សកម្មជនសហជីពណាហ្គាវើលដ៍៣នាក់ទៀត ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ
ចេញផ្សាយ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២សកម្មជនសហជីពមកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (សហជីពណាហ្គាវើលដ៍) ត្រូវបានចោទប្រកាន់ នាថ្ងៃពុធនេះ ពីបទរារាំងការអនុវត្តវិធានការសុខាភិបាលរបស់អាជ្ញាធរ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ។ ព្រះរាជអាជ្ញារង សេង ហៀង ក៏បានចេញ “ដីកាបញ្ជាឱ្យចូលខ្លួន” សម្រាប់សមាជិកសហជីពណាហ្គាវើលដ៍ចំនួន៤នាក់ផ្សេងទៀតដែរ ដែលអនុញ្ញាតឱ្យអាជ្ញាធរ នាំខ្លួនពួកគេដោយបង្ខំ ដើម្បីធ្វើការសាកសួរ ។
លោក ជួប ចាន់ណាត លោក សៅ សម្បត្តិ និងលោក សេង វណ្ណារិទ្ធ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ពី “បទរារាំងដល់ការអនុវត្តវិធានការ” ។ បទចោទនេះចែងពីការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានរៀល ប៉ុន្តែការផ្ដន្ទាទោសដាក់ពន្ធនាគារ អាចកើនឡើងទៅចន្លោះពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០លានរៀល កាលបើអំពើនេះ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ។
បុរសទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅវេលាម៉ោងប្រមាណ ៧និង៣០នាទីល្ងាច ខណៈពេលដែលពួកគេកំពុងធ្វើដំណើរតាមម៉ូតូកង់បីចាកចេញពីទីតាំងធ្វើតេស្តកូវីដ-១៩ នៅតំបន់កោះពេជ្រ ។ នៅមុនពេលចាប់ខ្លួននោះ អាជ្ញាធរបានបញ្ជាឱ្យក្រុមកូដករនៃសហជីពណាហ្គាវើលដ៍ ឡើងរថយន្តក្រុង ដើម្បីទៅធ្វើតេស្តនៅមណ្ឌលធ្វើតេស្តកូវីដ-១៩ ។ ក្រុមកូដករ បានអនុវត្តតាមបញ្ជានោះ ក្នុងនោះរួមមានបុរសទាំង៣នាក់ ផងដែរ ដែលបានធ្វើតេស្តអវិជ្ជមានទាំង៣នាក់ ។ មនុស្សសរុបចំនួន៦នាក់ ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃនោះ ប៉ុន្តែក្រោយមក មាន៣នាក់ត្រូវបានដោះលែងវិញ ។
ការចាប់ខ្លួនអ្នកទាំង៣ នាំឱ្យចំនួនសកម្មជនសហជីពណាហ្គាវើលដ៍ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ កើនឡើងដល់១១នាក់ ។ សហជីពណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីខែធ្នូ ឆ្នាំ២០២១ ដើម្បីតវ៉ាទៅនឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ នៅកាស៊ីណូណាហ្គាវើលដ៍ ដែលបានដាក់គោលដៅលើសហជីព និងមិនបានអនុវត្តពេញលេញនូវច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ។ អាជ្ញាធរ បានចាត់ទុកកូដកម្មនេះជាកូដកម្មខុសច្បាប់ និងបានចាប់ខ្លួនសកម្មជនសហជីពមួយចំនួន រួមមានកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពផងដែរ ។
ការចាប់ខ្លួនអ្នកទាំង៣ នៅថ្ងៃសៅរ៍នេះ កើតឡើងបន្ទាប់ពីមានការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាលើបុរសជាស្វាមីរបស់ស្ត្រីអ្នកតវ៉ាម្នាក់ នៅយប់ថ្ងៃសុក្រ ។ បុរសនោះ ត្រូវបានឃាត់ខ្លួន និងវាយដំ ជាបន្តបន្ទាប់ ក្រោយពីជិះម៉ូតូមកដល់ទីតាំងធ្វើកូដកម្ម ដើម្បីមកទទួលភរិយារបស់លោក ដែលជាសមាជិកសហជីពណាហ្គាវើលដ៍ ។ ក្រោយមក លោកត្រូវបានដោះលែងវិញ ។
ច្បាប់ស្ដីពីកូវីដ ដែលមានឈ្មោះជាផ្លូវការថា ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរងការរិះគន់ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ពីគោលការណ៍ផ្ដន្ទាទោស និងនិយមន័យមិនច្បាស់លាស់ និងមិនសមស្រប នៅពេលដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ៕
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ កូវីដ-១៩ សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិការងារ បញ្ហាពន្ធនាគារ សិទ្ធិស្ត្រី