អត្ថបទខ្លីៗ

សាលាដំបូង​រាជធានីភ្នំពេញ​ពិចារណា​លើការឃុំខ្លួន​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី

ចេញផ្សាយ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៨
F T M
លោក យាង សុធារិន និង​លោក អ៊ួន ឈិន នៅតុលាការ​កំពូល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

នាព្រឹកនេះ​ អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីរនាក់​ដែលរងការ​ចោទប្រកាន់​ពីបទចារកម្ម​ ត្រូវបាន​នាំខ្លួន​មកសាលា​ដំបូងរាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើសេចក្ដី​សម្រេចថា​ គួរបន្តឃុំខ្លួន​ ឬត្រូវដោះលែង​អ្នកទាំងពីរ។​

យោងតាមច្បាប់​នៃព្រះរាជាណាចក្រ​កម្ពុជា​ ជនសង្ស័យ​អាចត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ត្រឹមតែ​រយៈពេល៦​ខែប៉ុណ្ណោះ​ លុះត្រាតែ​ចៅក្រម​រកឃើញថា​ ការបន្តឃុំខ្លួន​ជនសង្ស័យ​គឺមានភាព​ចាំបាច់​ សម្រាប់ដំណើរការ​ស៊ើបអង្កេត​។ មិនមាន​ភ័ស្ដុតាង​គួរឱ្យជឿទុក​ចិត្តណាមួយ​ ត្រូវបាន​បង្ហាញ​ជាសាធារណៈ​នៅឡើយទេ។​

អំឡុង​ពេលសវនាការ​ក្នុងខែមីនា​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោកចៅក្រម​ ឃឹម ប៉ុន​ បានមាន​ប្រសាសន៍ថា​ រឿងក្ដីនេះ​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​ ហើយការ​ដោះលែង​អ្នកទាំងពីរ​អាចនាំឱ្យមាន​ “គ្រោះថ្នាក់​ធ្ងន់ធ្ងរ”។​

លោក យាង​ សុធារិន​ និងលោក​ អ៊ួន ឈិន​ ធ្លាប់បាន​បម្រើការងារ​ឲ្យវិទ្យុអាស៊ីសេរី​ រហូតដល់​ស្ថាប័ននេះ​ សម្រេចចិត្ត​បិទការិយាល័យ​នៅរាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយអះអាងថា​បានរងការ​គាបសង្កត់​ពីអាជ្ញាធររដ្ឋ​ ហើយត្រូវបង្ខំចិត្ត​បិទការផ្សាយ​របស់ខ្លួន​តាមវិទ្យុនានា​ អំឡុងពេល​មានការ​បង្រ្កាប​ជាបន្តបន្ទាប់​មកលើ​ប្រព័ន្ធផ្សព្វផ្សាយ​ដែលមាន​លក្ខណៈរិះគន់។​

អ្នកទាំងពីរ​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពីថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ២០១៧។​ រយៈពេល​ត្រឹមតែ​៤ថ្ងៃបន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ អ្នកទាំងពីរ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ នៅក្នុង​មណ្ឌលអប់រំ​កែប្រែទី១​ (ម.១) ដែល​មានសភាព​ចង្អៀតខ្លាំង។ ​ក្រោយមក​ អ្នកទាំងពីរ​ក៏ត្រូវបាន​ចោទប្រកាន់ពី​ អំពើជួញដូរ​មនុស្សផងដែរ ​ទោះបីជា​គ្មានការ​បង្ហាញ​ភ័ស្ដុតាង​ក៏ដោយ។​

អ្នកទាំងពីរ​ ត្រូវបាន​ចោទប្រកាន់​ដោយយោងតាមមាត្រា​ ៤៤៥​ នៃក្រមព្រហ្មទណ្ឌ​ ពាក់ព័ន្ធនឹងការ​ផ្តល់ព័ត៌មាន​ដល់រដ្ឋ​ ឬភ្នាក់ងារ​បរទេស ​ដែលអាច ​“អន្តរាយ​ដល់ការ​ការពារជាតិ”។​ អ្នកទាំងពីរ​ ប្រឈមនឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ ឆ្នាំ ​ដល់១៥ ឆ្នាំ។ ​

ចៅក្រម​ស៊ើបសួរ​ លោក ពេជ្រ ​វិជ្ជាធម៌ ​នឹងប្រកាស​សេចក្តីសម្រេច​ នៅថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៨ ​វេលាម៉ោង​៨ព្រឹក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា