អត្ថបទខ្លីៗ

សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ផ្ដន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៨
F T M
លោក ឌឹម គុនឌី និងលោក ហ៊ុន វណ្ណះ ពេលកំពុងត្រូវបាននាំចេញពីសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

នា​រសៀល​នេះ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សម្រេច​ផ្ដន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​ពីរនាក់ពី​បទ​ញុះញង់និងបទរំលោភសិទ្ធិបុគ្គល និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគា​រយៈពេលមួយឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៥ខែ និង៧ខែទៀតនៃទោសត្រូវបានព្យួរ។ អ្នកទាំងពីរក៏ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ម្នាក់ៗ​ចំនួនមួយលាន​រៀលផងដែរ។

​លោក​ ឌឹម​ គុនឌី​ និង​លោក​ ហ៊ុន​ វណ្ណះ ត្រូវ​បាន​ផ្ដន្ទាទោសផ្អែក​​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​និង​មាត្រា​៣០២​ដែល​ចែងពី​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​​។​

ការប្រកាសសាលក្រមលើការ​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើងដោយ​លោកចៅក្រម កែវ សុខា បន្ទាប់​ពីសវនាការ​កាល​ពី​ម្សិលមិញ ​ទោះបីជា​ភាគី​ជាប់ចោទ​បាន​អះអាង​ថា មិនមាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដន្ទាទោសលើ​​អ្នក​ទាំងពីរពីបទញុះញង់និងរំលោភលើសិទ្ធិបុគ្គលនៃក្រុមហ៊ុនលីយ៉ុងផាត់ ដែលជាដើមបណ្ដឹងក្នុងរឿងក្ដីនេះទេ។

មុន​ពេល​មាន​ការ​ចាប់​និង​ឃុំខ្លួន​អ្នក​ទាំងពីរ​ នៅ​ថ្ងៃទី​១២ ​ខែកញ្ញា​ ឆ្នាំ២០១៧​ សកម្មជន​ទាំងពីរ​នាក់​បាន​ថត​សកម្មភាព​កប៉ាល់​ ដែល​អ្នក​ទាំង​ពីរ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូមខ្សាច់​ខុសច្បាប់​នៅ​ក្នុង​លំហរ​សមុទ្រ។​ យោង​តាម​ច្បាប់​កម្ពុជា​ ការ​ថត​រូប​ឬ​វីដេអូ​អាច​ចាត់​ទុក​ថា​ខុស​ច្បាប់ ​លុះត្រា​តែ​ការ​ថត​នោះ​មាន​ជាប់​រូបបុគ្គល​ណាម្នាក់​នៅ​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពីបុគ្គល​នោះ។

លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវបាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International)​ ទទួលស្គាល់​ថាជា​អ្នកទោស​មនសិការ។ ដោយសារអ្នកទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការតាំងពីថ្ងៃចាប់ខ្លួន ពួកគាត់ត្រូវបានរំពឹងថានឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា