សេចក្តីថ្លែងការណ៍

រយៈពេល ៣ ឆ្នាំ​ហើយនៅតែមិនទាន់​មានកាស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះឃាតកម្ម​លោកបណ្ឌិត កែម ឡី

ចេញផ្សាយ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០១៩
F T M

... ហើយ​កាន់​រូបថត​របស់​លោក​បណ្ឌិត​ និង​រំលឹក​អំពី​កេរ្តិ៍​តំណែល​របស់​លោក។​

(ទីក្រុងបាងកក​, ប្រទេសថៃ)​---នៅថ្ងៃគម្រប់ខួប៣ឆ្នាំ​ នៃឃាតកម្មទៅលើ​អ្នកអត្ថាធិប្បាយ​នយោបាយនិង​អ្នកការពារសិទ្ធិមនុស្ស​ បណ្ឌិត កែម ឡី ​អង្គការមិនមែន​រដ្ឋាភិបាលចំនួន ២៤ ​ដែល​មាន​ឈ្មោះ​ដូច​ខាងក្រោម​ អំពាវនាវ​ឡើងវិញ​ឱ្យរដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​និង​មិនលម្អៀង​ ដើម្បី​ស៊ើបអង្កេតឱ្យ​បានហ្មត់ចត់​និងមាន​ប្រសិទ្ធភាព​ចំពោះឃាតកម្ម​លើ​រូបលោក។

នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ លោក កែម ឡី​ ត្រូវបានឃាតករ​បាញ់សម្លាប់​ខណៈពេល​ដែល​លោកកំពុងទទួល​ទានកាហ្វេ​ពេលព្រឹក​នៅស្ថានីយ៍​ប្រេងឥន្ធនៈ​ដែលមានទីតាំង​នៅលើមហាវិថី​ព្រះមុន្នីវង្ស​នៅកណ្តាល​រាជធានីភ្នំពេញ។​ ឃាតកម្មនេះ​បានកើតឡើង​ចំពេលដែល​មានការវាយប្រហារ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​និងសមាជិក​គណបក្សជំទាស់​និងកំណត់ត្រា​នៃឃាតកម្ម​ទៅលើ​អ្នកការពារ​សិទិ្ធមនុស្ស​ជាច្រើន​កន្លងមក​ដោយបន្សល់​នៅនិទណ្ឌភាព​នៅក្នុង​ប្រទេសកម្ពុជា។​

នៅថ្ងៃទី២៣ ​ខែមីនា ​ឆ្នាំ ២០១៧​ បន្ទាប់ពី​សវនាការ​កាត់ក្តីរយៈពេលកន្លះថ្ងៃ​ សាលាដំបូងរាជធានីភ្នំពេញ​បានរកឃើញថា​ជនជាប់ចោទ​ឈ្មោះ អឿត អាង​ ជនសង្ស័យ​ត្រូវបានចាប់ខ្លួន​ដោយអាជ្ញាធរ​ដែលបាន​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថាឈ្មោះ ​"ជួប សម្លាប់"​ មានពិរុទ្ធ​ពីបទឃាតកម្ម​ទៅលើ ​លោក កែម ឡី ​និង​បានកាត់ទោស​គាត់ដាក់ពន្ធនាគារ​អស់មួយជីវិត។ ​នៅថ្ងៃទី២៤ ​ខែឧសភា ​ឆ្នាំ២០១៩​ តុលាការកំពូល​របស់ប្រទេស​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការប្តឹងឧទ្ធរណ៍​របស់ ​លោក អឿត អាង​ ដែលសុំ​ឱ្យកាត់បន្ថយទោស ​និងបាន​រក្សាការ​ដាក់ពន្ធនាគារ​អស់មួយជីវិត។​

នៅថ្ងៃទី២៣​ ខែមីនា ​ឆ្នាំ២០១៧ ​អង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ​(ICJ),​ អង្គការឃ្លាំមើល​សិទិ្ធមនុស្ស​ (Human Rights Watch)​ និងអង្គការ​លើកលែងទោស​អន្តរជាតិ ​(Amnesty International) ​បានគូសបញ្ជាក់​ពីបញ្ហាជាក់លាក់ចំនួនប្រាំបី​ដែលត្រូវបាន​ស៊ើបអង្កេត​មិនគ្រប់គ្រាន់​ក្នុងអំឡុងពេល​ជំនុំជម្រះ​លោក អឿត អាង​ ហើយបាន​អំពាវនាវឱ្យ​មានការ​ស៊ើបអង្កេត​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ដែលមានចែង​នៅក្នុងកតិកា​សញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ​និងនយោបាយ ​ (International Covenant ​on Civil and Political Rights)​ និងពិធីសារមីនីសូតាកែតម្រូវ​ស្តីពីការស៊ើបអង្កេតលើ​ការស្លាប់ក្រៅច្បាប់​ដែលមាន​សក្តានុពលភាព (២០១៦)។

លោក Frederick Rawski ​នាយកនៃអង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ប្រចាំតំបន់អាស៊ី​និងប៉ាស៊ីហ្វិក​បានថ្លែងថា៖​ "អស់​​រយៈពេលបីឆ្នាំ​ហើយចាប់តាំងពី​ភាពចន្លោះ​ប្រហោង​សំខាន់ៗ​ត្រូវបាន​លើកឡើង​នៅក្នុងការ​ស៊ើបអង្កេត​និងការកាត់ក្តី​ករណីលោក ​កែម ឡី ​ដែលចាំបាច់​ត្រូវដោះស្រាយ​តាមរយៈការ​ស៊ើបអង្កេត​ឯករាជ្យ​មិនលម្អៀង​និងប្រកប​ដោយប្រសិទ្ធភាព។​ កង្វះ​នៃវឌ្ឍនភាព​ឆ្លុះបញ្ចាំង​ពីការខ្វះ​ឆន្ទៈនយោបាយ​ជាក់ស្តែង​របស់រដ្ឋាភិបាល​កម្ពុជា​ដើម្បីបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ក្រោមច្បាប់​អន្ដរជាតិ​ដើម្បីស៊ើបអង្កេត​ឱ្យបានពេញលេញ​និងមិនលម្អៀង​ដើម្បីស៊ើបអង្កេត​ពីការស្លាប់ក្រៅច្បាប់​និងការពារសិទ្ធិ​រស់រានមានជីវិត​និងដំណោះស្រាយ​ដែលមានប្រសិទ្ធិភាព។

នៅថ្ងៃទី៧ ខែកក្កដា ​ឆ្នាំ២០១៧, ​អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦៤​ បានចុះហត្ថលេខាលើ​លិខិតរួមគ្នា​មួយផ្ញើទៅ​ឧបនាយករដ្ឋមន្រ្តី​កម្ពុជា ឯកឧត្តម​ ស ខេង ​ដោយអំពាវនាវ​ឱ្យបង្កើតគណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយដើម្បី​ស៊ើបសួរករណី​លោក​កែម​ឡី​ នៅពេលដែលមាន​ "ការស៊ើបអង្កេត​មិនត្រឹមត្រូវ​ចំពោះ​ករណី​ឃាតកម្ម ​ទៅលើលោក ​កែម ឡី ​និងកង្វះវឌ្ឍនភាព​ក្នុងការស៊ើបអង្កេត​ជាបន្តបន្ទាប់​ទៅលើ​ជនសង្ស័យ​ដទៃទៀត​ដែលពាក់ព័ន្ធ​នឹងឃាតកម្មនេះ។"

លោក ហ្វីល​ រូប៊ឺតសុន ​នាយករងអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ប្រចាំទ្វីបអាស៊ី​ បាន​មាន​ប្រសាសន៍ថា៖ "សវនាការ​កាត់ក្តី​ ដោយ​មិនសមហេតុផល​ លោក អឿត អាង​ មិនបានគោរពតាម​ស្តង់ដារអន្ដរជាតិ​នៃការជំនុំជម្រះ​ដោយយុត្តិធម៌ឡើយ​ ហើយបានបង្កើត​ជាសំណួរជាច្រើនទៀត​ជាជាងចម្លើយ​ដែលថាតើនរណា​ជាអ្នកនៅពីក្រោយ​ឃាតកម្មទៅលើ​អ្នកវិភាគនយោបាយរូបនេះ ​ដែលហ៊ានរិះគន់ខ្លាំងៗ​ចំពោះលោក​នាយករដ្ឋមន្រ្តី ​ ហ៊ុន សែន។" ​លោកបានបន្តថា៖​ "អ្វីដែលគេដឹង​គឺគ្រួសាររបស់​លោក កែម ឡី ​ត្រូវភៀសខ្លួនចេញ​ពីប្រទេសកម្ពុជា​ដោយការ​ភ័យខ្លាចហើយ​សព្វថ្ងៃនេះ​ជនណាដែល​ចោទប្រកាន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុងឃាតកម្មនោះ​ប្រឈមនឹងរុកកួន​និងសងសឹកវិញ​ភ្លាមៗ។"

អគ្គលេខាធិការ​ FIDH, Debbie Stothard​ បានមានប្រសាសន៍ថា​៖ "ការកាត់ទោស​ឃាតករ​ដែលសម្លាប់​ លោក កែម ឡី ​នៅតែបង្ហាញ​​​ពីការបិទបាំង។​ ការខកខាន​ជាបន្តបន្ទាប់​របស់អាជ្ញាធរ​កម្ពុជាក្នុងការ​កំណត់អត្តសញ្ញាណ​និងកាត់ទោស​មេគំនិតនៅពីក្រោយ​ឃាតករ​សម្លាប់ ​លោក កែម​ ឡី បង្ហាញពី​តម្រូវការ​ជាបន្ទាន់​នូវការស៊ើបអង្កេត​ឯករាជ្យមួយ​ដើម្បីផ្តល់​យុត្តិធម៌ជូនគ្រួសារ​របស់គាត់និង​ដើម្បីឈានទៅរក​វឌ្ឍនភាពដើម្បី​បញ្ចប់និទណ្ឌភាព​ចំពោះឃាតកម្ម​ទៅលើអ្នកការពារ​សិទិ្ធមនុស្ស​នៅកម្ពុជា។"

ការខកខាន​របស់រដ្ឋាភិបាល​កម្ពុជា​ក្នុងការស៊ើបអង្កេត​ដោយហ្មត់ចត់​និងមិនលម្អៀង​ចំពោះឃាតកម្ម​ទៅលើ លោក កែម ឡី ​រាំងស្ទះដល់សិទ្ធិ​របស់សមាជិកគ្រួសារ​របស់លោក​កែម​ឡី​ និងសាធារណជន​ដើម្បីទទួលបាន​ការពិត។ នេះក៏បង្ហាញផងដែរ​ថាប្រទេសកម្ពុជា​បានខកខាន​ក្នុងការគោរព​សិទិ្ធរបស់​ លោក អឿត អាង​ ក្នុងការទទួល​បានការជំនុំជម្រះ​ដោយតុលាការ​ដែល​មានសមត្ថភាព​ឯករាជ្យ​និងមិនលម្អៀង ​ដោយបាន​រំលោភបំពាន​ កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​និងនយោបាយ ​ដែលកម្ពុជាជា​រដ្ឋភាគី។

នៅថ្ងៃទី១៣ ​ខែកក្កដា​ ឆ្នាំ ២០១៦​ ភ្លាមៗ​បន្ទាប់ពី​ឃាតកម្ម​ អង្គការ​ ICJ ​បានផ្តល់​អនុសាសន៍ចំនួនប្រាំ​ ដល់អាជ្ញាធរ​កម្ពុជា​ដើម្បីបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ក្រោមច្បាប់​អន្ដរជាតិ​ក្នុងការស៊ើប​អង្កេតឯករាជ្យ,​ មិនលម្អៀងនិងប្រកប​ដោយប្រសិទ្ធភាព​ចំពោះឃាតកម្មនេះ​។ អនុសាសន៍ទាំងនេះ​រួមបញ្ចូល​ទាំងការធានា​ថា៖
• ចៅក្រមស៊ើបសួរ​និងអ្នកស៊ើបអង្កេត​មានឯករាជ្យភាព
• ដំណើរការ​ស៊ើបអង្កេត​មានតម្លាភាព​និងបើកចំហរ​ចំពោះការត្រួតពិនិត្យ​ជាសាធារណៈ
• សិទ្ធិរបស់សមាជិក​គ្រួសារ​ជនរងគ្រោះ​ត្រូវបាន​ការពារ​ជាពិសេសប្រឆាំង​នឹងការ​បំភិតបំភ័យឬការសងសឹក​ដោយសារ​ការចូលរួម​របស់ពួកគេ​នៅក្នុងការ​ស៊ើបអង្កេត
• សិទ្ធិរបស់បុគ្គល​ណាម្នាក់​ដែលផ្តល់​ព័ត៌មានដល់ការ​ស៊ើបអង្កេត​ត្រូវបានការពារ
• ស្វែងរកនិង​ទទួលការផ្តល់​ជំនួយពីរដ្ឋ​និងអង្គការអន្ដរជាតិ​ដែលទាក់ទងនឹងការវិភាគ​ខាងច្បាប់ឬការប្រមូលទិន្នន័យ។​

រហូតមកដល់ពេលនេះ​អាជ្ញាធរកម្ពុជា​មិនបានអនុវត្ត​អនុសាសន៍ទាំងនេះឡើយ។​

លោក Nicholas Bequelin ​នាយកអង្គការ​លើកលែងទោស​អន្តរជាតិ​ ប្រចាំតំបន់អាស៊ីបូព៌ា​និងអាស៊ីអាគ្នេយ៍​ បានមាន​ប្រសាសន៍ថា៖​ "ភាពព្រងើយកន្តើយ​របស់អាជ្ញាធរ​កម្ពុជា​អាចត្រូវបានគេ​មើលថា​ដើម្បី​ការពារ​មេក្លោង​នៃឃាតកម្ម។​ សកម្មជន​ដ៏ក្លាហាន​ដូចជា​លោក កែម ឡី ​គ្រាន់តែចង់ធ្វើឱ្យ​ប្រទេសរបស់គាត់​ប្រសើរប៉ុណ្ណោះ។ ​ពួកគេសមនឹង​ទទួលបានយុត្តិធម៌​ពីរដ្ឋាភិបាល​របស់ខ្លួន​មិនមែន​ការមិនអើពើ​ដោយ​ឥតអៀនខ្មាស់​នោះឡើយ។"

ការរក្សាការ​កាត់ទោស ​លោក អឿត អាង​ ដោយតុលាការ​កំពូលកម្ពុជា​នៅខែឧសភា​ឆ្នាំ ២០១៩ ​ទោះបីជា​តុលាការជាន់ទាប​ខកខាន​ក្នុងការ​ដោះស្រាយ​បញ្ហាខ្វះខាត​ក្នុងការជំនុំជម្រះ​ក្តីក៏បង្កើត​ឱ្យមានការ​ព្រួយបារម្ភខ្លាំង​ផងដែរ​ចំពោះកង្វះឯករាជ្យភាព​នៃប្រព័ន្ធតុលាការ​នៅក្នុងប្រទេសកម្ពុជា​។ តុលាការជាន់ទាប​ដែលកាត់ក្តីករណីនេះ​គឺសាលាដំបូង​រាជធានីភ្នំពេញ​ហើយបន្ទាប់មក​សាលាឧទ្ធរណ៍​ដែលបានច្រានចោល​ការប្តឹងឧទ្ធរណ៍​ដំបូងរបស់​លោក អឿត អាង​ មុនពេលលោក​ប្តឹងឧទ្ធរណ៍​ទៅតុលាការកំពូល​ដែលការប្តឹង​ឧទ្ធរណ៍ប្រឆាំង​នឹងការកាត់ទោស​លោកក៏ត្រូវបាន​បដិសេធផងដែរ។​ តុលាការទាំងនេះ​មិនបានដោះស្រាយ​ភាពខ្វះចន្លោះ​ជាក់ស្តែងដែល​បានធ្វើឱ្យខូចដល់ការ​ស៊ើបអង្កេត​និងការកាត់ក្តីដើម​នៅចំពោះមុខ​សាលាដំបូង​រាជធានីភ្នំពេញ។

នៅខែ​តុលា ឆ្នាំ២០១៧​ របាយការណ៍របស់ ICJ ​បានរកឃើញថា​ការខ្វះខាតចៅក្រម​និងព្រះរាជអាជ្ញាឯករាជ្យ​គឺជាបញ្ហាធំជាងគេ​តែមួយគត់​ដែលប្រព័ន្ធយុតិ្តធម៌​កម្ពុជា​កំពុងជួបប្រទះ​ដែល​ "នីតិរដ្ឋមានតែរូប"​ និងការជ្រៀតជ្រែក​ផ្នែកនយោបាយ​និងអំពើពុករលួយ​ក្នុងរឿងក្តីកើតមាន​ជាប្រចាំ។

ដោយសារ​តែការខ្វះទំនុកចិត្​តនិងជំនឿ​លើភាពមិនលម្អៀង​, ឯករាជ្យភាព​និងសមត្ថភាព​របស់បុគ្គល​នៅក្នុងប្រព័ន្ធយុត្តិធម៌​កម្ពុជា​ដើម្បីដឹកនាំគណៈកម្មការ​ស៊ើបអង្កេតករណី​របស់លោក កែម ឡី​, អង្គការសង្គមស៊ីវិល​សូមអំពាវនាវ​ដល់អាជ្ញាធរកម្ពុជា​ឱ្យមានស្ថាប័នសមស្របមួយ​ជាមួយនឹង​អ្នកជំនាញឯករាជ្យដោយ​ត្រូវបង្កើតឡើងក្រោមការ​ឧបត្ថម្ភរបស់​អង្គការសហប្រជាជាតិ។

ត្រូវបង្កើតស្ថាប័ន​ឯករាជ្យមួយ​ដើម្បីធ្វើការស៊ើបអង្កេត​ដោយយុត្តិធម៌​និងមិនលម្អៀង​ដើម្បីធានាថា​ក្រុមគ្រួសារលោក ​កែម ឡី បានដឹងពីការពិត​អំពីឃាតកម្ម​លើរូបលោក។

ណាលី ពីឡូក, នាយិកាអង្គការលីកាដូ

លោកស្រី ណាលី ពីឡូក ​នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន​និងការពារសិទ្ធិមនុស្ស ​(លីកាដូ) បាន​មានប្រសាសន៍ថា៖ ​"ឃាតកម្មទៅលើ​លោក កែម ឡី ​គឺជាសោកនាដកម្មមួយ​ដោយបង្ហាញពី​ការវិលត្រឡប់មកវិញ​ចំពោះឃាតកម្ម​ទៅលើអ្នកការពារសិទិ្ធមនុស្ស​នៅក្នុងប្រទេសកម្ពុជា។​ ត្រូវបង្កើតស្ថាប័ន​ឯករាជ្យមួយ​ដើម្បីធ្វើការស៊ើបអង្កេត​ដោយយុត្តិធម៌​និងមិនលម្អៀង​ដើម្បីធានាថា​ក្រុមគ្រួសារលោក ​កែម ឡី បានដឹងពីការពិត​អំពីឃាតកម្ម​លើរូបលោក។"

ឃាតកម្មលើលោក​ កែម ឡី ​នៅតែជាការរំលឹក​ដ៏គួរឱ្យភ័យខ្លាចមួយ​នៃវប្បធម៌និទណ្ឌភាព​នៅកម្ពុជា​ក្នុងករណី​មានការបាត់ខ្លួន​ដោយការ​បង្ខិត​បង្ខំ​​ ឃាតកម្ម និងទម្រង់​នៃការយារយីផ្នែករាងកាយ​និងផ្លូវច្បាប់​ផ្សេងៗទៀត​ទៅលើ​អ្នកការពារសិទិ្ធមនុស្ស​ មេដឹកនាំ​ កម្មករ ព្រះសង្ឃ អ្នកកាសែត​ សមាជិកគណបក្ស​ជំទាស់និងបុគ្គលដទៃទៀត​ដែលរិះគន់របបគ្រប់គ្រង​ចាប់តាំងពីសន្ធិសញ្ញា​សន្តិភាពទីក្រុង​ ប៉ារីសឆ្នាំ១៩៩១​។ ការស្លាប់​របស់លោក កែម ឡី ​ក៏កើតឡើងផងដែរ​នៅចំពេលមានការ​បង្រ្កាបលើក្រុមអ្នកជំទាស់​និងការរឹតបន្តឹងប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យ​ដែលរិះគន់រដ្ឋាភិបាល។

លោកស្រី ចក់ សុភាព ​នាយិកាប្រតិបត្តិនៃ​ម.ស.ម.ក​ មានប្រសាសន៍ថា៖​ «លោកបណ្ឌិត កែម ឡី ​គឺជាមនុស្សគំរូ​ពិតប្រាកដម្នាក់​។ លោកមិនភ័យខ្លាច​ក្នុងការបង្ហាញការពិត​ និងតែងតែ​និយាយលើកឡើង​ប្រឆាំងនឹងអំពើពុករលួយ ​និងភាពអយុត្តិធម៌​ដែលបានធ្វើឱ្យ​ប៉ះពាល់ដល់ជីវភាព​របស់ប្រជាពលរដ្ឋ​កម្ពុជាស្លូតត្រង់។​ ទោះបីលោក​បានចែកឋានទៅអស់​ ៣ឆ្នាំមកហើយ​ តែកេរដំណែល​របស់លោកនៅតែដក់​ជាប់ក្នុងបេះដូង​របស់ប្រជាពលរដ្ឋខ្មែរ»។​ «នៅថ្ងៃគម្រប់ខួប​ ៣ឆ្នាំនៃឃាតកម្ម ​លើរូបលោក​ យើងជាអង្គការ ​សមាគម សូមអំពាវនាវ​សារជាថ្មី​ឱ្យមានការស៊ើបអង្កេត​ដោយឯករាជ្យ​ និងតម្លាភាពទៅលើ​ព្រឹត្តិការណ៍ទាំងអស់ជុំវិញ​ឃាតកម្មលើលោកបណ្ឌិត ​កែម ឡី ​ដើម្បីផ្តល់ការពិត​ និងយុត្តិធម៌ជូន​ដល់ក្រុមគ្រួសារ​របស់លោកនិង​សាធារណជនទូទៅ»។

ក្រុមគ្រួសារ​និងមិត្តភក្តិ​របស់លោក ​កែម ឡី ​រួមជាមួយអង្គការ​សិទិ្ធមនុស្ស​និងអង្គការអភិវឌ្ឍន៍ជាតិ​ ប្រចាំតំបន់ ​និងអន្តរជាតិ ​បន្តអំពាវនាវ​ឱ្យមានការស៊ើបអង្កេត​ប្រកដោយឯករាជ្យភាព​ មិនលម្អៀង ​និងហ្មត់ចត់​ចំពោះឃាតកម្មលើរូបលោក​ រហូតដល់អ្នកដែល​ទទួលខុស​ត្រូវចំពោះ​ការស្លាប់របស់គាត់​ត្រូវបាននាំយក​ទៅកាត់ទោស​ប្រកបដោយយុត្តិធម៌។

បទដ្ឋាន​ច្បាប់អន្តរជាតិ​ពាក់ព័ន្ធ

ដោយអនុលោម​ទៅតាមច្បាប់អន្តរជាតិ​ដែលកម្ពុជាត្រូវគោរព​ រួមទាំង កតិកាសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្​ឋនិងនយោបាយ​ ដែលប្រទេសកម្ពុជា​គឺជារដ្ឋភាគី កម្ពុជា​មានកាតព្វកិច្ច​ស៊ើបអង្កេត​យ៉ាងឆាប់រហ័ស​ដោយឯករាជ្យ​ មិនលម្អៀង​ និងប្រកបដោយ​ប្រសិទ្ធភាព​ចំពោះឃាតកម្ម​ក្រៅច្បាប់ទាំងអស់។​ ការស៊ើបអង្កេត​ត្រូវតែស្វែងរក​អត្តសញ្ញាណ​មិនត្រឹមតែជនល្មើស​ដោយផ្ទាល់​តែប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងអ្នកផ្សេងទៀត​ដែលអាច​ទទួលខុសត្រូវ​ចំពោះការប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ទាក់ទងនឹងការ​ស្លាប់ផងដែរ។

មាត្រា ១៤ នៃ កតិកាសញ្ញា​អន្តរជាតិស្តីពី​សិទ្ធិពលរដ្ឋនិង​នយោបាយ បង្កើតសិទ្ធិក្នុងការ​ទទួលបានការ​កាត់ក្តី​ជាសាធារណៈ ​និងយុត្តិធម៌ដោយ​តុលាការមានសមត្ថភាព​ ឯករាជ្យភាព​និងមិនលម្អៀង​ដែលត្រូវបាន​បង្កើត​ឡើង​តាមច្បាប់។

គោលការណ៍ទី១១​ នៃគោលការណ៍​របស់អង្គការ​សហប្រជាជាតិ​ស្តីពីការទប់ស្កាត់​និងការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​លើការកាត់ទោស​ក្រៅប្រព័ន្ធតុលាការ​ តាមអំពើចិត្ត ​និងផ្តន្ទាទោស​ដោយសង្ខេប​អំពាវនាវ​ឱ្យបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​នៅពេលដែល​នីតិវិធីស៊ើបអង្កេត​ដែលបានបង្កើតឡើង​មិនគ្រប់គ្រាន់​ដោយសារតែខ្វះ​អ្នកជំនាញ ​ឬមានភាពលម្អៀង​ដោយសារតែសារៈសំខាន់​នៃបញ្ហា​ឬដោយសារ​តែមានអត្ថិភាព​នៃគំរូនៃការ​រំលោភបំពាន និង​នៅក្នុងករណី​ដែលមានពាក្យបណ្តឹង​ពីគ្រួសារជនរងគ្រោះ​អំពី​ភាពខ្វះខាត​ទាំងនេះ។

ពិធីសារ​មីនីសូតាកែតម្រូវ​ស្តីពីការស៊ើបអង្កេតលើ​ឃាតកម្មក្រៅច្បាប់​ដែលមានសក្តានុពល​ (២០១៦) បញ្ជាក់ថា​កាតព្វកិច្ចដើម្បី​ស៊ើបអង្កេត​ឃាតកម្ម​ក្រៅច្បាប់ដែលមាន​សក្តានុពលបានកើតចេញ​មកពីកាតព្វកិច្ច​ការពារសិទ្ធិ​ចំពោះការរស់រានមាន​ជីវិតដែលរួមមាន​កាតព្វកិច្ចវិជ្ជមាន​ដើម្បីទប់ស្កាត់ការ​បំពានលើជីវិត​តាមអំពើចិត្ត។​ កាតព្វកិច្ចនេះ​ក៏រួមបញ្ចូលផងដែរ​នូវការធានា​គណនេយ្យភាព​និងការដោះស្រាយ​ចំពោះការរំលោភបំពាន​នានា​ដែលរួមបញ្ចូល​ទាំងការទទួលបាន​យុត្តិធម៌​ស្មើភាពគ្នា​និងមានប្រសិទ្ធភាព​និងផ្តល់សំណង​ប្រកបដោយប្រសិទ្ធភាព​និងមានភាពឆាប់រហ័ស។​

គាំទ្រដោយ៖
1. អង្គការលើកលែង​ទោសអន្តរជាតិ
2. មាត្រា ១៩
3. សភាអាស៊ាន​ដើម្បីសិទ្ធិមនុស្ស
4. វេទិកាអាស៊ីដើម្បី​សិទ្ធិមនុស្សនិងការអភិវឌ្ឍ
5. បណ្តាញអាស៊ីសម្រាប់​ការបោះឆ្នោតដោយសេរី
6. សម្ព័ន្ធសហជីពកម្ពុជា
7. មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា
8. សហព័ន្ធសហជីពកម្មករ​ចំណីអាហារ ​និងសេវាកម្មកម្ពុជា
9. សមាគមការពារសិទិ្ធមនុស្ស​និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
10. សម្ព័ន្ធខ្មែរជំរឿន​និងការពារសិទិ្ធមនុស្ស​ (លីកាដូ)
11. បណ្តាញយុវជនកម្ពុជា
12. មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារនិងសិទ្ធិមនុស្ស
13. អ្នកការពារសិទ្ធិពលរដ្ឋ
14. សម្ព័ន្ធសហគមន៍​កសិករកម្ពុជា
15. អង្គការសមធម៌កម្ពុជា
16. អង្គការឃ្លាំមើល​សិទ្ធិមនុស្ស
17. សមាគមប្រជាធិបតេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
18. គណៈកម្មការ​អ្នកច្បាប់អន្តរជាតិ
19. សហព័ន្ធអន្តរជាតិ​ដើម្បីសិទ្ធិមនុស្ស
20. អង្គការផ្លាស់ប្តូរ​សេរីភាពនៃ​ការ​បញ្ចេញមតិអន្តរជាតិ
21. សិទ្ធិការងារបានគាំទ្រ​សហជីពកម្មករខ្មែរ​នៅណាហ្គាវើល
22. អង្គការឃ្លាំមើល​សិទិ្ធមេធាវីកាណាដា
23. អង្គការ N1M​
24. សម្ព័ន្ធសារព័ត៌មាន​អាស៊ីអាគ្នេយ៍

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា