អត្ថបទ

ការ​ពិនិត្យ​ឡេីង​វិញ​រយៈពេល​ ១០ឆ្នាំ​ ៖​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៩
F T M

ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ អង្គការ​លីកាដូ ធ្វើ​ការ​សង្ខេប​នូវ​ព្រឹត្តិ​ការណ៍ ស្តីពី​សិទិ្ធ​មនុស្ស និង ការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់​ៗ​នានា ក្នុង​រយៈ​ពេល​មូយ​ទសវត្ស​ចុង​ក្រោយ​នេះ។ ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បង្ហាញ​អំពី ស្ថាន​ភាព​សិទិ្ធ​មនុស្ស ក្នុង​ឆ្នាំ​នីមួយ​ៗ (ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩) ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ០១ ខែ ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៩ ។

ឆ្នាំ ២០១៩ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

បញ្ចេញមតិ៖ នៅថ្ងៃទី៩ ខែមករា អ្នកលក់សាច់មាន់តាមផ្លូវ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធនាគារ​រយៈពេល ៣ឆ្នាំ យោង​តាម​បញ្ញត្តិ​ហាម​ឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា លោក​បាន​ប្រមាថ​ព្រះ​មហាក្សត្រ នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីឆ្នាំមុន ។

នយោបាយ៖ នៅថ្ងៃទី១៦ ខែមករា មន្ត្រីគណបក្សសង្គ្រោះជាតិ​ម្នាក់ លោក គង់ ម៉ាស ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បរិហារ​កេរិ៍្ត ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​រិះគន់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ក្នុង​តំបន់ ។

ដីធ្លី៖ នៅថ្ងៃទី២០ ខែមករា អ្នកតំណាង​សហគមន៍ម្នាក់​មកពី​ខេត្ត​ព្រះវិហារ លោក ស៊ុម ម៉ឺន ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​កូន​របស់​លោក ដោយ​ទាហាន​កង​អន្តរាគមន៍​លេខ ៦ ដែល​ធ្វើការ​ជា​បុគ្គលិក​សន្តិសុខ​ឯកជន​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ។ សមាជិក​សហគមន៍​ចំនួន ១៤ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ ដែល​ជម្លោះ​ដីធ្លី​នោះ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​ជាង ៣០០ គ្រួសារ ។ សាក្សី បាន​រាយការណ៍​ថា លោក ម៉ឺន ត្រូវ​បាន​គេ​វាយដំ ក្រោយ​ពេល​ចាប់​ខ្លួន ។ ក្រោយ​មក​លោក​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង ២ខែ ដោយ​អាជ្ញាធរ​បាន​អះអាង​ថា​លោក បាន​រត់​គេច​ខ្លួន ។ ភ្លាមៗ​បន្ទាប់​ពី​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ចាប់​ផ្តើម​រាយការណ៍​អំពី​ការ​បាត់​ខ្លួន​របស់​លោក និង​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត លោក​បាន​បង្ហាញ​ខ្លួន ក្នុង​អាការៈ​ស្លេកស្លាំង និង​សុខភាព​មិន​សូវល្អ ។

ដីធ្លី៖ នៅថ្ងៃទី២៤ ខែ​មករា បុរស​ម្នាក់ ត្រូវ​បាន​គេ​បាញ់ និង​​រង​របួស​​យ៉ាង​​ធ្ងន់​ធ្ងរ បន្ទាប់​ពី​នគរបាល កង​រាជ​អាវុធហត្ថ និង​ទាហាន​ជាង ១០០ នាក់ បាន​ចូល​ទៅ​ក្នុង​ភូមិគគីរ នៃ​ខេត្ត​ព្រះសីហនុ ។ កងកម្លាំង​ចម្រុះ​នេះ ចុះ​ទៅ​ក្នុង​ភូមិ ដើម្បី​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ ដោយ​សម្រេច​ប្រគល់​ដី​ជម្លោះ​នោះ​ទៅ​ពលរដ្ឋ​ចំនួន ៩​គ្រួសារ ។ អ្នកតវ៉ា ដែល​មាន​មួយ​ចំនួន​កាន់​ដំបង គប់​ដុំថ្ម ​ដុត​កង់​ឡាន បាន​ព្យាយាម​រារាំង​កង​កម្លាំង​ទាំង​នោះ ពីការ​អនុវត្ត​សាល​ដីកា​នោះ ។ កង​កម្លាំង បាន​ឆ្លើយ​តប ដោយការ​បាញ់​កាំភ្លើង​ជាច្រើន​គ្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា ដោយ​ធ្វើ​ឲ្យ​បុរស​ម្នាក់​អាយុ ២៨ឆ្នាំ រង​របួស​យ៉ាង​ធ្ងន់ ។

ផ្សេងៗ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ សហគមន៍អឺរ៉ុប បាន​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ជា​ផ្លូវការ​ពី​កម្ពុជា ។ គណកម្មាការ​អឺរ៉ុប បាន​លើក​ឡើង​ពី​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ លើ​សិទិ្ធ​មនុស្ស​ជា​មូលដ្ឋាន និង​សិទិ្ធ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​សេរីភាព​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេរីភាព​ក្នុង​ការ​ជួបជុំ បញ្ចេញ​មតិ និង​សេរីភាព​ចងក្រង​ជា​សមាគម​និង​អង្គការ ។​ ការ​ព្រួយ​បារម្ភ​តាំងពី​យូរ​មក​ហើយ​អំពី​កង្វះ​ខាត​ការ​គោរព​សិទិ្ធ​កម្មករ និង​ជម្លោះ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ក៏ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បែបនេះ​របស់​គណកម្មាការ​អឺរ៉ុប ។

សង្គមស៊ីវិល៖ នៅថ្ងៃទី៨ ខែមីនា កងកម្លាំងចម្រុះ បានរារាំង​ពលរដ្ឋ​ចំនួន ៥០០ នាក់ ដោយ​មិន​ឱ្យ​ធ្វើ​ការ​ដើរ​ក្បួន​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​នារី ។ អាជ្ញាធរ បានបិទទ្វារ​របង​ពហុកីឡា​ដ្ឋាន​ជាតិ អូឡាំពិក ដែល​ធ្វើ​ឲ្យ​អ្នក​ប្រារព្ធ​ទិវា​មិន​អាច​ចេញ​មក​ក្រៅ​បាន ដោយ​អ្នក​ទាំង​នោះ​រួម​មាន​ស្ត្រី និង​កុមារ​ជាច្រើន ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ខ្លាំង​ពី​នគរបាល​បង្ក្រាប​បាតុកម្ម​ដែល​ពាក់​មួក​សុវត្ថិភាព និង​ខែល​ការពារ ។

នយោបាយ៖ នៅថ្ងៃទី១៥ ខែមីនា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ​ចំនួន ៨នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន លោក សម រង្ស៊ី អ្នក​ស្រី មួរ សុខហួរ និង​លោក អេង ឆៃអាង ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្បត់​ជាតិ និង​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ។

នយោបាយ៖ នៅថ្ងៃទី១៦ ខែមេសា សកម្មជនគណបក្សសង្គ្រោះ​ជាតិ លោក ទិត រ៉ន ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ និង​រក​ឃើញ​ថា​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ ក្នុង​រយៈពេល ៧២​ម៉ោង ក្រោយ​ពេល​មាន​ការ​ចាប់​ខ្លួន​លោក ដោយ​បន្សល់​ស្លាក​ស្នាម​វាយដំ​នៅ​លើ​ខ្លួន​របស់​លោក ។

នយោបាយ៖ នៅថ្ងៃទី២ ខែឧសភា អតីតប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក្រោម​បញ្ញត្តិ​ហាម​ឃាត់​ការ​ប្រមាថ​ព្រះ​មហាក្សត្រ និង​ញុះញង់​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​មិន​ស្តាប់​បញ្ជា​ថ្នាក់​លើ ដោយ​ដាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៨ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០ លាន​រៀល (៥.០០០ ដុល្លារ​អាមេរិក) ។

បញ្ចេញមតិ៖ នៅថ្ងៃទី២២ ខែឧសភា ពលរដ្ឋខេត្តស្វាយរៀង​ម្នាក់ ឈ្មោះ ឃឹម បញ្ញា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​តាម​បញ្ញត្តិ​ហាម​ឃាត់​ការ​ប្រមាថ​ព្រះ​មហាក្សត្រ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោក​រិះគន់​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ។

នយោបាយ៖ នៅចុងខែឧសភា យ៉ាងតិចអតីតសមាជិកគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤០នាក់ ទទួល​បាន​ដីកា​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​សាកសួរ ដោយ​នគរបាល ពាក់ព័ន្ធ​នឹង​ការ​មិន​គោរព​សាល​ដីកា​តុលាការ​កំពូល​កាលពី​ឆ្នាំ ២០១៧ ដែល​បង្គាប់​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ការចេញ​ដីកា​យ៉ាង​ច្រើន​នេះ បាន​កើត​ឡើង ទោះបី​ជា​ការ​ពិត មិន​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១៤០ នោះ មាន​ឈ្មោះ​ក្នុង​បញ្ជី​​ហាម​ឃាត់​ធ្វើ​នយោបាយ​ក្នុង​សាលដីកា​តុលាការ​កំពូល​ឆ្នាំ ២០១៧ ក៏​ដោយ ។

ផ្សេងៗ៖ នៅថ្ងៃទី២២ ខែមិថុនា អគារកំពស់ ៧ជាន់ នៅខេត្តព្រះសីហនុ បាន​បាក់​រលំ ដោយ​បាន​សម្លាប់​កម្មករ​សំណង់​ចំនួន ២៨នាក់ និង​បណ្តាល​ឲ្យ​កម្មករ​ផ្សេង​ទៀត​ចំនួន ២៦ នាក់​រង​របួស ។ ក្រុមហ៊ុន​ចិន​មួយ ដែល​គ្រប់គ្រង​ការ​សាង​សង់​នេះ ត្រូវ​បាន​ដឹង​ជា​សាធារណៈ​ថា មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាប់​ផ្តើម​សាងសង់​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ការដ្ឋាន​នេះ​បាន​សាង​សង់ ៨០% ទៅ​ហើយ ទោះ​បី​ជា​មាន​សេចក្តី​ជូន​ដំណឹង​ឲ្យផ្អាក​ការ​សាងសង់​ចំនួន​ពីរ​ដង ចេញ​ដោយ​អាជ្ញាធរ​ក៏ដោយ ។ លោក​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​លាលែង​ពី​តំណែង​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​នោះ ហើយ​ក្រោយ​មក​ត្រូវ​បាន​តំឡើង​ឋានៈ​ជា​ឧត្តម​សេនីយ៍​ផ្កាយ​បួន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ។

បញ្ចេញមតិ៖ នៅថ្ងៃទី៩ និងទី១០ ខែកក្កដា មនុស្សចំនួន ៧នាក់ ត្រូវបានឃាត់ខ្លួន ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ​ចូលរួម​រំលែក​ទុក្ខ និង​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ។ ក្នុងនោះ​មាន លោក គង់ រៃយ៉ា និងលោក សួង នាគព័ន្ធ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ។ លោក រៃយ៉ា បាន​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី និង​បង្ហោះ​សារ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត ដោយ​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរ​ដល់​អ្នក​ស្ម័គ​ចិត្ត​ទៅ​ចូលរួម ។ រីឯ​លោក នាគព័ន្ធ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​លោក កាន់​ក្រដាស​មួយ​សន្លឹក​អំពាវនាវ​ឲ្យ “បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ” ។ ក្រុម​សង្គម​ស៊ីវិល និង​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ នៅ​ខណៈ​ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​កំណត់​អ្នក​ទាំងនោះ​ថា​ជា “អ្នក​ទោស​មន​សិការ” ។

នយោបាយ៖ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា យ៉ាងតិចណាស់មានសមាជិក ឬ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១២៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​មនុស្ស​​ចំនួន ៧៨​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ ។ ការចោទ​ប្រកាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ចំនួន ២១ ខេត្ត នៅ​ទូទាំង​ប្រទេស ដោយ​ចោទ​ប្រកាន់​ពី​បទ “រួម​គំនិត​ក្បត់” និង "ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ” ហើយ​និង “ការ​មិន​គោរព​សេចក្តី​សម្រេច​របស់​តុលាការ” ។ បទចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​ទាំង​អស់ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​រំលាយ​គណបក្ស​ជំទាស់​កាលពី​ឆ្នាំ ២០១៧ ។ ក្រោយមក មនុស្ស ៧៨ នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ កាលពី​ខែ​វិច្ឆិកា ប៉ុន្តែ​បទចោទ​ប្រកាន់​របស់​អ្នក​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ទេ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី៤ ខែកញ្ញា អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន “អញ្ជើញ” អង្គការ លីកាដូ និង​សមាគម​ធាង​ត្នោត ទៅ​ពិភាក្សា​អំពី​ការ​ចេញ​ផ្សាយ​របាយការណ៍​រួម​កាល​ពី​ពេល​ថ្មីៗនេះ ដែល​និយាយ​អំពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​ដែល​បង្ក​ឡើង​ដោយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​​កម្ពុជា ។ កិច្ច​ប្រជុំ​បិទ​ទ្វារ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋធ្វើ​ការ​ដាក់​សំពាធ​ដល់​អង្គការ​ទាំងពីរ ឱ្យ​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​រាជ​រដ្ឋាភិបាល ដោយ​ក្នុង​ន័យ​សម្រាល​នូវ​អត្ថន័យ​ពិត​ក្នុង​របាយការណ៍​នោះ ។ ប៉ុន្តែ​អង្គការ​ទាំងពីរ មិន​បាន​ធ្វើ​តាម​នោះ​ទេ ។ បន្ទាប់​មក​អង្គការ ទាំង​ពីរ ត្រូវ​បាន​រាជរដ្ឋាភិបាល អញ្ជើញ​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​អង្គការ​ទាំងពីរ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី៩ ខែកញ្ញា ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ត្រូវបាន “អញ្ជើញ” ឲ្យ​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ដូចគ្នា ដើម្បី​ធ្វើ​ការ “អប់រំ” អំពី​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ “ដែល​មិន​ច្បាស់​លាស់” ជាមួយ​អ្នក​កាសែត ។ លោក ព្រាប កុល បាន​​ផ្តល់​​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​ក្នុង​តំបន់​មួយ ដែល​និយាយ​អំពី​ភាព​មិន​ស្មើគ្នា​នៃ​ការ​ទទួល​បាន​ប្រយោជន៍​ពីការ​រីកចំរើន​ផ្នែក​សេដ្ឋកិច្ច ដោយ​បាន​កត់​សម្គាល់​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន “មិន​បាន​ទទួល​ប្រយោជន៍” ពីការ​រីកចំរើន​នៃ​សេដ្ឋកិច្ច​ជាតិ​នោះទេ ។

ដីធ្លី៖ នៅថ្ងៃទី១៦ ខែតុលា នគរបាលបានចាប់ខ្លួនអ្នក​តំណាង​សហគមន៍​ពីរ​រូប នៅ​ខែត្រ​ត្បូងឃ្មុំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ចិន​មួយ​ឈ្មោះ ហាម៉ូនី វីន អ៊ិនវេសម៉េន (Harmony Win Investment) ។ អ្នក​តំណាង​ទាំងពីរ​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​របស់​អ្នក​ទាំងពីរ ក្នុង​ការ​ការពារ​ដីធ្លី​របស់​សហគមន៍​ពី​ការ​ទន្ទ្រាន​ពី​ក្រុមហ៊ុន ។
នយោបាយ៖ នៅថ្ងៃទី៣០ ខែតុលា សកម្មជនគណបក្សសង្គ្រោះ​ជាតិ អ្នកស្រី សំ បុប្ផា បាន​ស្លាប់ បន្ទាប់ពី​អ្នកស្រី​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​របស់​នគរបាល នៅ​ពេល​ដែល​អ្នក​ស្រី​ត្រូវ​បាន​នគរបាល​នាំខ្លួន ទាំង​ដែល​អ្នកស្រី​មិន​ព្រម ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​មួយ​ក្នុង​ខេត្ត​ស្វាយ​រៀង ។

នយោបាយ៖ នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​រយនាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មុន​ពេល​ដែល​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ប្រទេស​វិញ ។ រថយន្ត​យោធា​ដែល​បំពាក់​ដោយ​កាំភ្លើង​យន្ត ត្រូវ​បាន​ដាក់​នៅ​ចំពី​មុខ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​មាន​ការ​ចល័ត​ទ័ព​នៅ​តាម​ដង​ផ្លូវ​ជាច្រើន​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ដែល​រួមមាន​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង កំពង់​ធំ កោះ​កុង និង​ស្វាយ​រៀង​ជាដើម ។

បញ្ចេញមតិ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា អ្នកកាសែតពីររូបមកពីវិទ្យុសំឡេង​ប្រជាធិប​តេយ្យ (VoD) ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល ៣ម៉ោង ដោយ​កង​រាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​អ្នក​ទាំងនោះ​យក​ព័ត៌មាន​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ ។ អ្នក​រាយការណ៍​ទាំង​ពីរ បាន​និយាយ​ថា ក្រៅពី​ការ​សួរនាំ មន្ត្រី​នគរបាល​ទាំង​នោះ បាន​ឆែកឆេរ​សម្ភារៈ​របស់​អ្នក​ទាំង​ពីរ និង​ការ​សន្ទនា​ឯកជន​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ថែម​ទៀត​ផង ។

នយោបាយ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានដោះ​លែង​ពីការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ប៉ុន្តែ​លោក​នៅតែ​មិន​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ ហើយ​បទ​ចោទ​ប្រកាន់ ក៏មិន​ទាន់​ត្រូវ​បាន​តុលាការ​ទំលាក់​ចោល​នៅ​ឡើយ ។

ផ្សេងៗ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា សហគមន៍អឺរ៉ុប បានចេញនូវរបាយការណ៍​ស្វែង​រក​ការ​ពិត ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទិ្ធ​មនុស្ស ដែល​ជា​កត្តា​ឈាន​ទៅ​រក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្នុង​វិស័យ​ពាណិជ្ជកម្ម (EBA) ពីកម្ពុជា ហើយ​បាន​ផ្ញើ​របាយការណ៍​នោះ​មក​ភាគី​កម្ពុជា ។

បញ្ចេញមតិ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា លោក សួង នាគព័ន្ធ ត្រូវបានតុលាការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែកក្កដា ។ បទចោទ​ប្រកាន់ មិន​ទាន់​ត្រូវ​បាន​ទំលាក់​ចោលនៅ​ឡើយ ទោះបី​ជា​មាន​ការ​រិះគន់ និង​សំណូមពរ​ពី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ និង​ក្រុម​សិទិ្ធ​មនុស្ស​អន្តរជាតិ​ក៏​ដោយ ។

នយោបាយ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្ត្រី បាន​ថ្លែង​សុន្ទរ​កថា​សាធារណៈ​មួយ ថា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង ៥.០០០ នាក់ កាលពី​ឆ្នាំ ២០១៧ នឹង​មិន​ទទួល​បានតំ​ណែង​វិញ​នោះ​ទេ ។ ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​ទាំង​នោះ តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុជា ៤៣% នៃពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ ២០១៧ ។ មាន​ឃុំ-សង្កាត់​ចំនួន​ជាង ១.៦០០ ឃុំ-សង្កាត់ មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​យ៉ាង​តិច​មួយ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​ដក​យក​តំណែង ដោយ​មាន​តែ ៣៩ ឃុំ-សង្កាត់​ប៉ុណ្ណោះ ដែល​មិន​មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ។

នយោបាយ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ក្រសួងការបរទេស បានមោឃភាព​លិខិត​ឆ្លងដែន​របស់​សមាជិក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៧​នាក់ ដោយ​បាន​ផ្ញើ​សេចក្តី​ជូន​ដំណឹង​នេះ ទៅ​កាន់​ស្ថាន​ទូត និង​កុងស៊ុល​បរទេស​នានា​នៅ​កម្ពុជា ។

ការងារ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា រដ្ឋសភាជាតិ បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​សហជីព​ចំនួន ១០មាត្រា ។ មេដឹកនាំ​សហជីព​ឯករាជ្យ​ជាច្រើន បាន​រិះគន់​ការ​ធ្វើ​វិសោធន​កម្ម​នេះ ដោយ​បាន​លើកឡើង​ថា​មាត្រា​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ជា​ច្រើន​ផ្សេង​ទៀត មិនត្រូវ​បាន​អាជ្ញាធរ​កែប្រែ​ឡើយ ហើយ​បញ្ហា​ចំបង​ជាច្រើន​នៅ​ក្នុង​ច្បាប់​នេះ នៅតែ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ ។

បញ្ចេញមតិ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា លោក គង់ រ៉ៃយា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ បន្ទាប់ពី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ខែ​កក្កដា ។ បទចោទ​ប្រកាន់ មិន​ទាន់​ត្រូវ​បាន​ទំលាក់​ចោល​នៅ​ឡើយ ទោះ​បីជា​មាន​ការ​រិះគន់ និង​សំណូមពរ​ពី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ និង​ក្រុម​សិទិ្ធ​មនុស្ស​អន្តរជាតិ​ក៏ដោយ ។

នយោបាយ៖ នៅថ្ងៃទី២ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានអះអាងថាតុលាការ​មាន​ភស្តុតាង​គ្រប់​គ្រាន់ ក្នុង​ការ​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ ពាក់ព័ន្ធ​នឹង​បទ​ចោទ “សន្និដ្ឋិភាព​ជា​មួយ​បរទេស” ដោយ​បដិសេធ​សំណើ​សុំ​របស់​មេធាវី​របស់​លោក ក្នុង​ការ​ទំលាក់​ចោល​បទ​ចោទ​នេះ ។

ឆ្នាំ ២០១៨ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

សង្គមស៊ីវិល៖ នៅថ្ងៃទី៤ ខែមករា សាលាដំបូងរាជធានីភ្នំពេញ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នក​ដឹកនាំ​សង្គម​ស៊ីវិល​ដែល​ល្បី​ចំនួន ៣រូប គឺ​លោក ប៉ា ងួន​ទៀង លោក មឿន តុលា និង​ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ ពីបទ “រំលោភ​លើ​ទំទុក​ចិត្ត” ។ បទ​ចោទ​ប្រកាន់​នេះ គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អះអាង​ថា​អ្នក​ទាំង​បី​គ្រប់គ្រង​ថវិកា​បុណ្យ​មិនបាន​ត្រឹមត្រូវ​ក្នុង​ពិធី​បុណ្យ​សព លោក​បណ្ឌិត កែម ឡី ជាអ្នក​វិភាគ​នយោបាយ​មួយរូប​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត ។ ការចោទ​ប្រកាន់​បែប​មិន​សម​ទំនង​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ជា​អ្នក​នយោបាយ​មួយ​រូប ដែល​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​នាំ​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​នេះ ។ ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី បាន​ហៅ​បណ្តឹង​នេះ​ថា​ជា “បណ្តឹង​គ្មាន​មូលដ្ឋាន” ។

បញ្ចេញមតិ៖ នៅថ្ងៃទី៨ ខែកុម្ភៈ អាជ្ញាធរប្រទេសថៃបាន​និរទេស អ្នក​ស្រី សំ សុខា ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​ជន​ភៀស​ខ្លួន​មកពី​ប្រទេស​កម្ពុជា ។ អ្នកស្រី សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​គប់​ស្បែក​ជើង​ទៅ​លើ​ផ្ទាំង​ប៉ាណូ​ដែល​មាន​រូប​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ ។ អ្នក​ស្រី​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ដោយ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ពី​បទ “ញុះញង់​ឱ្យ​​មាន​ការ​រើសអើង” និង​បទ “ប្រមាថ​មន្ត្រី​សាធារណៈ” ។

បញ្ចេញមតិ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ សភាឯកបក្សនៅកម្ពុជាបាន​អនុម័ត​ជា​ឯកច្ឆ័ន្ធ​នូវ​ច្បាប់​ស្តីពី ការ​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ហាម​ឃាត់​ចំពោះ​ការ​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ។ បញ្ញត្តិ​នៃ​ច្បាប់​នេះ​បាន​កំណត់​ដាក់​ពន្ធនាគារ​ចាប់​ពី១ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ៥០០ ដុល្លារ ទៅ ២.៥០០ ដុល្លារ​អាមេរិក ។

នយោបាយ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ការបោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​បាន​ធ្វើ​ឡើង ។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ។ បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​បាន​ជាប់​ឆ្នោត​ប្រមាណ​ជាង ៥.០០០នាក់ ត្រូវ​បាន​ផ្លាស់​ជំនួស​ភាគ​ច្រើន​ដោយ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូច​ជា​គណបក្ស​តូច​ៗ​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​គាំទ្រ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ចំនួន ៥៨​អាសនៈ​លើ ៥៨​អាសនៈ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​២៥ ខែ​កុម្ភៈ​នោះ ។

ដីធ្លី៖ នៅថ្ងៃទី៨ ខែមីនា ពលរដ្ឋ ៣នាក់ នៅខេត្តក្រចេះ​ត្រូវ​បាន​បាញ់ និង​រង​របួស​នៅ​ពេល​ដែល​កម្លាំង​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​កម្លាំង​យោធា​ប្រមាណ ១០០នាក់ បាន​ធ្វើការ​បាញ់​ទៅ​លើ​ពលរដ្ឋ​ប្រមាណ ៣០០នាក់ ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​យ៉ាង​ហិង្សា​មួយ​ដោយ​កម្លាំង​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ខេត្ត​ក្រចេះ ។ ការ​ប៉ះ​ទង្គិច​នេះ​កើត​ឡើង​ដោយសារ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ ។

នយោបាយ៖ នៅថ្ងៃទី១៩ ខែមេសា ក្រុមការងាររបស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់ (WGAD) បាន​អះអាង​ថា​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា “រឿង​នយោបាយ” ហើយ​អំពាវនាវ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ជា​បន្ទាន់ និង​ផ្តល់​សំណង​និង​ជួសជុល​ការ​ខូចខាត​ដល់​លោក ។

បញ្ចេញមតិ៖ នៅថ្ងៃទី៥ ខែឧសភា កាសែតភ្នំពេញប៉ុស្តិ៍ ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយ​មួយ ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ម៉ាឡេស៊ី ។ ក្រុម​ហ៊ុន​នេះ ពី​មុន​ធ្លាប់​ធ្វើការ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី កាល​ពី​ទស្សវត្សរ៍​ឆ្នាំ ១៩៩០ ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​រង​នូវ​ការ​បង្ខំ​ឲ្យ​បង់​ពន្ធ​ដែល​មិន​ត្រឹមត្រូវ​ចំនួន ៣,៩ លាន​ដុល្លារ​អាមេរិក ផង​ដែរ មុន​ពេល​ស្ថាប័ន​សារព័ត៌​មាន​នេះ ត្រូវ​បាន​លក់ ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ដោយ​ស្មោះ​ត្រង់ និង​ដោយ​ឥត​លាក់​លៀម​នូវ​ស្ថានភាព​នៃ​ការ​លក់​របស់​ស្ថាប័ន​នេះ ប៉ុន្តែ​អ្នក​តំណាង​ម្ចាស់​សារព័ត៌មាន​ថ្មី បាន​បង្គាប់​ឲ្យ​លុប​​​នូវ​អត្ថបទ​នោះ​ចេញ​ពី​គេហទំព័រ​របស់​ស្ថាប័ន ។ ស្ថាន​ភាព​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​នូវ​និពន្ធ​នាយក​ម្នាក់ ដែល​បាន​យល់ព្រម​ឲ្យ​អត្ថបទ​នោះ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ភ្នំពេញ​ប៉ុស្តិ៍ និង​ការ​លាឈប់​នៃ​អ្នក​រាយការណ៍ និង​អ្នក​សរសេរ​ព័ត៌មាន​មួយ​ចំនួន​ធំ ត្រឹមតែ​រយៈពេល​មួយ​សប្តាហ៍​ដំបូង បន្ទាប់ពី​មាន​គណៈ​គ្រប់គ្រង​ថ្មី ។

នយោបាយ៖ នៅថ្ងៃទី១៩ ខែឧសភា អតីតអ្នកដឹកនាំគណបក្សសង្គ្រោះ​ជាតិ​ថ្នាក់​ស្រុក​ម្នាក់ នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ពេល​លោក​បាន​ចែក​រំលែក​អត្ថបទ​មួយ​រិះគន់​ព្រះ​មហាក្សត្រ និង​សម្តេច​នាយក​រដ្ឋមន្ត្រី នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ។ លោក បាន សម្ភីរ ដែល​ជា​អតីត​មន្ត្រី​គណបក្ស​ជំទាស់ ត្រូវ​បាន​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​ថ្មី​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ទើប​តែ​ត្រូវ​បាន​សភា​អនុម័ត​ថ្មី និង​ដាក់​ទោស​ពន្ធនាគារ​រយៈពេល ១ឆ្នាំ ។

បញ្ចេញមតិ៖ នៅថ្ងៃទី២៨ ខែឧសភា រាជរដ្ឋាភិបាល បានសេចក្តីប្រកាស​អន្តរ​ក្រសួង​មួយ អំពាវ​នាវ​ឲ្យ​រឹត​បន្តឹង​ការ​ឃ្លាំមើល និង​ត្រួត​ពិនិត្យ​តាមដាន​ចាប់​ពិរុទ្ធ​នូវ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្តាញ​សង្គម និង​អ៊ិនធើណេត ។ សេចក្តី​ប្រកាស​នេះ បង្គាប់​ឲ្យ​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធ ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ និង “បិទ” គេហទំព័រ​លើ​បណ្តាញ​សង្គម និង​អ៊ិន​ធើណេត​ណា ដែល​មាន​អត្ថបទ “បែប​ញុះ​ញង់ បំបែក​បំបាក់​សាមគ្គីភាព​ជាតិ រើស​អើង និង​ចេតនា​បង្ក​អសន្តិសុខជាតិ សណ្តាប់​ធ្នាប់​សង្គម និង​ប្រយោជន៍​សាធារណៈ” ។

សង្គមស៊ីវិល៖ នៅខែឧសភា បុគ្គលិកអង្គការ លីកាដូ បានប្រទះនូវការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ិនធើណេត​មួយ ដែល​ព្យាយាម​ក្លែង​ជា​គេហទំព័រ​ស្វែង​រក​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ដើម្បី​បញ្ឆោត​ឱ្យ​បុគ្គលិក​របស់ លីកាដូ បង្ហាញ​នូវ​លេខ​សំងាត់​អ៊ីមែល​របស់​បុគ្គលិក ទៅ​​ជន​​ទី​បី នៅ​​ពេល​​​ដែល​​​បុគ្គលិក​​​ទាំង​​​នោះ ចូល​​ទៅ​​មើល​​គេហទំព័រ​​របស់​​កាសែត​​ភ្នំពេញ​​ប៉ុស្តិ៍ ។ ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​វិភាគ​ផ្នែក​សុវត្ថិភាព​ប្រព័ន្ធ​អ៊ិនធើណេត​ឯករាជ្យ ។

នយោបាយ៖ នៅថ្ងៃទី២៩ ខែកក្កដា គណបក្សប្រជាជនកម្ពុជា បាន​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​មួយ ដែល​សាធារណៈ​មតិ​ជាតិ និង​អន្តរ​ជាតិ​អះអាង​ថា​ មិន​មាន​ការចូលរួម​ពី​គណ​បក្ស​ជំទាស់ ក្រោយ​ពេល​ដែល​មាន​ការ​បង្ក្រាប​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំង​ជាច្រើន ដែល​រួម​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ជំទាស់​ធំ​តែ​មួយ​គត់ ។ នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​កម្ពុជា ដែល​មាន​តែ​គណបក្ស មួយ​គត់ គ្រប់​គ្រង​រដ្ឋសភា​ជាតិ ។ ចំនួន​សន្លឹក​​ឆ្នោត​​មិន​បាន​ការ ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ​ដែល​គណបក្ស​តូចៗ​ដទៃ​ទៀត​ទទួល​បាន ។

ដីធ្លី៖ នៅថ្ងៃទី២០ ខែសីហា សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ត្រូវបាន​ព្រះ​មហាក្សត្រ ព្រះ​រាជ​ទាន​លើកលែង​ទោស និង​ដោះ​លែង​ពី​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ២ឆ្នាំ ដោយ​បទចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ជាច្រើន ។ ភ្លាមៗ​ក្រោយ​ពេល​ដោះលែង អ្នក​ស្រី និង​សកម្មជន ៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធនាគារ​មួយ​ទៀត ប៉ុន្តែ​ទោស​ត្រូវ​ព្យួរ ។ អ្នកស្រី ត្រូវ​បាន​គេ​តាម​ដាន និង​បំភិត​បំភ័យ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​អ្នក​ស្រី ត្រូវ​បាន​គេ​ដោះលែង ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី បង្ខំ​ចិត្ត​គេច​ចេញ​ពី​ប្រទេស ។

បញ្ចេញមតិ៖ នៅថ្ងៃទី២១ ខែសីហា អ្នករាយព័ត៌មានរបស់វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន និង​លោក អ៊ួន ឈិន ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ ប៉ុន្តែ​អ្នក​ទាំងពីរ ត្រូវ​បាន​កម្រិត​សិទិ្ធ​សេរីភាព​មួយ​ចំនួន ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី២៦ ខែកញ្ញា បុគ្គលិកបួន​រូប​របស់​សមាគម អាដហុក និង​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ សូក​ប៉ាន់​សាក្សី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មួយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ។ អ្នក​ទាំង​ប្រាំ ត្រូវ​បាន​ផ្តន្ទា​ទោស​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ដែល​ទោស​នៅ​សល់ពី​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ត្រូវ​បាន​តុលាការ​ព្យួរ ។ អ្នក​ទាំង​ប្រាំ បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល ១៤ខែ ។ មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿ​បាន​ណា​មួយ ត្រូវ​បាន​បង្ហាញ​ដោយ​ព្រះ​រាជអាជ្ញា អំឡុង​ពេល​សវនាការ​មួយថ្ងៃ កាលពី​ថ្ងៃទី១៨ ខែ​កញ្ញា​នោះ​ទេ ហើយ​មនុស្ស​ដែល​អះអាង​ថា​ជា​សាក្សី ក៏​មិនមាន​វត្តមាន​ក្នុង​សវនាការ​ដែរ ។

ដីធ្លី៖ នៅថ្ងៃទី១ ខែតុលា អាជ្ញាធរជាច្រើន បានរារាំងសហគមន៍ចំនួន ២ ដោយ​មិន​ឲ្យ​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​លំនៅដ្ឋាន ។ សហគមន៍​មួយ ត្រូវ​បាន​រារាំង ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រើស​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​អ្នក​តំណាង ត្រូវ​បាន​ឃាត់​ខ្លួន និង​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​សន្យា​ថា​នឹង​មិន​រៀបចំ​កម្មវិធី​បែប​នេះ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទៀត។ សហគមន៍​មួយ​ទៀត នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ខេត្ត ដោយ​បាន​អះអាង​ថា​ខុស​នឹង​ច្បាប់ ។

ផ្សេងៗ៖ នៅថ្ងៃទី៥ ខែតុលា សហគមន៍អឺរ៉ុប បាន​ប្រកាស​ពី​ផែនការ​ចាប់ផ្តើម​ស៊ើប​អង្កេត​ទៅ​លើ​ការ​គោរព​តាម​កាតព្វកិច្ច​របស់​កម្ពុជា​លើ​វិស័យ​សិទិ្ធ​មនុស្ស ពាក់ព័ន្ធ​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ក្រោម​យន្តការ​អ្វី​ទាំងអស់​លើក​លែង​តែ​អាវុធ EBA ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​យន្តការ​ការពារ​សិទិ្ធ​មនុស្ស និង​សិទិ្ធ​ការងារ សម្រាប់​រដ្ឋ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​នេះ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១០ ខែធ្នូ កងសន្តិសុខ​រាប់​រយ​នាក់ ដោយ​មាន​ពាក់​មួក​សុវត្ថិភាព បាន​ឡោម​ព័ទ្ធ​ការ​ប្រមូល​ផ្តុំ​មួយ​របស់​កម្មករ​រោងចក្រ កសិករ គ្រូ​បង្រៀន សហជីព និង​អ្នក​តំណាង​និង​សមាជិក​សហគមន៍​ជាច្រើន​រយ​នាក់ នៅ​ពេល​អ្នក​ទាំង​នោះ​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ ។ រាជរដ្ឋាភិបាល បាន​រារាំង​ក្រុម​ពលរដ្ឋ​ទាំង​នោះ ដោយ​មិន​ឲ្យ​ដើរ​ក្បួន ហើយ​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​រតន​គិរី បន្ទាយ​មានជ័យ និង​កោះកុង ក៏​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​រឹត​ត្បិត​សិទិ្ធ​សេរីភាព​របស់​អ្នក​ទាំង​នោះ​ក្នុង​ការ​ជួបជុំ​ផង​ដែរ ។

ការងារ៖ នៅថ្ងៃទី១១ ខែធ្នូ មេដឹកនាំ​សហជីព​ឯករាជ្យ​ដែល​ល្បី​ឈ្មោះ​ចំនួន ៦នាក់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​ខែធ្នូ ឆ្នាំ២០១៣ និង​ខែ​មករា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ ។ ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​ទាំង ៦ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធនាគារ​ចំនួន ២​ឆ្នាំកន្លះ ដែល​ទោស​ពន្ធនាគារ​ត្រូវ​បាន​ព្យួរ ហើយ​បង្គាប់​ឲ្យ​បង់​ពិន័យ​ចូល​រដ្ឋ​ចំនួន ៨.៦០០ ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ។ ការ​កាត់ទោស​នេះ មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា​មេដឹកនាំ​សហជីព​ទាំង​នោះ បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ ។

ឆ្នាំ ២០១៧ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

ផ្សេងៗ៖ ថ្ងៃទី០១ ខែមករា “យុទ្ធនា​ការ​បង្រ្កាប​គ្រឿង​ញៀន​របស់​រាជ​រដ្ឋាភិបាល” បាន​ចាប់​ផ្តើម ។ យោង​តាម​ទិន្នន័យ​របស់​រាជ​រដ្ឋាភិបាល នៅក្នុង ៦ខែ ដើមឆ្នាំ ២០១៧ មនុស្ស​ប្រមាណ​ជាង ១០.០០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដែល​រួម​មាន​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​មិន​បាន​គោរព​ដល់​នីតិវិធី​ត្រឹមត្រូវ​របស់​តុលាការ និង​សិទ្ធិ​ជា​មូលដ្ឋាន ដូចជា​សិទ្ធិ​ទទួល​បាន​មេធាវី ។ ចំនូន​​អ្នក​​ជាប់​​ពន្ធនាគារ ដែល​កើន​ឡើង​លើស​ចំណុះ​នៃ​ពន្ធនាគារ​ដែល​អាច​ផ្ទុក​បាន​ស្រាប់ទៅហើយ បាន​កើន​ឡើង​បន្ថែម​ទៀត ។

សង្គមស៊ីវិល៖ ថ្ងៃទី៨ ខែកុម្ភៈ មន្រ្តីជាន់ខ្ពស់​របស់​អង្គការ​លីកាដូ លោក អំ សំអាត និង​សកម្មជន​ដីធ្លី​លោក ច័ន្ទ ពុទ្ធិស័ក្ដ ត្រូវ​បាន​កោះហៅ​ជា​ជន​សង្ស័យ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ដើរ​ក្បួន​មូយ​ដោយ​អហិង្សា​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ​តុលា ឆ្នាំ២០១៦ ហើយ​អ្នក​ទាំងពីរ​ត្រូវ​បាន​វាយ​ដំ​ពី​សំណាក់​កង​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ។

បញ្ចេញមតិ៖ ថ្ងៃទី១៧ ខែកុម្ភៈ អ្នកវិភាគ​ផ្នែក​នយោបាយ លោក គឹម សុខ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍ បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្រ្តី បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​វិភាគ​នោះ ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ។ ក្រោយ​មក​លោក គឹម សុខ ត្រូវ​បានតុលាការ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ ។

នយោបាយ៖ ថ្ងៃទី២០ ខែកុម្ភៈ កិច្ច​ប្រជុំ​រដ្ឋសភា​ដែល​មាន​គណបក្ស​តែ​មួយ (សមាជិក​របស់​គណបក្ស សង្គ្រោះជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ) បាន​អនុម័ត​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​នយោបាយ​នោះ តាម​សំណើ​របស់​អាជ្ញាធរ​រាជរដ្ឋាភិបាល ប្រសិន​បើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នោះ ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ព្រហ្មទណ្ឌ ។ ការធ្វើ​វិសោធន​កម្ម​នោះ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្ស​ជំទាស់ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ថា​ជា​ការ​រំលោភ​បំពាន​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ ។ អតីត​ប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​មួយ​សប្តាហ៍​មុន ដើម្បី​បញ្ជៀស​ពីការ​រំលាយ​បក្ស ក្រោយ​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​ចូល​ជា​ធរមាន ដែល​ផ្ទេរ​ការ​ដឹកនាំ​បក្ស​ទៅ​ឱ្យ​លោក កឹម សុខា ។

ដីធ្លី៖ ថ្ងៃទី២៣ ខែកុម្ភៈ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ទាក់ទង​នឹង​ការ​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​បឹង​កក់​កាល​ពីឆ្នាំ​២០១៣ ។ ការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​បន្ថែម​ចំនួន ៣០ខែ និង​ពិន័យ​ជាប្រាក់ ១៤​លាន​រៀលនេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​អ្នក​ស្រី ទេព វន្នី កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ស្រាប់ ។

ផ្សេងៗ៖ ថ្ងៃទី២៣ ខែមីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន ផ្តន្ទាទោស​លោក អឿត អាង ហៅ “ជួប សម្លាប់” ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន​ទៅ​លើ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ។ ការ​ខ្វះខាត​តម្លាភាព នីតិ​វិធី​សវនាការ​មិន​គ្រប់​គ្រាន់ ការ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់ ការ​រួមផ្សំ​គំនិត និង​ស្ថានភាព​នៃ​ការ​ចាប់​ខ្លួន ត្រូវ​បាន​រិះគន់​ពី​សំណាក់​មេធាវី អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សហគមន៍​ជាតិ​និង​អន្តរជាតិ ។ ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យលើករណីឃាតកម្មលោក កែម ឡី ដោយយកគំរូតាមការអនុវត្តរបស់អន្តរជាតិ មិនត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនោះឡើយ ។

សង្គមស៊ីវិល៖ នៅខែមេសា អាជ្ញាធរ​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ដំណើរការ​ទទួល​បាន​ការ​ថែទាំ​សុខភាព​លើ​មន្ត្រី និង​អតីត​មន្រ្តីរ​បស់​សមាគម អាដហុក ចំនួន ៣នាក់​ក្នុង​ចំណោម ៥នាក់ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ។ អ្នក​ទាំង​បី​នាក់​បាន​ប្រឈម​នឹង​ស្ថានភាព​ជម្ងឺ​យ៉ាង​ធ្ងន់ធ្ងរ មុន​ពេល​ដែល​អ្នក​ទាំងនោះ​ទទួល​បាន​ការ​ព្យាបាល​ឡើងវិញ​នៅចុង​ខែ​មិថុនា ។

នយោបាយ៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ។ គណបក្សសង្គ្រោះជាតិបានឈ្នះសម្លេង ៤៣% នៃចំនួនអ្នកបោះឆ្នោតសរុប ដែលជាមូលហេតុធ្វើឱ្យគណបក្សនេះទទួលបានតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាង ៥.០០០កន្លែង ហើយនេះជាការចូលរួមលើកទីមួយរបស់គណបក្សសង្គ្រោះជាតិក្នុងព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ឃុំសង្កាត់ ។

នយោបាយ៖ ថ្ងៃទី១០ ខែកក្កដា រដ្ឋសភាជាតិបានអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទីពីរ ដែលអនុញ្ញាតឱ្យរំលាយគណបក្សនយោបាយណាដែល “គំាំទ្រ ឬរៀបចំផែនការ ឬរួមគំនិតជាមួយបុគ្គលផ្សេងទៀតក្នុងការបង្កើតសកម្មភាពប្រឆាំងទៅនឹងផលប្រយោជន៍ព្រះរាជាណាចក្រកម្ពុជា” ។ ច្បាប់នេះបានហាមឃាត់ការប្រើប្រាស់ “សម្លេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌ...សម្រាប់ផលប្រយោជន៍របស់គណបក្ស” ។ ច្បាប់នេះត្រូវបានគេឃើញថាមានគោលដៅសំខាន់លើគណបក្សសង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក កឹម សុខា និងលោក សម រង្ស៊ី ហើយក្រោយមកម្នាក់ក្នុងចំណោមអ្នកទាំងពីរ កំពុងប្រឈមនឹងការផ្តន្ទាទោសជាច្រើន ។

បញ្ចេញមតិ៖ នៅចុងខែសីហា រាជរដ្ឋាភិបាលបានបង្គាប់ឱ្យបិទស្ថានីយវិទ្យុចំនួន ៣២ នៅតាមបណ្តាខេត្តទាំង២០ ដែលការបិទនេះមានគោលដៅលើវិទ្យុណាដែលផ្សាយព័ត៌មានឯករាជ្យជាភាសាខ្មែរ ពិសេសគឺវិទ្យុអាស៊ីសេរី(RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក(VoA) និងវិទ្យុសម្លេងប្រជាធិបតេយ្យ(VoD) ហើយការហាមឃាត់នេះក៏រួមបញ្ចូលទាំងការផ្សាយរបស់វិទ្យុដទៃទៀតដែលផ្សាយសម្លេងបន្តពីវិទ្យុដែលបានហាមឃាត់នោះផងដែរ ។ ការបិទដ៏ធំធេងមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់មួយចំនួនដែលពឹងផ្អែកលើវិទ្យុជាប្រភពចម្បងក្នុងការទទួលបានព័ត៌មាន ។

បញ្ចេញមតិ៖ នៅថ្ងៃទី២៨ ខែសីហា អ្នកកាសែតដឹខេមប៊ូឌាដេលី ២នាក់ លោក អុន ភាព និងលោក Zsombor Peter ត្រូវបានប្រកាន់ពីបទញុះញង់ តាមរយៈបណ្តឹងរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ទាក់ទងទៅនឹងការរាយការណ៍ព័ត៌មាននៅខណៈពេលខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ ។

នយោបាយ៖ នៅថ្ងៃទី៣ ខែកញ្ញា មន្ត្រីនគបាលជាច្រើននាក់ បានធ្វើការវាយឆ្មក់ទៅលើគេហដ្ឋានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបានចាប់ខ្លួនលោក ដោយចោទប្រកាន់ពីអំពើក្បត់ជាតិ ។ លោកត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីរងចាំសវនាការ ក្នុងបទចោទដែលអាចមានលទ្ធភាពក្នុងការជាប់ពន្ធនាគាររហូតទៅដល់៣០ឆ្នាំ ។ ភស្តុតាងតែមួយគត់ដែលបង្ហាញដោយរាជរដ្ឋាភិបាល គឺការថ្លែងសុន្ទរកថារបស់លោក ដែលត្រូវបានធ្វើឡើងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ ដោយលោកបានលើកឡើងថាលោកធ្លាប់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ។ មេបញ្ជាការយោធាទាំងអស់ទូទាំងប្រទេសបានចេញនូវសេចក្តីថ្លែងការណ៍របស់ខ្លួនគាំទ្រនឹងចាប់ខ្លួននេះ ហើយអង្គភាពអង្គរក្សសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា មានរថក្រោះរាប់រយបានត្រៀមរួចរាល់ជាស្រេចក្នុងការទប់ទល់នឹងសកម្មភាពទាំងឡាយដែលតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះ ។

បញ្ចេញមតិ៖ នៅថ្ងៃទី០៤ ខែកញ្ញា កាសែតឯករាជ្យមួយ ឈ្មោះឌឹខេមបូឌាដេលី (Cambodia Daily) ត្រូវបិទដោយបង្ខំ ក្រោយពេលដែលទទួលបង្ខំឲ្យបង់ពន្ធរដ្ឋចំនួន ៦,៣លាន ដុល្លាសហរដ្ឋអាមេរិក ។ បន្ទាប់មកបណ្តឹងព្រហ្មទណ្ឌចំពោះការគេចពន្ធ និងបរិហាកេរ្តិ៍ ត្រូវបានធ្វើឡើងប្រឆាំងនឹងម្ចាស់ កាសែត ដែលកំពុងរស់នៅបរទេស និងអ្នកគ្រប់គ្រងទូទៅដែលនៅក្នុងស្រុក ដោយហាមមិនឱ្យចាកចេញពីប្រទេសកម្ពុជា ។ កាសែតឌឹខេមបូឌាដេលី បានបោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៩៣ ដែលជាសារព័ត៌មានឯករាជ្យមួយក្នុងចំណោមសារព័ត៌មានឯករាជ្យមួយចំនួនតូច ដោយតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាល និងរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១១ ខែកញ្ញា យុវជន លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានចាប់ខ្លួនខណៈពេលដែលអ្នកទាំងពីរកំពុងថតសកម្មភាពនាវាធំៗចំនួនពីរ ដែលបានបោះយុថ្កានៅឆ្នេរសមុទ្រខេត្តកោះកុង ។ សកម្មជនបរិស្ថានទាំងពីរនាក់បានសង្ស័យថានាវាទាំងពីរបានបូមខ្សាច់ដោយខុសច្បាប់ដើម្បីនាំចេញទៅបរទេស ។ ការចាប់ខ្លួននេះត្រូវបានរាយការណ៍ថា បានផ្អែកទៅលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាអ្នកជំនួញម្នាក់ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាផងដែរ ។ សកម្មជនបរិស្ថានទាំងពីរនាក់បានរងនូវការចោទប្រកាន់ពីបទញ៉ុះញ៉ង់ និងបទរំលោភលើទីកន្លែងកម្មសិទ្ធិឯកជន ហើយអ្នកទាំងពីរត្រូវបានបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកោះកុង ។

នយោបាយ៖ នៅថ្ងៃទី០៦ ខែតុលា មេធាវីរបស់រាជរដ្ឋាភិបាលបានប្តឹងទាមទារឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា នៅខែកញ្ញា ។

នយោបាយ៖ នៅថ្ងៃទី១៦ ខែតុលា រដ្ឋសភាជាតិបានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចអនុញ្ញាតឱ្យមានការបែងចែងជាថ្មីនូវអាសនៈនៃរដ្ឋសភារបស់គណបក្សដែលត្រូវបានរំលាយ ។ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ បានធ្វើពហិកាមិនចូលរួមអង្គប្រជុំនេះទេ ។ ច្បាប់ដែលត្រូវបានវិសោធនកម្មហើយ បានបើកឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលជាប់ឆ្នោតត្រឹមត្រូវ ទៅបែងចែកឱ្យទៅសមាជិកគណបក្សកាន់អំណាច និងគណបក្សតូចៗផ្សេងទៀតដែលមិនទទួលបានសម្លេងឆ្នោតពីរាស្ត្រ ។ ការធ្វើវិសោធនកម្មផ្សេងទៀត ក៏អនុញ្ញាតឱ្យមានការបែងជាថ្មីចំពោះអាសនៈនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្ក្រោះជាតិ ដែលបានឈ្នះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០១៧ ។

នយោបាយ៖ នៅថ្ងៃទី២២ ខែតុលា សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងក្នុងសុន្ទរកថាសាធារណៈមួយថា លោកប្រាកដ ៩៩% ថាគណបក្សសង្គ្រោះជាតិនឹងត្រូវបានរំលាយមុនសវនាការកាត់ក្តីលោក កឹម សុខា ។ សម្តេចនាយករដ្ឋមន្រ្តីក៏បានធ្វើការសន្យាថា នឹងរក្សាតួនាទីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសង្គ្រោះជាតិជាង ៥០០០នាក់ ប្រសិនបើអ្នកទាំងនោះចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

សង្គមស៊ីវិល៖ នៅក្នុងខែតុលា ការបែកធ្លាយមួយបានបង្ហាញថានគរបាលជាតិបានចោទប្រកាន់សង្គមស៊ីវិល ក្រុមសហគមន៍ការពារសិទ្ធិដីធ្លីថា អ្នកទាំងនោះជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលមានស្នាក់ការកណ្តាលនៅស្ថានទូតអាមេរិក និងសហភាពអ៊ឺរ៉ុប ។ វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងដល់នគរបាល និងអាជ្ញាធរ ដើម្បីតាមឃ្លាំមើលសង្គមស៊ីវិល ក្រុមសហគមន៍ការពារសិទ្ធិដីធ្លី ទាំងនោះ ។

នយោបាយ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូល ដែលមានប្រធានមួយរូបជាសមាជិករបស់គណកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានសំណើពីរាជរដ្ឋាភិបាល ។ សំណើនេះត្រូវបានធ្វើដោយប្រើប្រាស់ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែត្រូវបានធ្វើវិសោធនកម្មថ្មីៗកាលពីខែកុម្ភៈ ។ មេធាវីតំណាងរាជរដ្ឋាភិបាល បានចោទប្រកាន់ដោយគ្មានភស្តុតាងថា គណបក្សសង្គ្រោះជាតិ អង្គការជាតិ និងអន្តរជាតិ មានការពាក់ព័ន្ធក្នុងការប៉ុនប៉ងចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាលបានដៅឈ្មោះអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ (COMFREL) ថាជា “អ្នកសមគំនិត” ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះ ។

បញ្ចេញមតិ៖ នៅថ្ងៃទី ១៨ ខែវិច្ឆិកា អ្នកកាសែតនៃវិទ្យុអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន និងលោក អ៊ួន ឈិន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទចារកម្ម ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ។

នយោបាយ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា អាសនៈចំនួន៤៤ នៃរដ្ឋសភាជាតិរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើការបែងចែកជាថ្មីទៅឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សតូចៗផ្សេងទៀតដែលមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ ។ ការបែងចែកនេះ ត្រូវបានធ្វើដោយយោងទៅលើវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយរដ្ឋសភាជាតិកាលពីខែកញ្ញា ។

ឆ្នាំ ២០១៦ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

ការងារ៖ នៅថ្ងៃទី ៦ ខែកុម្ភៈ មានមនុស្ស ១៤នាក់ ត្រូវបានរងរបួស​ដោយ​សា​អំពើ​ហឹង្សា​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​អ្នក​បើកបរ​រថយន្ត​ក្រុង​ដែល​កំពុងតវ៉ា និង​អ្នក​គាំទ្រ​របស់​អ្នក​ទាំងនោះ ប្រហែល​ជា ៥០ នាក់ ត្រូវ​បាន​គេវាយ​​ដំ នៅពេល​ដែល​ពួកគេ​កំពុង​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ក្រុមហ៊ុន​រថយន្តក្រុង​កាពីតូល ក្នុង​រាជធានី​ភ្នំពេញ ។ មាន​បុរស​ពាក់​មួក​សុវត្ថិភាព​ដែល​ប្រដាប់​ដោយ​ដំបង​ដែក ញញួរ និង ដំបង​ឈើ បាន​វាយ​ធ្វើបាប​ទៅ​លើ​ក្រុមបាតុករ និង កម្មករ​ជាច្រើន​នាក់ ខណៈពេល​នោះ​នគរបាល​ដែល​បង្រ្កាប​បាតុកម្ម និង​មន្រ្តី​នគរបាល​ផ្សេងៗ​ទៀត​ដែល​បាន​ព្យាយាម​បញ្ឈប់​ការ​ប្រើអំពើ​ហឹង្សា​មួយ​ចំនួន​ក៏​បាន​ចូលរួម​ក្នុង​ការ​វាយដំ​នោះ​ផង​ដែរ ។ ជន​រង​គ្រោះ ២ នាក់ ដែល​បាន​តវ៉ា​នៅពេល​នោះ ត្រូវ​​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​រយៈពេល​ជិត ពីរ ខែ ។ មិន​មាន​សមាជិក​នៃ​ក្រុម​ដែល​បាន​វាយដំ​លើ​អ្នក​តវ៉ា​នៅពេល​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ ។ នៅថ្ងៃ​ដដែលនោះ​មេដឹកនាំ​សហជីព​ចំនួន ៤ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហឹង្សា ទោះបី​ជា​មាន​តែ​ម្នាក់​ក្នុង​ចំនោម​អ្នក​ទាំង ៤ មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ក៏ដោយ ។

នយោបាយ៖ កាលពីថ្ងៃទី ១០ ខែមីនា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី លោក សោម សឿន បាន​ប្តឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ពី​បទ​បរិហារកេរ្តិ៍ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​លោក​បាន​ចោទ​ប្រកាន់​ទៅ​លោក សឿន ថា​បានណែនាំ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​ចំនួន​នៃ “អ្នកចូលចិត្ត” នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដោយ​ប្រើ​ប្រាស់គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ជា​ច្រើន ។

នយោបាយ៖ នៅថ្ងៃទី ២២ ខែមីនា មានសេចក្តីរាយការណ៍​ថា​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​នៅប្រទេស​បារាំង​ប្រឆាំង​នឹង​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជុំវិញ​ការ​បង្ហោះ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​លោក ហោ ណាំហុង ថាជា​ប្រធាន​គុក​មួយ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ចុង​ទសវត្ស ១៩៧០ ។

នយោបាយ៖ នៅថ្ងៃទី ១១ ខែមេសា មានសមាជិកសភា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ត្រូវ​បាន​នគរបាល​ខេត្ត​សៀមរាប ចាប់​ខ្លួន​នៅ​ពេល​យប់ ពាក់ព័ន្ធ​នឹង​បទ​អត្ថាធិប្បាយ​របស់លោក ដែល​លោក​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ ២០១៥ ទាក់ទង​នឹង​ជម្លោះ​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ។

នយោបាយ៖ នៅថ្ងៃទី ២៤ ខែមេសា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន​ចាប់​ខ្លួន​លោក​មេឃុំ ស៊ាង ចែត ដែល​ជា​មេឃុំ​មក​ពី​គណបក្សសង្គ្រោះ​ជាតិ ដោយ​ចោទ​ពី​បទ​​សូក​​ប៉ាន់​សាក្សី​ទាក់​ទង​ទៅ​នឹង​ពាក្យ​បណ្តឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​កញ្ញា ខុម ចាន់តារាទី ដែល​ត្រូវ​បាន​គេអះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​ជំទាស់ ។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្វ្រេសញូ (Fresh news) ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក ស៊ាង ចែត ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា​បាន​ផ្តល់​ប្រាក់​ចំនួន ៥០០ ដុល្លារ​ដល់​ក្រុមគ្រួសារ​របស់ កញ្ញា ចាន់តារាទី ដែល​ធ្វើ​ឡើង​ក្នុង​នាម​លោក កឹមសុខា ។

សង្គមស៊ីវិល៖ កាលពីថ្ងៃទី ២ ខែឧសភា បុគ្គលិកជាន់ខ្ពស់ចំនួន ៤ នាក់ នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដ​ហុក រួម​មាន​លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក ណៃ វង់ដា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ក្នុងរាជ​ធានី​ភ្នំពេញ ។ អតីត​បុគ្គលិក​របស់​អង្គការ​អាដហុក លោក នី ចរិយា ដែល​ទើប​នឹង​ទទួល​បាន​តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ផងដែរ បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី ។ ការ​ចោទ​ប្រកាន់​នេះ ក៏ត្រូវ​បាន​តុលាការ​ប្តឹងទៅ​លើ​លោក សឺន សាលី ដែល​ជា​បុគ្គលិក​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UNOHCHR) ផងដែរ ។ ទាំង​បុគ្គលិក​បច្ចុប្បន្ន និង​អតីត របស់​សមាគម​អាដហុក​ទាំង ៥ នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយកោះហៅ និង​សាកសួរ​អស់​រយៈពេល ប្រាំ ថ្ងៃ ទាក់ទង​នឹង​ពាក្យ​បណ្តឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​កញ្ញា ខុម ចាន់តារាទី ដែល​អាជ្ញាធរ​បាន​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង ។ លោក សឺន សាលី នៅ​មាន​អភ័យ​ឯក​សិទ្ធិ​កា​រទូតក្នុង​នាម​ជា​បុគ្គលិក​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សម្តេច​នាយករ​ដ្ឋមន្រ្តី បែរ​ជា​អះអាងថា​លោក សឺន សាលី មិនមាន​អភ័យ​ឯកសិទិ្ធ​សម្រាប់​ការពារ​ពីការ​ចោទ​ប្រកាន់​នោះ​ទេ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី ៩ ខែឧសភា កម្មករ និងសកម្មជន​សិទ្ធិ​មនុស្ស​ចំនួនប្រាំបី​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​ក្នុង​អំឡុង​យុទ្ធនាការ​ដំបូង​នៃ “ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ” ដើម្បី​តវ៉ា​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សមាគម​អាដហុក​ទាំង ៥នាក់ ។ ប្រាំមួយ​នាក់​ក្នុង​ចំណោម​ប្រាំបី​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេលដែល​អ្នក​ទាំង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ប្រមូល​ផ្តុំ​នៅ​ខាង​ក្រៅ​ពន្ធនាគារ ជាកន្លែង​ឃុំខ្លួន​បុគ្គលិក​អាដហុក​ទាំង ៥​នាក់​នោះ ។ អ្នក​ដែលត្រូវ​បាន​ចាប់​ខ្លួន រួម​មាន​​នាយក​អង្គការ​លីកាដូ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត និង​តំណាង​សហគមន៍​បឹងកក់ និង​បុរី​កីឡា។ ក្រោយ​មកនគរ​បាល បាន​ឃាត់​ខ្លួន និង​សាកសួរ​បុគ្គលិក​បរទេស​ចំនួន ពីរនាក់​ទៀត មក​ពី​អង្គការ​លីកាដូ ទាក់ទង​នឹង​ការ​តវ៉ា​នេះ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី ១៨ ខែឧសភា រាជរដ្ឋាភិបាលបានគំរាមអង្គការលីកាដូ ថា​នឹង​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលដែល​ទើប​នឹង​អនុម័ត​រួច​ថ្មីៗ មក​លើ​អង្គការ​ លីកាដូ ។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អង្គការ​លីកាដូ​ថា​បាន​រំលោភ​លើ​កថាខណ្ឌ “អព្យា​ក្រឹត​ភាពនយោបាយ” នៅ​ក្នុង​ច្បាប់ ដែល​មាន​ការ​ចែង​​អត្ថន័យ​មិន​ច្បាស់លាស់ បន្ទាប់ពី​អង្គការ លីកាដូ បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ទោស​នយោបាយនៅលើ​គេហទំព័រ​របស់​អង្គការ ។

នយោបាយ៖ នៅថ្ងៃទី២៦ ខែឧសភា អាជ្ញាធរបាន​ព្យាយាម​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ជំទាស់ លោក កឹម សុខា បន្ទាប់ពីលោក​មិន​ព្រម​ចូល​ខ្លួន​ទៅឆ្លើយ​បំភ្លឺ​តាម​ដីកា​ដែល​បាន​កោះ​ហៅ​លើ​បទចោទ​រួមគ្នា​ជាមួយ​កញ្ញា ខុម ចាន់ដារ៉ាទី ។ លោក កឹម សុខា បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​ឆ្នាំ ២០១៦ រស់នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ជៀស​ផុតពី​ការ​ចាប់​ខ្លួន​នោះ ។

នយោបាយ៖ នៅថ្ងៃទី៣០ ខែឧសភា គណបក្សជំទាស់បានដាក់​ញត្តិ​មួយ​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ក្នុង​ការ​បន្ធូរបន្ថយ​នូវ​វិបត្តិ​នយោបាយ ហើយ​ក្នុង​នោះមាន​អ្នក​គាំទ្រ​​ប្រមាណ ១៧០.០០០នាក់ បាន​ផ្តិត​មេដៃ​គាំទ្រ ដែល​អ្នក​ទាំង​នោះ​ក្លាយ​ជា​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត ។ យ៉ាងតិច​ណាស់​មានសកម្មជន ១៨​នាក់​ដែល​បាន​ផ្តិត​មេដៃ​នោះ ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​អស់​មួយ​រយៈ​នៅ​ខែ​ឧសភា និង​ខែ​មិថុនា ។ នគរបាល​ជាច្រើន​រយនាក់​ប្រដាប់ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​បាន​ធ្វើ​សកម្មភាព​បិទផ្លូវ​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ដែល​គណបក្ស​ជំទាស់​បាន​ព្យាយាម​ដាក់​ញត្តិ​នោះ​ស្នើទៅ​ព្រះមហាក្សត្រ ។

ចាប់​តាំង​ពី​លោក​បណ្ឌិត​ កែម​ ឡី​ ទទួល​មរណភាព​ ពាក្យ​ពេចន៍​មួយ​ឃ្លា​របស់​លោក ដែល​សរសេរ​ថា ​“ជូត​ទឹកភ្នែក​របស់​អ្នក​ រួចបន្ត​ដំណើរ​ទៅ​មុខ​ទៀត” ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់ ​លើក​យក​មក​និយាយ​តៗ​គ្នា​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។​

សង្គមស៊ីវិល៖ នៅថ្ងៃទី១០ ខែកក្កដា លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់​សម្លាប់​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ កាល់​តិច មួយ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ។ ជាអ្នក​វិភាគ​នយោបាយ និង​ជា​សហស្ថាបនិក​ក្នុង​គណបក្ស​នយោបាយ​មួយ លោកត្រូវ​បាន​គេ​ធ្វើ​ឃាត​ទាំង​កណ្តាល​ថ្ងៃ ។ ជាញឹក​ញាប់ លោកបណ្ឌិត កែម ឡី បាន​ធ្វើការ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ និង​បណ្តាញ​សង្គម​លើ​អ៊ិនធើណេត ។ ជន​សង្ស័យ ដែល​ត្រូវបាន​ចាប់​ខ្លួន ប្រាប់ថា​ខ្លួន​មាន​ឈ្មោះ “ជួប សម្លាប់” ។ ជនសង្ស័យ​នេះ​បាន​សារភាព​ថា​ខ្លួនជា​អ្នក​សម្លាប់​លោក​បណ្ឌិត ប៉ុន្តែ​ដោយ​ឆ្លង​កាត់​ការស៊ើប​អង្កេត និង​ការ​ជំនុំ​ជម្រះ​កន្លង​មក គឺ​ហាក់​មិន​បាន​ធ្វើ​ឡើង​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ឡើយ ហើយ​ត្រូវបាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ខ្លា​ពី​បណ្តាអង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន ។

ដីធ្លី៖ នៅថ្ងៃទី១៧ ខែសីហា សកម្មជនបឹងកក់២រូប អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សុភា ត្រូវ​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅឃុំ​ខ្លួន​ក្នុងពន្ធនាគារ​ដោយសារ​សកម្មភាព​របស់​អ្នក​ទាំងពីរ​ទាក់ទង​ទៅ​នឹង “យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ” ជាការ​តវ៉ា​ស្នើសុំ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្សដែល​ជាប់​នៅក្នុង​ពន្ធនាគារ​ទាំង ៥នាក់ ។ អ្នកទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី ១៥ ខែ​សីហា នៅ​កំឡុង​ពេល​ការ​តវ៉ា​ដោយ​អហិង្សា និង​ប្រើប្រាស់​​ភ្លើង​ទៀន ។

សង្គមស៊ីវិល៖ នៅថ្ងៃទី២២ ខែសីហា បុគ្គលិកអង្គការសមធម៌កម្ពុជា​ចំនួន ៣នាក់ ត្រូវ​បាន​ផ្តន្ទាទោស​​ក្រោម​បទ​បរិហាកេរ្តិ៍ ដែល​មិន​សម​ហេតុផលមួយ ទាក់ទង​នឹង​ការងារ​ឯកជន​នៃ​ការ​វាយតម្លៃ​ផ្ទៃក្នុង​ទៅ​លើ​អតីត​បុគ្គលិក​របស់​អង្គការ​នេះ ។ សំណុំរឿង​នេះ​ត្រូវ​បាន​ពន្យារ​ពេល​បន្ទាប់​ពី​មេធាវី​ការពារ​ក្តី បាន​ចង្អុល​បង្ហាញ​ថា​ចៅក្រម​ជំនុំ​ជម្រះ និង​ចៅក្រម​ស៊ើបសួរ​គឺជា​ចៅក្រម​តែមួយ​ក្នុង​រឿង​ក្តីនេះ ដែល​ជាការ​ផ្ទុយ​នឹង​ច្បាប់​កម្ពុជា ។

នយោបាយ៖ នៅថ្ងៃទី១ ខែកញ្ញា កងយុទ្ធពលខេមរភូមិន្ទ បានប្រើឧទ្ធម្ភាគចក្រ​ហោះ​ទៅវិញ​ទៅមក​ម្តង​ហើយ​ម្តង​ទៀត នៅ​លើ​ទីស្នាក់ការ​កណ្តាលគណបក្ស​សង្គ្រោះជាតិ ជាកន្លែង​ដែល​លោក កឹម សុខា ស្នាក់​នៅ ខណៈ​ដែល​ទូក​ល្បឿនលឿន​យោធា​ដែល​ប្រដាប់​កាំភ្លើង​យន្ត និង​ទាហាន​មកពី​កងអង្គរក្ស​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ឡោម​ព័ទ្ធ​ពីក្រោយ​ទីស្នាក់ការ​នោះ​ផង​ដែរ ។ ជាច្រើន​សប្តាហ៍​ក្រោយ​មក ការបង្ហាញ​កងកម្លាំង​ប្រដាប់​អាវុធនៅតែ​បន្ត​មាន នៅមុខ​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​នា​រាជធានី​ភ្នំពេញ ។ ការបង្ហាញ​កង​កម្លាំង ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពេលមាន​សេចក្តី​ថ្លែងការណ៍​របស់​នាយឧត្តមសេនីយ៍ ដែលជា​មេទ័ព​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ លោក គន់ គីម ដែល​បាន​ប្រកាស​ថា​កង​កម្លាំង​ប្រដាប់អាវុធ​របស់​លោក បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ បើ​ទោះបី​ជា​ត្រូវ​កើត​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សាបង្ហូរ​ឈាម​យ៉ាងណា​ក៏ដោយ ។​

នយោបាយ៖ នៅថ្ងៃទី៩ ខែកញ្ញា មេដឹកនាំបក្សជំទាស់ លោក កឹម សុខា ត្រូវបានកាត់ទោស និង​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ក្រោម​បទ​ចោទ “បដិសេធ​មិន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជាសាក្សី” បន្ទាប់ពី​ក្រុម​អ្នក​ច្បាប់​របស់​លោក បាន​អះអាង​ថា​លោក​មាន​អភ័យ​ឯក​សិទ្ធិសភា ដើម្បី​ជៀសវាង​ការជំនុំ​ជម្រះ​មិន​ត្រឹមត្រូវ​នេះ ។ ទោះយ៉ាង​ណា លោក ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ៥ខែ ។

សង្គមស៊ីវិល៖នៅថ្ងៃទី២២ ខែកញ្ញា លោក នី ចរិយា អតីតបុគ្គលិកសមាគម​អាដហុក (ADHOC) និង​ជា​សមាជិក​នៃ​គណកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ក្រោម​បទចោទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ផ្សព្វផ្សាយនូវ​ការ​អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ ។ សំណុំ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ដោយ​បាន​ធ្វើឡើង​កាល​ពីឆ្នាំ​២០១៥ ក្នុង​នាម​បុគ្គលិក​សមាគម​អាដហុក​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ដែល​លោក​បាន​ទទូច​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី និងអំពាវនាវ​ឱ្យ​ដោះលែង​ជនរង​គ្រោះ ២រូប​នៃ​ជម្លោះ​ដីធ្លី​មួយ ។ នេះ គឺជា​ការ​ប្រើប្រាស់​លើក​ដំបូង​នៃ​បទប្បញ្ញត្តិ​ក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី​ដើម្បី​ចោទ​ប្រកាន់ទៅលើ​​អ្នក​ដែល​ធ្វើការ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​យុត្តាធិការ ។

សង្គមស៊ីវិល/ដីធ្លី៖ នៅថ្ងៃទី១០ ខែតុលា សកម្មជនដីធ្លីម្នាក់ លោក ច័ន្ទ ពុទ្ធិស័ក និង​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ លោក អំ សំអាត ត្រូវ​បាន​វាយដំ​ដោយ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​នៅ​អំឡុងពេល​ចូលរួម​ការ​ដង្ហែ​ក្បួន​ដោយ​អហិង្សា ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​លំនៅឋាន​នៅ​ក្រុង​ភ្នំពេញ ។ អ្នកទាំង​ពីរបាន​រង​ការ​វាយដំ​ត្រង់​ក្បាល ក ខ្នង និង​ទ្រូង។ ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អំពាវនាវ​ឱ្យ​បញ្ឈប់នូវ​ការ​រំលោភ​យកដី និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​ដីធ្លី និង​លំនៅ​ដ្ឋាន ។

នយោបាយ៖​ នៅថ្ងៃទី១៣ ១៤ និង១៥ ខែវិច្ឆិកា នៅអំឡុង​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​បុណ្យអុំទូក អកអំបុក និង​សំពះព្រះខែ អាជ្ញាធរ​កម្ពុជា​បានធ្វើ​ការ​យាយី រារាំង និង​បញ្ឈប់​ទៅលើ​សកម្មភាព​ចុះ​ឈ្មោះ​បោះឆ្នោត សកម្មភាព​អប់រំ និង​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅភ្នំពេញ និង​តាម​បណ្តា​ខេត្ត ។ ក្នុង​ចំណោម​នោះ​មាន​យុវជន​មួយ​ចំនួន​ត្រូវ​បាន​ឃុំខ្លួន​មួយ​រយៈពេល​ខ្លី ជុំវិញ​ការ​ធ្វើ​យុទ្ធនាការ​នេះ ។

ឆ្នាំ ២០១៥ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

សង្គមស៊ីវិល៖ នៅថ្ងៃទី២៣ ខែកុម្ភៈ មន្ត្រី​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ​ក្នុង​ការ​បន្ត​ទិដ្ឋាការ​ដល់​សកម្មជន​បរិស្ថាន លោក Alejandro Gonzalez-Davidson ដែល​ជា​សមាជិក​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ព្យាយាម​បញ្ឈប់​ការ​អភិវឌ្ឍ​ទៅ​លើ​ទំនប់​វារី​អគ្គិសនី​នៅ​​ជ្រលង​​អារ៉ែង​នៃ​ខេត្ត​កោះកុង ។ លោក Gonzalez-Davidson ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ឲ្យ​ទៅ​ប្រទេសថៃ​បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ព្រ​មាន​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​មួយ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១៩ ខែមីនា រដ្ឋ​សភា​កម្ពុជា​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដើម្បី​ធ្វើ​ការ​ពិន័យ និង​ហាម​ឃាត់​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​រិះគន់​ដល់​គណបក្ស​នយោបាយ នៅ​មុន​ពេល​២១ថ្ងៃ នៃ​យុទ្ធនា​ការ​នៃ​ការ​បោះឆ្នោត ។

សង្គមស៊ីវិល៖ នៅថ្ងៃទី២៩ ខែមេសា លោក សុខ ផល អគ្គនាយក​នៃ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​គម្រាម​ថា​នឹង​ចាត់​វិធាន​ការណ៍​ទៅ​លើ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNOHCHR) ដោយ​ចោទ​ប្រកាន់​ថា​ស្ថាប័ន​នេះ​បាន​ឃុបឃិត​ជាមួយ​ជនភៀស​ខ្លួន ដែល​ជា​ជនជាតិ​ម៉ុង​តាញ៉ា ដែល​លោក​បាន​ហៅថា​ជា “ជនជាតិ​វៀតណាម​ខុស​ច្បាប់” ។ លោក​បាន​អះអាង​ថា “ច្បាប់​កម្ពុជា​បាន ចែង​ហើយ​ថា ជន​ណា​ដែល​បាន​ឃុបឃិត​ជាមួយ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​នឹង​ត្រូវ​មាន​ទោស ។ នៅ​ត្រឹម​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​បណ្តេញ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជា​ជនជាតិ​វៀតណាម​ចំនួន ៥៤ នាក់ ដែល​ភាគ​ច្រើន គឺ​ជា​សមាជិក​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ដែល​ត្រូវ​បាន​គេ​ចាត់​ថា​ជា​បណ្តុំ​ធំមួយ​នៃ​ក្រុម​ជនជាតិ​ម៉ុង​តាញ៉ា ដែល​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម ។

នយោបាយ៖ នៅថ្ងៃទី២១ ខែកក្កដា មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ចោទ​ទាក់ទង​នឹង​ការ​បះបោរ និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះពី ៧​ទៅ​២០ឆ្នាំ ។ ក្នុង​ចំណោម​មេធាវី​ដែល​ការពារ​ក្តីទាំង ៩រូប មាន​មេធាវី​តែ​ម្នាក់​គត់ ដែល​មាន​វត្ត​មាន​នា​ពេល​សវនាការ ហើយ​បាន​ធ្វើការ​ស្នើ​សុំ​ពន្យារ​ពេល​សវនាការ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ ។ នគរបាល​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ នៅ​ពេល​ដែល​តុលាការ​ថយចូល​ទៅ​បន្ទប់​ពិចារណា ។ មន្ត្រី​និង​អ្នក​គាំទ្រ​ទាំង ១១​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ការ​តវ៉ា​ដែល​បាន​ធ្វើ​អោយ​កើត​មាន​នូវ​អំពើ​ហិង្សា​នៅថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ទីលាន​ប្រជាធិបតេយ្យ ។ មិន​មាន​ដើម​បណ្តឹង​ឡើយ​ក្នុង​រឿង​ក្តីនេះ ដែល​អាច​បញ្ជាក់​ថា​អ្នក​ទាំង ១១​នាក់​នោះ មាន​ចេតនា​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ។

ការងារ៖ នៅថ្ងៃទី៨ ខែសីហា លោក ឈូក បណ្ឌិត បាន​ចូល​ខ្លួន​ទៅ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន ។ គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១២ លោក​បណ្ឌិត បាន​បាញ់​ទៅលើ​ក្រុម​កម្មករ​តវ៉ា ដែល​បាន​ធ្វើឱ្យ​មាន​មនុស្ស​ចំនួន ៣នាក់ រង​របួស ហើយ​គាត់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​នៅ​ឆ្នាំ ២០១៣ ។ លោក​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែទី១ (ម១) នៅ​ខែ​ធ្នូ ប៉ុន្តែ​ក្រោយ​មក​នៅ​ចុង​ឆ្នាំ​នោះ គាត់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ដើម្បី​ទទួល​ការ​ព្យាបាល​ជម្ងឺ ។

សង្គមស៊ីវិល៖ ច្បាប់ស្តីពីសមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី១២ ខែ​សីហា ។ សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​រូមគ្នា​ជំទាស់​នឹង​ច្បាប់​មួយ​នេះ​អស់​ពេល​យូរ​ឆ្នាំ​មក​ហើយ ដោយ​បាន​រក​ឃើញ​ថា​ច្បាប់​នេះ​មាន​ការ​រឹតត្បិត​ហួស​ហេតុ និង​មាន​ភាព​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត ។ ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បាន​បញ្ញត្តិ​ឱ្យ​មាន​លក្ខខណ្ឌ​តម្រូវ​យ៉ាង​តឹង​រឹង និង​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ប្រសិន​បើ​ក្រុម​អង្គការ​ឬ​សមាគម​ណា​មួយ​មិន​ចុះ​បញ្ជី​ទៅ​តាម​បញ្ញត្តិ​នៃ​ច្បាប់ ។ ក្រោយ​មក​ច្បាប់​នេះ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​បញ្ឈប់​នូវ​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ ។

នយោបាយ៖ នៅថ្ងៃទី១៥ ខែសីហា នគរបាល​បាន​ចាប់​ខ្លួន​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​រយៈពេល​១ថ្ងៃ បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្ត្រី បង្គាប់​ឱ្យ​មាន​ចាប់​ខ្លួន​លោក​ជា​បន្ទាន់ ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​វីឌីអូ​មួយ ដែល​លោក​បាន​បង្ហោះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ដែល​បង្ហាញ​នូវ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​ប្រវត្តិ​ព្រំដែន​កម្ពុជា-វៀតណាម ។ ដីកា​ចាប់​ខ្លួន ត្រូវ​បាន​ចេញ និង​បង្គាប់​ឲ្យ​ចាប់​ខ្លួន​សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ផ្សេង​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វីឌីអូ​នោះ​ដែរ ។ ២ថ្ងៃ​បន្ទាប់​ពី​នោះ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ធ ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោក ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១៧ ខែសីហា សកម្មជន​នៃអង្គការ​មាតា​ធម្មជាតិ ៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​សកម្មភាព​របស់​អ្នក​ទាំង​នោះ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​បូប​ខ្សាច់​ចេញ​ពីទន្លេ និង​បណ្តា​មាត់​ពាម​ផ្សេង​ទៀត​នៅ​ជុំវិញ​ខេត្ត​កោះ​កុង ហើយ​ក្រោយ​មក​​អ្នក​ទាំង​ ៣នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី២ ខែកញ្ញា ក្រុមអ្នកតវ៉ាចំនួន ១៧នាក់ ដែល​រួមមាន​សមាជិក​សហគមន៍ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បុគ្គលិក​សារព័ត៌មាន ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះ​កុង បន្ទាប់ពី​មាន​ការ​ជួបជុំគ្នា ដើម្បី​ទាមទារ​រក​នូវ​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី​រាំរ៉ៃ​មួយ ។ សហគមន៍​ជីខ​ក្រោម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​វិវាទ​ដីធ្លី​ជាមួយ​ឧកញ្ញា ហេង ហ៊ុយ ។ សមាជិក​សហគមន៍​ចំនួន ៩នាក់​ត្រូវ​បាន​កោះ​ហៅ​ជុំវិញ​ការ​ដឹកនាំ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត ដើម្បី​គាំទ្រ​សមាជិក​សហគមន៍​ជាច្រើន​ដែល​ជាប់ឃុំ​នោះ ។ អ្នក​ទាំង​នោះ ត្រូវបាន​​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ជិត៨​ម៉ោង ។

ផ្សេងៗ៖ នៅខែតុលា មនុស្សពីរនាក់ ដែលត្រូវបាន​គេ​​ឃុំ​ខ្លួន​​ដោយ​ខុស​ច្បាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ បាន​ស្លាប់​បាត់បង់​ជីវិត ។ បុរស​ម្នាក់​ត្រូវ​បាន​សង្ស័យថា​ស្លាប់​ដោយសារ​លង់​ទឹក ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​បាន​ស្លាប់ ប៉ុន្តែ​ត្រូវ​បាន​គេ​យក​សព​ទៅ​បូជា​នៅ​មុនពេល​រកឃើញ​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ស្លាប់ ។ មណ្ឌល​នេះ​ធ្លាប់​មាន​ប្រវត្តិ​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជាប់​ក្នុង​មណ្ឌល​នោះ ។

នយោបាយ៖ នៅថ្ងៃទី០៧ ខែតុលា លោក វ៉ែន វ៉ន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ប្រជាជន កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​បទល្មើស​ដែល​ទាក់ទង​នឹង​ភាព​សកម្ម​របស់លោក ក្នុង​ការ​ជំទាស់​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​តំបន់​អារ៉ែង ក្រោយ​មក​លោក វ៉ន ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង ។

នយោបាយ៖ នៅថ្ងៃទី២៦ ខែតុលា សមាជិក​សភា​តំណាងរាស្ត្រ​​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ២នាក់ គឺ​លោក គង់ សភា និង លោក ញាយ ចំរើន ត្រូវ​បាន​ទាញ​ទំលាក់​ពី​រថយន្ត​នៅ​​មុខ​អគារ​រដ្ឋសភា​ជាតិ និង​ត្រូវ​បាន​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់​អ្នក​តវ៉ា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រមូល​ផ្តុំ​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ការ​ដក​តួនាទី​ឯកឧត្តម កឹម សុខា ពី​តួនាទី​អនុប្រធាន​រដ្ឋសភា​ជាតិ ។ បន្ទាប់​មក​បុរស​ចំនួន ៣នាក់ ដែល​ត្រូវ​បាន​គេ​ដឹង​ជា​កង​អង្គរក្ស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៤ឆ្នាំ តែ​ព្យូរ​ទោស​បីឆ្នាំ ពី​បទ​វាយដំ មាន​ន័យថា​បុរស​ទាំងបី​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​តែ ១ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​អង្គរក្ស​ទាំង​បីនាក់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ តួនាទី​របស់​អ្នក​ទាំង ៣​ក៏​ត្រូវ​បាន​តម្ដើង​ស័ក្ត ។

នយោបាយ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្តើមចេញ​ពីសំណុំ​រឿង​បទចោទ​ប្រកាន់​ពី​ការ​បរិហាកេរ្តិ៍ និង​ញុះ​ញង់​ឲ្យ​មាន​ចលា​ចល​​​ដល់​សង្គម​​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​សាលក្រម​ស្ថាពរ​នៅ​ឆ្នាំ​ ២០១៣ ។ ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី គម្រាម​ពីវិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ឯកឧត្តម ដែល​បាន​ចោទ​ជា​សំណួរ​ថាតើ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ពិត​ប្រាកដ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដែរ​ឬទេ ។ ឯកឧត្តម សម រង្ស៊ី ក៏បាន​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ទៅ​បរទេស គេច​​ពី​ការ​ចាប់​ខ្លួន ។

ផ្សេងៗ៖ នៅថ្ងៃទី៣០ ខែវិច្ជិកា រដ្ឋសភា​ជាតិ​បាន​អនុម័ត​ច្បាប់​ស្តីពី​ទូរ​គមនាគមន៍ ដែល​បាន​ផ្តល់​អំណាច​ដ៏​ទូលំ​ទូលាយ​ដល់​រាជ​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ការ​បង្ហោះ​តាម​អ៊ីន​ធើណេត និង​អ្នក​ផ្តល់​សេវា​អ៊ីនធើណេត​ជាដើម ។

សង្គមស៊ីវិល៖ នៅថ្ងៃទី០៦ ខែធ្នូ អង្គការលីកាដូ បាន​ផ្អាក​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​ពន្ធនាគារ​ចំនួន ១៨​កន្លែង ដោយសារ​មាន​ការ​រឹត​បន្តឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ ។ ជា​លើក​ទីមួយ​ក្នុង​រយៈពេល ២០ឆ្នាំ ដែល​អង្គការ​លីកាដូ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ដោយ​មិន​ឱ្យ​ប្រារព្ធពិធី និង​ការ​ចែក​កញ្ចប់​ជំនួយ​មនុស្ស​ធម៌​ដល់​អ្នកទោស នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ។

ឆ្នាំ ២០១៤ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

សង្គមស៊ីវិល៖ នៅថ្ងៃទី២ ខែមករា អង្គភាព​យោធា​ពិសេស​លេខ ៩១១ បាន​បាញ់​បង្រ្កាប​ដោយ​ហិង្សា​ទៅ​លើ​កម្មករ​ដែល​តវ៉ា និង​មេដឹកនាំ​សហជីព ។ គេ​ជឿជាក់​ថា​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មេដឹកនាំ​សហជីព ចំនួន​ដប់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​អង្គភាព​យោធា​ពិសេស​លេខ ៩១១ ហើយ​មនុស្ស​មួយ​ចំនួន ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​ដំណំ អំឡុង​ពេល​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ទៀត​ផង ។

ការងារ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ពលរដ្ឋ​ស៊ីវិល ៤នាក់ ​ត្រូវ​បាន​បាញ់​សម្លាប់ និង​២១​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្បែរ​តំបន់​ឧស្សាហកម្ម​កាណា​ឌីយ៉ា​នៅ​បណ្តោយ​មហា​វិថី​វេង​ស្រេង ។ ពលរដ្ឋ​ស៊ីវិល​ជាច្រើន​នាក់​ទៀត ត្រួវ​បាន​ចាប់​ខ្លួន និង​វាយដំ​ដោយ​កងរាជ​អាវុធ​ហត្ថ ដើម្បី​ជា​ការ​បង្រ្កាប​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម ហើយ​កម្មករ​ដែល​តវ៉ា​ជាច្រើន​ផ្សេង​ទៀត រង​របួស​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គ្រាប់រំសេវ និង​គ្រាប់​បែក​ដោយ​ដៃ ។ យុវជន​ម្នាក់​ឈ្មោះ ឃឹម សុផាត អាយុ ១៥ឆ្នាំ បាន​បាត់​ខ្លួន​ និង​មិន​ទទួល​បាន​ដំណឹង​ថា​នៅ​ទីណា​មក​ដល់​បច្ចុប្បន្ន ។

នយោបាយ៖ នៅថ្ងៃទី៤ ខែមករា នគរបាល និង​កង​រាជ​អាវុធ​ហត្ថ​ជាច្រើន​នាក់ បាន​ធ្វើការ​បិទ​ផ្លូវ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បាន​ចូល​ទៅ​បណ្តេញ​ក្រុម​អ្នកតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ទីលាននោះ ដែល​ក្នុង​ចំណោម​អ្នក​តវ៉ា​មាន​ព្រះសង្ឃ និង​ស្ត្រី​ដែល​មាន​កូន​តូច​មក​ជាមួយ​ផង​ដែរ ។ ក្រុម​មនុស្ស​ស៊ី​ឈ្នួល​ដែល​មាន​ចង​ក្រណាត់​ដៃ​ពណ៌​ក្រហម បាន​ប្រើប្រាស់​នូវ​ដំបង​ដែក ដើម្បី​វាយដំ និង​បំភិត​បំភ័យ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដែល​កំពុង​នៅ​ក្នុង​ទីលាន ដែល​គ្មាន​អាវុធ ។

បញ្ចេញមតិ៖ នៅថ្ងៃទី៦ ខែមីនា អ្នក​កាសែត ២នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ដោយ​មន្ត្រី​យោធា​ម្នាក់​នៃ​កង​ពលតូច​លេខ ៧០ បន្ទាប់ពី​មាន​ការ​រាយការណ៍​ថា​មន្ត្រី​យោធា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី ។

បញ្ចេញមតិ៖ នៅថ្ងៃទី១០ ខែមីនា អ្នកកាសែត ៣នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​រយៈពេល ៥នាទី បន្ទាប់ពី​មាន​ការ​ថត​រូប​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដឹក​ឈើ​ប្រណិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី៨ ខែមេសា អង្គការពន្លកខ្មែរ ត្រូវ​បាន​គម្រាម​ឱ្យ​បិទ​ការិយាល័យ ដោយ​លិខិត​មួយ​របស់​ក្រសួង​មហាផ្ទៃ ចេញ​ដោយ​អភិបាល​ខេត្ត​ព្រះវិហារ ។ ក្រោយ​មក​បុគ្គលិក​ម្នាក់​នៃ​អង្គការ​នេះ ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ជាមួយ​នឹង​សមាជិក​សហគមន៍ ២នាក់ ផ្សេង​ទៀត ។

បញ្ចេញមតិ៖ នៅថ្ងៃទី២ ខែឧសភា មន្ត្រី​អាជ្ញាធរ​បាន​វាយដំ​ទៅលើ​អ្នក​កាសែត​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ VOD ម្នាក់​ឈ្មោះ ឡាយ សាមាន នៅ​កំឡុង​ពេល​លោក​កំពុង​ថត​រូប​មន្ត្រី​អាជ្ញាធរ​ជាច្រើន កំពុង​ប្រើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ។ ការវាយដំ និង​ការ​ប្រើ​ហិង្សា​ដ៏​ឃោរឃៅ ដែល​ប្រព្រឹត្ត​ឡើងដោយកងកម្លាំងសន្តិសុខប្រមាណ ១០នាក់នេះ បានធ្វើឲ្យ លោកសាមាន រងរបួសត្រង់ថ្ពាល់ ភ្នែក និងមាត់ ។

ការងារ៖ នៅថ្ងៃទី២៣ ខែឧសភា សកម្មជនសហជីពចំនួន ៨នាក់ ត្រូវបាន​ចាប់​ខ្លួន អំឡុង​ដែល​អ្នក​ទាំង​នោះ​តវ៉ា​ឱ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ ។ នៅ​២ថ្ងៃ​បន្ទាប់​ពី​នោះ ពួក​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី រួម​មាន​ការ​ញុះញង់ និង​ការ​គម្រាម​គំហែង​ថា​នឹង​បង្ក​អោយ​មាន​ការ​ខូចខាត ។

សង្គមស៊ីវិល៖ នៅថ្ងៃទី២៥ ខែឧសភា សកម្មជនបរិស្ថាន​ម្នាក់​មកពី​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ត្រូវ​បាន​ចាក់​ដោយ​កង​អង្គភាព​ស្រាវជ្រាវ​យោធា​ម្នាក់​នៅ​ខេត្ត​កំពង់ធំ បន្ទាប់​ពី​សកម្មជន​ម្នាក់​នេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា មន្ត្រី​យោធា​ម្នាក់​នោះ ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​មុន ។

សង្គមស៊ីវិល៖ នៅថ្ងៃទី៣០ ខែឧសភា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាល​ក្រម​ផ្តន្ទា​ទោស​ហើយ​សម្រេច​ព្យួរ​ទោស បុរស​ចំនួន ២៣ នាក់ និង​អនីតិជន ២​នាក់​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អំឡុង​ពេល​នៃ​ការ​តវ៉ា​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ និង​ខែ​មករា ឆ្នាំ​២០១៤ ។ ការ​ផ្តន្ទាទោស​នេះ​រួម​មាន​ទាំង​ការ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន ហើយ​នីតិវិធី​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន និង​មាន​ការ​ថ្កោល​ទោស​ពី​សាធារណ​ជន​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​ខ្លា ។

នយោបាយ៖ នៅថ្ងៃទី១៥ ខែកក្កដា ព្រឹត្តិការណ៍​មួយ​ដែល​រៀប​ចំ​ដោយ​តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្រ្គោះ​ជាតិ និង​​អ្នក​​គាំទ្រ​​ប្រមាណ ៣០០នាក់ នៅ​ក្បែរ​របាំង​បិទ​ទីលាន​ប្រជាធិបតេយ្យ បាន​ក្លាយ​ជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា​យ៉ាង​សាហាវ ។ ដំបូង​ឡើយ​កង​កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​ចូល​ទៅ​បំបែក​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នោះ ហើយក៏​ចាប់ផ្តើម​វាយដំ​ទៅលើ​ក្រុម​បាតុករ​ដោយ​ការ​ប្រើ​ដំបង ។ ក្រុម​បាតុករ​បាន​ដណ្តើម​យក​ដំបង​ទាំង​នោះ ហើយ​បាន​ចាប់ផ្តើម​វាយ​បក​ទៅ​លើ​សមត្ថកិច្ច​វិញ ។ យ៉ាង​តិច​ណាស់​មាន​សមត្ថកិច្ច​ចំនួន ១០នាក់ និង​អ្នក​តវ៉ា​ចំនួន ៦នាក់​បាន​រង​របួស​ដោយ​សារ​ការ​ប្រើប្រាស់​ហិង្សា​ក្នុង​ពេល​នោះ ហើយ​សមាជិក​គណបក្ស​សង្គ្រោះជាតិ ៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ។ ក្រោយ​មកទៀត​មាន​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​នឹង​ព្រឹត្តិការណ៍នោះ ។

ដីធ្លី៖ នៅថ្ងៃទី២៨ ខែកក្កដា កសិករវ័យក្មេងអាយុ ១៩ឆ្នាំម្នាក់ ឈ្មោះ ទ្រី ចម្រើន ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ទាហាន​នៃ​កងយោធ​ពលខេមរភូមិន្ទ​ម្នាក់ បន្ទាប់​ពី​ទាហាន​យោធា​ម្នាក់​នោះ​បាន​អះអាង​ថា​ប្រជាពលរដ្ឋ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ក​បង្កើន​ផល​តទៀត​នោះ​ទេ​នៅ​តំបន់​នោះ​ដោយសារ​តែដី​នោះ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ។

ដីធ្លី៖ នៅថ្ងៃទី២៨ ខែកក្កដា កងសន្តិសុខខណ្ឌដូនពេញ បាន​វាយ​ទៅ​លើ​ស្ត្រីជា​សកម្មជន​បឹង​កក់ និង​សកម្មជន​សហគមន៍​បូរី​កីឡា​ចំនួន​២នាក់ ឲ្យ​សន្លប់​មិន​ដឹង​ខ្លួន នៅ​ពេល​ដែល​នគរបាល​ដទៃ​ទៀត​បាន​ឈរ​មើល​ព្រឹត្តិការណ៍​នោះ​នៅ​ភ្នំពេញ ។

ដីធ្លី៖ នៅថ្ងៃទី១២ ខែសីហា អាជ្ញាធររដ្ឋបាន​ធ្វើការ​បំបែក​ដោយ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ប្រមាណ ៥០នាក់ មកពី​សហគមន៍​ឡពាង នៅ​ខេត្ត​កំពង់​ឆ្នាំង ហើយ​ចាប់​ខ្លួន​មនុស្ស ៣នាក់ ដែល​ម្នាក់​ក្នុង​ចំណោម​នោះ​ជា​ស្វាមី​របស់​អ្នក​តំណាង​សហគមន៍ អ្នកស្រី អ៊ុំ សុភី ផង​ដែរ ។ យ៉ាងតិច​ណាស់​មាន​ពលរដ្ឋ ៨នាក់ ដែល​បាន​រងរបួស ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១០ ខែកញ្ញា មន្ត្រីផ្នែកស្រាវជ្រាវ ២រូប មកពីអង្គការ​សមធម៌​កម្ពុជា ត្រូវ​បាន​ឃុំខ្លួន​មួយ​យប់ ដោយ​នគរបាល​អន្តោ​ប្រវេសន៍ ខេត្ត​ឧត្តរ​មានជ័យ នៅ​ពេល​ដែល​អ្នក​ទាំងនោះ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ពី​បញ្ហា​រំលោភ​ដីធ្លី ។ បុគ្គលិក​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​គ្មាន​ដីកា និង​មូល​ហេតុ​ច្បាស់​លាស់ ហើយ​ត្រូវ​បាន​សួរ​ចម្លើយ​អំពី​សកម្មភាព​នៃ​ការ​ស្រាវជ្រាវ​​របស់​ពួកគេ​ទៀត​ផង ។ នៅខណៈ​ពេល​នោះ គឺ​បុគ្គលិក​ទាំង​នោះ​កំពុង​ធ្វើការ​ស៊ើប​អង្កេត ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដែល​ជាប់​ទាក់ទង​នឹង​ក្រុមហ៊ុន​ថៃ​ផលិត​ស្ករ​ស​ខ្នាតធំ​មួយ​ឈ្មោះ Mitr Phol ។

ការងារ៖ នៅថ្ងៃទី១៦ ខែកញ្ញា តំណាងសហជីព ២រូប ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​នៅ​ខេត្ត​ព្រៃ​វែង បន្ទាប់​ពី​អ្នក​ទាំង​នោះ បាន​ដឹកនាំ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​មាន​លក្ខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាង​មុន ។

នយោបាយ៖ ចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់​ខែ​វិច្ឆិកា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៩នាក់ ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏សកម្ម ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ទោស​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ ។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង ១៩នាក់​នោះ មាន​១៦នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី១០ និង​១៣ ខែ​សីហា ហើយ​១១​នាក់​ក្នុង​ចំណោម ១៦​នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ភ្លាមៗ​ត្រឹមតែ​មួយ​ថ្ងៃ​បន្ទាប់ការ​ចាប់ខ្លួន​នោះ ។ គួរបញ្ជាក់​ថា អ្នក​ទាំង​១៩​នាក់​នោះ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ចុង​ឆ្នាំ​២០១៤ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១១ ខែតុលា នគរបាល​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​វាយ​ទៅ​លើ​បុគ្គលិក​ម្នាក់​របស់​អង្គការ​សមធម៌​កម្ពុជា បន្ទាប់ពី​បុគ្កលិក​នោះ​បដិសេធ​ដោយ​មិនឲ្យ​នគរបាល​នោះ​ឆែកឆេរ​រថយន្ត​របស់​ពួកគេ​ដោយ​គ្មាន​ដីកា​ត្រឹមត្រូវ ។ បន្ទាប់​ពី​មាន​ការ​ប្រើ​ហិង្សា និង​ការ​ឆែក​ឆេរ​ដោយ​ខុស​ច្បាប់​នេះ នគរបាល​បាន​រឹបអូស​យក​រថយន្ត និង​លុប​រូប​នៅ​ក្នុង​កាមេរ៉ា​របស់​ពួក​គេ​ចោល ។

ដីធ្លី៖ នៅថ្ងៃទី១០ ខែវិច្ឆិកា អ្នកការពារសិទ្ធិ​មនុស្ស​បឹងកក់​ចំនួន ១០នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ នៅ​ក្នុង​នីតិវិធី​ច្បាប់​មួយ ដែល​ពោរ​ពេញ​ដោយ​ភាព​មិន​ប្រក្រតី ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដីធ្លី​ចំនួន ២ ។

ផ្សេងៗ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា យុវជនម្នាក់បានរកឃើញថា បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​មាន​ការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​មិនមាន​ផ្តល់​នូវ​ការ​ព្យាបាល​អ្វី​សោះ នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ។ លោក​ត្រូវ​បាន​គេ​យកពី​តាម​ចិញ្ចើម​ផ្លូវ ហើយ​យក​ទៅ​ដាក់​នៅ​មណ្ឌល​នោះ ជាកន្លែង​ដែល​មិនមាន​ការ​ផ្តល់​ការ​ព្យាបាល​អ្វី​ទាល់​តែ​សោះ ទោះបី​ជា​មាន​សញ្ញាណ​ជាក់ស្តែង​ពី​ស្ថានភាព​ជម្ងឺ​ក៏ដោយ ។ លោក​ទទួល​មរណភាព នៅថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​បូជា ។

ឆ្នាំ ២០១៣ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

នយោបាយ៖ នៅខែកុម្ភៈ ឆ្នាំ២០១៣ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ៥០០នាក់ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវបាន​គម្រាមគំហែង​ថា​នឹង​លុប​ឈ្មោះ​របស់​អ្នក​ទាំង​នោះ ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ប្រសិន​បើពួក​គាត់​ចូលរួម​វេទិការ​សាធារណៈ​ជាមួយ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ។ ប្រជា​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរក្នុងតំបន់ជាច្រើននាក់ បង្ខំអោយផ្តិតមេដៃលើឯកសារដែលពួកគេមិនបានយល់អ្វីទាល់តែសោះ ដែលជាការចុះហត្ថលេខាថានឹងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ។

នយោបាយ៖ នៅខែមីនា ឆ្នាំ២០១៣ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជា​សាធារណៈថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត នោះ​កម្ពុជា​នឹង​បាត់បង់​ទាំង​គម្រោង​អភិវឌ្ឍន៍​ធំៗ “រាប់ពាន់​គម្រោង” និង​កម្មវិធី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ថែម​ទៀត​ផង ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏បាន​គម្រាម​ថា​នឹង​មាន​ហិង្សា​និង​សង្រ្គាម​ស៊ីវិល​កើត​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ។

ដីធ្លី៖ នៅថ្ងៃទី១៣ ខែមីនា ក្រុម​អ្នក​តវ៉ា​សហគមន៍​បឹងកក់ ត្រូវ​បាន​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ​ដោយ​នគរបាល បន្ទាប់ពី​ពួក​គាត់​ធ្វើការ​ជួបជុំ​គ្នា​នៅ​សួនច្បារ​សាធារណៈ​ក្បែរ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​តវ៉ា​ស្នើ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ។ យ៉ាង​តិច​ណាស់​មាន​មនុស្ស ៥នាក់ បាន​រង​របួស ក្នុង​នោះ​មាន​លោក លួស សុខន ដែល​ត្រូវជា​ស្វាមី អ្នក​ស្រី យ៉ោម បុប្ផា ផង​ដែរ ។

បញ្ចេញមតិ៖ នៅថ្ងៃទី១៥ ខែមីនា សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​ដោះ​លែង លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង​សហ​ចុង​ចោទ​ផ្សេង​ទៀត ពី​ពន្ធនាគារ ។ លោក សូណង់ដូ បាន​ជាប់​ពន្ធនាគារ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​ចលនា​មួយ​ដែល​ហៅថា « ចលនា​អបគមន៍» នៅ​ខេត្ត​ក្រចេះ ។ នៅខែតុលា ឆ្នាំ២០១២ គាត់​ត្រូវ​បាន​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​ ២០ឆ្នាំ ។ សាលា​ឧទ្ធរណ៍​បាន​ផ្លាស់​ប្តួរ​បទចោទ​របស់​លោក​សូណង់ដូ ទៅ​ជា​បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​បន្ថយ​ទោស​មក​ត្រឹម ៥ឆ្នាំ និង​ព្យួរ​ទោស​ដែល​នៅ​សល់​ទាំងអស់ ។ លោក សូណង់ដូ បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៨ខែ គិត​ត្រឹម​ថ្ងៃ​លោក ត្រូវ​បាន​តុលាការ​ដោះលែង ។

ដីធ្លី៖ នៅថ្ងៃទី៣០ ខែមីនា សមាជិក​សហគមន៍​បឹងកក់​បាន​ធ្វើការ​ជួបជុំ​គ្នា​នៅ​មុខ​សាលា​រាជធានី ដើម្បី​ធ្វើការ​តវ៉ា​សុំឲ្យ​ដោះលែង អ្នក​ស្រី យ៉ោម បុប្ផា និង​ឱ្យ​មាន​ការ​ដោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​របស់​សហគមន៍​អ្នក​ទាំង​នោះ ។ ក្រុមបាតុករ​មួយ​ចំនួន​បាន​រួមគ្នា​ធ្វើការ​បិទ​ផ្លូវ​ព្រះ​មុនីវង្ស ។ អាជ្ញាធរ​បាន​ឆ្លើយ​តប​ដោយ​ការ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ៣ គ្រឿង បាញ់​ទឹក ដើម្បី​បំបែក​ក្រុម​បាតុករ ។

ដីធ្លី៖ នៅថ្ងៃទី៣០ ខែឧសភា ញាតិ​មួយ​ត្រូវ​បាន​ដាក់​ទៅ​គណកម្មការ​សិទ្ធិ​មនុស្ស​ថៃ ដោយ​ដើម​បណ្តឹង​ចំនួន ៦០២​នាក់ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ស្ករស​ថៃ មួយ​ឈ្មោះ Mitr Phol Sugar Corporation ។ ក្រុមហ៊ុន​នេះ បាន​ទទួល​នូវដី​សម្បទាន​សេដ្ឋកិច្ច​ធំៗ​ចំនួន ៣ កន្លែង សម្រាប់​ដាំអំពៅ ធ្វើ​ជា​ឧស្សាហកម្ម​ផលិត​ស្ករស ដែល​មាន​ទីតាំង​នៅ​ស្រុក​សំរោង និង​ស្រុក​ចុង​កាល ខេត្ត​ឧត្តរ​មាន​ជ័យ ។ អំពើ​រំលោភ​សិទិ្ធ​មនុស្ស ដែល​កើត​មាន​​ដូចជា ការ​រឹបអូស​យក​ដីពី​ពលរដ្ឋ​មូលដ្ឋាន និង​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ពលររដ្ឋ សម្លាប់​សត្វ​ពាហនៈ បង្ក​អគ្គិភ័យ លួច​ផល​ដំណាំ ការ​វាយដំ គម្រាម​គំហែង ការ​បំភិត​បំភ័យ និង​ចាប់​ខ្លួន​ពលរដ្ឋ​ក្នុង​តំបន់ ។

នយោបាយ៖ នៅថ្ងៃទី៥ ខែមិថុនា គណ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​មាន​សមាស​ភាព​ទាំង​អស់​មក​ពី​គណបក្ស​ប្រជាជន បាន​បណ្តេញ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ២៩ រូប ចេញ​ពី​អង្គ​នីតិ​បញ្ញត្តិ ក្រោម​ហេតុផល​ថា​ពួកគេ​បាន​ប្តូរ​គណបក្ស ។ គណបក្ស​ជំទាស់​ពីរ បាន​រួម​បញ្ចូល​គ្នាជា​ផ្លូវ​ការ​កាលពី​ដើម​ឆ្នាំ​ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ។

