ច្បាប់ ឬបទប្បញ្ញត្តិ
សេចក្តីថ្លែងការណ៍ | ការរំលោភសិទ្ធិការងារ និង សេរីភាពជាមូលដ្ឋានរបស់សហជីពយ៉ាងធ្ងន់ធ្ងរ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១
យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏លីមីធីត។
សេចក្តីថ្លែងការណ៍ | ក្រុមសង្គមស៊ីវិលស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដូចមានរាយឈ្មោះនៅខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលត្រូវបានប្រកាសឱ្យប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។
របាយការណ៍សង្ខេប | ការតស៊ូដើម្បីសេរីភាព ៖ ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
នៅថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា “ការតស៊ូដើម្បីសេរីភាព ៖ ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០” ។ របាយការណ៍នេះ មិនបានរៀបរាប់ឱ្យអស់នូវព្រឹត្តិការណ៍នៃការរំលោភបំពានលើអ្នកការពារសិទិ្ធមនុស្សចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។ ក៏ប៉ុន្តែរបាយការណ៍នេះបានលើកឡើងនូវករណីសំខាន់ៗជាច្រើន ដែលអ្នកការពារសិទិ្ធមនុស្សត្រូវបានគេគំរាមកំហែង ចាប់ ឬឃុំខ្លួន ដោយសារអ្នកទាំងនោះអនុវត្តនូវសិទិ្ធសេរីភាពរបស់ពួកគេលើការជួបជុំ ប្រមូលផ្តុំ និងបញ្ចេញមតិ ដោយអហិង្សា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ។
អត្ថបទខ្លីៗ | គ្រួសាររបស់អ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ អំពាវនាវរកយុត្តិធម៌ អំឡុងពេលប្រារព្ធទិវាសិទ្ធិមនុស្សតាមបណ្ដាញទំនាក់ទំនងសង្គម
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០
នាថ្ងៃនេះ សមាជិកគ្រួសាររបស់អ្នកការពារសិទ្ធិមនុស្សដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារយ៉ាងតិច៥នាក់ បានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ឱ្យមានសេរីភាពវិញ ខណៈដែលសហគមន៍នៅទូទាំងប្រទេស បានបង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ដោយសារអាជ្ញាធរមូលដ្ឋានជាច្រើនបានបដិសេធមិនឱ្យសហគមន៍មូលដ្ឋានជួបជុំគ្នា ដោយលើកហេតុផលពីហានិភ័យនៃឆ្លងវីរុសកូវីដ១៩ សហគមន៍មូលដ្ឋានជាង ២០ បានប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី៧២ នៃការបង្កើតឱ្យមានសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ ដោយបានអំពាវនាវឱ្យមានការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគាត់ ។
នេះជាលើកទីមួយហើយក្នុងរយៈពេល២៧ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចប្រារព្ធទិវាសិទ្ធិមនុស្សជាថ្ងៃឈប់សម្រាក បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលថ្ងៃប្រារព្ធទិវាមួយនេះចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំ កាលពីឆ្នាំមុន ។ ទោះបីជាបែបនេះក្ដី ក៏សហគមន៍ជាច្រើននៅទូទាំងប្រទេសបានរៀបចំព្រឹត្តិការណ៍នេះដោយមានការចូលរួមពីកសិករ កម្មករ-កម្មការិនី និងសហគមន៍ជាច្រើន ដើម្បីសម្ដែងមតិអំពីការរំលោភយកដីធ្លី សិទ្ធិរបស់កម្មករ-កម្មការិនី និងការបន្តកើតមាននៃការរំលោភសិទ្ធិមនុស្សដែលសហគមន៍របស់ពួកគាត់កំពុងជួបប្រឈម ។ ដោយហេតុថា ប្រទេសកម្ពុជាបានរកឃើញករណីដំបូងនៃការឆ្លងជាសហគមន៍នៃវីរុសកូវីដ១៩នៅរយៈពេលពីរសប្ដាហ៍ចុងក្រោយមុនពេលប្រារព្ធទិវានេះ ក្រុមប្រជាពលរដ្ឋជាច្រើនបាននាំគ្នាប្រារព្ធទិវានេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ ដោយបានលើកឡើងថា យុទ្ធនាការនេះនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ មនុស្សមួយក្រុមនៅសហគមន៍មួយក្នុងខេត្តកោះកុងដែលបានចាប់ផ្ដើមប្រារព្ធទិវានេះនៅលើបណ្ដាញទំនាក់ទំនងសង្គមដោយមានការថតរូបនិងវីដេអូខ្លួនឯងជាមួយនឹងផ្ទាំងបដាមួយ ត្រូវបានឃ្លាំមើលដោយនគរបាលមូលដ្ឋានជាច្រើន ។
