ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋនៅកម្ពុជា
ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០២៣ ទាញយករបាយការណ៍នេះជាភាសាខ្មែរ (PDF, 5.7 MBs) | |
ទាញយករបាយការណ៍នេះជាភាសាអង់គ្លេស (PDF, 5.36 MBs) | |
ស្តាប់សំឡេងជាភាសាខ្មែរ |
ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋ នៅកម្ពុជា ខណៈដែលអាជ្ញាធររដ្ឋនៅតែបន្តភាពអសកម្មអស់ជាច្រើនទសវត្សរ៍ ហើយវិស័យសំណង់ និងអចលនទ្រព្យ បានអនុញ្ញាតឱ្យអំពើរំលោភបំពានលើសិទ្ធិមនុស្សនៅតែបន្តមានដោយគ្មានការត្រួតពិនិត្យក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។
ថ្ងៃនេះ ជាទិវាកុមារពិភពលោកឆ្នាំ២០២៣ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សូមស្នើសុំសារជាថ្មីដល់តួអង្គទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តអវិជ្ជមានទាំងនេះ ។ កម្មករត្រូវរួចផុតពីការផ្តល់កំលាំងពលកម្មដើម្បីតែដោះបំណុល ។ ច្បាប់ទាក់ទងពលកម្មកុមារត្រូវតែពង្រឹង និងអនុវត្តឱ្យបានត្រឹមត្រូវ ។ ម៉ាកសម្លៀកបំពាក់អន្តរជាតិត្រូវបញ្ឈប់ការដុតកាកសំណល់ របស់ពួកគេនៅតាមសិប្បកម្មឡឥដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពកម្មករ និងកូនៗរបស់ពួកគេ ។
“ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅ សិប្បកម្មឡឥដ្ឋនៅកម្ពុជា” គឺជារបាយការណ៍មួយផ្អែកលើព័ត៌មាន ដែលចងក្រងដោយអង្គការលីកាដូ អំពីសិប្បកម្មផលិតឥដ្ឋចំនួន ២១ ទីតាំង ដែលស្ថិតក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ។ ការសន្ទនា ជាច្រើន បូករួមនឹងបទសម្ភាសន៍ស៊ីជម្រៅជាមួយកម្មករចំនួន ១០ នាក់ បានបញ្ជាក់ថាការបញ្ចាំខ្លួនដោះបំណុលនៅតែមានការរីករាលដាលក្នុងឧស្សាហកម្មនេះ ហើយការទូទាត់ប្រាក់ឈ្មួលទាបតាមចំនួនឥដ្ឋ នៅតែបន្តជំរុញឱ្យក្មេងដែលមានអាយុតិចរហូតត្រឹមប្រាំបួនឆ្នាំធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ។
ពេលនេះជាឱកាសដ៏សំខាន់មួយដើម្បីលុបបំបាត់អំពើរំលោភបំពានទាំងនេះឱ្យអស់តែម្តង ។ ការថមថយនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា តាំងពីមានវិបត្តិជំងឺកូវីដមក បានធ្វើឱ្យ តម្រូវការឥដ្ឋធ្លាក់ចុះ ដែលនាំឱ្យមានការឆ្លើយតបជាច្រើនផ្សេងៗពីម្ចាស់សិប្បកម្មផលិតឥដ្ឋ រួមមាន ដូចជា កម្មករបញ្ចាំខ្លួនដោះបំណុលខ្លះត្រូវបានផ្ទេរទៅឧស្សាហកម្មដទៃទៀត ឬត្រូវបានបង្ខំឱ្យរង់ចាំ ដោយមិនទទួលបានប្រាក់ឈ្មួលនៅក្នុងសិប្បកម្មដែលគ្មានប្រតិបត្តិការ ឬត្រូវបានអនុញ្ញាតឱ្យចាកចេញ បណ្តោះអាសន្នពីឧស្សាហកម្មផលិតឥដ្ឋ ។ កម្មករមួយចំនួនតូចត្រូវបានដោះលែងឱ្យរួចពីពលកម្មដើម្បី ដោះបំណុល ដោយបំណុលទាំងអស់ត្រូវបានលុបចោល ហើយដែលករណីនេះជាការឆ្លើយតបដែល ត្រូវការចាំបាច់បំផុតជាបន្ទាន់នៅឧស្សាហកម្មនេះ ។
ការជំពាក់បំណុលរបស់កម្មករសិប្បកម្មឡឥដ្ឋជាមួយម្ចាស់សិប្បកម្ម គឺជាឧទាហរណ៍ទូទៅនៃការបញ្ចាំខ្លួនដោះបំណុលដែលជាអំពើខុសច្បាប់ ហើយបំណុលទាំងអស់នោះត្រូវតែលុបចោលជាបន្ទាន់
អំ សំអាត, នាយក ទទួលបន្ទុកកិច្ចការទូទៅ
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថា “ការជំពាក់បំណុលរបស់កម្មករសិប្បកម្មឡឥដ្ឋជាមួយម្ចាស់សិប្បកម្ម គឺជាឧទាហរណ៍ទូទៅនៃការបញ្ចាំខ្លួនដោះបំណុលដែលជាអំពើខុសច្បាប់ ហើយបំណុលទាំងអស់នោះត្រូវតែលុបចោលជាបន្ទាន់” ។ លោកបន្តទៀតថា “ក្មេងអាយុក្រោម ១៨ឆ្នាំ មិនគួរធ្វើការផ្លូវការ ឬមិនផ្លូវការ នៅសិប្បកម្មផលិតឥដ្ឋដែលប្រកបដោយគ្រោះថ្នាក់នោះទេ” ។
ការធ្វើអធិការកិច្ចលើការងារប្រកបដោយគ្រោះថ្នាក់ ដោយអាជ្ញាធររដ្ឋ ដែលគ្មានគណនេយ្យភាព ឬគ្មានការចោទប្រកាន់ពីបទល្មើសនៃការបញ្ចាំខ្លួនដោះបំណុល មិនបានបញ្ចប់អំពើរំលោភបំពាន ទាំងនេះ ។ វិស័យឯកជន ក៏បានអនុញ្ញាតឱ្យបញ្ហាទាំងអស់នេះបន្តកើតមាន ខណៈដែលអ្នកទិញឥដ្ឋ នៅកម្ពុជា ដែលជាក្រុមហ៊ុនសង់លំនៅដ្ឋានក្នុងស្រុក ឬជាក្រុមហ៊ុនសាជីវកម្មពហុជាតិក្តី បានខកខាន ធានាឱ្យបានថាខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងការបញ្ចាំខ្លួនដោះបំណុល និងពលកម្ម កុមារ ។ ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកអន្តរជាតិដែលផលិតផលរបស់ខ្លួនមានប្រភពពីប្រទេសកម្ពុជា ក៏ត្រូវទទួលខុសត្រូវចំពោះសំណល់របស់ពួកគេដែលត្រូវបានប្រើប្រាស់ប្រកបដោយគ្រោះថា្នក់ នៅតាមសិប្បកម្មផលិតឥដ្ឋផងដែរ ។
ការសម្តែងរបស់អាជ្ញាធររដ្ឋ ក្នុងការចុះត្រួតពិនិត្យលើសិប្បកម្មផលិតឥដ្ឋ ហើយចុងក្រោយបដិសេដថាមិនមានបញ្ហាទាំងនេះ គឺជាកិច្ចប្រឹងប្រែងបែបអវិជ្ជមាន ដើម្បីតែលាក់បាំងការពិត
ណាលី ពីឡូក, នាយក ទទួលបន្ទុកកិច្ចការក្រៅតំបន់
សិប្បកម្មផលិតឥដ្ឋ ជាញឹកញាប់ដុតសំណល់កម្ទេចក្រណាត់ធ្វើជាឥន្ធនៈបញ្ឆេះឡឥដ្ឋ ។ ការអនុវត្តនេះហាក់មានការកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះជាវាមានផលប៉ះពាល់ដល់សុខភាព និងបរិស្ថានក្តី ។ កម្មករសិប្បកម្មផលិតឥដ្ឋ និងកូនៗរបស់ពួកគេ បានរាយការណ៍អំពីបញ្ហាប្រព័ន្ធដង្ហើម ការឈឺក្បាល និងគ្រោះថ្នាក់ដទៃផ្សេងទៀត ។ អង្គការលីកាដូ បានរកឃើញសំណល់របស់ម៉ាក សម្លៀកបំពាក់អន្តរជាតិចំនួន ១៩ នៅសិប្បកម្មផលិតឥដ្ឋចំនួនប្រាំពីរ ។ អង្គការលីកាដូ បានធ្វើការ ទំនាក់ទំនងទៅក្រុមហ៊ុនមេចំនួន ១៦ ដែលជាម្ចាស់ម៉ាកសម្លៀកបំពាក់ទាំងអស់នេះនៅក្នុងខែតុលា ឆ្នាំ២០២៣ ។ មានក្រុមហ៊ុនតែប្រាំប៉ុណ្ណោះដែលបានឆ្លើយតប ។ រូបថតបង្ហាញពីសំណល់របស់ម៉ាក សម្លៀកបំពាក់ដែលរកឃើញនៅសិប្បកម្មផលិតឥដ្ឋ និងព័ត៌មានលម្អិតអំពីការឆ្លើយតបរបស់ក្រុមហ៊ុន អាចរកមើលបាននៅ “សំណល់រោងចក្រម៉ាកក្រុមហ៊ុនល្បីៗត្រូវបានដុតនៅតាមសិប្បកម្មឡឥដ្ឋនៅកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលប្តេជ្ញាចាត់វិធានការលើរឿងនេះ” ។ អង្គការលីកាដូ នឹងធ្វើបច្ចុប្បន្នភាពអំពីការឆ្លើយតបបន្ថែមទៀតនៅទីនេះ បើសិនជាមាន ។
អ្នកនាង ណាលី ពីឡូក នាយកទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ មានប្រសាសន៍ថា “រាជរដ្ឋាភិបាល អនុញ្ញាតឱ្យការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ បន្តមានយ៉ាងជាក់ច្បាស់” ។ អ្នកនាងបានបន្តទៀតថា៖ “ការសម្តែងរបស់អាជ្ញាធររដ្ឋ ក្នុងការចុះត្រួតពិនិត្យលើសិប្បកម្មផលិតឥដ្ឋ ហើយចុងក្រោយបដិសេដថាមិនមានបញ្ហាទាំងនេះ គឺជាកិច្ចប្រឹងប្រែងបែបអវិជ្ជមាន ដើម្បីតែលាក់បាំងការពិត ។ ជាច្រើនទសវត្សរ៍មកហើយដែល ទីក្រុង និងការអភិវឌ្ឍន៍នៅកម្ពុជា ត្រូវបានស្ថាបនាឡើង ដោយការកេងប្រវ័ញ្ចលើកម្មករសិប្បកម្មផលិតឥដ្ឋ ។ ដល់ពេលដែលត្រូវបញ្ចប់ទាសភាពសម័យទំនើប និងពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋនៅកម្ពុជាហើយ” ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
▪ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ តាមរយៈ Signal +៨៥៥ ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)
▪ អ្នកនាង ណាលី ពីឡូក នាយកទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal +៨៥៥ ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ ពលកម្មដោយបង្ខំ និងទាសភាពបំណុល សិទ្ធិការងារ