ស្វែងរក
អត្ថបទខ្លីៗ | សហគមន៍សំរោងត្បូង រាយការណ៍ថាមានអំពើហិង្សា នៅពេលអាជ្ញាធរកំពុងឈូសឆាយដីតំបន់បឹងតាមោក
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចផ្តន្ទាទោសលើលោក ថាច់ សេដ្ឋា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញនាព្រឹកនេះបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរកឃើញថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានពិរុទ្ធ ពីបទចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង" ។ លោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) ។ លោកត្រូវបានផ្តន្ទាទោស ដោយផ្អែកលើព្រឹត្តិការណ៍នៅពេលលោកបានថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ។
លោក សេដ្ឋា ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឱ្យមានការរើសអើង" យោងតាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ នេះជាករណីទីពីរហើយ ដែលលោកសេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ហើយសេចក្តីសម្រេចនេះក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
កាលពីខែមករា ឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលបានរកឃើញថាលោក សេដ្ឋា មានពិរុទ្ធ លើបទចោទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ហើយបានសម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋ និងផ្តល់សំណងទៅដើមបណ្តឹង ។ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ៤០៧ ថ្ងៃមកហើយ ចាប់តាំងពីមានការចាប់ខ្លួនរបស់លោក កាលពីខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានខាងលើនេះ ៕
អត្ថបទខ្លីៗ | តុលាការកំពូលសម្រេចឱ្យសកម្មជនបឹងកក់ពីររូបរួចផុតពីបទចោទ
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
តុលាការកំពូលនៅព្រឹកនេះបានសម្រេចឱ្យសកម្មជនដីធ្លីពីររូបមកពីសហគមន៍បឹងកក់ រួចផុតពីបទចោទ ។ សកម្មជនទាំងពីរ មានលោកយាយ ង៉ែត ឃុន អាយុ៨៣ឆ្នាំ (ហៅយាយម៉ាមី) និងអ្នកស្រី ឆេង លាភ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់ក្នុងខែមីនា ឆ្នាំ២០១២ ។
សមាជិកសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ បានប្រឈមនឹងជម្លោះដីធ្លីដ៏រាំរ៉ៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានជួលបឹងកក់ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ ២០០៧ ។ សមាជិកសហគមន៍ជាច្រើននាក់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ាទៅនឹងការបណ្ដេញចេញដោយបង្ខំ ។
ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់ប្រាំមួយនាក់ ដែលក្នុងនោះរួមទាំង លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភផងដែរ ។ ស្រ្ដីទាំងប្រាំមួយនាក់នោះបានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងបីរូប
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ត្បូងឃ្មុំតម្កល់សាលដីកាផ្តន្ទាទោសសមាជិកសហគមន៍ដីធ្លីនៅត្បូងឃ្មុំ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលោក កង សារ៉ន ដាក់ក្នុងពន្ធនាគារ
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍បាត់ដំបងថ្ងៃនេះ បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើ លោក កង សារ៉ន ដែលជាសកម្មជនសង្គម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២៣ ជុំវិញការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលលោកបានបញ្ចេញមតិនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់លោក នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។ ក្រោយមក លោក សារ៉ន ក៏ត្រូវបានលែងវិញបន្ទាប់ពីលោកបានធ្វើការសុំទោស ។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានកាត់ទោស ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” “ជេរប្រមាថជាសាធារណៈ” និងបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា និងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់ការផ្តន្ទាទោសខាងលើនេះ កាលពីថ្ងៃព្រហស្បតិ៍ ។ ដូចនេះលោកនឹងនៅបន្តក្នុងពន្ធនាគារ រង់ចាំការប្តឹងសាទុក្ខទៅតុលាការកំពូល ។
សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែនករុណា
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍មូលដ្ឋាន ដូចមានរាយនាមខាងក្រោម មានការសោកស្តាយជាខ្លាំង ចំពោះការដាក់ពាក្យបណ្តឹង ទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ ។ លោក ករុណា គឺជាអនុប្រធានផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគម អាដហុក ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទិ្ធមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាភាសាខ្មែរ បានចេញផ្សាយអត្ថបទព័ត៌មានមួយ កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានដកស្រង់សម្តីរបស់លោកថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ ។ អត្ថបទនោះក៏បានដកស្រង់សម្តីរបស់លោក ដែលកត់សម្គាល់ថា គណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ។
អត្ថបទខ្លីៗ | សាលាដំបូងខេត្តចំនួនពីរ បានផ្តន្ទាទោសសកម្មជនពីររូបដាក់ពន្ធនាគារ
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តចំនួនពីរ បានសម្រេចផ្តន្ទាទោសសកម្មជនដ៏លេចធ្លោចំនួន ពីររូប នៅក្នុងសំណុំរឿងចំនួន ពីរ ដាច់ដោយឡែកពីគ្នា ។
សកម្មជនបរិស្ថាន លោក ឆន ផល្លា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ
សាលាដំបូងខេត្តរតនគិរី នាព្រឹកថ្ងៃនេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលោក ឆន ផល្លា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រមាថ និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា ៣០៥ ៥០២ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការបានផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លានរៀល (ប្រមាណ ២.៥០០ ដុល្លារអាមេរិក) ។
អត្ថបទខ្លីៗ | សកម្មជនគណបក្សជំទាស់ពីររូបទៀតត្រូវបានចាប់ខ្លួន នៅមុនការបោះឆ្នោតព្រឹទ្ធសភា
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
ការបង្រ្កាបទៅលើសមាជិកគណបក្សជំទាស់ គឺកាន់តែកើនឡើង ដោយកាលពីម្សិលមិញ សមាជិកគណបក្សជំទាស់ពីររូបបន្ថែមទៀតត្រូវបានចាប់ខ្លួន ។ អាជ្ញាធរបន្តចាប់ និងឃុំខ្លួនអ្នកដែលមាននិន្នាការនយោបាយជំទាស់ មុនឈានដល់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ ។
លោក ម៉ា ចិន្តា ប្រធានក្រុមចលនាយុវជនគណបក្សភ្លើងទៀនប្រចាំខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងពេលមានការប្រជុំគណបក្សភ្លើងទៀននៅក្នុងរាជធានីភ្នំពេញ ។ នៅថ្ងៃដដែល លោក ហាក់ កុសល ដែលជាសកម្មជនគណបក្សជំទាស់មួយរូបទៀតក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ ។ ការចាប់ខ្លួនលោក កុសល ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពេលដែលលោកបានទៅដាក់បញ្ជីឈ្មោះអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា តំណាងឱ្យគណបក្សឆន្ទៈខ្មែរ នៅគណៈកម្មាការរាជធានីខេត្ត រៀបចំការបោះឆ្នោត ។
អ្នកទាំងពីរត្រូវបានចោទពីបទ “ក្លែងបន្លំ” និង “ប្រើប្រាស់លិខិតក្លែង” ដែលប្រឈមនឹងជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ប្រសិនបើរកឃើញថាមានទោស ។
អត្ថបទខ្លីៗ | សវនាការឧទ្ធរណ៍របស់ឯកឧត្តម កឹម សុខា បានចាប់ផ្ដើម៖ ការចូលស្តាប់សវនាការត្រូវបានរឹតត្បឹត
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការលើកដំបូងទាក់ទងនឹងការផ្តន្ទាទោសលើឯកឧត្តម កឹម សុខា ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស ។ ឯកឧត្តម គឺជាអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយ ។ ឯកឧត្តមត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ដោយសាលាដំបូងរាជធានីភ្នំពេញកាលពី ខែមីនា ឆ្នាំ២០២៣ ។ ការផ្តន្ទាទោសនេះ ធ្វើឡើងក្នុងរយៈពេលមិនដល់ ៥ខែ នោះទេ មុនពេលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំមុននេះ ។ ឯកឧត្តម កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ រហូតដល់សាលដីកាចូលជាស្ថាពរ ។
អំឡុងពេលសវនាការ មេធាវីរបស់ឯកឧត្តមបានស្នើសុំតុលាការឱ្យកែសម្រួលលក្ខខណ្ឌតឹងរឹងមួយចំនួនអំឡុងពេលឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែចៅក្រមបានបដិសេធ និងបន្តឱ្យឯកឧត្តមស្ថិតនៅក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ។
មុនពេលចាប់ផ្តើមសវនាការ អាជា្ញធរបានធ្វើការបិទផ្លូវជុំវិញសាលាឧទ្ធរណ៍ ដោយហាមឃាត់មិនឱ្យសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានអាចចូលទៅខាងមុខអាគារតុលាការបាននោះទេ ។
សេចក្តីថ្លែងការណ៍ | បញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍ មូលដ្ឋាន ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភ ចំពោះសន្តិសុខ សុវត្ថិភាពដីធ្លីរបស់ សហគមន៍សំរោងត្បូង យ៉ាងខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ ហើយសហគមន៍អាចនឹងត្រូវបានបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។ រីឯអ្នកតំណាងសហគមន៍បន្តរងការចោទប្រកាន់ និងបណ្តឹងពីតុលាការ ដោយសារការការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួន និងសិទិ្ធលំនៅឋានរបស់សមាជិកសហគមន៍ ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍តម្កល់សាលក្រមកាត់ទោស លោក ថាច់ សេដ្ឋា
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ រសៀលនេះបានសម្រេចតម្កល់សាលក្រម ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ទៅលើ អនុប្រធាន គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ។ លោក សេដ្ឋា ត្រូវបានតុលាការបង្គាប់ឱ្យកងកម្លាំងបញ្ជូនខ្លួនទៅកាន់ពន្ធនាគារភ្លាមៗ ក្រោយពេលប្រកាសសាលដីកា ។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក សេដ្ឋា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ គាត់ត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារ ១៨ ខែ និងបង្គាប់ឱ្យសងជាប្រាក់ពិន័យ ៣ លានរៀល (ប្រមាណជា ៧៥០ដុល្លារ) និងសងប្រាក់ទៅកាន់ដើមបណ្តឹង ដែលជាហាងបញ្ចាំ រិនឆាយ ចំនួន ៣៣.៤០០ ដុល្លារ (ប្រមាណជា ១៣៣,៦ លានរៀល) និង សំណងជំងឺចិត្ត ៥ លានរៀល (ប្រមាណ ១.២៥០ដុល្លារ) ផងដែរ ។ សាលក្រមនេះ ត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់ទុកជាបានការ ។
បទចោទនេះ ត្រូវបានធ្វើឡើងតាមបណ្តឹងមួយ ដែលបានចោទលោក សេដ្ឋា ថាបានចេញ មូលប្បទានប័ត្រចំនួន ៥ សន្លឹកដែលគ្មានទឹកប្រាក់ (សែកស្អុយ) កាលពីឆ្នាំ ២០១៩ ដើម្បីសងប្រាក់ទៅកាន់ហាងបញ្ចាំ រិន ឆាយ ។ បញ្ហាបំណុលនេះ លោកបានលើកឡើងថា ជាករណីបណ្តឹងរដ្ឋប្បវេណីដែលមានពីមុន ហើយត្រូវបានដោះស្រាយ ដោយសាលាឧទ្ធរណ៍កាត់ក្តីឱ្យលោក សេដ្ឋា ឈ្នះក្តី ។
កម្រងរូបភាព | ការអំពាវនាវរកយុត្តិធម៌ចំពោះឃាតកម្មលើលោក ជា វិជ្ជា៖ ២០ឆ្នាំដែលគ្មានការវិវត្តន៍
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
មនុស្សប្រហែលជាង ១០០ នាក់បានជួបជុំគ្នានៅលើសួនច្បារមុខវត្តលង្កាក្នុងរាជធានីភ្នំពេញព្រឹកនេះ ដើម្បីធ្វើការទាមទាររកយុត្តិធម៌ចំពោះឃាតកម្មលើប្រធានសហជីព លោក ជា វិជ្ជា ។ លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់ នៅឯតូបលក់កាសែតមួយខាងក្រៅជាប់របងវត្តលង្កា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ ។
នាថ្ងៃនេះ ដែលជាគម្រប់ខួប២០ឆ្នាំ មានអ្នកចូលរួមមកពី ក្រុមសកម្មជន យុវជន និងតំណាងសង្គមស៊ីវិលជាច្រើនរូបបានជួបជុំគ្នា ដើម្បីអំពាវនាវរកនូវយុត្តិធម៌ចំពោះករណីឃាតកម្មនេះ ។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា និងបច្ចុប្បន្នជាអនុប្រធានគណបក្ស កម្លាំងជាតិ រួមទាំងតំណាងរបស់សម្ព័ន្ធសហជីពសេរីកម្មករជាច្រើនរូបទៀត បានអាននូវសេចក្តីថ្លែងការណ៍ស្តីពីករណីឃាតកម្មលើសហជីពនេះ ។ បន្ទាប់មកអ្នកចូលរួមក៏ដាក់ញត្តិជូនទៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីអំពាវនាវរកយុត្តិធម៌ជូនចំពោះលោក ជា វិជ្ជា ក៏ដូចជាសកម្មជនផ្សេងទៀតដែលត្រូវបានគេសម្លាប់ផងដែរ ។
អត្ថបទខ្លីៗ | សមាជិកគណបក្សភ្លើងទៀនត្រូវបានឃាត់ខ្លួន ក្រោមការចោទក្លែងបន្លំពាក់ព័ន្ធនឹងឯកសារបោះឆ្នោត
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនរាជធានីភ្នំពេញត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ច័ន្ទ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃនេះ បន្ទាប់ពីរងការចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ ពីបទ ក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ។
កាលពីថ្ងៃច័ន្ទ លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួនពេញមួយយប់ដោយនគរបាល ខណៈពេលដែលលោកកំពុងស្ថិតនៅក្នុងគេហដ្ឋានជាមួយក្រុមគ្រួសាររបស់លោក។ នៅថ្ងៃ អង្គារ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួន ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹង ការក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
អត្ថបទខ្លីៗ | ពលរដ្ឋនៅខេត្តសៀមរាបតវ៉ាជំទាស់ជាមួយនឹងការរឹតត្បិតរបស់អាជ្ញាធរអប្សរា
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបជាច្រើនរយនាក់ ធ្វើការដើរតវ៉ាឆ្ពោះទៅកាន់សាលាខេត្ត ដើម្បីដាក់ញត្តិទាមទារឱ្យមានការអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល និង អង្គការយូណេស្កូ ក្នុងគោលបំណងបញ្ឈប់ការរឹតត្បិតដោយបង្ខំរបស់អាជ្ញាធរអប្សរា ក្នុងការសាងសង់សំណង់ និងរៀបចំជួសជុលផ្សេងៗ ។ អាជ្ញាធរអប្សរា គឺជាភ្ញាក់ងាររបស់រាជរដ្ឋាភិបាល ដែលមានតួនាទីគ្រប់គ្រងឧទ្យានអង្គរ ។
ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ ដែលមកពីឃុំខ្នាត ស្រុកពួក និង សង្កាត់ទឹកវិល ក្រុងសៀមរាប បានធ្វើការដង្ហែក្បួនដោយមានកាន់បដា ឆ្ពោះទៅទីតាំងមុខសាលាខេត្តសៀមរាប ដើម្បីដាក់ញតិ្តស្នើសុំឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តេច ហ៊ុន សែន និងអង្គការយូណេស្កូ អន្តរាគមន៍ ដោយបញ្ឈប់អាជ្ញាធរអប្សរា កុំឱ្យបង្កការភ័យខ្លាចនិងទប់ស្កាត់រាល់ការសាងសង់ ឬជួសជុលរបស់ប្រជាពលរដ្ឋនៅក្នុងឃុំខ្នាត ។ នៅក្នុងញត្តិនោះ ពលរដ្ឋបានលើកឡើងថា តំបន់ដែលពលរដ្ឋស្នើសុំនោះ គឺនៅឆ្ងាយពីតំបន់ប្រាសាទរបស់ឧទ្យានអង្គរ ។
នៅពេលហែក្បួនតវ៉ា ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានឃាត់មួយរយៈ ដោយកងកម្លាំងនគរបាលប្រមាណជា២០នាក់ ដឹកនាំដោយអភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល ដោយលោកអភិបាលស្រុកចង់ឱ្យប្រជាពលរដ្ឋតែ ៤ទៅ៥នាក់ប៉ុណ្ណោះ ដើម្បីយកញាត្តិទៅដាក់ ប៉ុន្តែប្រជាពលរដ្ឋបានបដិសេធ ហើយពួកគេនៅតែបន្តការដង្ហែក្បួនឆ្ពោះទៅកាន់សាលាខេត្តដដែល ដោយធ្វើដំណើររហូតដល់ផ្លូវចូលមុខសាលាខេត្តដោយមានកាន់បដាផងដែរ ។ បដាមួយក្នុងចំណោមបដាជាច្រើន ដែលកាន់ដោយសមាជិកសហគមន៍បានសរសេរថា៖ “ពួកយើងមិនអនុញ្ញាតិឲ្យអាជ្ញាធរអប្សរាបន្តការគាបសង្កត់មកលើសហគមន៍របស់យើងទៀតទេ”។
អត្ថបទខ្លីៗ | ក្រុមសកម្មជនត្រូវបានសាកសួរជុំវិញយុទ្ធនាការកោះកុងក្រៅ
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
យុវជននិងសកម្មជនបរិស្ថានចំនួន ១២ រូប ហើយនិងជនបរទេសមួយរូប ត្រូវបានឃាត់ខ្លួនយកទៅសាកសួរអស់រយៈពេលជាច្រើនម៉ោងដោយអាជ្ញាធរខណ្ឌដូនពេញ និងនគរបាលអន្តោប្រវេសន៍ បន្ទាប់ពីពួកគេធ្វើសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីស្នើសុំឲ្យអាជ្ញាធរអភិរក្សកោះនៅក្នុងខេត្តកោះកុង ។
ខណៈដែលសកម្មជនទាំងនោះ កំពុងតែកាន់បដា ធ្វើលំហាត់ប្រាណ និងថតរូបនៅឯតាមបណោ្តយមាត់ទន្លេនាព្រឹកនេះ ពួកគេត្រូវបានឃ្លាំមើលពីសំណាក់ក្រុមសន្តិសុខស្លៀកពាក់ស៊ីវិល ។ ក្រោយមក ពេលដែលពួកគេរៀបចាកចេញទៅ ស្រាប់តែក្រុមសន្តិសុខខណ្ឌដូនពេញបានបង្ខំឱ្យពួកគេឡើងលើឡាន និងបានដឹកពួកគេទៅកាន់សាលាខណ្ឌដូនពេញតែម្តង ដើម្បីសាកសួរ ។
អាជ្ញាធរនាំពួកគេទៅ ដោយលើកមូលហេតុថាពួកគេកាន់បដាដែលមានសរសេរថា “ថ្ងៃអាទិត្យសម្រាប់កោះកុងក្រៅ” ហើយយុវជន ទាំង ១៣ នាក់នោះក៍ត្រូវឃាត់ខ្លួន ហើយបន្តសាកសួររហូតដល់ថ្ងៃរសៀល និងត្រូវបានដោះលែងវិញនៅវេលាម៉ោង ៦ ល្ងាចនេះ ។
អត្ថបទខ្លីៗ | លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម ត្រូវបានចាប់ដាក់ពន្ធនាគារ ជុំវិញការបង្ហោះសារលើហ្វេសប៊ុក
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។
អត្ថបទខ្លីៗ | ការបាញ់ប្រហារនៅមហាវិថីវេងស្រេង កន្លងទៅ១០ឆ្នាំដោយគ្មានយុត្តិធម៌
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
នារសៀលនេះ មនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១០ឆ្នាំ នៃអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើង នៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅពេលដែលកងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល បានបើកការបាញ់ប្រហារទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួស ៣៨នាក់ផ្សេងទៀត ។ លើសពីនេះ កុមារ ខឹម សុផាត ដែលជាអនីតិជននាពេលនោះ ក៏បានត្រូវគ្រាប់កាំភ្លើង និងបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ ។
ការប្រារព្ធពិធីចងចាំនេះ ត្រូវបានចូលរួមដោយសហជីព សមាគម ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដោយបានចាប់ផ្ដើមដោយការសូត្រមន្តដោយព្រះសង្ឃ ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានវាយដំ និងចាប់ខ្លួន ក្នុងឆ្នាំ២០១៤ អំឡុងពេលដែល ឃ្លាំមើលកូដកម្មមួយ នៅខាងមុខរោងចក្រ យ៉ាក ជីង មុនពេលបាញ់ប្រហារមួយថ្ងៃ បានថ្លែងនៅក្នុងការប្រារព្ធពិធីនេះផងដែរ ។
លោក វន់ ពៅ បានមានប្រសាសន៍ថា “ថ្ងៃទី០២ មករា គឺថ្ងៃសោកនាដកម្ម ។ មុនពេលចាប់ខ្លួន គេមិនបានប្រាប់យើងពីបទចោទទេ ហើយយើងក៏មិនបានជួបមេធាវីដែរ ។ យើងគ្រាន់តែតវ៉ាឱ្យមានការដំឡើងប្រាក់ខែសម្រាប់កម្មករប៉ុណ្ណោះ” ។
កម្រងរូបភាព | ក្រុមពលរដ្ឋ និងសហជីព អំពាវនាវឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋ និងសហជីពប្រហែល ៥០ នាក់បានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី ២ (ម២) ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។
ការជួបជុំនេះមានអ្នកចូលរួមមកពី សហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។ អ្នកចូលរួមភាគច្រើននាំគ្នាកាន់បដា ប៉េងប៉ោង និងឧបករណ៍ឃោសនាស័ព្ទ ។ នៅខណៈនោះដែរ អាជ្ញាធរដែលស្លៀកពាក់ស៊ីវិល ប្រហែលជាង ១០ នាក់ បានឃ្លាំមើល និងថតរូប ថតវីដេអូ នូវសកម្មភាពរបស់អ្នកចូលរួមទាំងនោះផងដែរ ។
អត្ថបទខ្លីៗ | តុលាការកំពូលបានបដិសេធម្តងទៀតចំពោះការស្នើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូលបានបដិសេធការស្នើសុំឱ្យនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំគណបក្សជំទាស់ ។ លោក សេដ្ឋា នឹងបន្តជាប់ឃុំខ្លួន ខណៈរង់ចាំសវនាការបណ្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការផ្តន្ទាទោសលើរូបលោកពីបទទូទាត់សងប្រាក់មិនប្រក្រតី ។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក សេដ្ឋា ពីបទទូទាត់សងប្រាក់មិនប្រក្រតី តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ នៅថ្ងៃទី២១ ខែកញ្ញា ។ ការផ្តន្ទាទោសនេះធ្វើឡើងក្រោយទទួលបានបណ្តឹងរបស់ រិន ឆាយ ម្ចាស់ហាងបញ្ចាំមួយ ដែលបានអះអាងថាលោក សេដ្ឋា បានចេញសែកស្អុយចំនួនប្រាំដើម្បីសងប្រាក់កម្ចីក្នុងឆ្នាំ២០១៩ ។ តុលាការបានកាត់ទោសលោក សេដ្ឋា ឱ្យជាប់ពន្ធនាគារ មួយឆ្នាំកន្លះ និងពិន័យជាទឹកប្រាក់ចំនួន ៣ លានរៀល (ប្រហែល ៧៥០ ដុល្លារអាមេរិក) ។ លោក សេដ្ឋា ក៏ត្រូវបានតុលាការបង្គាប់ឱ្យសងប្រាក់ទៅក្រុមហ៊ុន រិន ឆាយ ចំនួនប្រមាណ ១៣៣.៦ លានរៀល (ប្រហែល ៣៣,៤០០ ដុល្លារអាមេរិក) ជាចំនួនប្រាក់ដែលគាត់ជំពាក់ និងសំណងចំនួន ៥ លានរៀលបន្ថែមទៀត (ប្រហែល ១,២៥០ ដុល្លារអាមេរិក) ។
ក្នុងសំណុំរឿងមួយទៀតនៅថ្ងៃទី១៨ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក សេដ្ឋា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទញុះញង់ឱ្យមានការអើសរើង តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ផ្អែកលើការអធិប្បាយរបស់លោកជាមួយអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះ ។ តុលាការបានសម្រេចផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគារកម្រិតអតិបរមាចំនួន បីឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤ លានរៀល (ប្រហែល ១,០០០ ដុល្លារអាមេរិក) ៕