នារសៀលនេះ គ្រួសារនិងប្ដីឬប្រពន្ធរបស់សកម្មជនវ័យក្មេងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួនយ៉ាងតិច៥នាក់ដោយសារការបង្ក្រាបលើបាតុករអហិង្សាកាលពីឆ្នាំមុន បានសំណូមពរយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលដោះលែងអ្នកទាំងនោះវិញ ។ សាច់ញាតិរបស់ក្រុមយុវជនខ្មែរថាវរៈ គឺលោក ហ៊ុន វណ្ណៈ អ្នកស្រី ឈឿន ដារ៉ាវី និងកញ្ញា អេង ម៉ាឡៃ ក៏ដូចជាសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា បានបង្ហោះរូបភាពរបស់ពួកគាត់ភ្ជាប់ជាមួយរូបភាពមនុស្សជាទីស្រឡាញ់របស់ពួកគាត់ដែលកំពុងជាប់ឃុំខ្លួន ដើម្បីទាមទារជាសាធារណៈឱ្យមានការដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ ។ សកម្មជនទាំង៥នាក់ ត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃការចាប់ខ្លួនបែបហិង្សាទៅលើយុវជន និងសកម្មជនបរិស្ថាន ដែលបានចេញតវ៉ានៅតាមដងផ្លូវដោយសន្តិវិធី ដើម្បីជំទាស់ទៅនឹងការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាជំទាស់ទៅនឹងការលក់បឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ សកម្មជនទាំង៥នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានទោស ៕
សេចក្តីថ្លែងការណ៍ | សូមដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន និងសូមបញ្ឈប់ការបង្ក្រាបមកលើក្រុមយុវជន
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពីការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវនាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំងនោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទិ្ធមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទិ្ធរបស់អ្នកទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។
សេចក្តីថ្លែងការណ៍ | អង្គការសង្គមស៊ីវិលសូមអំពាវនាវឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមានលក្ខណៈគាបសង្កត់ និងសូមឱ្យគោរពទៅតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិជាច្រើនដែលមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ហើយដែលនឹងរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ខាងសមាគម ខាងការជួបប្រជុំនិងសិទ្ធិមនុស្សផ្សេងៗទៀត។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នេះនឹងក្លាយជាច្បាប់ដែលមានលក្ខណៈគាបសង្កត់មួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌច្បាប់ដែលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍ | សូមអាជ្ញាធរកម្ពុជាដោះលែងអ្នកជាប់ឃុំមួយចំនួន អំឡុងពេលមានវិបត្តិកូវីដ១៩
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា អាចអនុវត្តការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ ដោយការដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ពីបទល្មើសបែបអហិង្សា ក្នុងនោះមានអ្នកជាប់ឃុំដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរីរុសកូវីដ១៩ និងអ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើសស្រាល ក៏ដូចជាស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ ។
កាលពីខែឧសភា រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បានប្រកាសអំពី ការកែទម្រង់ជាច្រើននៃប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ។ កំណែទម្រង់ដែលបានសន្យាទាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើន ដែលមិនទាន់បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ តាមរយៈការពង្រីកមធ្យោបាយផ្សេងទៀតក្រៅពីការឃុំឃាំងដូចជា ការដោះលែងឱ្យនៅក្រៅឃុំ និងការព្យួរទោសជាដើម បន្ថែមពីលើការដោះលែងមុនពេលកំណត់ និងដោយមានលក្ខខណ្ឌ សម្រាប់អ្នកជាប់ឃុំ បច្ចុប្បន្ននេះ ។
សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះតំណាងសហគមន៍ជុំវិញការដាក់ញត្តិស្នើសុំជំនួយ អំឡុងពេលរីករាលដាលវីរុសកូវីដ១៩
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០
យើងខ្ញុំ ជាសង្គមស៊ីវិលមានរាយដូចខាងក្រោម សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ។ តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួនដោយមិនត្រឹមត្រូវអស់រយៈពេលប្រមាណជា៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពីរាជរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។
ប្រជាសហគមន៍ជាង៣០នាក់មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេសបានជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ដែលមានការស្នើសុំឱ្យជួយទ្រទ្រង់ជីវភាពរស់នៅដូចជា សំណូមពរឱ្យរាជរដ្ឋាភិ-បាលជួយផ្ដល់ការគាំទ្រផ្នែកសុខាភិបាលចំពោះសហគមន៍ងាយរងគ្រោះ ការផ្អាកបំណុលគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុនិងអ្នកផ្ដល់ប្រាក់កម្ចីឯកជន និងផ្ដល់ជំនួយសេដ្ឋកិច្ចផ្ទាល់ដូចជា ការពន្យាពេលបង់ថ្លៃជួលសម្រាប់អ្នកក្រីក្រ និងកម្មករប្រកបរបរក្នុងវិស័យទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភប្រាក់អំឡុងពេលស្នាក់នៅផ្ទះជាដើម ។
សេចក្តីថ្លែងការណ៍ | ដោយសារមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គួរត្រូវបាននិរាករណ៍
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០
យើងខ្ញុំ ជាសហគមន៍និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានឆាប់រហ័ស។
កិច្ចប្រជុំលើកទី៤ថ្ងៃនេះរវាង ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឱ្យមានភាពល្អប្រសើរនោះទេ។ នេះគឺជាសកម្មភាពចុងក្រោយមួយនៃសកម្មភាពផ្សេងៗទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម និងក្រុមសហគមន៍មូលដ្ឋានផងដែរ។
អត្ថបទ | អង្គការសហប្រជាជាតិ នឹងពិនិត្យឡើងវិញទៅលើស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
របាយការណ៍ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ត្រូវបានដាក់ចូលទៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិនាថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យ ដែលនេះជាផ្នែកមួយនៃនីតិវិធីនៃការត្រួតពិនិត្យ ជាសាកល និងជាទៀងទាត់ (UPR)។
អង្គការ លីកាដូ បានចូលរួមចំណែក នៅក្នុងរបាយការណ៍រួមចំនួនពីរ ដែលរៀបរៀងឡើងដោយអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និង វេទិកាអាស៊ានសម្រាប់សិទិ្ធមនុស្ស និងការអភិវឌ្ឍន៍ (FORUM-ASIA)ដោយបានបង្ហាញនូវការបង្ក្រាបរបស់អាជ្ញាធររដ្ឋមកលើអ្នកការពារសិទិ្ធមនុស្ស សារព័ត៌មាន និងក្រុមសង្គមស៊ីវិល ហើយនិងផលវិបាកនៃការរំលោភសិទិ្ធដីធ្លី។
អត្ថបទខ្លីៗ | ការផ្តន្ទាទោសដោយប្រើមាត្រាពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រជាលើកដំបូងនៅកម្ពុជា
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨
បទល្មើសថ្មីពាក់ព័ន្ធនឹងការប្រមាធព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ជាលើកដំបូងកាលពីម្សិលមិញ ដើម្បីផ្តន្ទាទោសមន្ត្រីអតីតគណបក្សជំទាស់ម្នាក់ ដោយកាត់ឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ។
លោក បាន សម្ភីរ ដែលជាជាងកាត់សក់ និងជាអ្នកដឹកនាំថ្នាក់ស្រុករបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមានវ័យ ៧០ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ លោក ត្រូវបានចោទប្រកាន់ថា បានចែកចាយព័ត៌មានមួយលើគណនីហ្វេសប៊ុក ដែលបានរិះគន់លើអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដោយមានរូបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក ហើយនិងវីដេអូបង្ហាញពីភាពខឹងសម្បាររបស់ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយទឹកជំនន់។
លោក ត្រូវតុលាការផ្តន្ទាទោសដោយយោងតាមមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដែលមាត្រានេះ ត្រូវបានរដ្ឋសភាជាតិធ្វើវិសោធនកម្មកាលពីខែកុម្ភៈ នៅខណៈដែលមានការជំទាស់យ៉ាងខ្លាំងក្លារពីក្រុមសង្គមស៊ីវិល។ ក្រុមសង្គមស៊ីវិល បាននិយាយថា មាត្រានេះ នឹងត្រូវបានប្រើប្រាស់ដោយអាជ្ញាធររដ្ឋដើម្បីបំបិទសម្លេងរិះគន់រដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍ | អង្គការសង្គមស៊ីវិលសូមអំពាវនាវឱ្យច្រានចោលនូវសេចក្តីព្រាងវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ខណៈដែលមានការដាក់ទណ្ឌកម្មស្របច្បាប់លើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមខាងក្រោម សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីស្នើរបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ") និងស្នើឱ្យមានបទល្មើសប្រមាថព្រះមហាក្សត្របញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការស្នើធ្វើវិសោធនកម្មទាំងនេះបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន និងធ្វើឡើងដើម្បីដាក់ទោសបន្ថែមទៀតទៅលើបុគ្គល ឬក៏ស្ថាប័នណាដែលហ៊ានបញ្ចេញមតិផ្ទុយដោយស្របច្បាប់។ យើងមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះចេតនា ដើម្បីបដិសេធសេរីភាពមូលដ្ឋានរបស់ប្រជាជនកម្ពុជាដែលទទួលបានការការពារដោយច្បាប់ និងអំពាវនាវឱ្យច្រានចោលនូវសេចក្ដីព្រាងវិសោធនកម្មទាំងនេះ។
សេចក្តីថ្លែងការណ៍ | ហានិភ័យនៃសំឡេងរិះគន់៖ ការរំលោភបំពានទៅលើអ្នកការពារសិទិ្ធមនុស្ស
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧
នៅខណៈដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាហាក់ដូចជាមិនដើរទៅមុខ ការនិយាយរិះគន់ទៅលើការរំលោភបំពានរបស់អាជ្ញាធរ គឺកាន់តែមានសារសំខាន់ខ្លាំងឡើង។ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកការពារសិទិ្ធមនុស្ស បុគ្គលឯករាជ្យ និងបុគ្គលសំខាន់ៗមួយចំនួនទៀត បានក្លាយជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះដទៃទៀត នៅក្នុងស្ថានភាពនយោបាយដ៏ផុយស្រួយនៅកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០១៦ អ្នកការពារសិទិ្ធមនុស្សបានទទួលរងនូវបទពិសោធន៍យ៉ាងជូរចត់សម្រាប់ការបញ្ចេញគំនិតរិះគន់របស់អ្នកទាំងនោះ។ អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានគេលួចបាញ់ប្រហារទាំងកណ្តាលថ្ងៃ ហើយក្រោយមក ទោះជាជនសង្ស័យចំបងត្រូវបានតុលាការផ្តន្ទាទោសបន្ទាប់ពីបើកសវនាការអស់រយៈពេលបួនម៉ោងក៏ដោយ ក៏រហូតមកដល់សព្វថ្ងៃ នៅមិនទាន់មានការស៊ើបអង្កេតដែលគួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានធ្វើឡើងទៅលើឃាតកម្មនេះនៅឡើយទេ។
