ស្វែងរក
កម្រងរូបភាព | ការប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
សហព័ន្ធសហជីព សហជីព កម្មករនិយោជិត និងក្រុមសង្គមស៊ីវិលនៅក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា ប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃពុធនេះ ។
ការប្រារព្ធទិវាត្រូវបានធ្វើឡើងនៅមុខទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅក្បែររមណីយដ្ឋាន វត្តភ្នំ និងមុខរដ្ឋសភាជាតិ ។
មេដឹកនាំសហជីព និងកម្មករនិយោជិត បាននិយាយអំពីសមិទ្ធផលដែលអ្នកទាំងនោះសម្រេចបាននៅក្នុងចលនាទាមទារសិទិ្ធការងារ ប៉ុន្តែបានព្រមាន និងស្នើសុំឱ្យបញ្ឈប់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ លើសមាជិកសហជីពនិងសកម្មជនសិទិ្ធការងារ ការរឹតត្បិតសិទិ្ធសេរីភាពកម្មករ និងសិទិ្ធក្នុងការតស៊ូមតិដើម្បីប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យសម្រាប់បងប្អូនកម្មករនិយោជិត ។
វីដេអូ | កម្លាំងនៃសាមគ្គីភាព
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ យើងខ្ញុំនឹងនៅតែបន្តឈរយ៉ាងរឹងមាំជាមួយកម្មករនិយោជិតនៅកម្ពុជា និងនៅក្នុងសកលលោក ។ យើងខ្ញុំក៏នឹងចូលរួមជាមួយអ្នកទាំងនោះ ដើម្បីតស៊ូទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ កិច្ចសន្យានិងប្រាក់ខែសមរម្យ ហើយសិទិ្ធសេរីភាពការងារនិងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត នឹងត្រូវបានគោរពយ៉ាងពេញលេញ ។
ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤ អង្គការ លីកាដូ ដៃគូសង្គមស៊ីវិល និងសហជីពមួយចំនួន នឹងចេញផ្សាយនូវវីដេអូមួយ បង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមមួយចំនួន ដែលចលនាសិទិ្ធកម្មករនិយោជិតកំពុងជួបប្រទះ ។ វីដេអូនេះ ក៏បង្ហាញពីការរួមចំណែក និងការលះបង់របស់សកម្មជនសិទិ្ធការងារ និងសកម្មជនសហជីព ដូចជា លោក ជា វិជ្ជា ក្នុងការទាមទារឱ្យមានការគោរពសិទិ្ធ និងការពារអត្ថប្រយោជន៍កម្មករនិយោជិតនៅក្នុងប្រទេស ។
យើងខ្ញុំនឹងឈរជាមួយសហជីព ដើម្បីបន្តតស៊ូទាមទារឱ្យមានយុត្តិធម៌ និងការគោរពសិទិ្ធការងារ ។
ឯកសារ | ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
គិតមកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំ មកហើយ ដែលលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់ កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ចុះទៅស៊ើបអង្កេតអំពីបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ ។ មរណភាពរបស់លោក និងការមិនទាន់ទទួលបានភាពយុត្តិធម៌អំពីឃាតកម្មនេះ បង្កជាការឈឺចាប់ និងសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន អ្នកស្រឡាញ់ព្រៃឈើ ពលរដ្ឋសហគមន៍ព្រៃឈើ ព្រមទាំងអ្នកស្រឡាញ់គាំទ្ររូបលោក ។
ព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី ទាំងកណ្តាលថ្ងៃ ដោយខ្មាន់កាំភ្លើង ដែលមានតួនាទីជាកងកម្លាំងយោធា បានបង្ហាញយ៉ាងច្បាស់ថា ថាភាពសកម្មនិយមរបស់ពលរដ្ឋនៅក្នុងកិច្ចអភិរក្ស ថែរក្សាការពារធនធានធម្មជាតិ នៅតែបន្តត្រូវបានគេដាក់គោលដៅក្នុងការគំរាមកំហែង បំភិតបំភ័យ រំលោភបំពាន និងវាយប្រហារ ដោយជនល្មើសព្រៃឈើដែលមានទំនាក់ទំនងជិតសិទិ្ធជាមួយអ្នកមានអំណាច ។
កម្រងរូបភាព | ពលរដ្ឋបន្តអំពាវនាវរកយុត្តិធម៌ ក្រោយ១២ ឆ្នាំ លេីឃាតកម្មលោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ ក្រុមយុវជនពីចលនាមាតាធម្មជាតិ និងសកម្មជនផ្សេងៗជាច្រើននាក់ បាននាំគ្នាដើរហែក្បួន ដើម្បីរំឭកខួបនៃឃាតកម្មសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ។ លោកត្រូវបានគេបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២ ខណៈពេលដែលលោកកំពុងល្បាតព្រៃជាមួយអ្នកសារព័ត៌មាន២នាក់ នៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ អ៊ីន រតនា ក៏ត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដដែលនោះ ហើយមន្ត្រីនោះត្រូវបានចោទប្រកាន់ថាជាអ្នកសម្លាប់លោក វុទ្ធី ក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
សកម្មជនយុវជនប្រហែលជាង ២០ នាក់មកពីមាតាធម្មជាតិ រួមទាំង ព្រះសង្ឃ ៦ អង្គ បានជួបជុំគ្នានៅមុខ ផ្សាររាត្រីភ្នំពេញនាព្រឹកនេះ ដើម្បីចាប់ផ្តើមដើរក្បួន ។ អ្នកចូលរួមបានគូររូបជាសារនៅលើមុខរបស់ពួកគេ និងបានពាក់បូរចងក្បាលពណ៌ស ដោយមានព្រះសង្ឃបានសូត្រមន្ត សម្តែងរឿងខ្លី និងបានកាន់បដាអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់លោក ឈុត វុទ្ធី នេះ ។ ការដង្ហែក្បួនត្រូវបានបញ្ចប់នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា ជាកន្លែងដែលអ្នកចូលរួមត្រូវដាក់ញត្តិស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីឃាតកម្មនេះ ។
សេចក្តីថ្លែងការណ៍ | ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន លោក កើត សារ៉ាយ
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤
ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។
សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
អត្ថបទខ្លីៗ | ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។
កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។
ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៍នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។
សេចក្តីថ្លែងការណ៍ | ការមានគំនិតរួមគ្នា និងការប្តេជ្ញាចិត្តខ្ពស់ របស់ភាគីទាំងពីរ ឆ្ពោះទៅកាន់ជំហានបន្ទាប់នៃដំណើរការដោះស្រាយបណ្តឹង របស់ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ ពាក់ព័ន្ធនឹងបញ្ហាបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អ្នកតំណាងមកពីក្រុមហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit ដែលជាអ្នកវិនិយោគឱ្យមានភាពប្រសើរឡើងក្នុងសង្គម និងអ្នកតំណាងមកពីអង្គការសិទិ្ធមនុស្សចំនួនបី ដែលរួមមានសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ បានមកជួប ដើម្បីសន្ទនាគ្នា ។ កិច្ចសន្ទនាគ្នានេះ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយបណ្តឹង របស់ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) សម្រាប់ការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ដែលបណ្តឹងនេះត្រូវបានដាក់ដោយអង្គការសិទិ្ធមនុស្សទាំងបីខាងលើ ពាក់ព័ន្ធនឹងផលប៉ះពាល់ដែលសាធារណជនអះអាងថាមានភាពអវិជ្ជមានទៅលើអ្នកខ្ចីប្រាក់ជាច្រើននាក់ ។ ផលប៉ះពាល់អវិជ្ជមានទាំងនេះ គឺបង្កឡើងដោយកម្ចីខ្នាតតូច ឬមីក្រូហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា ។
អំឡុងពេលជួបជជែកគ្នានេះ ភាគីទាំងអស់បានរកឃើញនូវគំនិតរួមគ្នា និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានខ្ចីប្រាក់ ។ អំឡុងពេលជួបគ្នានោះដែរ ភាគីទាំងពីរក៏បានទទួលស្គាល់ថា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយជាបន្ទាន់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ ភាគីទាំងពីរក៏បានរកឃើញ និងធ្វើការប្តេជ្ញាចិត្ត បន្តទៅជំហានបន្ទាប់ ដើម្បីឆ្ពោះទៅរកលទ្ធផលជាវិជ្ជមាននៃកិច្ចសន្ទនានេះ ។
ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) សូមសសើរដល់ភាគីទាំងពីរ ដែលបានចូលរួមប្រកបដោយសុចរិតភាពនៅក្នុងដំណើរការដោះស្រាយបណ្តឹងនេះ ៕
អត្ថបទខ្លីៗ | ពលរដ្ឋ ២៥នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ២៩នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារចោទប្រកាន់ ប្រជាពលដ្ឋទាំងនោះត្រូវបានចោទប្រកាន់ពីបទ "កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ" យោងតាមមាត្រា ៩៧ កថាខណ្ឌទី ១ ចំណុច ៦ នៃច្បាប់ស្តីពីព្រៃឈើ ។ ៤នាក់ក្នុងចំណោម២៩នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ២៥នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ ។ ក្នុងចំណោមពួកគេទាំងនោះ មាន ១៣នាក់ជាបុរស និង១២នាក់ជាស្រ្តី ។
ពួកគេទាំងនោះត្រូវបានចាប់ខ្លួននៅដើមខែនេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធមួយក្រុម រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន ចូលទៅកាន់ទីតាំងដីដែលមានជម្លោះនោះដោយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ ។ អាជ្ញាធរបានបាញ់គ្រាប់កាំភ្លើងពិត ប្រើប្រាស់គ្រាប់បែកផ្សែង និងចាប់ខ្លួនអ្នកភូមិផងដែរ ។
ការចោទប្រកាន់នេះជាការវិវត្តចុងក្រោយបង្អស់នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដែលពាក់ព័ន្ធនឹងក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។ គ្រួសារដែលប៉ះពាល់រស់នៅក្នុងភូមិម្រេច ភូមិស្រយង់ត្បូង និងភូមិក្តាក់ ហើយនិងពលរដ្ឋមួយចំនួនទៀតដែលទើបមកតាំងទីលំនៅនៅក្នុងតំបន់នោះ ។ ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល កាលពីខែមីនា ឆ្នាំ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ៕
សេចក្តីថ្លែងការណ៍ | ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត មិនគួរត្រូវបានផ្អាក ហើយអាជ្ញាធរគួរទទួលខុសត្រូវ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។
ពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងនាំយកពីទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ ។
កម្រងរូបភាព | សហគមន៍មួយចំនួនក្នុងប្រទេសប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ២០២៤
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបអាហារសាមគ្គី ។
វីដេអូ | សំឡេងរបស់អ្នក គឺជាអំណាច
ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
ចូលរួមជាមួយពួកយើង ដើម្បីបញ្ឈប់អំពើហិង្សា ការរើសអើង និងការរំលោភបំពាន មកលើស្ត្រី អ្នកការពារសិទិ្ធមនុស្ស និងអ្នកស្រលាញ់ភេទដូចគ្នា!
ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធនារី ខួបលើកទី ១១៣ ឆ្នាំ ២០២៤ សូមលោកអ្នក អញ្ជើញទស្សនាវីដេអូខ្លីមួយនេះ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ស្ត្រីទាំងឡាយ ដែលបានប្រឹងប្រែងឱ្យមានការគោរពនូវសិទិ្ធមនុស្សរបស់ពួកគេ ។
វីដេអូនេះបង្ហាញនូវយុវតី និងយុវជនមួយចំនួន ដែលមានការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ ដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស ។ យុវតី និងយុវជនទាំងនោះ ក៏បង្ហាញពីការឱ្យតម្លៃ និងលើកឡើងនូវសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី នៅក្នុងការទទួលបាននូវការទទួលស្គាល់ និងគោរពនូវសិទិ្ធមនុស្សរបស់ស្ត្រី ។
ស្ត្រីនៅក្នុងប្រទេស នៅតែបន្តប្រឈមមុខនឹងការរើសអើង និងអំពើហិង្សាដោយផ្អែកលើយេនឌ័រ ។ មិនតែប៉ុណ្ណោះទទួលបានសេវាយុត្តិធម៌ចំពោះស្ត្រី ទៅលើបញ្ហាទាំងនេះ នៅមានកម្រិតនៅឡើយ ។ យើងខ្ញុំឈរជាមួយស្ត្រីទាំងឡាយ និងបន្តគាំទ្រពួកគេ ដើម្បីជំរុញឱ្យមានយុត្តិធម៌ សមភាព និងភាពស្មើគ្នារវាងបុរស និងស្ត្រី ។
“សំឡេងរបស់អ្នក គឺជាអំណាច!”
អត្ថបទខ្លីៗ | កងកម្លាំងប្រើប្រាស់អាវុធ និងចាប់ខ្លួនអ្នកភូមិមួយចំនួន អំឡុងពេលប៉ះទង្គិចគ្នាក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានប្រមូលផ្តុំគ្នាកាលពីព្រឹកមិញនេះ ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះនៅក្នុងខេត្តព្រះវិហារ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន ។
អ្នកភូមិមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ។ ទីតាំងជាក់លាក់នៃការឃុំខ្លួន មិនទាន់ដឹងនៅឡើយ ។
អ្នកភូមិមួយចំនួនបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បានចូលទៅក្នុងតំបន់ជម្លោះនោះតាំងពីមុនទៀបភ្លឺ ហើយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ ។ ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិរបស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំងនោះអាចនឹងត្រូវបានកងកម្លាំងទាំងនោះបណ្តេញចេញដោយបង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា ទាមទារឱ្យកងកម្លាំង និងអាជ្ញាធរទាំងនោះចាកចេញពីតំបន់នោះ ។ សកម្មភាពប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំងប្រដាប់អាវុធបាញ់គ្រាប់កាំភ្លើងពិតជាច្រើនដង និងមានការប្រើប្រាស់គ្រាប់បែកផ្សែងផងដែរ ។
អត្ថបទខ្លីៗ | សហគមន៍សំរោងត្បូង រាយការណ៍ថាមានអំពើហិង្សា នៅពេលអាជ្ញាធរកំពុងឈូសឆាយដីតំបន់បឹងតាមោក
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចផ្តន្ទាទោសលើលោក ថាច់ សេដ្ឋា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញនាព្រឹកនេះបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរកឃើញថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានពិរុទ្ធ ពីបទចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង" ។ លោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) ។ លោកត្រូវបានផ្តន្ទាទោស ដោយផ្អែកលើព្រឹត្តិការណ៍នៅពេលលោកបានថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ។
លោក សេដ្ឋា ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឱ្យមានការរើសអើង" យោងតាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ នេះជាករណីទីពីរហើយ ដែលលោកសេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ហើយសេចក្តីសម្រេចនេះក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
កាលពីខែមករា ឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលបានរកឃើញថាលោក សេដ្ឋា មានពិរុទ្ធ លើបទចោទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ហើយបានសម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋ និងផ្តល់សំណងទៅដើមបណ្តឹង ។ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ៤០៧ ថ្ងៃមកហើយ ចាប់តាំងពីមានការចាប់ខ្លួនរបស់លោក កាលពីខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានខាងលើនេះ ៕
អត្ថបទខ្លីៗ | តុលាការកំពូលសម្រេចឱ្យសកម្មជនបឹងកក់ពីររូបរួចផុតពីបទចោទ
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
តុលាការកំពូលនៅព្រឹកនេះបានសម្រេចឱ្យសកម្មជនដីធ្លីពីររូបមកពីសហគមន៍បឹងកក់ រួចផុតពីបទចោទ ។ សកម្មជនទាំងពីរ មានលោកយាយ ង៉ែត ឃុន អាយុ៨៣ឆ្នាំ (ហៅយាយម៉ាមី) និងអ្នកស្រី ឆេង លាភ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់ក្នុងខែមីនា ឆ្នាំ២០១២ ។
សមាជិកសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ បានប្រឈមនឹងជម្លោះដីធ្លីដ៏រាំរ៉ៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានជួលបឹងកក់ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ ២០០៧ ។ សមាជិកសហគមន៍ជាច្រើននាក់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ាទៅនឹងការបណ្ដេញចេញដោយបង្ខំ ។
ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់ប្រាំមួយនាក់ ដែលក្នុងនោះរួមទាំង លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភផងដែរ ។ ស្រ្ដីទាំងប្រាំមួយនាក់នោះបានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងបីរូប
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ត្បូងឃ្មុំតម្កល់សាលដីកាផ្តន្ទាទោសសមាជិកសហគមន៍ដីធ្លីនៅត្បូងឃ្មុំ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលោក កង សារ៉ន ដាក់ក្នុងពន្ធនាគារ
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍បាត់ដំបងថ្ងៃនេះ បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើ លោក កង សារ៉ន ដែលជាសកម្មជនសង្គម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២៣ ជុំវិញការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលលោកបានបញ្ចេញមតិនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់លោក នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។ ក្រោយមក លោក សារ៉ន ក៏ត្រូវបានលែងវិញបន្ទាប់ពីលោកបានធ្វើការសុំទោស ។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានកាត់ទោស ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” “ជេរប្រមាថជាសាធារណៈ” និងបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា និងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់ការផ្តន្ទាទោសខាងលើនេះ កាលពីថ្ងៃព្រហស្បតិ៍ ។ ដូចនេះលោកនឹងនៅបន្តក្នុងពន្ធនាគារ រង់ចាំការប្តឹងសាទុក្ខទៅតុលាការកំពូល ។
សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែនករុណា
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍មូលដ្ឋាន ដូចមានរាយនាមខាងក្រោម មានការសោកស្តាយជាខ្លាំង ចំពោះការដាក់ពាក្យបណ្តឹង ទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ ។ លោក ករុណា គឺជាអនុប្រធានផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគម អាដហុក ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទិ្ធមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាភាសាខ្មែរ បានចេញផ្សាយអត្ថបទព័ត៌មានមួយ កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានដកស្រង់សម្តីរបស់លោកថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ ។ អត្ថបទនោះក៏បានដកស្រង់សម្តីរបស់លោក ដែលកត់សម្គាល់ថា គណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ។
អត្ថបទខ្លីៗ | សាលាដំបូងខេត្តចំនួនពីរ បានផ្តន្ទាទោសសកម្មជនពីររូបដាក់ពន្ធនាគារ
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តចំនួនពីរ បានសម្រេចផ្តន្ទាទោសសកម្មជនដ៏លេចធ្លោចំនួន ពីររូប នៅក្នុងសំណុំរឿងចំនួន ពីរ ដាច់ដោយឡែកពីគ្នា ។
សកម្មជនបរិស្ថាន លោក ឆន ផល្លា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ
សាលាដំបូងខេត្តរតនគិរី នាព្រឹកថ្ងៃនេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលោក ឆន ផល្លា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រមាថ និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា ៣០៥ ៥០២ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការបានផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លានរៀល (ប្រមាណ ២.៥០០ ដុល្លារអាមេរិក) ។