អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោសអ្នកស្រី​ ទេព វន្នី

ចេញផ្សាយ ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៧

ពង្រីករូបភាព
អ្នក​គាំ​ទ្រ​អ្នកស្រី​ ទេព វន្នី ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​

នាព្រឹកនេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទា​ទោស​សកម្មជន​ដី​ធ្លី អ្នកស្រី​ ទេព វន្នី លើ​សំណុំរឿង​ចាស់​ដែល​ត្រូវ​បាន​សើរើ​ឡើង​វិញ​ បន្ទាប់​ពី​អ្នកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាលពី​ឆ្នាំមុន។ ការ​ប្រកាស​សាល​ដីកា​ថ្ងៃនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ ដោយ​មិន​មាន​វត្តមាន​របស់​ភាគី​ដើម​ចោទ​​ (ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ) ដែល​នាំ​ឲ្យ​ភាគី​ចុងចោទ​គ្មាន​ឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​តំណាងមហា​អយ្យការ​ក៏​មិន​បាន​លើក​យក​ភស្ដុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​មក​បង្ហាញ​នៅ​ក្នុង​សវនាការ​នោះ​ផងដែរ។

អ្នកស្រី ​ទេព វន្នី ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅក្នុង​សវនាការ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​នៃការ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់។ សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​កាល​ពីឆ្នាំ​២០១៣​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត ដែល​អំឡុង​ពេល​នោះ ​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍​មួយចំនួន​ទៀត​ ត្រូវ​បាន​នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ ​វាយ​ដំបណ្ដាល​ឲ្យ​រង​របួស។

សាល​ដីកា​សាលាឧទ្ធរណ៍​ថ្ងៃនេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ ទេព វន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ ​និង​ពិន័យ​ជាប្រាក់​និង​សំណង​ទៅដើម​បណ្ដឹង​ សរុប​ទាំងអស់​ចំនួន​ ១៤លាន​រៀល​ (​ប្រហែល ​៣,៥០០​ ដុល្លារ​អាមេរិក)។ គិត​ចាប់​តាំង​ពីពេល​ចាប់ខ្លួន​អ្នកស្រី​កាលពី​ថ្ងៃទី១៥ ខែ​សីហា​ ឆ្នាំ​២០១៦ អ្នកស្រី ​ទេព វន្នី​​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល​៣៥៨​ថ្ងៃ​មក​ហើយ។


0%

50%

0%