នៅក្នុងរបាយការណ៍សង្ខេបចុងក្រោយបំផុតនេះ អង្គការ លីកាដូ បានលើកឡើងនូវការបំភិតបំភ័យជាច្រើន ដែលអ្នកការពារសិទិ្ធមនុស្សកំពុងប្រឈមមុខនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ វិធីសាស្ត្រដ៏យូរអង្វែងជាច្រើន ដែលនៅតែត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងអ្នកការពារសិទិ្ធមនុស្ស (ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធតុលាការដែលមានលក្ខណៈលំអៀង ការប្រើប្រាស់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធរ និងការបង្ក្រាបលើការតវ៉ាដោយអហិង្សានានា) ត្រូវបានបន្ថែមទម្ងន់តាមរយៈការអនុម័តច្បាប់ថ្មីមួយចំនួនដែលមានលក្ខណៈគាបសង្កត់ ហើយនិងការត្រួតពិនិត្យចាប់ពិរុទ្ធតាមរយៈប្រព័ន្ធអ៊ិនធើណេត។ ទោះបីជាករណីជាច្រើនដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះ មិនទាន់គ្រប់គ្រាន់ពេញលេញ តែទិន្នន័យទាំងនេះអាចផ្តល់នូវរូបភាពមួយផ្នែកដែលបង្ហាញពីអំពើរំលោភបំពានជាច្រើន ដែលតែងតែកើតមកលើអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា អស់រយៈពេលជាងពីរឆ្នាំចុងក្រោយមកនេះ។
អត្ថបទខ្លីៗ | វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានអនុម័តដោយរដ្ឋសភា ទោះបីគណបក្សជំទាស់ធ្វើពហិកាមិនចូលរួមប្រជុំ
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧
ថ្ងៃនេះ សមាជិកសភារបស់គណបក្សកាន់អំណាចបានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទោះបីគណបក្សជំទាស់ធ្វើពហិការមិនចូលរួមប្រជុំក៏ដោយ។
សេចក្តីព្រាងច្បាប់ដែលបានចេញផ្សាយជាសាធារណៈកាលពីដើមខែនេះ មានមាត្រាមួយចំនួនបានផ្តល់អំណាចមិនធ្លាប់មានពីមុនមក ដល់តុលាការកំពូលក្នុងការរំលាយគណបក្សនយោបាយ និងហាមឃាត់អ្នកដឹកនាំគណបក្សនយោបាយរយៈពេលប្រាំឆ្នាំតាមសំណើរបស់ក្រសួងមហាផ្ទៃ ដែលមិនមានភាពច្បាស់លាស់ និងដោយមិនបានបញ្ជាក់ពីអត្ថន័យពិតប្រាកដ ដូចជា “ការរួបរួមជាតិ”។ ដំណើរការនៃការរំលាយគណបក្សនេះមិនត្រូវបានធ្វើតាមរយៈសវនាការទេ ហើយក៏មិនមានបណ្តឹងឧទ្ធរណ៍ចំពោះដំណើរការនេះដែរ។
ច្បាប់នេះ ក៏បានអនុញ្ញាតផងដែរឲ្យក្រសួងមហាផ្ទៃផ្អាកសកម្មភាពគណបក្សនយោបាយជាបណ្តោះអាសន្នដោយមិនមានកំណត់ពីពេលវេលាអតិបរមាច្បាស់លាស់។ ច្បាប់នេះ បានហាមឃាត់បុគ្គលដែលត្រូវបានផ្តន្ទាទោស មិនឲ្យកាន់មុខតំណែងផ្លូវការក្នុងគណបក្សនយោបាយ ទោះជាបានអនុវត្តទោស ឬមិនបានអនុវត្តទោស ឬផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដោយមិនមានការព្យួរ។
សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិលអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធិមនុស្ស
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ នេះជាការអនុវត្តដោយបំពានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល។
អត្ថបទខ្លីៗ | សមាជិកសហជីព ត្រូវបានសន្តិសុខខណ្ឌវាយឲ្យរបួសនៅក្បែរវិមានរដ្ឋសភា
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦
នៅព្រឹកនេះ សហជីពយ៉ាងតិចពីរនាក់បានរងរបួសដោយការបំបែកយ៉ាងហិង្សារបស់អាជ្ញាធររដ្ឋ នៅពេលដែលមានការប្រមូលផ្តុំគ្នាដោយអហិង្សានៅក្បែរវិមានរដ្ឋសភាជាតិ ដើម្បីតវ៉ាជំទាស់នឹងការអនុម័តច្បាប់សហជីព។
សមាជិកសហជីពប្រមាណ ៥០នាក់ ដែលមកពីសហជីព និងសមាគមជាច្រើន ត្រូវបានគេរារាំងពីការប្រមូលផ្តុំគ្នានៅក្រៅវិមានរដ្ឋសភា ដោយមានការបិទផ្លូវនិងមានការពង្រាយកងកម្លាំងនគរបាលចម្រុះជាង ១០០នាក់។ នៅពេលដែលសហជីពទាំងនោះប្រមូលផ្តុំគ្នាដោយអហិង្សានៅមុខរបាំងបិទផ្លូវ ភ្លាមៗនោះក្រុមសន្តិសុខខណ្ឌមួយក្រុមមានគ្នា ៣០នាក់ បានមកបំបែកអ្នកទាំងនោះយ៉ាងហិង្សា។ លោក ស៊ុត ចិត្ត មកពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា(CUMW) ត្រូវបានសន្តិសុខដេញ និងវាយឲ្យរបួសត្រង់ក្បាល។ លោក ជា ឧត្តម ដែលមកពីសហជីពដូចគ្នា ក៏បានរងរបួសផងដែរនៅពេលព្យាយាមជួយលោក ចិត្ត។ នគរបាលដែលឈរក្បែរនោះមិនបានធ្វើអ្វីដើម្បីបញ្ឈប់អំពើហិង្សានោះទេ។
សេចក្តីថ្លែងការណ៍ | ច្បាប់ថ្មីស្តីពីទូរគមនាគមន៍ប៉ះពាល់ដល់សិទិ្ធ និងសេរីភាពបុគ្គល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦
ច្បាប់ស្តីពីទូរគមនាគមន៍ គឺជាការគម្រាមកំហែងមួយដល់សេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែផ្តោតទៅលើការបញ្ចេញមតិជាសាធារណៈលើប្រព័ន្ធអ៊ិនធើណេតប៉ុណ្ណោះទេ ហើយថែមទាំងទៅលើទំនាក់ទំនងឯកជនដែលត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានា។
នៅក្នុងរបាយការណ៍សង្ខេបមួយដែលត្រូវបានចេញផ្សាយនាថ្ងៃនេះ អង្គការ លីកាដូ បានវិភាគទៅលើមាត្រាជាច្រើននៃច្បាប់នេះមានការរិតត្បិតយ៉ាងខ្លាំង (ផ្តល់សិទិ្ធឲ្យអាជ្ញាធររដ្ឋជ្រៀតជ្រែកចូល ទៅក្នុងជីវិតឯកជនរបស់បុគ្គលម្នាក់ៗ អាចបំផ្លាញភស្តុតាងនៅមុនពេលមានសវនាការលើរឿងក្តីព្រហ្មទណ្ឌ ឬគ្រប់គ្រងលើឧស្សាហកម្មទូរគមនាគមន៍ទាំងស្រុងប្រសិនបើមានការសម្រេចចិត្តថាត្រូវតែធ្វើ)។ វិធានការដ៏លើសលុបរបស់ច្បាប់នេះ ជាពិសេសមាត្រាដែលចែងពីបទល្មើសព្រហ្មទណ្ឌថ្មីៗ បង្ហាញនូវគោលបំណងពិតរបស់ច្បាប់នេះ៖ ដើម្បីបំភិតបំភ័យបុគ្គលម្នាក់ៗ ដាក់ទណ្ឌកម្មដល់ការអនុវត្តសិទិ្ធនិងសេរីភាពជាមូលដ្ឋាន និងកាត់បន្ថយបុគ្គល ឬក្រុមជំទាស់។
កម្រងរូបភាព | ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥
ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋប្រមាណ ១ម៉ឺននាក់ មកពីសហគមន៍ជនបទ និងទីក្រុង បានចូលរួមដើរក្បួន និងប្រារព្ធទិវានេះនៅទីតាំងចំនួន ២០កន្លែង ទូទាំងប្រទេសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវានេះ ត្រូវបានរៀបចំឡើងដោយបណ្តាញក្រៅប្រព័ន្ធ ក្រុមមិត្ត ១០ធ្នូ ដែលរួមមាន ក្រុមយុវជន សហគមន៍ដីធ្លី សមាគម កសិករ ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាល។
នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជាច្រើនក្រុម បានដើរក្បួនដោយអហិង្សាពីទីកន្លែងខុសៗគ្នានៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងសកម្មជននិងអ្នកការពារសិទិ្ធមនុស្ស ដំឡើងប្រាក់ឈ្នួលអប្បបរមានិងគោរពសិទិ្ធការងារ បញ្ឈប់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ និងគោរពសេរីភាពក្នុងការបញ្ចេញមតិ ជួបជុំ និងប្រមូលផ្តុំដោយអហិង្សា។ ប្រធានបទសម្រាប់ទិវាសិទិ្ធមនុស្សនាឆ្នាំនេះ គឺ “យុត្តិធម៌”។
អត្ថបទខ្លីៗ | សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥
នារសៀលនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺស្របនឹងរដ្ឋធម្មនុញ្ញ ទាំងលើខ្លឹមសារ និងទម្រង់នៃការតាក់តែង និងការអនុម័ត។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី១៣ ខែកក្កដា និងពិនិត្យ និងឲ្យយោបល់ឯកភាព ដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែកក្កដា។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខា។
សេចក្តីថ្លែងការណ៍ | សមាគម អាដហុក និងអង្គការ លីកាដូ សំណូមពរដល់ក្រុមប្រឹក្សាធម្មនុញ្ញ សូមមេត្តាបដិសេធសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនស្របតាមរដ្ឋធម្មនុញ្ញ
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥
នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា រៀបចំពិនិត្យមើលទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមអាដហុក ការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ សូមអំពាវនាវដល់ក្រុមប្រឹក្សាធម្មនុញ្ញ សូមលោកមេត្តាបដិសេធសេចក្តីព្រាងច្បាប់នេះ ដោយសារមានមាត្រាជាច្រើនរំលោភសិទិ្ធ និងសេរីភាពនានារបស់ពលរដ្ឋកម្ពុជា ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។