នយោបាយ៖ នៅខែមិថុនា ឆ្នាំ២០១៣ យុទ្ធនាការ​មួយ​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ បាន​ចោទ​ប្រកាន់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ រួមភេទ​ជាមួយ​អនីតិជន មិន​ផ្តល់​អាហារ​កិច្ច​ដល់​កូន​របស់​ស្រី​កំណាន់ និង​បដិសេធ​ចំពោះ​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម ។ យុទ្ធនាការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​នេះ មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​មហាជន ដោយ​មាន​ការ​ចាក់​ផ្សាយ​ម្តង​ហើយ​ម្តង​ទៀត​តាម​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​ទូទាំង​ប្រទេស​ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច ។

ការងារ៖ ខែមិថុនា ឆ្នាំ២០១៣ សវនាការ ត្រូវបាន​បើក​លើ​សំណុំ​រឿង លោក ឈូក បណ្ឌិត ចៅ​ហ្វាយ​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង ។ នៅខែកុម្ភៈ ឆ្នាំ២០១២ កម្មករ​រោងចក្រ​រាប់​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​នៅ​​រោងចក្រ​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ក្រុង​បាវិត ។ លោក បណ្ឌិត បាន​ទៅ​ដល់​កន្លែង​បាតុកម្ម​នៅថ្ងៃ​ទី​២០ ខែ​កុម្ភៈ ហើយ​បាន​ទាញ​កាំភ្លើង រួច​បាញ់​ទៅ​លើ​ក្រុម​បាតុករ ដែល​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ចំនួន ៣នាក់ ។ ចៅក្រម​ជំនុំ​ជម្រះ បាន​ចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស​លោក បណ្ឌិត ដាក់​ពន្ធនាគារ​រយៈពេល ១៨ខែ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ។ ប៉ុន្តែ​​ទោះ​​ជា​​យ៉ាង​​ណា ក្រោយ​ពី​តុលាការ​ផ្តន្ទា​ទោស​ពន្ធនាគារ ភាគ​ច្រើន​លោក បណ្ឌិត សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ។

ដីធ្លី៖ នៅថ្ងៃទី១១ ខែមិថុនា សម្តេច​នាយក​រដ្ឋមន្ត្រីបានផ្អាកយុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដែលបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ។ ការអនុវត្តយុទ្ធនាការនេះ ត្រូវបានឡើង ពោរពេញដោយភាពលាក់បាំង ហើយការត្រួតពិនិត្យដោយឯករាជ្យលើការអនុវត្តនេះ ក៏ត្រូវបានហាមឃាត់យ៉ាងតឹងរឹង ។ កម្មវិធីនេះទទួលជំនួយឯកជនពីសម្តេចនាយករដ្ឋមន្ត្រី និងក្រុមមនុស្សដែលជិតស្និតនឹងសម្តេចដទៃទៀត ។ បើទោះជាមានការអះអាងថាកម្មវិធីនេះ បានផ្តល់បណ្ណកម្មសិទ្ធិដីធ្លីទៅឱ្យពលរដ្ឋប្រមាណ ៤៧០.០០០ គ្រួសារ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១,៨ លានហិកតា ក៏ដោយ ក៏កម្មវិធីនេះនៅតែមិនបានគ្របដណ្តប់លើតំបន់ជាច្រើន ដែលមានទំនាស់ដីធ្លីខ្លាំងក្លា ដែលជាដីសម្បទានសេដ្ឋកិច្ចធំៗ រំលោភលើដីរបស់អ្នកកាន់កាប់ពីមុន ។

បញ្ចេញមតិ៖ នៅថ្ងៃទី២៨ ខែមិថុនា រាជរដ្ឋាភិបាល បានហាមឃាត់ការផ្សាយបន្តពីវិទ្យុជាភាសាខ្មែរដែលផលិតដោយបរទេស ។ មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM 102 និងវិទ្យុសំបុកឃ្មុំ FM 105 ត្រូវបានបង្ខំឲ្យបញ្ឈប់ការចាក់ផ្សព្វផ្សាយបន្តនូវសម្លេងវិទ្យុអាស៊ីសេរី RFA និងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ។ ខណៈដែលអាជ្ញាធរបានលុបចោលការហាមឃាត់នេះវិញនូវថ្ងៃបន្ទាប់ បទបញ្ជាដោយឡែកមួយនៅតែរក្សាដដែល ។ គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានហាមឃាត់ ដោយមិនឲ្យផ្សព្វផ្សាយរបាយការណ៍បរទេស ដែលទាក់ទងនឹងការស្ទង់មតិ និងលទ្ធផលនៃការបោះឆ្នោត ៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។

នយោបាយ៖ នៅខែកក្កដា ឆ្នាំ២០១៣ ក្រោយពីមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញរបស់ឯកឧត្តម សម រង្ស៊ី មានខ្មាញ់កាំភ្លើង បានបាញ់គ្រាប់កាំភ្លើងចូលទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលបណ្តាលឲ្យបែកកញ្ចក់បង្អួច និងប៉ះទង្គិចដល់អ្នកគាំទ្រចំនួន ១០នាក់ នៅខាងក្នុងទីស្នាក់ការ ។

នយោបាយ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី និងអនុប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បាននិយាយដោយការខ្វែងគ្នាអំពីជនជាតិវៀតណាមដែលរស់នៅកម្ពុជា និងព្រមានអំពីការគម្រាមកំហែងពីជនជាតិវៀតណាមដល់ប្រទេសកម្ពុជា ។ វោហារសាស្ត្ររើសអើងពូជសាសន៍ បានបន្តពេញមួយឆ្នាំ ។

នយោបាយ៖ នៅថ្ងៃទី២៨ ខែកក្កដា ការបោះឆ្នោតថ្នាក់ជាតិត្រូវបានសាធារណជនជាតិ និងអន្តរជាតិ កត់សម្គាល់ថាឃើញថាមានភាពមិនប្រក្រតីជាច្រើន នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស ។ ភាពមិនប្រក្រតីទាំងនេះរួមមាន ភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោត ការបាត់ឈ្មោះអ្នកបោះឆ្នោត ការបដិសេធសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន ។ ក៏មានផងដែរការអំពើបន្លំសន្លឹកឆ្នោត ការបំភិតបំភ័យ ឬការយាយីនៅតាមការិយាល័យបោះឆ្នោតនានា ។ លទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះតែបន្តិចប៉ុណ្ណោះ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធផលនេះ ។

នយោបាយ៖ នៅថ្ងៃទី១៥ ខែកញ្ញា លោក ម៉ៅ សុខចាន់ អាយុ ២៩ឆ្នាំ ត្រូវបានគេបាញ់ចំក្បាល និងបានស្លាប់ភ្លាមៗនៅក្នុងព្រឹត្តិការណ៍បាតុកម្មមហាជនជាច្រើនថ្ងៃ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដើម្បីអំពាវនាវអោយមានការរាប់សន្លឹកឆ្នោតឡើងវិញ ឬបោះឆ្នោតឡើងវិញ ។ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងឡើងនាពេលរសៀល នៅពេលដែលចរាចរណ៍មានភាពច្របូកច្របល់ដោយសារតែការបិទផ្លូវក្បែរស្ពានអាកាសព្រះមុន្នីវង្ស ដោយកងរាជអាវុធហត្ថ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិតទៅលើក្រុមពលរដ្ឋ ។ ក្នុងនោះព្រឹត្តិការណ៍នោះ មានបុរសចំនួន ៩នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ មនុស្ស ៨នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើង ។ យុវជនជាច្រើននាក់រាប់បញ្ចូលទាំងក្មេងជំទង់ ក៏ត្រូវបានវាយធ្វើបាបដោយសមត្ថកិច្ចផងដែរ ។ អ្នកឈរមើលព្រឹត្តិការណ៍ចំនួន ៦នាក់ ដែលរួមមានក្មេងជនជាតិវៀតណាមម្នាក់ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសពន្ធនាគារ ។

ការជួបជុំ៖ នៅថ្ងៃទី២០ ខែកញ្ញា កងកម្លាំងសន្តិសុខជាច្រើនរយនាក់ ដែលភាគច្រើនជាកងរាជអាវុធហត្ថ បានបំបែកការប្រមូលផ្តុំគ្នារបស់ព្រះសង្ឃ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនអង្គ/នាក់ នៅក្បែររម្យណីយ៍ដ្ឋានវត្តភ្នំ ។

ដីធ្លី៖ នៅថ្ងៃទី២២ ខែកញ្ញា អាជ្ញាធរជាច្រើន ដែលរួមមាននគរបាល និងកងរាជអាវុធហត្ថ បានប្រើប្រាស់កាំភ្លើង និងដំបងឆក់ ដើម្បីបំបែកការជួបជុំអុជទៀនដោយអហិង្សានៅរម្យណីយ៍ដ្ឋានវត្តភ្នំ ដោយសកម្មជនដីធ្លីតំបន់បឹងកក់។ ក្រុមពលរដ្ឋបឹងកក់ ដែលមានទាំងស្ត្រី និងកុមារ បានអំពាវនាវសុំឲ្យមានការដោះលែងសកម្មជនដែលកំពុងជាប់ឃុំ អ្នកស្រី យ៉ោម បុប្ឆា។ ចាប់ពីម៉ោង ១០ និង ៣០ នាទី យប់ កងសន្តិសុខមានសំលៀកបំពាក់ស៊ីវិល និងឯកសណ្ឋាន ជាច្រើននាក់ បានចាប់ផ្តើមវាយដំសកម្មជនដីធ្លី អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស និងអ្នកកាសែត នៅពេលប្រមូលផ្តុំគ្នានោះ ។ យ៉ាងតិចណាស់ មានអ្នកតំណាងសហគមន៍ចំនួន ១០នាក់ បានរងរបួស អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សម្នាក់រងរបួសដើមទ្រូងដោយត្រូវគ្រាប់ជំពាមកៅស៊ូ ហើយអ្នកកាសែតជាច្រើននាក់ផ្សេងទៀតរងរបួសដោយដំបងឆក់ ។

ការងារ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា កម្មករប្រមាណ ៦០០ នាក់ បានធ្វើបាតុកម្ម ដោយព្យាយាមដើរក្បួនទៅកាន់គេហដ្ឋានសម្តេចនាយករដ្ឋមន្ត្រី ដោយស្នើសុំឲ្យមានការឆ្លើយតបពីរាជរដ្ឋាភិបាល។ កម្មករទាំងនោះ បានធ្វើការតវ៉ាអស់រយៈពេលបីខែមកហើយ ដើម្បីឲ្យមានការឆ្លើយតបចំពោះការទាមទាររបស់ពួកគេ។ ការដើរក្បួនរបស់កម្មករទាំងនោះ ត្រូវបានរារាំងដោយរបាំងជាច្រើន និងនគរបាលបង្ក្រាបបាតុកម្ម ដែលត្រូវបានដាក់ពង្រាយនៅស្ពានស្ទឹងមានជ័យ។ នគរបាល បានបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិត ទៅលើក្រុមពលរដ្ឋ។ រហូតមកដល់ពេលរសៀល អ្នកលក់ដូរតាមផ្លូវម្នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង មនុស្ស ៩នាក់ រងរបួសដោយគ្រាប់កាំភ្លើង ហើយមនុស្សជាង ៣០នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន ។

ឆ្នាំ ២០១២ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

ដីធ្លី៖ នៅថ្ងៃទី ០៣ ខែមករា កងកម្លាំងសន្តិសុខចម្រុះជាង ១០០នាក់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង បាញ់គ្រាប់កាំភ្លើង ទៅលើអ្នកភូមិនៃសហគមន៍បុរីកីឡា ។ នៅក្នុងពេលនោះដែរ កម្មកររបស់ក្រុមហ៊ុនផានអ៊ីម៉ិចជាច្រើននាក់បានវាយកំទេច និង បំផ្លិចបំផ្លាញលំនៅឋានរបស់ពលរដ្ឋចំនួន៣០០គ្រួសារ ដែលធ្វើឲ្យពលរដ្ឋទាំងនោះមិនអាចយករបស់របររបស់អ្នកទាំងនោះចេញ ទាន់ពេលវេលានោះទេ ។ នៅក្នុងហេតុការណ៍នោះដែរ សមាជិកសហគមន៍ចំនួន ០៨នាក់ត្រូវបានចាប់ខ្លួន ។

ដីធ្លី៖ នៅថ្ងៃទី ០៣ ខែមករា មន្រ្តីកងរាជអាវុធហត្ថម្នាក់ ដែលដើរតួជាសន្តិសុខឯកជន បានបាញ់ទៅលើអ្នកភូមិជនជាតិភាគតិចជាច្រើននាក់ នៅខេត្តរតនគិរី ជុំវិញជម្លោះដីធ្លីដ៍រាំរៃមួយ រវាងអ្នកភូមិ មកពីភូមិកាណាត់ធំ និង ក្រុមហ៊ុនកៅស៊ូ ហេង ប្រាឌ័រ (Heng Brother Robber Company) ។

ដីធ្លី៖ នៅថ្ងៃទី ១១ ខែមករា អ្នកភូមិក្នុងសហគមន៍បូរីកីឡាចំនួន ៣០នាក់ ក្នុងនោះមានស្រ្តី ២៤នាក់ និង កុមារ ៦នាក់ ត្រូវបានចាប់ខ្លួនដោយមិនមានការចោទប្រកាន់ នៅមុខសាលារាជធានីភ្នំពេញ ហើយត្រូវបានបញ្ចូនទៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ។

ដីធ្លី៖ នៅថ្ងៃទី ១៨ ខែមករា មន្ត្រីយោធា ដែលដើរតួជាអ្នកសន្តិសុខឲ្យក្រុមហ៊ុនធីធីវ៉ាយ (TTY Co.Ltd) បានបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋមួយក្រុម ដែលបានប្រមូលផ្តុំគ្នាដើម្បីការពារដីស្រែចំការរបស់ពួកគេ ពីការឈូសឆាយនៅក្នុងស្រុក ស្នួល ខេត្តក្រចេះ ។ ប្រជាពលរដ្ឋ៤នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើង នៅពេលដែលអ្នកទាំងនោះ ព្យាយាមបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនពីការបំផ្លាញចំការដំឡូងមីរបស់អ្នកទាំងនោះ ។

សង្គមស៊ីវិល៖ នៅថ្ងៃទី ២០ ខែកុម្ភៈ បុគ្គលិក អាដហុក (ADHOC) ម្នាក់ ត្រូវបានតុលាការកោះហៅពីបទ បរិហារបង្កាច់កេរ្តិ៍ បន្ទាប់ពី អាដហុក(ADHOC) បានអន្តរាគមន៍ក្នុងករណីនារីបំរើការម្នាក់ត្រូវបានរំលោភបំពានផ្លូវភេទ និង ធ្វើបាបដោយ លោក អ៊ុំ សុជាតិ ដែលជា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។ ការចោទប្រកាន់នេះក្រោយមកត្រូវបានទម្លាក់ចោលវិញ។

ការងារ៖ នៅថ្ងៃទី ២០ ខែមករា អភិបាលស្រុកម្នាក់នៅខេត្តស្វាយរៀង បានបាញ់ប្រហារ នៅក្នុងព្រឹត្តិការណ៍បាតុកម្មរបស់កម្មករជាង ១.០០០នាក់ ក្នុងខេត្តស្វាយរៀង ។ កម្មការិនីវ័យក្មេងចំនួន ៣នាក់ បានរងរបួស ។ ខ្មាន់កាំភ្លើងត្រូវបានបណ្ដោយឱ្យរត់គេចខ្លួនពីកន្លែងកើតហេតុនោះ បើទោះបីជាមានវត្តមានកម្លាំងកងរាជអាវុធហត្ថនៅនឹងកន្លែងកើតហេតុក៏ដោយ ។ ទោះបីជាមានការទទួលស្គាល់ថាបានប្រើប្រាស់អាវុធក៏ដោយ ក៏ខ្មាន់កាំភ្លើងគឺ លោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ពីបទ “បង្ករបួសស្នាមដោយអចេតនា” និងមិនត្រូវបានជាប់ឃុំខ្លួនឡើយ ហើយត្រូវបានលើកលែងបទចោទប្រកាន់នេះ ក្នុងខែ ធ្នូ ឆ្នាំដដែល ។

សង្គមស៊ីវិល៖ នៅក្នុងថ្ងៃទី ២៦ ខែមេសា សកម្មជនបរិស្ថាន និងជាប្រធាននៃអង្គការការពារធនធានធម្មជាតិ លោកឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ក្នុងខណៈពេល លោកស៊ើបអង្កេតការកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ ជាមួយនឹងអ្នកកាសែតពីររូបមកពី កាសែតឌឹខេមបូឌា ដេលី ។ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ក៏ត្រូវបានបាញ់សម្លាប់នៅក្នុងហេតុការណ៍នោះដែរ ។ អាជ្ញាធរ ទាំងនោះ បានផ្តល់ការពន្យល់ខុសៗគ្នាចំនួន បួន រួមទាំងការពន្យល់ថាការស្លាប់ គឺដោយសារការបាញ់ខ្លួនឯងរបស់កងរាជអាវុធហត្ថ ចំនួនពីរដង ដោយកាំភ្លើង AK 47 របស់លោក ដែលធ្វើឲ្យការស៊ើបអង្កេតលើករណីឃាតកម្មលោក ឈុត វុទ្ធី មានភាពខ្វះចន្លោះយ៉ាងខ្លាំង ។

ដីធ្លី៖ នៅក្នុងថ្ងៃទី ២៧ មេសា រាជរដ្ឋាភិបាល បានធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់ដីសម្បទានថ្មីៗ ។ ប៉ុន្តែនៅខែមិថុនា អង្គការលីកាដូ បានចងក្រងឯកសារ ពីការផ្តល់ដីសម្បទានថ្មីៗ យ៉ាងតិចមាន ១២កន្លែង ដែលសរុបមានជាង ៨០.០០០ ហិកតា ។ នេះ ជាភាពខ្វះចន្លោះមួយរបស់បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យក្រុមហ៊ុន “ដែលបានទទួលបានការអនុញ្ញាតរួច” អាចបន្តឈូសឆាយដីសម្បទានរបស់ខ្លួន ។ នេះ គឺជាភាពចន្លោះប្រហោងយ៉ាងធំ ដែលធ្វើឲ្យបទបញ្ជានោះ គ្មានប្រសិទិ្ធភាព ។

ដីធ្លី៖ នៅក្នុងថ្ងៃទី ១៦ ខែឧសភា កុមារីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងខេត្តក្រចេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ ចូលទៅក្នុងភូមិរបស់នាង ។ ប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ ។ ក្រោយមក អាជ្ញាធរ បានចោទប្រកាន់អ្នកភូមិទាំងនោះថា ប៉ុនប៉ងធ្វើអបគមន៍ ក្នុងប្រទេស ។ ការលើកឡើងនេះ គឺមិនមានភស្តុតាងច្បាស់លាស់នោះទេ ។ អ្នកភូមិនៅទីនោះ មានជម្លោះដីធ្លី ដែលគេដឹងលឺគ្រប់ៗគ្នាថា ជាមួយក្រុមហ៊ុនកសិកម្មឧស្សាហកម្ម កាសូទីម (Casotim) ។

ដីធ្លី៖ នៅថ្ងៃទី២២ ខែឧសភា សកម្មជនបឹងកក់ ១៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើការតវ៉ាដោយអហិង្សា លើករណីជម្លោះដីធ្លី ដែលឈានទៅដល់ការបណ្តេញប្រជាពលរដ្ឋចំនួនជាង ៣.៥០០ គ្រួសារ ។ ការចាប់ខ្លួនអ្នកទាំងនោះ កើតឡើងនៅពេលដែលអ្នកចូលរួមបានចាប់ផ្ដើមច្រៀងចម្រៀង ខណៈពេលដែលបានធ្វើតវ៉ាដោយអហិង្សា ។ សវនាការមួយ លើករណីស្ត្រីទាំង ១៣នាក់ ត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោយថ្ងៃចាប់ខ្លួនអ្នកទាំងនោះ ។ តុលាការ បានផ្តន្ទាទោសអ្នកទាំងនោះ ពីបទ “កាន់កាប់ដីធ្លីដោយខុសច្បាប់” និង “រារាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស” ហើយដាក់ ពន្ធនាគារចំនួន ពីរឆ្នាំកន្លះ ។ មេធាវីការពារសកម្មជនទាំងនោះ បានស្នើសុំពន្យាពេលនីតិវិធី យកឯកសារពាក់ព័ន្ធនឹងការចោទប្រកាន់និងភស្តុតាង និងកោះហៅសាក្សី ប៉ុន្តែសំណើទាំងនេះត្រូវបានបដិសេធ ។

ដីធ្លី៖ នៅថ្ងៃទី ២៤ ខែឧសភា ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានឡោមព័ទ្ធដោយមន្ត្រីស៊ីវិល និងសាសនា ហើយបង្ខំព្រះអង្គឲ្យនិមន្តចូលក្នុងរថយន្ត ។ ព្រះតេជគុណ ត្រូវបានគេដឹកទៅកាន់វត្តមួយ បន្ទាប់ពីព្រះអង្គបាននិមន្តចូលរួមការប្រមូលផ្ដុំនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រសកម្មជនបឹងកក់ទាំង១៣នាក់ ដែលត្រូវបានចាប់ខ្លួន ។ ព្រះអង្គត្រូវ បានគេគម្រាមកំហែងនឹងអាចចាប់ព្រះអង្គផ្សឹក ហើយចោទប្រកាន់បទព្រហ្មទណ្ឌ ប្រសិនបើព្រះអង្គមិនបញ្ឈប់ធ្វើការទាក់ទាញមតិ គាំទ្រជួយជនរងគ្រោះ ដែលត្រូវបានគេរំលោភសិទិ្ធមនុស្ស ។

