សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

ចេញផ្សាយ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

លោក ឌឹម គុនឌី និងលោក ហ៊ុន វណ្ណៈ។ រូបថតដោយ មាតាធម្មជាតិ។

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិលជាតិ និងអន្តរជាតិ ​ដែលមាន​រាយនាម​ខាង​ក្រោម​ ស្នើអាជ្ញាធរ​ឱ្យ​​ដោះ​លែង​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម​ គុនឌី ជាសកម្ម​ជន​បរិស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អង្គការ​មាតាធម្មជាតិ​ដែលទើបតែ​ត្រូវបាន​លុបឈ្មោះ​ចេញពីបញ្ជី​នាពេល​ថ្មីៗនេះ ដែលពួកគាត់​​ត្រូវបានឃុំខ្លួនពុំសម​ហេតុ​ផល​​​អស់រយៈពេល​ជាង​ពីរខែមក​ហើយទាក់ទិន​នឹង​បទចោទគ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​។ យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួនតាម​អំពើចិត្ត និង​ការឃុំខ្លួនពួកគាត់​ជា​បណ្តោះអាសន្ន ដែល​​ទំនង​ជាការ​ប៉ុនប៉ង​​ដើម្បី​បំបិទ និង​ដាក់ទណ្ឌ​កម្ម​​​ទៅលើការ​ងារ​ស្រប​ច្បាប់របស់ពួកគាត់ក្នុង​នាម​ជា​អ្នកការ​ពារ​សិទ្ធិ​មនុស្សផ្នែក​បរិស្ថាន។​

លោក​ ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី​​ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ខណៈកំពុង​ថត​ ​កប៉ាល់ធំៗចំនួន​ពីរគ្រឿង​ដែល​បាន​បោះយុថ្កា​នៅ​​ឆ្នេរសមុទ្រ​នៅ​​ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ​ខេត្ត​កោះកុង​ ដែល​ពួកគាត់សង្ស័យថាកំពុង​ដឹកខ្សាច់នាំចេញខុស​ច្បាប់​។ មាន​សេចក្តី​រាយការណ៍ថា​​ការ​ចាប់ខ្លួន​ពួកគាត់​​ធ្វើឡើងដោយ​​​ផ្អែកលើ​បណ្តឹង​ចោទ​ថា​បាន​រំលោភលើសិទ្ធិ​ខាង​រូប​ភាពនៃ​បុគ្គល និង​ញុះញង់​របស់លោក ​លី យ៉ុង​ផាត់ ជា​អ្នក​ជំនួញម្នាក់ដ៏មាន​ឥទ្ធិពលបំផុត​​ និង​មាន​ទំនាក់ទំនងស្និទ្ធ​ជាមួយអ្នក​​មាន​អំណាចនៅ​កម្ពុជា​។ លោក ​លី យ៉ុង​ផាត់ ជាម្ចាស់ក្រុមហ៊ុន​អ៊ិលវ៉ាយភី គ្រុប និង​ជា​សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កាន់អំណាច។ អ្នក​ទាំង​ពីរ​ត្រូវបាន​ព្រះ​រាជអាជ្ញា​​អម​សាលាដំបូង​ខេត្ត​កោះ​កុង​សាកសួរ​ដោយ​ពុំមាន​វត្ត​មាន​មេធាវី និង​បន្ទាប់មកត្រូវ​បាន​ឃុំខ្លួននៅពន្ធនាគារ​ព្រែក​ស្វាយ​ ខេត្តកោះកុង​។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៧ ពួកគាត់ត្រូវ​បាន​ចោទប្រកាន់ពីបទ “ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និង​បទ “ប៉ះពាល់ដល់សិទ្ធិ​ខាង​រូបភាព​នៃបុគ្គល​​” (មាត្រា ៣០២ នៃ​ក្រមព្រហ្ម​ទណ្ឌ)។

