អត្ថបទខ្លីៗ

អ្នក​​ស្រី ​ទេព​​ វន្នី​ ​​ត្រូវ​​​បាន​​បញ្ជូន​​ទៅ​​កាន់​​ពន្ធនាគារ​​ ​ម២ ​វិញ​ ​ក្រោយ​​ពី​​សកម្មជន​​ទាំង​​ពីរ​​ត្រូវ​​បាន​​ផ្តន្ទាទោស​

ចេញផ្សាយ ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៦

នា​ព្រឹក​នេះ​ សកម្មជន​សហគមន៍​បឹង​កក់​ អ្នកស្រី​ ទេព​ វន្នី​ និង​អ្នកស្រី​ បូវ សោភា​ ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ "ប្រមាថ​មន្ត្រី​រាជ​ការ​សាធារណៈ​" ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​អហិង្សា​​ក្នុង​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦ថ្ងៃ និងត្រូវពិន័យជាប្រាក់ម្នាក់ៗចំនួន ៨ម៉ឺនរៀល។ ​អ្នក​ស្រី​ ទេព​ វន្នី ​កំពុង​តែ​ប្រឈម​នឹង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អា​សន្ន​រង់​ចាំ​សវនាការ​ក្រោម​បទ​ចោទ​​ថ្មី​មួយ​ទៀត​គឺ​បទ​​ហិង្សា​ដោយ​ចេតនា​ ដែល​ទើប​តែ​ត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ​កាល​ពី​សប្ដាហ៍​មុន​ទាក់​ទង​នឹង​ការ​តវ៉ា​មួយ​កាល​ពី​ឆ្នាំ​២០១៣។​ អ្នក​ស្រី​ ទេព​ វន្នី​ ​ត្រូវ​បានបញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្នរង់​ចាំ​សវនាការ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២​នៃ​ពន្ធ​នាគារ​ព្រៃ​សវិញ​។ ឯ​អ្នក​ស្រី​ បូវ​ សោភា​ នឹង​ត្រូវ​បាន​ដោះ​លែង​ក្នុង​ថ្ងៃ​នេះ​។

បន្ទាប់​ពី​ការ​ពិ​ភាក្សា​ប្រហែល​ជា​១៨នាទី​ ក្រោយ​ពី​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ជាង ​៩០នាទី​ លោក ពេជ្រ​ វិជ្ជា​ធម៌​ ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ប្ដូរ​ការ​ចោ​ទប្រកាន់​ដោយ​ចោទ​ពី​បទ​ប្រមាថ​មន្រ្តី​រាជ​ការ​សាធារណៈ​វិញ​ ដោយ​មិន​មាន​ការ​ព្រៀង​ទុក​ជា​មុន​ (តាម​មាត្រា​៥០២ នៃក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​)។ ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្តូរ​បទ​ចោទ​នេះ​ក្នុង​ពេល​ប្រកាស​សាល​ក្រម​។ ក្រោយ​មក​ ចៅ​ក្រម​បាន​សម្រេច​ផ្ដន្ទា​ទោស​ អ្នក​ស្រី​ ទេព ​វន្នី ​និង​អ្នក​ស្រី ​បូវ ​សោភា ​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​ចំនួន​៦ថ្ងៃ និងត្រូវពិន័យជាប្រាក់ម្នាក់ៗចំនួន៨ម៉ឺនរៀល។ ​បន្ទាប់​ពី​ការ​ធ្វើ​ប​ទ​បង្ហាញ​ការ​ពារ​កូន​ក្ដី ​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​ដំបូ​ងទៅ​លើ​បទ​ញុះ​ញង់ ​មេ​ធាវី​ការ​ពារ​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស​ដើម្បី​ការពារ​ជំទាស់​នឹង​បទ​ប្រមាថ​មន្រ្តី​រាជ​ការ​សាធារណៈ​ ដែល​ចៅក្រម​ទើប​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នេះ​ទេ។ នេះ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ ដែល​ចៅ​ក្រម​ត្រូវ​តែ​ផ្ដល់​ពេល​វេលា​គ្រប់​គ្រាន់​ និង​ភស្តុ​តាង​ទៅ​ដល់​មេធា​វីដើម្បី​រៀបចំ​ការ​ការ​ពារ​កូន​ក្ដី​។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ អ្នកស្រី ​ទេព​ វន្នី ​ត្រូវ​បាន​នាំ​ខ្លួន​ពីក​ន្លែង​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​នៃ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​នៅ​ខា​ង​ក្រៅ​គេហដ្ឋាន​របស់​សម្ដេច​នាយក​រ​ដ្ឋ​មន្រ្តី​ កាល​ពី​ឆ្នាំ​២០១៣​។ ក្រោយមក​ អ្នក​ស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា។ ​ការ​តវ៉ា​កាល​ពី​ឆ្នាំ​២០១៣​នោះ គឺ​ស្ថិត​ក្នុង​ការ​តវ៉ា​ផ្សេង​ទៀត​ដែល​រង​ការ​បង្រ្កាប​ដោយ​ហិង្សា​​ជាង​គេ​ទៅ​លើ​សហគមន៍។ ការ​បង្រ្កាប​កាល​ពីពេល​នោះ នាំ​ឲ្យ​មាន​អ្នក​របួស​រហូត​ទៅ​ដល់​ប្រាំ​នាក់​ ហើយ​ក្នុង​នោះមាន​អ្នក​ខ្លះ​ត្រូវ​បាន​បាក់​ឆ្អឹង​ផង​ដែរ។​