ដីធ្លី៖ នៅថ្ងៃទី២៦ ខែឧសភា ដីចំការ និងផ្ទះចំនួន ៦០ ហិកតា ជាកម្មសិទិ្ធរបស់ពលរដ្ឋចំនួន ១៥ គ្រួសារ រស់នៅក្នុងសង្កាត់លេខ ១ ខេត្តព្រះសីហនុ ត្រូវបានបំផ្លាញដោយកងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ ដីនេះ គឺបម្រុងទុកសម្រាប់ការសាងសង់ពន្ធនាគារថ្មី ។ អ្នកភូមិដែលត្រូវបានគេបណ្តេញចេញ មិនបានទទួលសំណងអ្វីទេ ហើយអ្នកភូមិ យ៉ាងតិចម្នាក់ រងរបួសធ្ងន់ធ្ងរអំឡុងពេលប្រតិបត្តិការរបស់អាជ្ញាធរ ។

ការបញ្ជេញមតិ៖ ថ្ងៃទី១៥ ខែកក្កដា លោក ម៉ម សូណង់ដូ ដែលជាម្ចាស់ និង ជាប្រធាននៃវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយក្នុងចំនោមវិទ្យុឯករាជ្យមួយចំនួនតូចនៅប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានការចូលរួមនៅក្នុងចលនាអបគមន៍ ។ មុនពេលការចាប់ខ្លួនលោក វិទ្យុសំបុកឃ្មុំបានផ្សាយអំពី “ពាក្យបណ្តឹង” ដែលត្រូវបានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយចោទប្រកាន់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលទាក់ទងនឹងការផ្លាស់ទីដោយបង្ខំ និងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន ។ ម្ភៃបួនម៉ោងក្រោយមក បន្ទាប់ពីវិទ្យុសំបុកឃ្មុំបានផ្សាយតាមរលក ធាតុអាកាស ជាលើកដំបូងពីព័ត៌មាននេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈឱ្យមានការចាប់ខ្លួនលោក នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ដែលបានផ្សាយទូទាំងប្រទេស ។ ក្រោយមក លោក សូណង់ដូ ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពន្ធនាគារចំនួន ២០ ឆ្នាំ ។

ដីធ្លី៖ ថ្ងៃទី ០១ ខែកក្កដា នគរបាលអន្តរាគមន៍ប្រឆាំងបាតុកម្ម ត្រូវបានដាក់ពង្រាយ ដើម្បីការពារមិនឲ្យពលរដ្ឋបឹងកក់ និងអ្នកដទៃទៀតអាចចូលក្នុងសាលាឧទ្ធរណ៍ នៅពេលដែលតុលាការ កំពុងបើកសវនាកាលើសំណុំរឿងសកម្មជនបឹងកក់ទាំង ១៣ នាក់ ។ មន្ត្រីនគរបាល បានប្រើអំពើហិង្សា ដែលបណ្តាលឲ្យរបួសពលរដ្ឋចំនួន ៥នាក់ និងកុមារចំនួន ៧នាក់ ដែលត្រូវទទួលការព្យាបាល ។ ក្នុងចំណោមជនរងគ្រោះអស់ មានស្ត្រីម្នាក់ (ជាប្អូនស្រីរបស់អ្នកតំណាងម្នាក់ដែលត្រូវបានជាប់ក្នុងពន្ធនាគារ) បានរលូតកូន បន្ទាប់ពីត្រូវបានមន្ត្រីនគរបាលទាត់ចំពោះ ។

ការងារ៖ ថ្ងៃទី១១ ខែកក្កដា អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែកក្កដា អាជ្ញាធរបានធ្វើការវាយដំយ៉ាងធ្ងន់ធ្ងរ ទៅលើអ្នកដឹកនាំសហជីព លោក រ៉ុង បញ្ញា នៅពេលមានការតវ៉ារបស់កម្មកររោងចក្រដោយអហិង្សានៅក្នុងសួនច្បារសាធារណៈ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ។ លោក ចូលរួមគាំទ្រ កម្មករមកពីរោងចក្រកាត់ដេរ តៃយ៉ាង (Tai Yang) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំលៀកបំពាក់ទៅក្រុមហ៊ុនសំលៀកបំពាក់អន្តជាតិដ៏ធំៗក្នុងចំណោមរោងចក្រផ្សេងៗទៀតដូចជា Levi Strauss, Gap និង OldNavy ។

ដីធ្លី៖ ថ្ងៃទី០៤ និង ០៥ ខែកញ្ញា អ្នកស្រីយ៉ោម បុប្ផានិងអ្នកស្រី ទឹម សាក់មុន្នី ដែលជាសកម្មជនបឹងកក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំបើកសវនាការ ហើយមិនមានភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់នោះទេ ។

ការបញ្ចេញមតិ៖ ថ្ងៃទី១៥ ខែកញ្ញា សាកសពអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោកហង្ស សេរីឧត្តម ត្រូវបានប្រទះឃើញនៅខេត្តរតនគិរី ។ លោក សិរីឧត្តម គឺជាអ្នកយកព័ត៌មានរបស់កាសែតក្នុងស្រុកមួយ ដែលធ្វើការរាយការណ៍ព័ត៌មានពាក់ព័ន្ធក្នុងរឿងកាប់ឈើខុសច្បាប់ ។

ដីធ្លី៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ប្រជាពលរដ្ឋចំនួន ៨នាក់ នៅភូមិថ្មគោល ដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានចាប់ និងឃុំខ្លួនអស់រយៈពេល ១២ម៉ោង បន្ទាប់ពីអ្នកទាំងនោះបានសរសេរអក្ស “SOS” នៅលើដំបូលផ្ទះរបស់អ្នកទាំងនោះ ជិតនឹងរូបប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលលោកនឹងមកដល់រាជធានីភ្នំពេញក្នុងសបា្តហ៍បន្ទាប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ។ ពលរដ្ឋជាង ១៦៥ គ្រួសារ ក្នុងសហគមន៍នោះ បានទទួលនូវសេចក្តីជូនដំណឹងពីការបណ្តេញចេញនៅក្នុងខែកក្កដា ទោះបីជាអ្នកទាំងនោះមានសិទិ្ធស្របច្បាប់លើដីធ្លីទាំងនោះក៏ដោយ ។

ការងារ៖ នៅថ្ងៃទី២៦ ខែធ្នូ លោក ប៊ន សំណាង និង សុក សំអឿន (បុរសពីរនាក់ ដែលត្រូវបានចោទ ប្រកាន់ពីបទឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤) ត្រូវបានចាប់ខ្លួន និងឃុំខ្លួនម្តងទៀត បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ បានបើកសវនាការជាលើកទី២ លើករណីរបស់អ្នកទាំងពីរ ។ អ្នកទាំងពីរ ដែលត្រូវបានគេដឹងលឺជាទូទៅថា ជាឃាតករសប្បនិម្មិត ត្រូវបានដោះលែងម្តង កាលពីខែធ្នូ ឆ្នាំ ២០០៨ ដោយតុលាការកំពូលដ៏ក្លាហាន ដែលបានសម្រេច ឲ្យធ្វើការស្រាវជ្រាវបន្ថែមទៅលើការសម្លាប់នោះ នៅពេលដែលភស្តុតាងជាច្រើនបង្ហាញអំពីភាពមិនមានពិរុទ្ធរបស់អ្នកទាំងពីរ ។ ដោយមិនមានបង្ហាញនូវភស្តុតាងថ្មីអំពីពិរុទ្ធភាព (កំហុស) របស់អ្នកទាំងពីរ អំឡុងពេលសវនាការលើកទី២ នៅខែវិចិ្ឆកា ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានបង្គាប់ឲ្យឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារដោយបន្តទទួលទោស ពីការកាត់ទោសពីមុនរបស់អ្នកទាំងពីររយៈពេល ២០ឆ្នាំ ។

ឆ្នាំ ២០១១ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

ដីធ្លី៖ នៅថ្ងៃទី២៥ ខែមករា ប្រជាពលរដ្ឋប្រមាណ ៣០នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានកងកម្លាំងសមត្ថកិច្ចជម្រុះប្រមាណ ៨០នាក់ ធ្វើឱ្យរងរបួស នៅអំឡុងពេលបាតុកម្មមួយ ដែលត្រូវបានធ្វើឡើងដើម្បីការពារដីធ្លីចំនួន ៩៥០ហិកតា ដែលត្រូវបានគម្រាមគំហែងដោយក្រុមហ៊ុន The Master International Cooperation Group។

ដីធ្លី៖ នៅថ្ងៃទី២៥ ខែមករា តំណាងសហគមន៍មួយរូប លោក រាជ សីម៉ា និងបុគ្គលិកអង្គការអាដហុក លោក ស៊ុម ចាន់គា ត្រូវបានតុលាការសម្រេចថា មានពិរុទ្ធភាពលើបទល្មើស បរិហាកេរ្តិ៍ជាសាធារណៈ ដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុនKDC International Co។ ក្រុមហ៊ុនKDC International Co នេះ ជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ដែលត្រូវជាភរិយាលោកអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។

ដីធ្លី៖ នៅថ្ងៃទី២៦ ខែមករា អ្នកភូមិពីរនាក់ នៅខេត្តព្រះសីហនុ ត្រូវបានតុលាការកោះហៅ ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទប្រើប្រាស់លិខិតក្លែង។ អ្នកភូមិទាំងពីរនាក់នេះ ជាតំណាងឲ្យពលរដ្ឋចំនួន ៤២គ្រួសារ ក្នុងការការពារដីធ្លីសហគមន៍របស់អ្នកទាំងនោះ ពីការរំលោភយកដោយក្រុមហ៊ុន ម៉ុង ឬទ្ធី។

ដីធ្លី៖ នៅថ្ងៃទី២៥ ខែកុម្ភៈ អ្នកភូមិប្រមាណ ៣៥នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានវាយដំ និងរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារកងកម្លាំងសមត្ថកិច្ចចម្រុះ រួមនិងក្រុមទាហានមកពីភូមិភាគ៣។ ពលរដ្ឋទាំងនោះត្រូវបានវាយដំ នៅអំឡុងពេលដែលអ្នកទាំងនោះតវ៉ាជំទាស់នឹងការប្រើប្រាស់គ្រឿងចក្រឈូសឆាយដីរបស់ពួកគេ។

ការងារ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ មេដឹកនាំសហជីពឈ្មោះ ប៉ែន ផល្លា និងកម្មករសំណង់ចំនួន៧១នាក់ផ្សេងទៀត ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីអ្នកទាំងនោះបានរៀបចំបង្កើតសហជីព។ កម្មករទាំងនោះ ជាកម្មករជួយសាងសង់បណ្តាញផ្លូវដែកនៅកម្ពុជា ដែលជាគម្រោងមួយទទួលជំនួយមួយផ្នែកពីធនាគារអភិវឌ្ឈន៍អាស៊ី។

ដីធ្លី៖ នៅថ្ងៃទី២៨ ខែកុម្ភៈ តំណាងសហគមន៍បឹងកក់ចំនួន ៣នាក់ ត្រូវបានចាប់ខ្លួននៅភ្នំពេញ អំឡុងពេលដែលអ្នកទាំងនោះកំពុងធ្វើបាតុកម្មតវ៉ាជំទាស់នឹងគម្រោងសាងសង់ផ្លូវកាត់សហគមន៍ ដែលនឹងត្រូវកំទេចផ្ទះពលរដ្ឋក្នុងសហគមន៍របស់អ្នកទាំងនោះ ចំនួន១៩ខ្នង។

ដីធ្លី៖ នៅថ្ងៃទី១៤ ខែមីនា តំណាងសហគមន៍ឈ្មោះ ព្រាប ណារិន ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថចំនួន១៥នាក់ និងមន្ត្រីបរិស្ថាន ដែលដឹកនាំដោយតំណាងក្រុមហ៊ុន Union Development Group Company Ltd ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើងបន្ទាប់ពី ណារិន បានដឹកនាំការតវ៉ាមួយរបស់ពលរដ្ឋ ៣០គ្រួសារ ដែលរងគ្រោះដោយសារដីសម្បទានសេដ្ឋកិច្ចទំហំ ៣៦.០០០ ហិកតា របស់ក្រុមហ៊ុននេះ នៅក្នុងខេត្តកោះកុង។

ដីធ្លី៖ នៅថ្ងៃទី២៥ ខែមីនា តំណាងសហគមន៍បឹងកក់ អ្នកស្រី គង់ ចន្ថា បានរងការវាយដំ និងចាប់ខ្លួន បន្ទាប់ពីបានធ្វើការប្រមូលផ្តុំគ្នានៅក្រៅសាលារាជធានីភ្នំពេញ។

ដីធ្លី៖ នៅថ្ងៃទី២១ ខែមេសា ពលរដ្ឋបឹងកក់ចំនួន១១នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពេញមួយយប់ បន្ទាប់ពីការតវ៉ារបស់អ្នកទាំងនោះ ត្រូវបានបំបែកយ៉ាងហិង្សា ដោយកម្លាំងសមត្ថកិច្ច។ ស្ត្រីមានផ្ទៃពោះម្នាក់ បានបាត់បង់ទារកនៅក្នុងផ្ទៃបន្ទាប់ពីនាងត្រូវបាននគរបាលអូសចេញទៅ។

ដីធ្លី៖ នៅថ្ងៃទី៣០ ខែមេសា កងរាជអាវុធហត្ថ បានវាយដំដោយប្រើប្រាស់អាវុធ ទៅលើពលរដ្ឋចំនួន ៣នាក់ អំឡុងពេលនៃការតវ៉ារយៈពេល២ថ្ងៃ ជុំវិញជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរី ដែលមានការជាប់ពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ។

ការងារ៖ នៅថ្ងៃទី៨ ខែមីនា កម្មការរោងចក្រចំនួន ១០នាក់ បានរងរបួស ហើយមេដឹកនាំសហជីពម្នាក់ ឈ្មោះ ផេង ជូ ត្រូវបានឃុំខ្លួនមួយយប់ បន្ទាប់ពីមានការធ្វើបាតុកម្មដោយកម្មកររោងចក្រប្រមាណមួយពាន់នាក់ ដែលបាតុកម្មនោះត្រូវបានបំបែកយ៉ាងហិង្សា ដោយកងរាជអាវុធហត្ថ និងនគរបាលនៅរាជធានីភ្នំពេញ។

ដីធ្លី៖ នៅថ្ងៃទី២៦ ខែឧសភា អាជ្ញាធរមូលដ្ឋាន និងក្រុមទាហាននៅខេត្តកំពង់ស្ពឺ បានដុតផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង ហើយបានវាយដំទៅលើតំណាងសហគមន៍ លោក ស៊ីម សុន ដោយប្រើកាំភ្លើង ហើយបានគម្រាមដល់អាយុជីវិតរបស់លោក ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយនឹងអាជ្ញាធរមូលដ្ឋាន។

ដីធ្លី៖ នៅថ្ងៃទី៩ ខែឧសភា លោក នេត សួង ដែលសកម្មជនអភិរក្សធនធានជលផល ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បាញ់សម្លាប់ពេលគាត់កំពុងស្តាប់វិទ្យុនៅផ្ទះ។

ដីធ្លី៖ នៅថ្ងៃទី៧ ខែកក្កដា តំណាងសហគមន៍បឹងកក់ ២រូប អ្នកស្រី ទេព វន្នី និង អ្នកស្រី នន សុខខេង ត្រូវបានចាប់ខ្លួន និងឃុំខ្លួនមួយយប់ បន្ទាប់ពីមានការប្រមូលផ្តុំពលរដ្ឋមួយក្រុមនៅក្បែរស្ថានទូតបារាំង។

សង្គមស៊ីវិល៖ នៅថ្ងៃទី១៦ ខែកក្កដា បុគ្គលិកសមាគមធាងត្នោត ២នាក់ ត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានចាប់ខ្លួនដោយអង្គរក្សសម្តេច ជា ស៊ឹម។ ការចាប់ខ្លួន បានធ្វើឡើង នៅខណៈដែលអ្នកទាំងពីរកំពុងតែថតរូបនៅផ្ទះមួយចំនួន ដែលម្ចាស់ផ្ទះទទួលបានការជូនដំណឹងអំពីការបណ្តេញចេញ។ ផ្ទះទាំងនោះ នៅក្បែរគេហដ្ឋានរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន។

ការងារ៖ នៅថ្ងៃទី២៣ ខែកក្កដា មេដឹកនាំសហជីព ៤រូប ត្រូវបានចាប់ខ្លួនដោយនគរបាលក្រុងភ្នំពេញ នៅខណៈពេលដែលសកម្មជនទាំង៤កំពុងធ្វើការចែកខិតបណ្ណរបស់សហជីព អំពីតម្លៃខ្ពស់ក្នុងការរស់នៅ និងតម្រូវការប្រាក់ឈ្នួលខ្ពស់ជាងមុន។

សង្គមស៊ីវិល៖ នៅថ្ងៃទី២ ខែសីហា សមាគមធាងត្នោត ត្រូវបានបិទជាបណ្តោះអាសន្នដោយក្រសួងមហាផ្ទៃ ដោយគ្មានការពន្យល់ពីបញ្ហាផ្លូវច្បាប់ណាមួយឡើយ។

បញ្ចេញមតិ៖ នៅថ្ងៃទី៣ ខែសីហា ក្រសួងព័ត៌មានបានបញ្ជាអោយបិទកាសែតឯករាជ្យជាខេមរភាសាចំនួន២ គឺ កាសែតឈ្មោះកាសែតទឹក និងភ្លើង និងកាសែតពិភពលោក ដោយសារកាសែតទាំងពីរបានចេញផ្សាយអត្ថបទជាច្រើន ដែលរិះគន់ទៅលើគណបក្សកាន់អំណាច។

បញ្ចេញមតិ៖ នៅថ្ងៃទី៤ ខែសីហា បុរស៥នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសពីបទ ញុះញុងឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីមានការចែកនូវខិត្តបណ្ណរិះគន់ការផ្តល់ដីសម្បទាន និងចោទប្រកាន់ដោយគ្មានភស្តុតាងទៅលើរាជរដ្ឋាភិបាលថាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និតជាមួយប្រទេសវៀតណាម។

ដីធ្លី៖ នៅថ្ងៃទី២៥ ខែសីហា កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៤០នាក់ បានចាប់ខ្លួនតំណាងសហគមន៍ចំនួន ២រូប ដោយចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ការចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន ១៨៧គ្រួសារ ជាមួយនឹងឧកញ៉ា ជា សឿន។

ដីធ្លី៖ នៅថ្ងៃទី១៦ ខែកញ្ញា សកម្មជនបឹងកក់ លោក សួង សុភ័ណ្ឌ ត្រូវបានក្រុមកងនគរបាលអន្តរាគមន៍វាយយ៉ាងដំណំ និងសន្លប់បាត់បង់ស្មារតី។ ការវាយដំនេះ បានកើតឡើង បន្ទាប់ពីអាជ្ញាធរបានការពារគ្រឿងចក្រចំនួន ២គ្រឿង ដែលត្រូវបានបញ្ជូនមកសម្រាប់ធ្វើការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

សង្គមស៊ីវិល៖ នៅថ្ងៃទី១៣ ខែតុលា បុគ្គលិកអង្គការអាដហុក ២នាក់ និងអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ត្រូវបានតុលាការខេត្តរតនគិរីកោះហៅ ពាក់ព័ន្ធបទល្មើសញុះញង់ ទាក់ទងនឹងជម្លោះដីធ្លីរវាងក្រុមហ៊ុន DM Group និងពលរដ្ឋជនជាតិដើមភាគតិចចំនួន ១៣៦គ្រួសារ នៅក្នុងខេត្តរតនគិរី។

ដីធ្លី៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា កងកម្លាំងសមត្ថកិច្ចចម្រុះ បានបាញ់ទៅលើមេឃ ដើម្បីគម្រាមគំហែងក្រុមបាតុករប្រមាណ១០០នាក់ ដែលបានធ្វើការជួបជុំតវ៉ានឹងការប្រគល់ដីចំនួន១៧៥ហិកតា ឲ្យទៅសមាគមមួយ ដែលតំណាងដោយវីរសេនីយន៍ឯកយោធាម្នាក់នៅខេត្តកំពង់ស្ពឺ។

ដីធ្លី៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា សកម្មជនបឹងកក់ចំនួន ៤នាក់ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខខណ្ឌដូនពេញ នៅខណៈពេលដែលអ្នកទាំងនោះកំពុងតវ៉ាប្រឆាំង។ អ្នកទាំងនោះ ត្រូវបានឃុំខ្លួនមួយយប់ ចំណែកឯពលរដ្ឋប្រមាណ ៥០នាក់ត្រូវបានវាយប្រហារដោយក្រុមប៉ូលីស។

ដីធ្លី៖ នៅថ្ងៃទី១៣ ខែធ្នូ សកម្មជនសហគមន៍ចំនួន ៣នាក់ នៅខេត្តបាត់ដំបង បានរងរបួស បន្ទាប់ពីមេបញ្ជាការរងយោធាម្នាក់ ដែលបានដើរតួនាទីជាសន្តិសុខឯកជនអោយក្រុមហ៊ុនមួយ បានបាញ់ទៅលើការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយក្រុម។ ប្រជាពលរដ្ឋទាំងនោះ បានស្នើសុំចូលរួមក្នុងការប្រជុំរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន លើរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃពាក់ព័ន្ធនឹងប្រជាពលរដ្ឋទាំងនោះ។

ឆ្នាំ ២០១០ ↓ រំលងទៅឆ្នាំមុន

បង្ហាញតាមប្រធានបទ៖ ដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល បញ្ចេញមតិ

ផ្សេងៗ៖ នៅ​ក្នុងខែ មករា យ៉ាង​​តិច​​ណាស់​ មាន​ករណី​វាយ​ប្រហារ​ដោយទឹកអាស៊ីត ត្រូ​វ​បាន​រាយការណ៍។​ ការ​វាយ​ប្រហារ​ទាំង​នេះ ​ដែល​បាន​កើត​ឡើង​មិន​សមា​មាត្រទៅ​លើ​ស្រ្តី អាច​នឹងប​​ន្តកើត​មាន​ឡើង​ នៅពេល​ដែល​អ្នក​អនុវត្តច្បាប់ ​និង​តុលាការ ​មិន​អាច​ទប់​ស្កាត់​ទៅ​លើ​ការ​រីករាល​ដាលនេះ។ អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ (Human Rights Watch) បាន​រាយការណ៍ថា យ៉ាង​តិច​មាន​ជនរ​ង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ចំនួន ​៣៦ នាក់ នៅ​ក្នុងឆ្នាំ​ ២០១០។

នយោបាយ៖ នៅថ្ងៃទី ២៧ ខែមករា អ្នក​ដឹក​នំា​បក្សប្រឆាំង​ លោក​សម​ រស្ស៊ី​ ត្រូវ​បាន​ផ្ដន្ទាទោស​ ពីបទ​ញុះ​ញង់ឲ្យ​ប្រកាន់​ពូជសាសន៍ និង​បំផ្លិច​បំផ្លាញ​បង្គោល​ព្រំដែន។ លោក​សម ​រស្ស៊ី​ ជាមួយ​នឹង​មនុស្សពីរ​នាក់​ផ្សេង​ទៀត​ ត្រូវបាន​កាត់ទោស​ដោយ​កំបាំង​មុខ និង​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ និង​ពិន័យ​ជាទឹកប្រាក់​ចំនួន​ ៨ ​លាន​រៀល (២,០០០ ដុល្លារ)។​

ផ្សេងៗ៖ នៅក្នុងថ្ងៃទី ២២ ខែកុម្ភៈ សម្តេច​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន​ បាន​ចុះហត្ថ​លេខា ​លើអនុក្រឹត្យដោយធ្វើឲ្យស្របច្បាប់ នូវ​កិច្ច​​ព្រមព្រៀង​​ដែល​​មាន​​យូរ​មកហើយ រវាង​កង​យោធពល​ខេមរ​ភូមិន្ទជា​មួយ ​និង​វិស័យ​ឯកជន ដែល​វិស័យ​ឯកជន​អាច​ផ្ដល់ប្រាក់​កាសដល់​អង្គភាព​យោធាជាក់​លាក់ណាមួយ។ ក្រុម​អ្នក​ការពារសិទ្ធិ​មនុស្ស បានកត់​សម្គាល់នៅ​ពេលនោះថា កងយោធា​ទាំង​នោះ​មួយ​ចំនួន​ ក៏បាន​ជួយ​អន្តរាគមន៍ ដើម្បី​ការពារ​ផល​ប្រយោជន៍ ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​មួយចំនួនផងដែរ​ ពាក់​ព័ន្ធ​នឹងជម្លោះ​ដីធ្លី។

ដីធ្លី៖ នៅថ្ងៃទី ០១ ខែ មីនា អ្នកភូមិចំនួន០៨ នាក់ ដែលមាន​ជម្លោះ​ដី​ធ្លី​មួយ ​ជាមួយនឹងមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពីត្រូវ​បាន​អាជ្ញា​ធររារាំង មិន​អោយធ្វើ​ការតវ៉ា​នៅមុខ គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​។ ម៉ាស៊ីន​ថតរបស់​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ និង​សមា​គម អាដ​ហុក ត្រូវ​បានរឹប​អូស ហើយ​រូបថតនៃ​ការតវ៉ានិងការ​ចាប់ខ្លួន​ត្រូវបាន​លុបចោល។ អ្នកភូមិ​ទាំង​ ៨ នាក់ ត្រូ​វបានបញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ ហើយ​ក្រោយ​មក​ត្រូវ​បានដោះ​លែង បន្ទាប់​ពីបាន​យល់​ព្រមផ្តិត​មេដៃ លើឯកសារ​ដក​ពាក្យបណ្តឹង​របស់ពួកគេ​ទាក់ទងនឹង​បញ្ហាដីធ្លី​នេះ។

ដីធ្លី៖ នៅដើមខែមីនា មន្ត្រីនគរបាល​ម្នាក់ បានបាញ់​ទៅលើ​ពលរដ្​ឋមួយក្រុម​ ដែលមានសមាជិក​ជាង ៥០ ​គ្រួសារ​ ប្រមូល​ផ្តុំគ្នា​ ដើម្បី​ទាមទារ​ដីចំការ​របស់ពួកគេពីគណៈ​កម្មាធិការ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូ តានបៀនកំពង់ធំ។ ក្រុមហ៊ុននេះ ទទួលបានដីសម្បទាន​សេដ្ឋកិច្ចជាង ៨.១០០ ហិកតា​នៅក្នុងឆ្នាំ ២០០៧។ ការសម្ប​ទាន​ដីធ្លី នេះ ធ្វើឲ្យ​ពលរដ្ឋជាង ១.៣០០ គ្រួសារ រងការគម្រាម​កំហែង​ពីការ​បណ្តេញ​ចេញ។ ពលរដ្ឋ​ចំនួន ៣នាក់ ត្រូវ​បានបញ្ជូនទៅកាន់​មន្ទីរពេទ្យ ដោយសារ​ការងារបួស​ធ្ងន់ធ្ងរពី​គ្រាប់កាំភ្លើង។​

ដីធ្លី៖ នៅថ្ងៃទី ១៧ ខែមីនា ទាហានជាង​ ៣០ នាក់ ​មក​ពីកង​វរសេ​នា​តូច​លេខ ​៣១៣​ ត្រូវបានដាក់​ពង្រាយ បន្ទាប់​ពី​អ្នក​ភូមិ ​៣០០​ នាក់​មកពី ១០ ភូមិ​ ក្នុងខេត្ត​កំពង់ស្ពឺ បាន​ជំទាស់ ចំពោះការផ្តល់ដី​សម្បទាន ទៅឲ្យ​សមាជិកព្រឹទ្ធស​ភាគណបក្សកាន់​អំណាច លោក​លីយ៉ុង​ផាត់ ដែល​ក៏ជាអ្នកបានឧបត្ថម្ភជាផ្លូវការដល់កងវរសេនា​តូច ៣១៣ នេះផង​ដែរ។ អ្នក​ភូមិ​ពីរនាក់ លោកខឹម វុទ្ធី និង លោកយូ ថូ ត្រូវបានកោះ​ហៅ និង​ក្រោយ​មក​​ត្រូវ​បាន​​ចោទ​​ប្រកាន់ ពី​​បទ​ញុះញង់ដោយ​ឃុបឃិត​គ្នារៀបចំ​អោយមាន​អគ្គីភ័យ និង​ឃុបឃិត​​គ្នាដើម្បីញុះញង់​ឱ្យមាន​អំពើហិង្សា។ នៅថ្ងៃបន្ទាប់ អ្នកភូមិរាប់រយនាក់ បានធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ដើម្បីបង្ហាញការគាំទ្រដល់អ្នកតំណាងទាំងពីរ ប៉ុន្តែយ៉ាងតិចណាស់មានពលរដ្ឋចំនួន ៣ នាក់ ត្រូវបានវាយដំ​ដោយនគរបាលនិង ៧ នាក់ទៀតបានរងរបួសស្រាល។

ការងារ៖ នៅថ្ងៃទី ០១ ខែឧសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​រា​រាំងសហ​ព័ន្ធ​សហជីព​កម្ពុជា និង គណ​បក្សសម សង្ស៊ី ចំពោះ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ ដែល​មាន​​ចំណង​ជើងថា៖ “នរណា​សម្លាប់លោក ជា វិជ្ជា?” នៅ​រាជធានី​ភ្នំពេញ។ ខ្សែភាព​យន្តនេះ ធ្វើ​ការ​ស៊ើបអង្កេត​ ទៅលើ​ករណី​ឃាត​កម្មលោក​ ជា វិជ្ជា នៅ​ឆ្នាំ ២០០៤ ដែល​ជា​អតីត​មេដឹកនាំ​​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ​បើ​ទោះ​បីជាមាន​ការ​និយាយ​ពីដំបូង​ថា ពួក​គេ​នឹង​មិន​មាន​ការ​ជំទាស់ក៏​ដោយ ក៏​ក្រោយ​មក​មន្រ្តី​រដ្ឋាភិ​បាល​នៅ​ទាមទារ​ឲ្យមាន​ការយល់​ព្រមពី​ “ក្រសួងពាក់ព័ន្ធ” និង​ចោទ​ប្រកាន់ថា​ខ្សែភាព​យន្តនេះ​ត្រូវ​បាននាំចូលដោយ​ខុសច្បាប់ ហើយ​បាន​អះអាងថា ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ត្រូវ​តែយល់​ព្រម​គ្រប់ខ្សែ​ភាពយន្ត​ដែល​ដាក់បញ្ចាំង​នៅក្នុងប្រទេស។​

នយោបាយ៖ នៅថ្ងៃទី ០២ ខែមិថុនា តុលា​ការ​កំពូល​បាន​សម្រេច​ដំកល់​សាលដីការ​បស់សាលា​ឧទ្ធរណ៍​លើបទ​ល្មើស​បរិហារ​កេរិ៍្តជាសាធារណៈ​ ប្រ​ឆាំងនឹងលោកស្រី​ មូរ សុខហួរ​ ដែលអ្នក​តំណាងរាស្ត្រ​មកពី​គណបក្សបក្សប្រឆាំង​។ សាល​ក្រម​ ត្រូវ​បានប្រកាស​ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុនសែន​ បាន​ចោទ​ប្រកាន់​លោកស្រី​ មូរ​ សុខហួរ​ ពីបទ​បរិហារកេរ្តិ៍​ បន្ទាប់​ពីលោកស្រី​ បាន​ធ្វើ​សន្និសិទ​កាសែតមួយ​ ដោយ​ចោទប្រកាន់​សម្តេចនាយករដ្ឋមន្រ្​តីពីបទ​បរិហាកេរ្តិ៍។ សាល​ក្រមនេះ​ តម្រូវអោយ​ លោកស្រី​ បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋចំនួន ៨,៥ លាន​រៀល (២.១២៥ ដុល្លារ) និង ៨ លានរៀល (២.០០០ ដុល្លារ) ទៀត​ជា​សំណង​ដល់សម្តេច​នាយក​រដ្ឋមន្រ្តី។

ការងារ៖ នៅថ្ងៃទី ២៧ ខែកក្កដា ស្ត្រី​ ៩នាក់​ បាន​រងរបួស​ បន្ទាប់​ពីកង​កម្លាំង​ប្រដាប់​អាវុធប្រឆាំង​កុប​កម្ម បាន​ប្រើ​ដំបង​ឆក់និងខែល ​ដើម្បី​បំបែក​ការប្រមូល​​ផ្តុំ​មួយ​របស់​កម្មករ​កាត់ដេរ​ ប្រមាណ ៣.០០០ នាក់ ដែល​ធ្វើកូដ​កម្ម។ ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម ​បានទាមទារ​អោយ​តំណាង​សហ​ជីពរបស់​ពួកគេ ដែលត្រូវបានបញ្ឈប់ពីការងារ អោយទទួលបាន​ការងារវិញដូច​ដើម។

ដីធ្លី៖ នៅថ្ងៃទី២៧ ខែកក្កដា ការ​ជំនុំជម្រះ​ បាន​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ដឹក​នាំ​សហគមន៍​ជីក្រែង​ចំនួន ៩ នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្​សឃាត ទៅ​លើ​មន្រ្​តីនគរបាល​ ដែល​ពាក់​ព័ន្ធ​នឹង ​ជម្លោះ​ដីធ្លី​ដែល​បាន​កើតឡើង​ជាយូរ​មក​ហើយ។ ការ​ចាប់​ខ្លួន នេះ​បាន​កើត​ឡើង​នៅ ខែ​មីនា ឆ្នាំ២០០៩ ​បន្ទាប់​ពី​កងរាជ​អាវុធហត្ថ​បានបាញ់ ទៅ​លើ​អ្នក​​ភូមិជី​ក្រែង​ក្នុង​​វាល​ស្រែ​របស់​ពួកគេ ​ដែលបណ្តាល​ឱ្យមាន​មនុស្ស​ចំនួន​បីនាក់​រងរបួស។ អ្នក​កាសែត ​សង្គម​ស៊ី​វិល​ដែលឃ្លាំ​មើល​ស្ថានភាព ​និងសមាជិក​គ្រួសា​ររបស់ពលរដ្ឋ​ទាំងនោះ ត្រូវ​បាន​រារាំង​មិន​ឱ្យចូល​រួមសវនា​ការនោះ​ឡើយ ហើយ​អ្នក​ទាំង​ប្រាំបួន​នាក់ ត្រូវ​បានផ្តន្ទាទោស​ពី​បទល្មើស​ផ្សេង​ទៅ​វិញ ដែល​ជា​បទ​ល្មើស “ជា​សមាជិក​ក្រុមប្រដាប់អាវុធ​ខុស​ច្បាប់” និង​ត្រូវ​បាន​សម្រេច​ដោយ​ព្យួរ​ទោស​មួយ​ផ្នែក ក្រោម​ការផ្តន្ទាទោសពន្ធនាគារ​រយៈពេល ៣ឆ្នាំ ក្នុងខែ សីហា ឆ្នាំ២០១០។

ដីធ្លី៖ នៅថ្ងៃទី០៩ ខែសីហា អាជ្ញាធរ​ក្នុង​ខេត្​តបាត់ដំបង​បាន​ចាប់ខ្លួន​ លោក​ ង៉ា ​ម៉ុក ​ជាអ្នក​តវ៉ា​ដី​ធ្លី​ម្នាក់​ ដែល​បាន​ធ្វើ​ដំណើ​រមក​ទីក្រុង​ភ្នំពេញ​ ជា​មួយសមាជិក​សហគមន៍​ដទៃទៀត ដើម្បី​ប្រមូលផ្តុំគ្នា នៅ​ខាងមុខអគារ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី។ គាត់ត្រូវបានចាប់ខ្លួនពីបទ ប្លន់ បន្ទាប់ពីបានវិល​ត្រឡប់ទៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង វិញ ហើយអ្នកភូមិ​ម្នាក់​ទៀតបានរាយការណ៍ថាមានកងកំលាំងយោធា និងកងកម្លាំង​ស៊ីវិល​ បាន​ឡោ​មព័ទ្ធ​ភូមិ​ ដើម្បីរារាំង​អ្នកភូមិ​មិន​អោយ​ចាកចេញ​ ទៅ​ធ្វើ​ការតវ៉ា​ឡើយ។

ការងារ៖ នៅថ្ងៃទី ១៩ ខែសីហា​ កម្មករ​កាត់​ដេ​រប្រ​ហែល​ ១៦០​នាក់ នៅ​ភ្នំពេញ​ បាន​ធ្វើ​បាតុ​កម្ម​ ដើម្បី​ទាម​ទារលក្ខខណ្ឌ​ការងារ​ប្រសើរ​ជាងមុន។ ប្រហែល​មួយ​សប្តាហ៍​ក្រោយ​មក អាជ្ញាធរ​បា​ន​ចាត់ទុកថា ការ​ធ្វើ​កូដ​កម្ម​នេះ​គឺ​ខុស​ច្បាប់ ហើយ​បានបង្គាប់​ឱ្យ​និយោជិក​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ ហើយ​បាន​អនុញ្ញាត​ឱ្យរោងចក្របញ្ឈប់​អ្នកដឹក​នាំសហជីព។ មេដឹកនាំសហជីព ៣នាក់គឺ លោក លីន ពៅ លោក ហេង បូរ៉ា និងលោក នួន ចំណាន ត្រូវបានចោទប្រកាន់ពីបទញុះញង់និងបំផ្លាញទ្រព្យសម្បត្តិឯកជន។

សង្គមស៊ីវីល៖ នៅថ្ងៃទី៣០ ខែសីហា បុគ្គលិក​អង្គការលីកាដូ លោក លៀង សុខជឿន ត្រូវ​បាន​ឃុំខ្លួន នៅតុលាការ​ខេត្តតាកែវ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ តាម​មាត្រា​ ៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌអន្តរ​កាល​ UNTAC ដោយ​លោកបាន​ចែក​ចាយ​ខិត្តប័ណ្ណ ប្រឆាំង​រាជ​រដ្ឋាភិ​បាល។ ក្រោយ​មក គាត់​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនា​គាររយៈ​ពេល ២ ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ៥០០ ដុល្លារ។

ការងារ៖ នៅថ្ងៃទី ១៣ ខែកញ្ញា កម្មករកាត់ដេរ រាប់ពាន់នាក់នៅទូទាំងប្រទេស បានធ្វើបាតុកម្ម ដើម្បី​ទាមទារដំឡើង​ប្រាក់ខែ​គោល គឹ៦១ ដុល្លារ​ក្នុង​មួយ​ខែ។ បន្ទាប់​ពីការចរចា​ជា​ច្រើនជាមួយ​អាជ្ញា​ធរ បាតុកម្ម​ត្រូវ​បាន​បញ្ឈប់​បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល ៣ថ្ងៃ។ ទោះ​យ៉ាង​ណា​ក្នុងរយៈ​ពេលពីរ​បីថ្ងៃក្រោយ​មក ម្ចាស់​រោង​ចក្របាន​បញ្ឈប់​អ្នក​ដឹកនាំ​សហជីព​រាប់រយនាក់។ យ៉ាង​តិច​ណាស់​មាន​ចៅក្រម​កម្ពុជា ៦ រូប​ផ្សេងៗ​គ្នា បាន​ចេញ​សេច​ក្តីបង្គាប់​អនុ​ញ្ញាត​ ឲ្យ​ម្ចាស់​រោង​ចក្រ​ព្យួរ​ការងារ​តំណាងស​ហជីព​ជិត ២០០ ​នាក់ ​និងយ៉ា​ង​តិច​ណាស់​មាន​រោង​ចក្រ​ចំនួន​១០ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សហជីព ដោយ​ទាមទារ​សំណង​ប្រមាណ ១៤ លាន​ដុល្លារ។​ បាតុ​កម្ម​លើក​ទី​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​នគរបាល​ បានប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​បាតុ​កម្ម​ទាំង​នេះ។ កម្មករ​ចំនួន​ ១២ នាក់ បាន​រងរបួស​កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយ​ស្ត្រីម្នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយយ៉ាង​តិចណាស់​មានមេដឹកនាំ​កម្មករ​ចំនួន ៣ នាក់ បាន​រាយការណ៍ថា បាន​ទទួលការ​គំរាមកំហែងនិង​ការ​បំភិត​បំភ័យ។

នយោបាយ៖ នៅថ្ងៃទី ២៣ ខែកញ្ញា មេដឹកនាំ​គណបក្សប្រឆាំង លោ​ក សម រង្ស៊ី ត្រូវ​បាន​តុលា​កា​រ​កាត់ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០ឆ្នាំ ពី​បទក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដោយ​សាលាដំ​​បូង​រាជ​ធានី​ភ្នំពេញ។ ការ​ផ្តន្ទាទោស ជា​មួយ​នឹង​ប្រាក់ពិន័យ​ និង​សំណងជាង ​១២៥​ លានរៀល (ច្រើនជាង ៣១.២៥០ដុល្លារ)​ គឺ​ទាក់​ទង​ទៅ​នឹង​ការចុះ​ផ្សាយជា​សាធារណៈរបស់ លោក​ សម​ រង្ស៊ី​ នូវ​ផែន​ទី​​ព្រំ​ដែន​កម្ពុជា​ - វៀត​ណាម​ដែ​ល​មាន​ជម្លោះ​។

ដីធ្លី៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១០ អ្នក​ភូមិ​មួយ​ចំនួន​ ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​កូដ​កម្ម ​និង​មន្រ្តី​នគរ​បាល​ វាយ​ដំ ​បន្ទាប់​ពី​អ្នក​ទាំង​នោះ​ប្រមូល​ផ្តុំគ្នា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចង់​ជួបជាមួយ អគ្គលេខា​ធិការអង្គ​ការសហ​ប្រជាជាតិ លោក ​បាន​ គី​មូន​ ទាក់​ទង​នឹងជ​ម្លោះដីធ្លី​របស់​ពួក​គេនៅ​បឹងកក់។ ពលរ​ដ្ឋ​ចំនួន​ ៥០ នាក់ បាន​ប្រមូលផ្តុំគ្នា​ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពីថ្នាក់​ដឹក​នាំ​អង្គការសហ​ប្រជាជាតិ ប៉ុន្តែ​ត្រូវបាន​ក្រុមមន្រ្តី​នគរបាល បាន​ធ្វើការ​បង្ក្រាប និង​វាយ​ដំ ជា​មួយ​នឹង​វិទ្យុ​ទាក់ទង និង​ដំបង​ឆក់។ ​លោក សួង សុភ័ណ្ឌ ជាសកម្មជន​បឹងកក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​បណ្តាល​ឱ្យ​រងរបួស​ក្បាល​ហូរ​ឈាម។

ការបញ្ចេញមតិ៖ នៅថ្ងៃទី១៨ ខែធ្នូ លោក សេង គុណ្ណាកា ត្រូវ​បាន​ចាប់​ខ្លួននៅ​ភ្នំពេញ បន្ទាប់​ពីត្រូ​វបាន​ចោទប្រកាន់​ថា​បា​ន​បោះពុម្ពឯកសារ​ពីគេហទំព័រ​អ៊ីនធឺណេត​មួយ ​មាន​អត្ថន័យ​រិះគន់​រាជរដ្ឋាភិ​បាល ។ គាត់​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ ដែល​ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃនៃ​ការចាប់​ខ្លួនរបស់​លោក ​ហើយ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​ចំនួន ៦ខែ និង​ពិន័យ​ជាប្រាក់​ ១ ​លាន​រៀល​ (២៥០ ​ដុល្លារ) ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា