ អ្នកផ្ដល់បទសម្ភាសន៍ ជិត ១/៥ (១៨,៣%) បរិភោគអាហារតិចជាងមុន ក្រោយពេលយកកម្ចីពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។
▪ ប្រជាពលរដ្ឋកំពុងបង្កើនការយកកម្ចីថ្មី ដើម្បីទៅសងកម្ចីចាស់ ។ ក្នុងឆ្នាំ២០១២ កម្ចីត្រឹមតែ ៣,៤៥% ប៉ុណ្ណោះ ដែលត្រូវបានយកទៅសងកម្ចីដែលមានស្រាប់ ។ ប៉ុន្តែ តួលេខនៃកម្ចីប្រភេទនេះ បានកើនឡើងដល់ ៣៤,៨% នៅក្នុងឆ្នាំ២០២២ ។
▪ អ្នកខ្ចីភាគច្រើន មិនបានយល់ដឹងពីដំណើរការផ្លូវច្បាប់ ក្នុងករណីខកខានការបង់សងកម្ចី ឬមិនជឿថា មានការប្រើប្រាស់ដំណើរការផ្លូវច្បាប់ ។ ប្រមាណតិចជាង ២%នៃអ្នកផ្ដល់បទសម្ភាសន៍ទាំងអស់ បានលើកឡើងថា ពួកគេបានគិតអំពីការរឹបអូសដីតាមផ្លូវច្បាប់ ក្នុងករណីខកខានការបង់សង ។
វិនិយោគិន អាជ្ញាធរ និងតួអង្គអភិវឌ្ឍន៍នានា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីផ្ដល់ដំណោះស្រាយ សម្រាប់អ្នកខ្ចីប្រាក់ និងធានាថា ការអនុវត្តបែបកេងប្រវ័ញ្ចទាំងនេះនឹងត្រូវបញ្ឈប់ ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ការពារអ្នកប្រើប្រាស់ ដើម្បីអាចឱ្យយើងធានាបានថា សិទ្ធិមនុស្សជាមូលដ្ឋានរបស់អ្នកខ្ចីប្រាក់ ត្រូវបានគោរព
ហានិភ័យនៃបំណុល គឺជារបាយការណ៍ទី៥ ធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការលើសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ២០១៩មក ដោយផ្ដោតសំខាន់លើផលប៉ះពាល់ពាក់ព័ន្ធនឹងបំណុលមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ។ នេះ ក៏ជារបាយការណ៍ទីមួយ ដែលប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណ ដើម្បីពិនិត្យលើវិសាលភាពនៃផលប៉ះពាល់ទាំងនេះ ។
លទ្ធផលនៃការស្ទង់មតិនេះបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋ ១៩៥.៨៨២ខ្នងផ្ទះ នៅទូទាំងខេត្តកំពង់ស្ពឺ៖
▪ ១៥៧.៤១៣ ខ្នងផ្ទះ កំពុងបន្តបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យ៉ាងតិចមួយ ។
▪ ១៤៤.៨១៩ ខ្នងផ្ទះ បានដាក់ប្លង់កម្មសិទ្ធិដីធ្លីយ៉ាងតិចមួយ ជាទ្រព្យធានា សម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារមួយ ។
▪ ៩.៦០២ ខ្នងផ្ទះ បានលក់ដី ដើម្បីបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារមួយ ។
▪ ២៨.៨០៦ ខ្នងផ្ទះ កំពុងបរិភោគអាហារតិចជាងមុន ក្រោយពេលយកកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារមួយ ។
▪ ៤២.៩៧៣ ខ្នងផ្ទះ កំពុងចំណាយប្រាក់ចំណូលរបស់ពួកគេជាង ៧០% បង់សងបំណុល ជារៀងរាល់ខែ ។
▪ ៤.៥៦៥ ខ្នងផ្ទះ បានឱ្យកូនយ៉ាងតិចម្នាក់បោះបង់ការសិក្សា ដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារមួយ ដោយប៉ះពាល់កុមារសរុបចំនួន ៨.៩១២នាក់ ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “ពេលនេះ ផលប៉ះពាល់ទាំងនេះត្រូវបានបង្ហាញជាលម្អិត ដោយវិធីសាស្រ្តស្រាវជ្រាវទាំងបែបគុណភាព និងបែបបរិមាណ នៅរយៈពេល៤ឆ្នាំចុងក្រោយនេះ” ។ លោកបានបន្តថា “វិនិយោគិន អាជ្ញាធរ និងតួអង្គអភិវឌ្ឍន៍នានា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីផ្ដល់ដំណោះស្រាយ សម្រាប់អ្នកខ្ចីប្រាក់ និងធានាថា ការអនុវត្តបែបកេងប្រវ័ញ្ចទាំងនេះនឹងត្រូវបញ្ឈប់ ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ការពារអ្នកប្រើប្រាស់ ដើម្បីអាចឱ្យយើងធានាបានថា សិទ្ធិមនុស្សជាមូលដ្ឋានរបស់អ្នកខ្ចីប្រាក់ ត្រូវបានគោរព” ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា តាមរយៈ Signal: (+៨៥៥) ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
▪ អ្នកនាង ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: (+៨៥៥) ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ តុលាការ និងនីតិរដ្ឋ សិទ្ធិដីធ្លី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបញ្ហាបំណុល