អ្នកទាំងពីរ​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​​ពន្ធនាគារ​ខេត្ត​កោះ​កុ​ង ដែលកំពុងប្រឈម​នឹង​ការ​លំបាក​ដោយសារ​តែមាន​​អ្នកជាប់ឃុំជាច្រើនកកកុញ ​ស្ថានភាពអនាម័យ​មិន​ល្អ និង​កង្វះខាតការផ្តត់​ផ្គង់​គ្រឿងបរិភោគ និង​សេវា​មូលដ្ឋាន​ ដូច​ជា​ ទឹក​ អាហារ​ និង​ការ​ថែទាំសុខភាព។ លោក​ ហ៊ុន វណ្ណៈ និងលោក​ ឌឹម គុនឌី បានឱ្យដឹងថា ពួកគាត់ត្រូវបាន​ឃុំខ្លួន​ក្នុង​បន្ទប់ឃុំឃាំងដ៏តូចចង្អៀត​​ទំហំតែ ៤ ម៉ែត្រការ៉េ​ ជាមួយជន​ជាប់ឃុំ​រួម​បន្ទប់ចំនួន​២០​នាក់​ផ្សេង​ទៀត​។ រហូត​មក​ដល់ពេលនេះ​ ពុំទាន់មានការ​កំណត់កាល​បរិច្ឆេទ​សម្រាប់ការ​ជំនុំជម្រះក្តីនៅឡើយទេ​​ ហើយ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគាត់ ដែល​បាន​ដាក់នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានតុលាការ​​បដិសេធនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០១៧។

មាត្រា ២០៣ នៃក្រម​នីតិវិធីព្រហ្ម​ទណ្ឌកម្ពុជា​ ចែងថា ការ​អនុវត្ត​​ការ​ឃុំខ្លួន​បណ្តោះអាសន្នអាចធ្វើទៅ​បាន​តែ​ក្នុង​ករណីពិសេស​​ប៉ុណ្ណោះ ដែល​​​លក្ខខណ្ឌ​​ឆ្លើយតបទៅនឹង​​ច្បាប់សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ [ជាពិសេស​ មាត្រា ៩ (៣) នៃកតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​]។​ ចៅក្រម​ស៊ើប​សួរ​នៃសាលាដំបូង​ខេត្ត​កោះ​កុង​បាន​ផ្តល់សម្អាង​ហេតុ​ចំពោះ​ការ​​ឃុំខ្លួន​បណ្តោះ​អាសន្ន​នោះដោយ​ផ្អែកទៅ​​លើ​មូលដ្ឋាន​ថា ការ​ស៊ើប​អង្កេត​ ‘មិន​ទាន់ចប់សព្វគ្រប់’។ ការផ្តល់សម្អាង​ហេតុ​​​នេះ​មិនទាន់​​ស្រប​ជាមួយហេតុផលណាមួយក្នុង​ចំណោមមូល​ហេតុ​ទាំង​ ៦ ដែល​អាច​ធ្វើការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ២០៥ នៃក្រម​នីតិវិធីព្រហ្ម​ទណ្ឌ​ឡើយ​។1​ ដូច្នេះ​ ករណីនេះ​បង្ហាញ​ថា ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នោះ​ធ្វើឡើង​ដោយ​ពុំមាន​ការ​ពិចារណាឱ្យ​បាន​ដិត​ដល់ ហើយ​អាច​ជាការ​រំលោភបំពាន​​ច្បាប់​ជាតិ ​និងច្បាប់​អន្ត​រជាតិ​។

ក្រៅ​តែ​ពីផ្តល់ទឡ្ហីករណ៍ដោយ​ផ្អែក​តាម​​អង្គហេតុ និងអង្គ​ច្បាប់ ការចោទ​ប្រកាន់​​នេះទំនង​​​ជាការ​​ប៉ុន​ប៉ង​របស់​អាជ្ញា​ធរ​កម្ពុជា​ និង​អ្នកដែល​មាន​ផល​​​ប្រយោជន៍ផ្នែក​ពាណិជ្ជកម្ម​ ​ដើម្បី​បំបិទសំឡេង​​សកម្ម​ជន​វ័យ​ក្មេងទាំងនេះ​ ក្រុម​បរិស្ថាន​ដទៃទៀត​ និង​ប្រជាពល​រដ្ឋ​កម្ពុជា​ណាដែល​ហ៊ាន​និយាយអំពី​​អំពើពុករលួយ​ ឬការ​បំផ្លាញ​បរិស្ថាន​។

សកម្ម​ជន​ទាំងពីរនេះ​​​បាន​លើក​ឡើង​​ថា ពួកគេ​បាន​ថតយករូបភាពកប៉ាល់នៅ​​ទីកន្លែង​បើក​ចំហ ពុំមែននៅ​លើ​ទ្រព្យ​សម្បត្តិ​ឯកជនទេ​​ ដែលអាច​បង្ហាញថា​​ការ​ចោទប្រកាន់ពីបទ “ប៉ះពាល់ដល់សិទ្ធិខាងរូប​ភាព​នៃបុគ្គល​” គឺ​ពុំ​មាន​​មូលដ្ឋានត្រឹមត្រូវ​​​ឡើយ​។ មាត្រា ៣០២ នៃ​ក្រម​ព្រហ្ម​ទណ្ឌតម្រូវ​យ៉ាង​ច្បាស់ថា “អំពើ​ថតរូ​បភាពនៃបុគ្គលនៅក្នុង​ទីកន្លែង​ឯកជន​​” ដើម្បី​គាំទ្រ​ដល់ការ​ចោទប្រកាន់បែបនេះ។ ម្យ៉ាង​ទៀត​ សកម្មជន​ទាំង​ពីរនាក់នោះកំពុងធ្វើ​សកម្មភាព​​ឃ្លាំមើល​ក្នុងគោល​​បំណងទប់​ទល់​​នឹងសកម្ម​ភាព​បូម​ខ្សាច់​ខុស​ច្បាប់នៅ​ក្នុង​តំបន់ ​ដែល​​​ក្រសួង​រ៉ែ និង​ថាម​ពល​បាន​លើកទឹក​ចិត្តយ៉ាងច្បាស់លាស់​ឱ្យ​តួអង្គ​សង្គម​ស៊ីវិលជួយ​​ធ្វើការ​ងារមួយនេះ។ ដូច្នេះ​ ការ​ចោទប្រកាន់ពីបទ ​“ញុះញង់” ដែល​​ជាបទល្មើស​ព្រហ្ម​ទណ្ឌដែលត្រូវបាន​​អនុវត្ត​ជារឿយៗ​ដើម្បី​បង្ក្រាប​ទៅលើ​ភាព​សកម្ម​ស្រប​ច្បាប់នៅ​ក្នុងប្រទេសកម្ពុជា​នោះ ក៏​ទំនង​ជា​គ្មាន​មូលដ្ឋានសមហេតុ​ផល​នោះឡើយ​។ ការ​ចាប់ និង​ការ​ឃុំខ្លួន​នេះបាន​​កើតឡើង​ពីរ​ថ្ងៃបន្ទាប់ពីអង្គការ​មាតា​ធម្ម​ជាតិ​​បាន​ចេញ​ផ្សាយ​ជាសាធារណៈនូវវីដេអូមួយ​ដែល​បង្ហាញ​ពីតួលេខ​ខុសគ្នា​ក្នុង​ទំហំទឹក​ប្រាក់ចំនួន ​៣០ ​លាន​ដុល្លារអាមេរិក​ រវាង​កំណត់ត្រាពាណិជ្ជកម្ម​​របស់​ប្រទេសកម្ពុជា ​និង​តៃវ៉ាន់​ទាក់ទង​នឹង​បរិមាណ​​ខ្សាច់ប្រភេទស៊ីលីកា​ និង​​ថ្មខៀវដែល​នាំចូល​ពីប្រទេសកម្ពុជា។

អង្គការ​មាតាធម្ម​ជាតិ​មានប្រវត្តិ​ធ្វើយុទ្ធនាការប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ប្រក​ប​ដោយ​ជោគជ័យ។ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​ (រដ្ឋាភិបាល) បាន​ចេញ​បម្រាមហាម​ការ​បូម​ខ្សាច់​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​បាន​បង្ហាញ​ពី​តួលេខ​ខុសគ្នាយ៉ាង​ខ្ពស់​នៃរបាយការណ៍​ពាណិជ្ជកម្ម​​ខ្សាច់រវាង​ប្រទេសកម្ពុជា​ និ​ងសិង្ហបូរី។ ក្រោយ​មកទៀត ​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​ដាក់ចេញនូវ​បម្រាមជា​អចិន្តៃ្រយ៍​លើការ​នាំ​ខ្សាច់ចេញ​ពីខេត្តកោះ​កុង​សម្រាប់គោល​បំណង​សាងសង់ និងការ​ចាក់បំពេញដី​នានា។ ប្រសិទ្ធភាពការ​ងាររបស់​សកម្មជន​ទាំង​នេះ​ភ្ជាប់ទៅនឹង​​អង្គការ​មាតា​ធម្ម​ជាតិក្នុង​ការលាត​ត្រដាង​អំពី​​​អំពើ​ពុករលួយ​ដែល​អាច​មាន​ និង​ការ​លើក​កម្ពស់ការ​យល់ដឹង​អំពី​បញ្ហាបរិស្ថាននានា​ទំនង​ជាហេតុផលនាំ​ឱ្យ​មាន​ការ​ចោទប្រកាន់ទាំងនេះ​។

ការ​ចាប់ខ្លួន​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម គុនឌី គឺ​ជា​ចំណាត់ការ​ចុង​ក្រោយ​ក្នុង​ចំណោម​ចំណាត់ការ​ផ្លូវ​ច្បាប់ជាច្រើន​ប្រឆាំងលើ​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ ចាប់តាំងពីខែកញ្ញា ឆ្នាំ​២០១៤។ នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៧ អង្គការ​មាតាធម្ម​ជាតិ​ត្រូវបានរដ្ឋាភិបាល​​លុប​ឈ្មោះ​ជាផ្លូ​វ​ការ​ចេញ​ពីបញ្ជី បន្ទាប់ពីមាន​សំណើមួយ​ពី​អង្គការ​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី២៣ ខែសីហា។ សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​អះអាង​ថាសំណើនោះបានដាក់ទៅ​ក្រសួង​មហាផ្ទៃ ដោយ​​ក្រុម​នាយកនៃអង្គការ​នេះដែល​ទំនង​ជា​ពុំ​មែន​ធ្វើឡើង​ដោយ​ឯកឯង​ ដោយ​សារ​តែ​រង​ការ​​យាយីពីសំណាក់អាជ្ញាធរ​អស់​ជាច្រើន​ឆ្នាំ។

យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់អាជ្ញា​ធរ​កម្ពុជា គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​សិទ្ធិមនុស្ស​អន្ត​រជាតិនានា​ តាម​រយៈ​ការ​ដោះ​លែង​លោក ​ហ៊ុន​ វណ្ណៈ និងលោក​ ​ឌឹម គុនឌី និងធានាការ​គោរព​ពេញ​លេញ​ចំពោះ​ការ​សន្មតជាមុន​ថា​គ្មាន​ទោស​ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដទៃទៀត។ យើង​ខ្ញុំក៏​សូមស្នើឱ្យ​ទម្លាក់ចោល​ការ​ចោទប្រកាន់ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ទាំងនេះ និង​ផ្តល់សំណង​សមរម្យ​ទៅដល់​លោក ​ឌឹម​ គុនឌី និង​លោក ​ហ៊ុន​ វណ្ណៈ ដើម្បី​​ជាការ​ទទួល​ស្គាល់ចំពោះការ​ដក​ហូត​សេរីភាព​របស់​ពួកគាត់តាម​អំពើចិត្ត។

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ​ រួមមាន​ ៖

១. សម្ព័ន្ធ​គណនេយ្យភាពសង្គមកម្ពុជា
២. អង្គការ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិ​មនុស្ស​
៣. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
៤. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
៥. សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​
៦. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៧. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
៨. អង្គការជនជាតិដើមភាគតិចកម្ពុជា
៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
១០. បណ្ដាញយុវជនកម្ពុជា
១១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
១២. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
១៣. សហព័ទ្ធអន្តរជាតិដើម្បីមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
១៤. Frontline Defenders
១៥. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
១៦. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន
១៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
១៨. សមាគមឥន្ទ្រទេវី
១៩. គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
២០. អង្គការពន្លកខ្មែរ
២១. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា
២២. អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្រុម​ក្របខ័ណ្ឌ​អង្កេត​​ដើម្បីកិច្ចការពារដល់អ្នកការពារ​​សិទ្ធិ​មនុស្ស

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Affiliated Network for Social Accountability Cambodia (ANSA Cambodia)
២. Asian Forum for Human Rights and Development (Forum Asia)
៣. Cambodia Development People Life Association
៤. Cambodian Center for Human Rights (CCHR)
៥. Cambodian Food and Service Workers Federation (CFSWF)
៦. Cambodian Human Rights and Development Association (ADHOC)
៧. Cambodian Independent Teacher Association (CITA)
៨. Cambodian Indigenous People Organization (CIPO)
៩. Cambodian League for the Promotion & Defense of Human Rights (LICADHO)
១០. Cambodian Youth Network (CYN)
១១. Center for the Alliance of Labor and Human Rights (CENTRAL)
១២. Committee for Free and Fair Election in Cambodia (COMFREL)
១៣. FIDH, within the framework of the Observatory for the Protection of Human Rights Defenders
១៤. Frontline Defenders
១៥. Gender and Development for Cambodia (GADC)
១៦. Housing Rights Task Force (HRTF)
១៧. Independent Democracy of Informal Economy Association (IDEA)
១៨. Indradevi Association (IDA)
១៩. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
២០. Ponlok Khmer (PKS)
២១. The Cambodian Defenders Project (CDP)
២២. World Organisation Against Torture (OMCT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា